បន្ទាប់ពីមានការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបន្តបន្ទាប់ទូទាំងប្រទេស ចាប់តាំងពីដើមខែមីនាមកដើម្បីសន្សំសំចៃថាមពលអគ្គិសនី រដ្ឋាភិបាលបង្ហាញថាការកើនឡើងនៃប្រើប្រាស់អគ្គិសនីយ៉ាងគំហុកដោយសារកំណើនវិនិយោគផ្នែកសំណង់ គឺជាដើមចមនៃកង្វះអគ្គិសនី ហើយគ្រោះរាំងស្ងួតនៅក្នុងទំនប់វារីអគ្គិសនីបានដាក់បន្ទុកបន្ថែមទៀតលើបញ្ហានេះ។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះបានស្តីបន្ទោសលើកំណើននៃការប្រើប្រាស់ថាមពលយ៉ាងគំហុកក្នុងវិស័យសំណង់ និងគ្រោះរាំងស្ងួតថាជាមូលហេតុចម្បង ដែលបណ្តាលឲ្យកម្ពុជាជួបប្រទះការខ្វះអគ្គិសនីប្រើប្រាស់ និងធ្វើឱ្យមានការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាញឹកញយនៅទូទាំងប្រទេស។
ក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាថាមពលអគ្គិសនីដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងខ្លាំង ចាប់ពី២៥.៥ លានគីឡូវ៉ាត់ ក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០១៨ មកដល់៣១ លានគីឡូវ៉ាត់ នៅដើមឆ្នាំ២០១៩នេះ។ កំណើនការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ ដោយសារការវិនិយោគនេះបានបន្ថែមបន្ទុកមួយចំណែកទៀតទៅលើការប្រែប្រួលអាកាសធាតុក្តៅហួតហែង ដែលបណ្តាលឲ្យមានការកាត់ផ្តាច់អគ្គិសនីជាប្រចាំក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមលោក ទី នរិន ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា។
«តាមការពិនិត្យរបស់យើងខ្ញុំឃើញថា មកពីការវិនិយោគគំហុក។ តំបន់មួយចំនួនដែលឡើងជាក់ស្តែង ហ្នឹងគឺមានតំបន់ខ្លះដែលឡើង គឺមានតំបន់ភ្នំពេញ កណ្តាលកំពង់ស្ពឺ ដែលសុទ្ធតែជាតំបន់មានរោងចក្រមានអី។ តំបន់ខេត្តព្រះសីហនុដែលសេវាកម្មធំៗអីជាដើម ហើយនិងខេត្តបាត់ដំបង ខេត្តសៀមរាប»។
លោកបានបន្ថែមថា រដ្ឋាភិបាលបានផ្អាកទទួលការវិនិយោគធំៗដែលមានតម្លៃរាប់លានដុល្លារជាច្រើនដើម្បីទប់កំណើននៃការប្រើប្រាស់អគ្គិសនី ខណៈដែលមានកង្វះថាមពលដ៏សំខាន់មួយនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ VOA បន្ថែមក្រោយសន្និសីទសារព័ត៌មាននេះថា ការវិនិយោគដែលបានហូរចូលយ៉ាងគំហុកក្នុងរយៈពេលដ៏ខ្លីនេះគឺភាគច្រើនជាសំណង់អគារធំៗដែលបានកើនឡើង ៧០០ ភាគរយ និងត្រូវការប្រើប្រាស់អគ្គិសនីដ៏ច្រើន ហើយភាគច្រើនគឺជាគម្រោងវិនិយោគអាគារខុនដូ របស់ចិន ជប៉ុន និងកូរ៉េ។
«មានប្រទេសខាងក្រៅមកដូចចិន ជប៉ុន កូរ៉េ សំណង់របៀបខុនដូ High Rise building ពួកបរទេសដូចជា ជប៉ុន កូរ៉េ ហើយនិងចិន ហើយមួយចំនួននៅខ្មែរយើងបានចូលរួមក្នុងការសាង់សង់ខុនដូ»។
ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ សំណង់ធំ និងអគារខ្ពស់ៗជាច្រើនបានលេចឡើងកាន់តែច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសគេសង្កេតឃើញមានការបំពាក់ឧបករណ៍ប្រើប្រាស់ផ្សេងៗដែលត្រូវការថាមពលអគ្គិសនីជាច្រើន។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថារដ្ឋាភិបាលនៅតែអាចដោះស្រាយបាននៅពេលដ៏ខ្លីខាងមុខ។
«រឿងការអភិវឌ្ឍកំណើន ៧០០ ភាគរយ ហ្នឹងជាបន្ទុកសារជាថ្មី ប៉ុន្តែយើងនៅដោះស្រាយបានក្នុងរយៈពេលខ្លីខាងមុខនេះទេបាទ»។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងជួបប្រទះការកាត់ផ្តាច់អគ្គិសនីជាបន្តបន្ទាប់។ ពលរដ្ឋបានបង្ហាញការមិនសប្បាយ និងរិះគន់ចំពោះការផ្តាច់អគ្គិសនីនេះជាបន្តបន្ទាប់តាមសង្គមហ្វេសប៊ុក និងសារធារណៈ។ កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ អគ្គិសនីកម្ពុជាបានជូនដំណឹងអំពីការកាត់ផ្តាច់ចរន្តអគ្គិសនីតាមតំបន់ និងតាមពេលវេលានៃការកាត់ផ្តាច់ដើម្បីសន្សំសំចៃថាមពលដ៏ចាំបាច់នេះរហូតដល់រដូវវស្សាដែលនឹងមកដល់ក្នុងរយៈពេលពីរខែទៀត។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចបានប្រាប់ VOA តាមទូរសព្ទកាលពីរសៀលថ្ងៃសុក្រនេះថា ខណៈដែលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលគួរតែមានរៀបចំផែនការច្បាស់លាស់ដើម្បីត្រៀមខ្លួនសម្រាប់កង្វះខាតនានានិងការប្រែប្រួលដែលមិនអាចទស្សន៍ទាយបាននេះ។
«បាទ តាមធម្មតា គឺគួរតែមានផែនការច្បាស់លាស់ ហើយប្រុងប្រយ័ត្នជានិច្ច ដោយសារអានេះវាទាក់ទងនឹងការខាតសេដ្ឋកិច្ច ហើយទាក់ទងនឹងការសប្បាយចិត្តពីសាធារណៈជនដែលជួបប្រទះនឹងបញ្ហាបែបហ្នឹងអ៊ីចឹងណា ពីព្រោះយើងដឹងហើយយើងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំង»។
ដើម្បីដោះស្រាយនឹងកង្វះថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងស្រុកនេះ លោក ទី នរិន ប្រធានអាជ្ញាធរអគ្គិសនីជាតិបានបន្ថែមថា រដ្ឋាភិបាលបាននាំចូលថាមពលអគ្គិសនីបន្ថែមពីប្រទេសជិតខាង ដែលមានដូចជាថៃ ឡាវ និងវៀតណាម រួមទាំងអាជីវកម្មធំក្នុងស្រុកដែលមានម៉ាស៊ីនភ្លើងតាមអគាររបស់ពួកគេ ដែលលោកហៅថានេះជា «វិធានការក្នុងពេលមានអាសន្ន»។
យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងរដូវប្រាំងនេះនឹងឡើងដល់ ៤០ទៅ៤២ អង្សារ និងអាចបន្តអូសបន្លាយរហូតដល់ខែឧសភា ដែលបណ្តាលឲ្យមានការខ្វះទឹកសម្រាប់វារីអគ្គិសនីដើម្បីផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងស្រុក៕