ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​ឱ្យ​ប្រគល់​លិខិត​ឆ្លង​ដែន​ទៅ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​វិញ


លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ចៅក្រម​តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​សម្រេច​ឱ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រគល់​លិខិត​ឆ្លង​ដែនឲ្យ​លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី។

លោក គង់ ស្រ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​មោឃៈ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​មិន​ព្រម​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​លោក យាង សុធារិន្ទ ហើយ​សម្រេច​ប្រគល់​លិខិត​ឆ្លង​ដែន​ដល់​លោក សុធារិន្ទ​វិញ។​ លោក​ចៅ​ក្រម​បន្ត​ថា នៅ​ពេល​តុលាការ​កោះ​ហៅ លោក យាង សុធារិន្ទ ត្រូវ​ចូល​ខ្លួន​បំភ្លឺ។ បើ​មិន​ចូល​បំភ្លឺ​ទេ ​នោះ​តុលាការ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន។

លោក យាង សុធារិន្ទ ​ប្រាប់​វីអូអេ​ថា ​តុលាការ​បាន​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​លោក​វិញ​ហើយ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​សវនាការ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ពុធ លោក យាង សុធារិន្ទ បាន​ស្នើ​សុំចៅក្រម​សម្រេច​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​រូប​លោក ដើម្បី​លោក​អាច​ទៅ​ទឹក​ដី​កំណើត​នៅ​កម្ពុជា​ក្រោម និង​សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ​បង្កើត ជាពិសេស​បាន​ទៅ​មើល​បង​ស្រី​បង្កើត​ដែល​កំពុង​ឈឺ​ធ្ងន់។

លោក ​យាង​ សុធា​រិន្ទ ឬ​ហៅ​ យាង ​សុជា​មេត្តា ​អាយុ​ ៣៤​ ឆ្នាំ ​ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​កិង ឃុំ​ឬស្សីស្រុក​ ស្រុក​កំពង់ស្ពាន​ ​ខេត្ត​ព្រះត្រពាំង ​កម្ពុជា​ក្រោម និង​ជា​អ្នក​សារព័ត៌មាន​មួយ​រូប ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​អន្តរាយ​ការពារ​ជាតិ» កាល​អំឡុង​ឆ្នាំ​ ២០១៧។

លោក យាង សុធារិន្ទ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ នា​ថ្ងៃ​សុក្រ​នេះ​ថា​លោក​បានសន្យា​ជាមួយ​តុលាការ​ថា​ លោក​នឹង​មក​តុលាការ តាម​ការ​កោះ​ហៅ​នានា។

លោក​បញ្ជាក់​ថា លោក​នឹង​បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ដើម្បី​លោក​អាច​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «យើង​បាន​ទាម​ទារ​ឱ្យ​ពន្លឿន​នីតិវិធី​ហ្នឹង​ច្រើន​ដង​ហើយ [ក្នុង​ការ​សម្រេច​របស់​តុលាការ​ឱ្យ​ស៊ើប​អង្កេត] ប៉ុន្តែ​អត់​មាន​ឃើញ​ការ​ជឿន​លឿន​អី​ទៅ​មុខ​សោះ ហើយ​អ៊ីចឹង ​បើ​សិន​មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ មិន​មាន​ភស្តុតាង​អី​ដែល​បញ្ជាក់​ថា​ពួក​ខ្ញុំ​បាន​ប្រព្រឹត្ត​បទល្មើស​ទេ ត្រូវ​តែ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​ពួក​ខ្ញុំ»។

គួរ​បញ្ជាក់​ថា​ អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរី គឺ​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​តុលាការ​ចោទ​ប្រកាន់​ថា ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខជាតិ។ ក្នុង​ការ​ចោទ​នោះ តុលាកា​រអះអាង​ថា​ ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា៕

XS
SM
MD
LG