រដ្ឋាភិបាលចិនបានប្រកាសថា ស្វ័យភាពកាន់តែខ្លាំងឡើងសម្រាប់ដែនដីទីបេ មិនអាស្រ័យលើការពិភាក្សាទេ ដោយធ្វើឲ្យមានមន្ទិលសង្ស័យពីការបន្តចរចារវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងសម្តេច Dalai Lama មេដឹកនាំសាសនាដែនដីទីបេ។
នៅក្នុងសៀវភៅសដែលប្រើពាក្យខ្លាំងៗហើយបានចេញផ្សាយកាលពីថ្ងៃពុធ ចិនបានប្រាប់ឲ្យដឹងថា សម្តេច Dalai Lama ត្រូវតែបោះបង់ចោលជាមុននូវអ្វីដែលសៀវភៅសនោះចាត់ទុកថាជាការប៉ុនប៉ងរបស់ព្រះអង្គដើម្បីធ្វើឲ្យមានអំពើហិង្សាហើយនិងបង្កើតរដ្ឋឯករាជ្យក្នុងដែនដីទីបេ។ នេះជាបញ្ហាដែលមេដឹកនាំនិរទេសខ្លួនបានបដិសេធមិនគាំទ្រ។
របាយការណ៍នោះបាននិយាយថា «ការចរចាណាមួយនឹងត្រូវកំណត់ត្រឹមតែការស្វះស្វែងរកដំណោះស្រាយសម្រាប់សម្តេច Dalai Lama ដើម្បីឲ្យបោះបង់ចោលទាំងស្រុងការទាមទារហើយនិងសកម្មភាពបំបែករដ្ឋហើយនិងទទួលបានការលើកលែងទោសពីរដ្ឋាភិបាលកណ្តាលនិងប្រជាពលរដ្ឋរបស់ចិន ហើយនិងធ្វើអ្វីដែលព្រះអង្គនឹងធ្វើអស់មួយជីវិតរបស់ព្រះអង្គ»។
សៀវភៅសនោះបានបន្តទៀតថា «នៅពេលដែលឋានៈភាពនិងប្រព័ន្ធនយោបាយរបស់ដែនដីទីបេបានត្រូវចែងដោយរដ្ឋធម្មនុញ្ញនិងច្បាប់ចិន បញ្ហាទីបេនិងស្វ័យភាពកាន់តែខ្លាំងឡើងមិនមែនអាស្រ័យលើការពិភាក្សាទេ។
សម្តេច Dalai Lama ដែលបានរត់គេចខ្លួនពីដែនដីទីបេក្នុងទសវត្សរ៍១៩៥០បន្ទាប់ពីការកាន់កាប់របស់ចិនបាននិយាយយ៉ាងទទូចរាប់ទសវត្សរ៍ហើយថា ព្រះអង្គមិនមែនជម្រុញឲ្យមានឯករាជ្យភាពសម្រាប់មាតុភូមិរបស់ព្រះអង្គទេ។ តែផ្ទុយទៅវិញ ជ័យលាភីណូបែលសន្តិភាពបាននិយាយថា ព្រះអង្គកំពុងស្វះស្វែងរកស្វ័យភាពកាន់តែធំឡើងហើយនិងសិទ្ធិផ្សេងៗទៀតនៅក្រោមអ្វីដែលព្រះអង្គចាត់ទុកថា ជាវិធីដោះស្រាយតាមផ្លូវកណ្តាល៕