អាជីវកម្មលក់ម៉ាស៊ីនភ្លើងនៅរាជធានីភ្នំពេញកើនឡើងយ៉ាងគំហុក នៅខណៈពេលដែលកម្ពុជាខ្វះខាតថាមពលអគ្គិសនីនៅប៉ុន្មានខែចុងក្រោយ។
អ្នកលក់ម៉ាស៊ីនភ្លើងមួយចំនួននៅរាជធានីភ្នំពេញនិយាយថា វិបត្តិនៃការខ្វះខាតអគ្គិសនីនេះនាំឲ្យការលក់ដូររបស់ពួកគេមានភាពប្រសើរឡើង។ ពួកគេបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ«មិនដែលមានទេ» នៅប្រមាណ២០ឆ្នាំចុងក្រោយ។
អ្នកស្រី ស្រីតូច វ័យ៣៩ឆ្នាំប្រកបរបរលក់ម៉ាស៊ីនភ្លើងនៅកណ្តាលរាជធានីភ្នំពេញអស់រយៈពេលជាង២០ឆ្នាំមកហើយនោះបានមានប្រសាសន៍ថា ការលក់ដូរម៉ាស៊ីនភ្លើងមានភាពប្រសើរឡើងខ្លាំងក្នុងមួយរយៈពេលថ្មីៗនេះ។
«វាលើសទ្វេដង មានន័យថា គុណនឹងពីរ ឬនឹងបី តែវាមិនមានរយៈពេលយូរទេ គឺប្រហែលកន្លះខែ ឬម្ភៃថ្ងៃប៉ុណ្ណឹងឯង។ យើងមិនបានគ្រោងទុក ក៏មិនដឹងថាម៉ាស៊ីននឹងលក់ដាច់ដល់របៀបហ្នឹងដែរ។ យើងក៏មិនបានស្តុកទុកម៉ាស៊ីនអីដែរ ព្រោះថា ការលក់ម៉ាស៊ីនអន់ថយយូរឆ្នាំហើយ ចូលដប់ម្ភៃឆ្នាំហើយ។ វាអត់ដំណើរការទេ»។
អ្នកស្រីមានប្រសាសន៍ថា ការកើនឡើងនូវតម្រូវការម៉ាស៊ីនភ្លើងបានទាក់ទាញឲ្យមានការលក់ម៉ាស៊ីនភ្លើងតាមបណ្តាញសង្គមបន្ថែមផងដែរ។
«អ្នកខ្លះបានកុម្មង់ទិញ ហើយយកទៅលក់នៅក្នុងហ្វេសប៊ុកទាំងអស់គ្នាអ៊ីចឹងអីណា»។
អ្នកស្រីមានប្រសាសន៍បន្ថែមថា អតិថិជនរបស់អ្នកស្រីភាគច្រើនទិញម៉ាស៊ីនដែលមានថាមពលតូចគឺពីរ ឬបីគីឡូវ៉ាត់សម្រាប់ឧបករណ៍អេឡិចត្រូនិចដែលពួកគេត្រូវការប្រើប្រាស់ជាចាំបាច់នៅតាមផ្ទះ។
ការរាំងស្ងួតដែលកម្ពុជាទទួលរងពីបាតុភូតអែលនីណូ(El Nino)បង្កឱ្យអាកាសធាតុនារដូវប្រាំងនេះមានសភាពក្តៅហួតហែង ហើយសីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់៤០-៤២°C។
ការរាំងស្ងួតនេះ និងការកើនឡើងនូវចំនួនសំណង់អគារដែលភាគច្រើនជារបស់វិនិយោគិនចិនបានបណ្តាលឲ្យប្រទេសកម្ពុជា ដែលពឹងផ្អែកច្រើនលើថាមពលអគ្គិសនីបានពីទំនប់វារីអគ្គិសនី ជួបភាពយ៉ាប់យឺន។
កន្លងមក ការដាច់ចរន្តនេះកើតមានជាប្រចាំថ្ងៃ និងស្ទើរគ្រប់តំបន់នៅតាមបណ្តាខេត្តនិងក្រុងនានានៅក្នុងប្រទេសកម្ពុជា។ ការដាច់ចរន្តមានលក្ខណៈចល័ត ហើយនៅតាមតំបន់មួយចំនួន អាចគ្មានអគ្គិសនីប្រើប្រាស់ដល់ទៅ៦ម៉ោងក្នុងនៅមួយថ្ងៃ។ ការណ៍នេះខុសពីឆ្នាំទៅ ដែលការដាច់ភ្លើងមានរយៈពេលខ្លីជាង និងមិនប្រចាំថ្ងៃនោះទេ។
