ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចោទថា ​អង្គការ​មួយ​ចំនួន​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​និងប្តូរ​របប​រាជា​និយម


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទអង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ពួកគេ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក និង​ចង់​បំបាត់​របប​រាជានិយម​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ក្នុង​ពេល​ចុះ​ជួប​ប្រជា​កសិករដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹកថ្ងៃ​ពុធ ខណៈ​លោក​បាន​ប្រតិកម្ម​នឹង​ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ។

លោក ហ៊ុន សែន បាន​ភ្ជាប់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ប្រហែល​មិន​ហ៊ាន​រិះគន់​ លោក សម រង្ស៊ី ដោយ​លោក​ហៅ​អង្គការ​ទាំង​នោះ​ថា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា​ ក្នុង​ចំណោម​អង្គការ​ដែល​ប្រឆាំង​រដ្ឋាភិបាល គឺ​មិន​អះអា​ង​ទេ ព្រោះ​គេ​ក៏​ចូលរួម​ចំណែក​ដើម្បី​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ប្តូរ​របប​រាជានិយម​នេះ​ផង​ដែរ»។

មួយ​រយៈ​ចុង​ក្រោយ​នេះ សារ​ព័ត៌​មាន Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល បាន​ផ្សព្វ​ផ្សាយ​វីដេអូ​មួយ​រយៈ​ពេល​ ២៣ ​វិនាទី​តែ​ប៉ុណ្ណោះ ដែល​បង្ហាញ​ការ​ថ្លែង​របស់ លោក សម រង្ស៊ី ដោយ​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន ដូច​ជា «ស្តេច​សព្វ​ថ្ងៃ​នេះ អត់​មាន​មន​សិការ​ជាតិ» ហើយ ​«ស្តេច​រាល់​ថ្ងៃក្បត់​ជាតិ»។

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ក្នុង​ពេល​លោក​ចុះ​ទៅ​ជួប​កសិករ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ក្នុង​ខេត្ត​មួយ​ចំនួន។

លោក ​អំ​ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​ថា​ អង្គការ​សង្គម​ស៊ីវិល​ជា​ដៃ​គូអភិវឌ្ឍន៍​របស់​រដ្ឋា​ភិបាល ហើយ​ជួយ​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​ដែល​អង្គការ​មើល​ឃើញ។

លោក​បន្ថែម​ថា​ អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដូច​គ្នា គ្រាន់​តែ​មាន​ទស្សនៈ​វិស័យ និង​គោល​ការណ៍​លើ​វិស័យផ្សេងៗ​គ្នា តែ​គោល​ដៅ​រួម​ចង់​បាន​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សន្តិភាព សុខ​សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​មាន​យុត្តិធម៌​ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «បើ​ដូច​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស យើង​ចូល​រួមចំណែក​ក្នុង​ការ​លើក​កម្ពស់​ទៅ​លើ​សេរីភាព​ជាមូលដ្ឋាន និង​លើក​កម្ពស់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​បំណង​អ្វី​ក្រៅ​ពីនោះ​ទេ»។

លោក អំ សំអាត មាន​ការ​ព្រួយ​បារម្ភ​ថា ​អាជ្ញាធរ​មានការ​ភ័ន្ត​ច្រឡំ ក្រោយ​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី ដោយ​ចាប់​ផ្តើម​រឹត​បន្តឹង​អង្គការ​សង្គម​ស៊ីវិល​ទូទៅ ហើយ​សកម្ម​ភាព​របស់​អង្គការ​ត្រូវ​បាន​ឃ្លាំមើល និង​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់៕

XS
SM
MD
LG