នៅរសៀលថ្ងៃពុធនៅសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសខ្លីជាវីដេអូមួយ ដោយបង្ហាញការព្រួយបារម្ភរបស់ខ្លួនអំពីស្ថានភាពនយោបាយនៅកម្ពុជា ដោយសារការចាប់ខ្លួនសកម្មជននយោបាយគណបក្សប្រឆាំងជាបន្តបន្ទាប់ ហើយបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនទាំងនោះជាបន្ទាន់។ នេះបើតាមអ្នកស្រី Morgan Ortagus អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក។
នៅក្នុងសារជាវីដេអូដែលមានរយៈពេល៥៤វិនាទី តាមបណ្តាញ Twitter អ្នកស្រី Ortagus បានលើកឡើងថា៖ «សហរដ្ឋអាមេរិកព្រួយបារម្ភអំពីស្ថានភាពគាបសង្កត់ខាងនយោបាយរបស់រដ្ឋាភិបាលម្ពុជាទៅលើអតីតសមាជិកគណបក្សសង្គ្រោះជាតិ។ ហើយយើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់ការរឹតបន្តឹងខាងនយោបាយនានាលើបុគ្គលគ្រប់រូប រួមទាំងលោក កឹម សុខា និងដោះលែងសកម្មជននយោបាយដែលត្រូវបានចាប់ខ្លួនតាមទំនើងចិត្ត និងដោយខុសច្បាប់»។
កាលពីពីរថ្ងៃមុន អាជ្ញាធរកម្ពុជាបានចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ ចំនួន៩នាក់ថែមទៀត។ មកទល់ពេលនេះ សកម្មជននយោបាយបក្សប្រឆាំង រួមទាំងអ្នកគាំទ្រគណបក្សប្រឆាំង ចំនួន២៦នាក់ត្រូវបានចាប់ខ្លួន ឬចោទពីបទញុះញង់ ឬប្រព្រឹត្តឧក្រិដ្ឋកម្មជាអាទិ៍។ ស្របពេលជាមួយគ្នានោះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំនៅក្នុងគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញនៅឡើយ។
ស្ថានភាពនយោបាយនៅកម្ពុជាកំពុងតែមានភាពតានតឹងខ្លាំង ជាពិសេសក្រោយការប្រកាសវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំងដែលនីរទេសខ្លួនរស់នៅក្រៅប្រទេស។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលលោកទៅដល់ប្រទេសកម្ពុជា។
ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨មក លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកវិភាគបានមើលឃើញថា កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយគណបក្សតែមួយ បន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយផ្អែកលើបទចោទថា ប្រធានគណបក្សនេះបានឃុបឃិតជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះរបស់ក្រសួងការបរទេសអាមេរិក អ្នកស្រី Morgan Ortagus បានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិកបានជំរុញម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សដ៏ពិតប្រាកដ និងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅកម្ពុជា»៕