អ្នកលក់ម៉ាស៊ីនភ្លើងបានប្រាប់វីអូអេថា អតិថិជនដែលទិញម៉ាស៊ីនភ្លើងមានការកើនឡើង ជាពិសេសនៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែមីនាដល់ប្រមាណពាក់កណ្តាលខែមេសា។
លោកសុក ហេង វ័យ២២ឆ្នាំដែលធ្វើការនៅក្នុងហាងលក់ម៉ាស៊ីនភ្លើងមួយ ក្នុងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខប្រាំ បានប្រាប់វីអូអេថា៖
«មួយរយៈកាលដាច់ភ្លើងជាងកន្លះខែមុន ខ្ញុំលក់ដាច់បានច្រើនជាង២០ទៅ៣០គ្រឿងក្នុងមួយអាទិត្យអីហ្នឹង។ ក្នុងមួយថ្ងៃយើងអាចលក់ដាច់បាន៦ទៅ៧ គ្រឿង។ កាលមួយរយៈមិនទាន់ដាច់ភ្លើងដូចឆ្នាំមុនអ៊ីចឹង យើងលក់បានមួយថ្ងៃអី ជួនកាលដាច់មួយ ហើយជួនកាលអត់ទេ»។
លោកមានការសប្បាយចិត្តដែលតម្រូវការម៉ាស៊ីនភ្លើងមានការកើនឡើងប្រៀបធៀបនឹងរយៈពេល២០ឆ្នាំកន្លងមកនេះ។
«[ខ្ញុំ]សប្បាយចិត្តហ្មង! សប្បាយក្នុងការលក់ ព្រោះយើងខានលក់មួយរយៈ។ វាដូចដាច់ខ្លះដែរ តែវាមិនសូវខ្លាំងដូចមួយរយៈឆ្នាំហ្នឹង។ ហើយយើងសប្បាយចិត្តក្នុងការលក់»។
លោកបន្ថែមថា ក្រុមហ៊ុនរបស់លោកនាំចូលម៉ាស៊ីនភ្លើងភាគច្រើនមកពីប្រទេសជប៉ុន ហើយម៉ាស៊ីនទាំងនេះមានតម្លៃចាប់ពី៨០០ដុល្លារសហរដ្ឋអាមេរិកឡើងទៅ។
«អតិថិជនទិញមាស៊ីនភ្លើងប្រើសម្រាប់ផ្គត់ផ្គង់ជាលក្ខណៈផ្ទះសំណាក់ ជាហាង ជាផ្ទះវីឡា ជាហ្ការ៉ាសសាំងជាអូតែលតូចធំធម្មតា»។
អ្នកលក់ខ្លះទៀតនិយាយថា ការដាច់ភ្លើងអគ្គិសនីជាញឹកញាប់នេះបានជួយទាក់ទាញអតិថិជនថ្មីសម្រាប់ពួកគាត់។
អ្នកស្រីតាំង ណៃហួ វ័យ៣២ឲ្យដឹងថា ក្រុមគ្រួសារអ្នកស្រីប្រកបរបរលក់ម៉ាស៊ីនភ្លើងអស់រយៈពេលជាង២០ឆ្នាំមកហើយនៅតាមបណ្តោយផ្លូវជាតិលេខប្រាំនៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រីបានប្រាប់វីអូអេថា៖
«ហាងខ្ញុំជាទូទៅមានម៉ូយភាគច្រើននៅតាមការដ្ឋានទេ ហើយម៉ូយតាមផ្ទះ ពួកខ្ញុំមិនសូវមានទេ។ ដោយសារមួយរយៈនេះដាច់ភ្លើងអ៊ីចឹងទៅ ខ្ញុំក៏មានអ្នកមកទិញ តែម៉ូយខ្ញុំគឺអ្នកនៅតាមការដ្ឋានដដែល»។
លោកស្រីបន្ថែមថា គ្រួសាររបស់លោកស្រីដែលធ្លាប់តែលក់ម៉ាស៊ីនភ្លើងសម្រាប់វិស័យកសិកម្មនោះបានទិញម៉ាស៊ីនភ្លើងសម្រាប់ការផ្គត់ផ្គង់ក្នុងផ្ទះនិងសម្រាប់ការប្រើប្រាស់ក្នុងការសាងសង់ផ្សេងៗ។
