ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ការពារ​សន្តិភាព ក្រុមប្រឆាំង​កាន់​តែ​រង​ការចាប់​ខ្លួន​និង​មាន​ការ​កើន​ឡើង​អំពើ​ហិង្សា


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន មកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨។​ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន មកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨។​ (REUTERS/Samrang Pring)

កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យពលរដ្ឋ​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ប្រទេស។ អ្នក​វិភាគ​យល់​ឃើញ​ថា ការថែរក្សា​សន្តិភាព​ត្រូវ​ផុស​ចេញ​ពី​ភាព​សុខដុម​ផ្ទៃក្នុង​ប្រទេស។

ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​លើកស្ទួយ​សន្តិភាព​ជាតិ​ ​ពង្រឹង​ឯកភាពជាតិ​ ​និង​អនុវត្ត​វប្បធម៌​សន្ទនា​ ​សម្ពាធ​ជាច្រើន​បាន​និង​កំពុង​កើតឡើង​លើ​អតីត​មេដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រឆាំង​។

ក្នុង​សារ​សម្រាប់​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​ទី២១​ ​ខែ​កញ្ញា​ ​ឆ្នាំ២០១៩នេះ​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​លើកឡើង​ថា​ ​សន្តិភាព​របស់​កម្ពុជា​កំពុង​មាន«​លក្ខណៈ​ផុយ​ស្រួយ​ ​ដោយសារតែ​មានការ​គំរាមកំហែង​ ការ​បន្ត​យាយី​ ​និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ឥត​ឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ​ជាពិសេស​ពី​បណ្ដា​ប្រទេស​មហាអំណាច​ ​និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​»​។

នៅ​ក្នុង​ន័យ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ចូលរួម​«​ថែរក្សា​និង​ការពារ​សន្តិភាព​ដែល​មានស្រាប់​ ​…​ ​និង​ទប់ស្កាត់​រាល់​ឧបាយកល​ ​និង​ការប៉ុនប៉ង​តាម​គ្រប់រូប​ភាព​ ​ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​សភាព​វឹកវរ​និង​អស្ថិរភាព​»។​

ប៉ុន្តែ​លោក​ ​ប៉ូ​ ​សុ​វី​នដា​ ​បេក្ខជន​បណ្ឌិត​នៅ​ ​សាកល​វិទ្យាល័យ Griffith​ ​ប្រទេស​អូស្ត្រាលី​ មើល​ឃើញ​ថា ​សន្តិភាព​ត្រូវ​កើត​ចេញពី​ស្ថិរ​ភាព​នយោបាយ​ផ្ទៃក្នុង​ ​ស្ថិរ​ភាព​លំនឹង​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​និង​យុត្តិធម៌​សង្គម​។​ ​អ្នកស្រាវជ្រាវ​ដដែល​នេះបាន​លើកឡើង​ដោយ​ភ្ជាប់នឹង​ការ​ចាប់ខ្លួន​ ​និង​ការវាយប្រហារ​លើ​អ្នកនយោបាយ​ប្រឆាំង​និង​ជនរងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​។​

​អ្នកស្រាវជ្រាវ​រូប​នេះ​បាន​រំឭក​សម្ដី​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ធ្លាប់​លើកឡើង​ពី​ការ​គំរាមកំហែង​សង្គម​ ​បង្កឡើង​ដោយ​បាតុភាព​សង្គម​មួយ​ចំនួនផង​ដែរ។​

​«​[​បើ​មិន​]​គិតគូរ​ពី​ប្រជាពលរដ្ឋ​ទេ​ ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ភាព​អយុត្តិធម៌​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​មិនសូវ​ឯករាជ្យ​ ​ការរំលោភ​ដីធ្លី​ជាដើម​ ​ទាំងនេះ​គឺជា​ប្រភព​នៃ​ការ​គំរាមកំហែង​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​និង​ជា​ប្រភព​អស្ថិរភាព»​។

ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ​ថ្លែង​សារ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នេះ​ ​អតីត​កងការពារ​ម្នាក់​របស់​លោក សម​ ​រង្ស៊ី​ ​គឺ​លោក​ ​ពូក​ ​ចន្ដា​ ​ដែល​កំពុង​មើលថែ​គេហដ្ឋាន​ឱ្យ​លោក​ ​សម​ ​រង្ស៊ី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​បែកក្បាល​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើដំណើរ​តាម​ដងផ្លូវ​កាលពី​ថ្ងៃអាទិត្យ​។​ ​

​ក្នុង​ពេល​ជាមួយគ្នា​នេះ​ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ថែម​បទចោទប្រកាន់​ទៅលើ​លោក​ ​សម​ ​រង្ស៊ី​ ​ក្រោយពី​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ជាបន្តបន្ទាប់​ដែល​មាន​អត្ថន័យ​រិះគន់​លើ​ព្រះមហាក្សត្រ។​

យោង​តាម​គណបក្ស​ជំទាស់​ ​យ៉ាង​ហោច​ណាស់សកម្មជន​របស់​ខ្លួន​ចំនួន២៦នាក់​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចាប់ឃុំឃាំង​នៅ​ពន្ធនាគារ​និង១៤៧នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​កោះហៅ​ទៅ​សួរនាំ​រឿង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​គណបក្ស​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​។ ​ដោយឡែក​លោក​ ​កឹម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​នេះ​ក៏​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ផង​ដែរ ​ក្រោម​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ក្បត់ជាតិ​។​

​លោក​ ​ជិន​ ​ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ​បាន​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ករណី​ទាំង​អម្បាលមាណ​ខាងលើ​ ​គឺ​ជា​វិធានការ​ច្បាប់​។​ ​ហើយ​ការ​បកស្រាយ​ផ្ទុយពី​នេះ​នឹង​នាំឲ្យ​សន្តិភាព​ក្នុង​ប្រទេស​ទទួលរង​ការ​ប្រឈម​។​

​«​អ្នកនយោបាយ​មួយ​ចំនួន​យក​កត្តា​អនុវត្តន៍​ច្បាប់​ភ្ជាប់​ជាមួយ​រឿង​នយោបាយ​របស់​គាត់​។​ ​គាត់​បញ្ចុះបញ្ចូល​ឬ​ញោះញង់​សកម្មជន​របស់​គាត់​ឲ្យ​ធ្វើអំពើ​គ្រប់​បែបយ៉ាង​ដើម្បី​បង្ក​ចលាចល​។​ហើយ​នៅ​ពេល​ដែល​យើង​អនុវត្ត​ច្បាប់​ ​គាត់​បែរជា​ចោទ​ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ទៅវិញ​។​ ​នេះ​ជា​កត្តា​ដែល​បណ្តាល​ឲ្យ​សន្តិភាព​របស់​ប្រទេស​ផុយ​ស្រួយ​»​។​

​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​បក​ស្រាយ​បញ្ច្រាស់​មកវិញ​ថា​ប្រទេសជាតិ​មួយ​មាន​សន្តិភាព​ល្គឹកណា​ក្រុម​គណបក្ស​របស់​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ផុត​ពី​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​និង​ការ​ចាប់ចង​។​

​«​សួរ​ថា​លោក​ប្រធាន​ ​កឹម​ ​សុខា​ ​នៅឯណា​?​ ​ទុក​ពួក​យើង​ជា​ទណ្ឌិត​!​ ​លុះត្រាតែ​មាន​ដូរ​របប​ ​ទើប​យើង​អាច​រស់នៅ​មាន​សេរីភាព​វិញ​។​ ​ចុះបើ​បាត់​សេរីភាព​ទាំង​មិន​ឱ្យ​ពួក​យើង​ត្រឡប់ទៅ​ប្រទេស​វិញ​ ​ត្រឡប់​ទៅ​ក៏​មិន​អាច​ធ្វើនយោបាយ​បាន​ ​តើ​សេរីភាព​នៅឯណា​?​ ​តើ​សន្តិភាព​បានទេ​?​»​។​

