ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី រង​ការ​ចោទ​ប្រកាន់​ពី​ការប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

ការ​ចោទ​ប្រកាន់​នេះ​​ធ្វើ​ឡើងដោយ​​ផ្អែក​លើសេចក្តី​ថ្លែង​ការណ៍​របស់​​គណបក្ស​​សង្គ្រោះ​ជាតិកាល​ពីថ្ងៃទី ១៥​ខែកញ្ញា​នេះ។​ សេចក្តីថ្លែង​ការណ៍​​ដែល​ធ្វើ​ពី​សហរដ្ឋ​អាមេរិក​​​បាន​​រៀប​រាប់​អំពី​​ការ​រៀប​ចំ​ការនិវត្ត​របស់​លោក​សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។

ក្រសួង​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​នៅថ្ងៃ​សុក្រ​នេះ ​បាន​ចោទ​លោក​ សម រង្ស៊ី ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ​ថា ​កំពុង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​បច្ចុ​ប្បន្ន។

ការ​ចោទ​ប្រកាន់​នេះធ្វើ​ឡើងដោយផ្អែក​លើសេចក្តី​ថ្លែង​ការណ៍​របស់គណបក្សសង្គ្រោះ​ជាតិកាល​ពីថ្ងៃទី ១៥​ខែកញ្ញា​នេះ។​ សេចក្តីថ្លែង​ការណ៍ដែល​ធ្វើ​ពី​សហរដ្ឋ​អាមេរិក​បានរៀប​រាប់​អំពីការ​រៀប​ចំ​ការធ្វើ​មាតុភូមិនិវត្តន៍របស់​លោក​ សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ និយាយ​ពី​ការ​រៀប​ចំ​ថវិកា​សម្រាប់​ផ្តល់​ជំនួយ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​សុខ​ចិត្ត​ផ្តាច់​ខ្លួន​ពី​រដ្ឋា​ភិបាល ​មកការពារ​ពលរដ្ឋ​នៅថ្ងៃទី​៩ខែវិច្ឆិកា និង​បាន​អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​ឲ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូល​រួម​ជា​មួយ​អតីត​គណបក្ស​ប្រឆាំង​នេះ ដើម្បី​ឲ្យ​មាន «​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាន»។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃសុក្រ​នេះថា ការ​រៀប​ចំ​បែប​នេះ​«​មិនមែន​ជា​រឿង​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្សទេ» ប៉ុន្តែវាជា «ផែនការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ» ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ពី​១៥ទៅ​៣០​ឆ្នាំ។

​អ្នក​នាំពាក្យ​ដដែល​បាន​ព្រមានថា ពល​រដ្ឋ​ដែល​ចូល​រួម​ជាមួយ​ចលនា​របស់​លោក​សម រង្ស៊ី នឹង​ត្រូវ​ចោទ​ប្រកាន់​ពី ​«បទល្មើស​រួម​គំនិត​ក្បត់» ដែល​អាច​ទទួល​រង​ការ​ផ្តន្ទា​ទោស​ពី​៥​ទៅ​១៥​ឆ្នាំ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចូលរួម​ក្នុង​ចលនា​នោះ​ជា​មន្ត្រី​រាជការ ទោស​ទណ្ឌ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​អស់​មួយ​ជីវិត៕

XS
SM
MD
LG