ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​លោក ហ៊ុន សែន ចោទ​ថា ស.រ.អា​បង្គាប់​លោក សម រង្ស៊ី ឱ្យ​ប្រមាថ​មហាក្សត្រ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក​ រស់ ចន្ត្រាបុត្រ ​បន្ត​ថា ​ជាច្រើន​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​តែងជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​​ ហើយថា​សហរដ្ឋ​អាមេរិក​បាន​​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​ដើម្បី​រៀប​គម្រោង​​ផ្តួលរំលំ​​រដ្ឋាភិបាល​កម្ពុជា​។

ទី​ប្រឹក្សា​មួយ​រូប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថាស្ថិត​នៅ​ពី​ក្រោយ​ខ្នង​លោក ​សម រង្ស៊ីប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា។

ការ​ចោទ​ប្រកាន់​នេះធ្វើ​ឡើងបន្ទាប់ពី​លោក សម រង្ស៊ី ​បាន​អធិប្បាយក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃទី​១២ ​ខែ​កញ្ញា​ថា ​ព្រះ​មហាក្សត្រ​គឺ​ជា​ចំណាប់​ខ្មាំង ​និង​ជា​អាយ៉ងរបស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួ​យ​នៅ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ និងត្រូវបានចាក់​ផ្សាយ​ផ្ទាល់​ដោយ​បណ្តាញ​ផ្សព្វ​ផ្សាយ​គាំទ្រ​រដ្ឋា​ភិបាល ​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ​ទីប្រឹក្សា​ផ្ទាល់របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​ជា​សមាជិក​បណ្ឌិត​សភាចារ្យ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើង​ថា​ ការ​ថ្លែង​របស់​លោក សម រង្ស៊ី ​ទាំង​នោះ ​គឺជា​ការ​រៀបចំ​ឡើង​របស់​សហរដ្ឋ​អាមេរិក។

លោក​ រស់ ចន្ត្រាបុត្រ ​បន្ត​ថា ​ជាច្រើន​ទសវត្សរ៍​មក​នេះ សហរដ្ឋ​អាមេរិក​តែងជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយថា​សហរដ្ឋ​អាមេរិក​បានគាំទ្រ​ដល់​គណបក្ស​ប្រឆាំង​ដើម្បី​រៀប​គម្រោងផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា​។

«ខ្ញុំបាទ​ជឿ​ថា​មិនមែន សម រង្ស៊ី ជាអ្នករៀប​ចំសេណារី​យ៉ូទាំងអស់​នេះ​ទេ នៅក្នុងការ​វាយ​ប្រហារ​មក​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា វាយ​ប្រហារ​មកលើ​ព្រះ​មហាក្សត្រ​ខ្មែរ វាយប្រហារ​មកលើសង្គម​ខ្មែរ ខ្ញុំ​បាទ​ជឿ​ថា​ជា​សេណារីយ៉ូ​មួយ​ដែល​គេ​រៀបចំ​ឲ្យ ហើយ​ឲ្យ ​រង្ស៊ី នេះ ដើរ​តាម​សេណារីយ៉ូ​ទាំងអស់​នេះ»។

លោក រស់ ចន្ត្រាបុត្រ ​បញ្ជាក់ពី​មូលហេតុ​ដែលសហរដ្ឋអាមេរិក​គាំទ្រ​លោក សម រង្ស៊ី ថា ដោយសារ​សហរដ្ឋអាមេរិក​ចង់​ប្រើប្រាស់​លោក សម រង្ស៊ី ដឹកនាំ​កម្ពុជា​ងាកពី​ចិន ហើយ​ដើរ​តាម​អាមេរិក។​

ការថ្លែងរបស់​លោកបណ្ឌិត​ រស់ ចន្ត្រាបុត្រ ​ធ្វើឡើងមួយ​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា គឺលោក W. Patrick Murphy បាន​មក​ដល់រាជ​ធានីភ្នំពេញ។

VOA ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​មិនទាន់​មានការ​ឆ្លើយតប​នៅ​ឡើយ។​

លោក​ សម រង្ស៊ី ​ប្រធាន​ស្តី​ទី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​ឆ្លើយ​តប​នឹ​ងសំណួររបស់ VOA​នៅឡើយ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​មួយ​រូប លើកឡើងថា លោក រស់ ចន្ត្រាបុត្រ គឺ​ជា​អ្នកប្រវត្តិសាស្រ្ត​មួយ​រូប​ដែល​កំពុង​បំពេញ​ការងារ​ជាជំនួយ​ការ​របស់​នាយករដ្ឋមន្រ្តី គួរ​មាន​ភស្តុតាង​ជាមូលដ្ឋាន​សម្រាប់​ការ​អះអាង​របស់​លោក​។​

