ក្រុមអង្គការសង្គមស៊ីវិលចំនួន៣២បានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពអ្នកសារព័ត៌មាន ខណៈមានការព្រួយបារម្ភថា អ្នកសារព័ត៌មាននៅតែជួបប្រទះនូវអំពើហិង្សា ការយាយី និងការបំភិតបំភ័យពីសំណាក់អាជ្ញាធរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២របស់អង្គការសង្គមស៊ីវិលដើម្បីអបអរទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ថ្ងៃទី២ ខែវិច្ឆិកា។
អង្គការទាំងនោះមានដូចជាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ មណ្ឌលមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមអាដហុកជាដើម។
សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានឱ្យដឹងថា ការធ្វើទុក្ខបុកម្នេញ ការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភខ្លាំងនៅឆ្នាំ២០២២នេះ។ សេចក្តីថ្លែងការណ៍បន្ថែមថា ការយាយីមកលើអ្នកសារព័ត៌មានជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន ហើយវាក៏បង្កការពិបាកដើម្បីឱ្យបុគ្គលមានអំណាចទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។ លើសពីនេះ ពេលដែលអាជ្ញាធរមិនបានស៊ើបអង្កេតត្រឹមត្រូវនិងផ្តន្ទាទោសឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន វាជាសារមួយបង្ហាញថា ឧក្រិដ្ឋកម្មបែបនេះត្រូវបានអនុញ្ញាត។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «យើងក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ដើម្បីធានាសុវត្ថិភាពអ្នកសារព័ត៌មានទាំងអស់ដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជាដើម្បីឱ្យពួកគេអាចប្រើប្រាស់សេរីភាពបញ្ចេញមតិ និងសារព័ត៌មានដើម្បីបម្រើសាធារណជន ដោយគ្មានការភ័យខ្លាច»។
អ្នកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកសារព័ត៌មានដែលរាយការណ៍បញ្ហារសើបតែងតែប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។ អ្នកស្រីបន្តថា ចាប់តាំងពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានចំនួន១៥នាក់ត្រូវបានសម្លាប់ ហើយភាគច្រើនមិនមានជនល្មើសណាម្នាក់ត្រូវបានយកមកផ្តន្ទាទោសឡើយ។
អ្នកស្រីថ្លែងថា៖ «រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏នៅតែមានអ្នកកាសែតមួយចំនួន គឺគាត់នៅទទួលរងនូវភាពអយុត្តិធម៌ ដូចជាមានការចាប់ ការចោទប្រកាន់ ការគំរាមកំហែងអីផ្សេងៗនៅពេលដែលពួកគាត់ចុះទៅយកព័ត៌មាន»។
បើតាមអ្នកស្រី ឆន សុគន្ធា ក្រសួងព័ត៌មានក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយទេ អំពីតួនាទីរបស់អ្នកសារព័ត៌មាន។ អ្នកស្រីក៏ជំរុញឱ្យមានការពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីឱ្យមានការធានាដល់សុវត្ថិភាពរបស់អ្នកសារព័ត៌មាន។
អ្នកស្រីថ្លែងថា៖ «សូមឱ្យមានការពិភាក្សាគ្នាពាក់ព័ន្ធនឹងការអប់រំ ការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពីការចុះទៅយកព័ត៌មានពីសំណាក់អ្នកសារព័ត៌មានដែលគាត់ហ៊ានរាយការណ៍នូវបញ្ហា ឬក៏ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា កុំឱ្យមានការយាយី កុំឱ្យមានការបៀតបៀន ឬក៏ការគំរាមកំហែងទៅដល់ពួកគាត់»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់វីអូអេថា សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានការពារ និងធានាដោយច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ខណៈសារព័ត៌មាននៅកម្ពុជាសព្វថ្ងៃមានលក្ខណៈសម្បូរបែប និងទូលំទូលាយ។
អ្នកនាំពាក្យរូបនេះចាត់ទុកការអះអាងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជារងការគំរាមកំហែងនោះជាការបំភាន់មតិសាធារណៈ និងជាការលើកឡើងតែមួយជ្រុងប៉ុណ្ណោះ។
លោកថ្លែងថា៖ «ដូច្នេះការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងករណីនេះ ខ្ញុំយល់ថា វាគ្រាន់តែជាការលើកឡើងដើម្បីបំភាន់សាធារណមតិ ក៏ដូចជាការលើកឡើងដែលនាំឱ្យមានការបែកបាក់សាមគ្គី មានការរើសអើងនៅក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានតែប៉ុណ្ណោះ»។
របាយការណ៍របស់អង្គការយូណេស្កូស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាពឱ្យដឹងថា វិសាលភាពនិងចំនួននៃការវាយប្រហារមកលើប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងសកលលោកបានរួមចំណែកធ្វើឱ្យអ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយជួបប្រទះនូវហានិភ័យខ្ពស់ នៅពេលដែលពួកគេបំពេញការងារ។ ជារៀងរាល់៥ថ្ងៃ មានអ្នកសារព័ត៌មានម្នាក់ត្រូវបានគេសម្លាប់ ដោយសារតែពួកគេព្យាយាមពាំនាំព័ត៌មានទៅកាន់សាធារណជន ហើយនេះជាការរឹតត្បិតធ្ងន់ធ្ងរបំផុតលើអ្នកសារព័ត៌មាន។
របាយការណ៍របស់អង្គការយូណេស្កូចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា៖ «អ្នកសារព័ត៌មានម្នាក់ ដែលត្រូវបានគេបំបិទមាត់ នឹងមិនអាចបញ្ចេញ និងបង្ហាញសំឡេងរបស់ប្រជាពលរដ្ឋ ហើយអំពើនេះថែមទាំងរារាំងសិទ្ធិដឹងឮរបស់ពួកគាត់ទៀតផង។ លទ្ធផលគឺសង្គមមួយ ដែលប្រជាពលរដ្ឋពោរពេញដោយភាពភ័យខ្លាច ត្រូវរឹតត្បិតខ្លួនឯងក្នុងការបញ្ចេញមតិ និងមិនអាចធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានត្រឹមត្រូវបាន»។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) អ្នកសារព័ត៌មានចំនួន៥៧នាក់ត្រូវបានយាយីក្នុងរយៈពេល១០ខែចុងក្រោយនេះ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង៥៧នាក់នេះ ២៣នាក់ទទួលរងអំពើហិង្សា និងការគំរាមកំហែង ១២នាក់ត្រូវបានចាប់ខ្លួន ១២នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការ ៦នាក់ត្រូវបានឃុំខ្លួនដើម្បីសាកសួរ និងអាជ្ញាបណ្ណសារព័ត៌មានចំនួន៤ត្រូវបានដកហូត៕