«អ្នកភ្នំពេញក៏មានអ្នកខាងការដ្ឋានសាងសង់ ជនជាតិចិនក៏មាន ខ្មែរក៏មាន មានគ្រប់ទាំងអស់។ និយាយទៅ មួយរយៈហ្នឹងមានគ្រប់ទាំងអស់ អ្នករកស៊ីផង អ្នកនៅផ្ទះផង»។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយថា ការកើនឡើងនៃការសាងសង់របស់អ្នកវិនិយោគដែលភាគច្រើនមកពីប្រទេសចិន និងការប្រែប្រួលអាកាសធាតុដែលនាំឲ្យមានការរាំងស្ងួតខ្លាំង បានធ្វើឲ្យប្រទេសកម្ពុជាជួបប្រទះនឹងការខ្វះខាតថាមពលអគ្គិសនីរហូតដល់៤០០មេហ្កាវ៉ាត់។ នេះជាទំហំនៃកង្វះខាតដែលប្រទេសកម្ពុជាមិនធ្លាប់បានជួបប្រទះ។
បើតាមលោកនាយករដ្ឋមន្ត្រី វិស័យសំណង់ក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៩បានកើនឡើងជាង៧០០% ប្រៀបជាមួយនឹងឆ្នាំមុន ឆ្នាំ២០១៨។ ការណ៍នេះស្រូបយកការប្រើប្រាស់ថាមពលអគ្គិសនីយ៉ាងគំហុក។
ការដាច់ភ្លើងអគ្គិសនីជាញឹកញាប់បានធ្វើឲ្យអ្នកវិនិយោគខ្នាតតូច និងធំផ្អាកការងាររបស់ខ្លួនមួយរយៈខ្លី។ រីឯប្រជាពលរដ្ឋត្អូញត្អែរឥតឈប់ឈរនឹងតម្លៃម៉ាស៊ីនភ្លើងក៏មានការកើនឡើងផងដែរ។
ខណៈដែលអាជីវកម្មលក់ម៉ាស៊ីនភ្លើងមានភាពកាក់កបមួយរយៈពេល អ្នកលក់ទាំងនេះត្រូវបានប្រជាពលរដ្ឋខ្លះចោទប្រកាន់ថា ដំឡើងថ្លៃម៉ាស៊ីនភ្លើងឲ្យខ្ពស់ជាងពេលធម្មតា ប៉ុន្តែអ្នកលក់ទាំងនេះបានច្រានចោលការចោទប្រកាន់នេះ។
ម្ចាស់អាជីវករម្នាក់ដែលសូមមិនបញ្ចេញឈ្មោះដោយសារលោកភ័យខ្លាចពីការប៉ះពាល់ដល់អាជីវកម្មរបស់លោក បានប្រាប់វីអូអេថា លោកចាប់ផ្តើមដើររកទិញម៉ាស៊ីនភ្លើងនៅក្នុងខែមីនានៅពេលដែលការដាច់ចរន្តអគ្គិសនីចាប់ផ្តើមប៉ះពាល់ដល់អាជីវកម្មរបស់លោក។
លោកបន្ថែមថា លោកបានសាកសួរពីតម្លៃម៉ាស៊ីនភ្លើងនៅកន្លែងមួយចំនួន ហើយអ្នកលក់ប្រាប់លោកថាម៉ាស៊ីនភ្លើងទំហំកណ្តាល មានតម្លៃ ចាប់ពី៧០០ទៅ៣៧០០ដុល្លារសហរដ្ឋអាមេរិក។
លោកសម្រចចិត្តមិនទិញម៉ាស៊ីនវិញបន្ទាប់ពីមិត្តភ័ក្តិរបស់លោកបានប្រាប់លោកថា តម្លៃម៉ាស៊ីនភ្លើងកើនឡើងលើសពីធម្មតាក្រោយការដាច់ភ្លើង។
លោកបន្ថែមថា ការដាច់ចរន្តអគ្គិសនីមិនមានញឹកញាប់ទៀតទេនៅក្នុងពេលថ្មីៗនេះ។
វីអូអេបានព្យាយាមទាក់ទងមន្ត្រីអគ្គិសនីកម្ពុជាដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែពុំមានការឆ្លើយតបទេ។
យោងទៅលើសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជាដែលចេញកាលពីខែមិនាបានឲ្យដឹងថា ប្រសិនបើមានភ្លៀងធ្លាក់មុនចុងខែឧសភា ការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះនឹងមានជាធម្មតាឡើងវិញ។
បន្ទាប់ពីអាជីវករសប្បាយរីករាយនឹងការលក់ម៉ាស៊ីនភ្លើងមិនបានប៉ុន្មានផង ភ្លៀងបានចាប់ផ្តើមធ្លាក់។ អ្នកលក់ទាំងនេះបាននិយាយថា អាជីវកម្មពួកគេនឹងវិលត្រឡប់ទៅរកភាពដើមវិញ៕