ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានទទូចនៅថ្ងៃអង្គារនេះ ឲ្យអាជ្ញាធរកម្ពុជាបញ្ចប់«ការបំពាន»លើក្រុមសមាជិកនិងក្រុមសកម្មជនគណបក្សប្រឆាំងព្រមទាំងដោះលែងពួកគេឲ្យមានសេរីភាពជាបន្ទាន់។
ការអំពាវនាវធ្វើឡើងខណៈដែលបណ្តុំសមាជិកសភាអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រកឃើញថាការចាប់ខ្លួនសមាជិកនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានកើនដល់ប្រាំបីនាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ សកម្មជននយោបាយទាំងនេះត្រូវចាប់ខ្លួនក្រោយពីពួកគេបានចូលរួមវេទិកាយុវជនមួយរបស់អតីតគណបក្សសង្គ្រោះជាតិនៅប្រទេសម៉ាឡេស៊ី កាលពីពាក់កណ្តាលខែសីហា ដែលនៅទីនោះ ពួកគេបានជួបជាមួយលោកសម រង្ស៊ី ប្រធានស្តីទីនៃគណបក្សដែលត្រូវរដ្ឋាភិបាលរំលាយចោលនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន សកម្មជននយោបាយទាំងប្រាំបីនាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ជាយទីក្រុងភ្នំពេញ។
លោក Charles Santiago សមាជិកសភាម៉ាឡេស៊ី និងប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ត្រូវបានស្រង់សំដីក្នុងសេចក្តីថ្លែងការណ៍នោះថា«កាលកំណត់នៃការចាប់ខ្លួននាពេលថ្មីៗនេះគឺជារឿងគួរឲ្យអស់សំណើចមួយ»។
លោក Charles Santiago ចាត់ទុកថាការចាប់ខ្លួនអ្នកគាំទ្រនយោបាយប្រឆាំងទាំងនេះគឺ«ជាការប៉ុនប៉ងគំរាម និងបំបិទមាត់សមាជិកនិងរាល់សកម្មជន បក្សប្រឆាំងណា»ដែលបង្ហាញការគាំទ្រការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី។ លោកសម រង្ស៊ី ដែលនិរទេសខ្លួនអស់រយៈពេលប្រាំឆ្នាំមកហើយបានប្រកាសជាសាធារណៈថាលោកនឹងវិលមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ខែវិច្ឆិកាគឺចំថ្ងៃបុណ្យឯករាជ្យជាតិ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៤កញ្ញាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានប្រកាសថាសមាជិកគណបក្សរបស់ខ្លួនយ៉ាងហោចចំនួន២៦នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមឆ្នាំ២០១៩មក។ គណបក្សនេះចោទថាការចាប់ខ្លួននេះជា «ទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិ និងអន្តរជាតិ»និងទាមទារឲ្យដោះលែងសកម្មជនរបស់ខ្លួនជាបន្ទាន់។
អតីតសកម្មជនប្រឆាំងទាំងនេះត្រូវចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទទន្រ្ទានព្រៃខុសច្បាប់ជាដើម។
ក្រុមសមាជិកសភាអាស៊ានបានស្នើឲ្យកម្ពុជា«ទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ»ទាំងនេះប្រឆាំងនឹងពួកគេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលសំណើពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដោយលើកឡើងថា ក្រុមនេះមិនមែនតំណាងឲ្យយន្តការសិទ្ធិមនុស្សអាស៊ាននោះទេ និងជាក្រុមប្រឆាំងតែប៉ុណ្ណោះ។
«ហើយការអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់ ការដោះលែងនោះគឺ មិនអាចទៅរួចទេ ពីព្រោះនោះគឺសមត្ថកិច្ចរបស់តុលាការ។ ហើយមិនមានស្ថាប័នណា អាចជ្រៀតជ្រែកលូកលាន់ទៅនឹងការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានបន្ថែមថា ការចាប់ខ្លួនសកម្មជនអតីតគណបក្សសង្រ្គោះជាតិនាពេលកន្លងមកនេះគឺជា ការអនុវត្តច្បាប់ប្រឆាំងនឹងអង្គការចាត់តាំងខុសច្បាប់ក្រៅប្រទេស។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) គាំទ្រការអំពាវនាវរបស់អង្គការសមាជិកសភាអាស៊ានឲ្យដោះលែងសកម្មជននយោបាយអតីតគណបក្សប្រឆាំងនេះ។ប៉ុន្តែលោកលើកឡើងថាវាអាស្រ័យលើជំហររបស់រដ្ឋាភិបាលកម្ពុជាដែលត្រូវពិចារលើបញ្ហានេះ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ប្រសិនបើការចាប់ខ្លួនអ្នកគាំទ្រអតីតបក្សប្រឆាំងជាហេតុផលនយោបាយ លោកគិតថា នឹងមានការចាប់ខ្លួនជាបន្តបន្ទាប់។
កាលពីថ្ងៃចន្ទម្សិលមិញនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានកើនដល់ប្រាំបួននាក់ចាប់តាំងពីចុងសប្តាហ៍មុន។
ការវិវត្តចុងក្រោយបង្ហាញថាប្រាំមួយនាក់ក្នុងចំណោមជនត្រូវចាប់ខ្លួនកំពុងស្ថិតក្នុងការឃុំឃាំងក្នុងពន្ធនាគារ៕