ក្រសួងការងារប្រទេសថៃ បានបញ្ជាក់ថា មានពលករខ្មែរ មិនទាន់ស្របច្បាប់ចំនួនជាង ២សែននាក់ បានកំពុងធ្វើការនៅប្រទេសនេះ ដែលទាបជាងការប៉ានប្រមាណរបស់ភាគីថៃ កាលពីខែកញ្ញា ឆ្នាំ ២០១៦ ដែលនៅពេលនោះ ភាគីថៃ បានលើកឡើងថា មានពលករខ្មែរមិនទាន់ស្របច្បាប់ចំនួនដល់ទៅជាង ៣សែននាក់។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
តាមការស្រង់ទិន្នន័យរបស់ក្រសួងការងារថៃដែលបានធ្វើឡើងពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃ ទី ៧ ខែ សីហា បានឲ្យដឹងថា ពលករកម្ពុជាមិនទាន់ស្របច្បាប់ ចំនួន ជាង ២សែននាក់នោះ គឺស្ថិតក្នុងចំណោមពលករបរទេសមិនទាន់ស្របច្បាប់ ដែលមានចំនួនសរុបជិត ៧សែននាក់។ ក្រៅពីប្រទេសកម្ពុជា មានពលករមីយ៉ាន់ម៉ាចំនួនជាង ៤សែននាក់ និងឡាវចំនួនជិត ៩ម៉ឺននាក់។
ក្រសួងការងារថៃក៏បានឲ្យដឹងថា ខ្លួនបានទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុបចំនួនជិត២សែននិយោជក។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចុះថ្ងៃទី ៧ ខែ សីហា ក៏បានក្រើនរំឭកដល់កម្មករខ្មែរមិនទាន់ស្របច្បាប់ទាំងអស់ឲ្យទៅបង្ហាញខ្លួននៅការិយាល័យ ដែលនឹងបញ្ជាក់ពីភាពស្របច្បាប់នៃការរកប្រាក់កម្រៃដោយកម្លាំងពលកម្មនៅប្រទេសថៃ។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរក្នុងន័យដើមថា៖ «ចាប់ពីថ្ងៃទី ៨ ខែ សីហា ដល់ថ្ងៃ ទី ៩ ខែកញ្ញា ឆ្នាំ ២០១៧ គឺជាដំណាក់កាលមួយសម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ត្រូវទៅបង្ហាញខ្លួននៅ [ការិយាល័យណាមួយក្នុងចំណោម] ការិយាល័យទាំង៩៧កន្លែងរបស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ»។
ពលករខ្មែររាប់ពាន់នាក់ ដែលភ័យខ្លាចការអនុវត្តច្បាប់ការងារថ្មីរបស់ថៃ បានធ្វើដំណើរ ឬត្រូវចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីចុងខែមិថុនាកន្លងទៅ បន្ទាប់ពីច្បាប់ការងារថ្មីរបស់ថៃចូលជាធរមាន។ ច្បាប់ថ្មី ដែលចងក្រងដោយរដ្ឋបាលយោធារបស់ថៃ បានធ្វើការរឹតត្បិត និងដាក់ទោសទណ្ឌលើពលករខុសច្បាប់ពីប្រទេសនានាដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម៕