«ជា​អ្នកប្រាជ្ញ​ប្រវត្តិសាស្ត្រ​ដែល​រក​ការពិត​សម្អាង​លើ​ភស្តុតាង ឯកឧត្តម​បណ្ឌិត​ជា​ជំនួយ​ការ​នាយក​រដ្ឋមន្ត្រី គួរ​បង្ហាញ​ភស្តុតាង​ដែល​ជា​មូលដ្ឋាន​នៃ​ការអះអាង​របស់​គាត់ ពុំ​នោះ​ទេ​ ការអះអាង​របស់​គាត់​ ​ជា​ការអះអាង​តាម​អារម្មណ៍​ជា​អ្នក​នយោបាយ ក្នុង​បរិបទ​នយោបាយ​ប្រឆាំង​ហ្នឹង​ សម រង្ស៊ី»។

ចំណែក​លោក បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ និង​សង្គម​ លើកឡើងថា ការ​ថ្លែង​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​តែង​ធ្វើឡើង​រាល់​ពេល​ដែលមាន​ការ​ថប់​អារម្មណ៍​ចំពោះការ​កើន​ឡើង​កម្តៅនយោបាយ​នៅ​កម្ពុជា​ ខណៈដែល​លោក សម រង្ស៊ី ​ប្រកាស​ពី​គម្រោង​ត្រឡប់​មក​កម្ពុជា​វិញ​ប៉ុណ្ណោះ។

«វា​ជា​ផ្នែក​មួយ​នៃ​ការ​ថប់បារម្ភ​របស់​រដ្ឋាភិបាល​អំពី​វិធី​គ្រប់គ្រង​ស្ថានភាព​ប្រសិនបើ​ លោក សម រង្ស៊ី ត្រឡប់​មក​វិញ។ តាមខ្ញុំដឹង CNRP ក៏​មាន​ការគាំទ្រ​ដែល​មាន​មូលដ្ឋាន​តាមរយៈ​ប្រទេស​អឺរ៉ុប និង​អូស្ត្រាលី​ផង​ដែរ។ ក្នុង​ករណី​នេះ សម្រាប់​ខ្ញុំ​វា​គ្រាន់តែ​ជា​ការឃោសនា​ប្រឆាំង​នឹង​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បង្កើត​ឧបសគ្គ​បន្ថែម​ទៀត​ចំពោះ​ចលនា​របស់​គណបក្ស​សង្គ្រោះជាតិ​បច្ចុប្បន្ន​ ដើម្បី​ប្រមូល​ថវិកា​គាំទ្រ​ប៉ុណ្ណោះ»។

យ៉ាងណាក្តី ​លោក ម៉ន ផល្លា ​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ ​ប្រាប់​ VOA ​ថា ​ការលើកឡើង​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​ចោទ​ប្រកាន់​ដើម្បី​ដាក់បន្ទុក​លើ​ថ្នាក់ដឹក​នាំគណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

«ជាលេស​ដើម្បី​ទប់ស្កាត់ ​មិន​ចង់​ឲ្យមាន​ការវិលត្រឡប់​របស់​លោកប្រធាន​ សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ថ្នាក់ដឹកនាំ​គណបក្ស​ នៅថ្ងៃទី៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៩​ខាងមុខ»។

លោក សម រង្ស៊ី ​បាន​ប្រកាស​ថា ​លោក​នឹង​វិល​ត្រឡ​ប់​មក​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី​៩​ខែ​វិច្ឆិកា គឺ​ចំថ្ងៃ​បុណ្យឯក​រាជ្យ​ជាតិ ​ក្រោយ​ពី​លោក​បាន​នីរទេស​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ដោយ​សារ​មាន​បណ្តឹង​តាម​ផ្លូវ​តុលាការប្រឆាំង​នឹង​រូប​លោក។

ក្រោយ​ការ​ប្រកាស​នោះ មេកង​កម្លាំងប្រដាប់​អាវុធ​កម្ពុជា បាន​ប្រកាស​ត្រៀមចាប់​ខ្លួន​លោក​ សម រង្ស៊ី ​និង​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រូប​ណា ​ដែល​បង្ហាញ​ការ​គាំទ្រ ឬចាំ​ទទួល​លោក​ សម រង្ស៊ី ​ត្រឡប់​មកវិញ៕

XS
SM
MD
LG