​ដោយ​ឡែក​ ​លោក​បណ្ឌិត​ ​ឈាង​ ​វណ្ណា​រិទ្ធិ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ​(​Asian​ ​Vision​ ​Institute​)​ ​ក៏​បាន​លើកឡើង​ផង​ដែរ​ ​ផ្ដោត​ទៅលើ​កត្តា​សុខដុមនីយកម្ម​នយោបាយ​ផ្ទៃក្នុង​។​

​«​ប្រសិនបើ​កត្តា​ខាងក្នុង​វា​ខ្សោយ​ ​ពិត​ហើយ​កត្តា​ខាងក្រៅ​នឹង​ជះឥទ្ធិពល​មក​ខ្លាំង​។​ ​អ៊ីចឹង​ទេវា​អាច​ឈាន​ទៅដល់​វិបត្តិ​នយោបាយ​ ​ទំនាស់​នយោបាយ​ ​ឬក៏​អំពើ​ហិង្សា​។​ ​អ៊ីចឹង​ទេ​ ​អាហ្នឹង​គឺជា​អ្វីមួយ​ ​ដែល​យើង​ត្រូវ​យល់ថា​ ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ​ ​ហានិភ័យ​វា​មាន​ ​ក៏ប៉ុន្តែ​វា​អាស្រ័យ​កត្តា​ខាងក្នុង​នេះ​ទេ​ ​ជា​អ្នក​កំណត់​ ​តើ​ស្ថិរភាព​ ​សន្តិសុខ​ ​នៅ​ស្ថិតស្ថេរ​បាន​យូរ​ដល់កម្រិត​ណា​នោះ​»​។​

​ទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ស្ដីពី​ការ​«​គំរាមកំហែង​»​ពីសំណាក់​«​ប្រទេស​មហាអំណាច​ ​និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​»​លើ​ស្ថិរភាព​និង​សន្តិភាព​កម្ពុជា​ ​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​ភ្នំពេញ​មិនបាន​ឆ្លើយតប​នឹង​សំណើ​សុំ​សេចក្ដី​អត្ថាធិប្បាយ​របស់VOA ទេ​ ខណៈ​ស្ថានទូត​អាមេរិក​បាន​បង្វែរ​ការ​ឆ្លើយតប​ដោយ​យោង​ទៅលើ​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​ ​W​.​ ​Patrick​ ​Murphy​ ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ២០១៨វិញ​។

នាគ្រានោះ​ ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ​បាន​លើកឡើង​ពី​ការ​តាំងចិត្ត​របស់​លោក​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​ប្រកបដោយ​សុខុមាលភាព​ ​វិបុលភាព​ ​សន្តិសុខ​ ​និង​លទ្ធិប្រជាធិបតេយ្យ​។​

​គួរ​រំឭក​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ក្នុង​ប្រទេស​កាលពី​ចុងឆ្នាំ២០១៧​។​ អតីត​មេដឹកនាំ​គណបក្ស​នេះ​ទាំង​លោក​ សម​ ​រង្ស៊ី​ ​និង​លោ​ក​ កឹម​ ​សុខា​ ​ទទួលរង​ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​និង​រួមដៃ​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​។​

​ចាប់ពី​ពេលនោះ​មក​រដ្ឋាភិបាល​បាន​បើក​យុទ្ធនា​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​។​

ប៉ុន្តែ​ក្នុង​ពេលនោះ​ដែរ​រដ្ឋាភិបាល​ត្រូវ​គេ​មើលឃើញ​ថា ​បាន​រឹត​បន្តឹង​លើ​អតីត​ក្រុម​ដែល​ប្រឆាំង​ខ្លួន​។​ ​ជាពិសេស​ គឺ​ការ​បន្ថែម​ការ​រឹត​បន្តឹង​ក្រោយពី​លោក ​សម​ ​រង្ស៊ី​ ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ លោក​នឹង​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩ខែវិច្ឆិកា​ ​ខាងមុខនេះ​។​ ​មន្ត្រី​របស់​រដ្ឋាភិបាល​ជាបន្តបន្ទាប់​ ​បាន​ហៅ​ការ​វិលត្រឡប់​មកវិញ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ថា​មាន​ចេតនា​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​បច្ចុប្បន្ន​៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG