ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដាច់ភ្លើង​ឈាន​ដល់​មន្ទីរពេទ្យ​រដ្ឋ​និង​រំខាន​ដល់​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់


ការ​ដាច់​ថាមពល​អគ្គិសនី បាន​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសុមៈ នា​រសៀល​ថ្ងៃ​ទី​ ២៦​ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)
ការ​ដាច់​ថាមពល​អគ្គិសនី បាន​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសុមៈ នា​រសៀល​ថ្ងៃ​ទី​ ២៦​ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)

ស្ថិតក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ត​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី ដែល​កំពុង​ប្រឈម​ការខ្វះខាត​ក្នុង​រដូវក្តៅ​នេះ មន្ទីរពេទ្យ​មួយ​ចំនួន បាន​រងផល​ប៉ះពាល់​ពី​ការមិនមាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ក្នុង​មន្ទីរពេទ្យ។

ការ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ដោយ​ផ្នែកៗ​ នៅ​រាជធានី​ភ្នំពេញ​ បាន​រាលដាល​ដល់​មន្ទីរពេទ្យ​មួយ​ចំនួន​ ​ដែល​ការណ៍​នេះ បង្ក​ការ​រំខាន​ដល់​ប្រតិបត្តិការ​សំខាន់ៗ​ខ្លះ​នៅ​មន្ទីរពេទ្យ ​ក្នុង​នោះ​គឺ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ​ធ្ងន់។​

តាម​ការ​បង្ហោះ​សារមួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​បុគ្គលិក​ពេទ្យ​មួយ​រូប​នៅ​ឯ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ ដែល​បាន​ប្តូរឈ្មោះ​មកជា​ «មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ព្រះកុសុមៈ»​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​ បាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ធ្ងន់​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ ឬ​ ICU។​

គណនី​ហ្វេសប៊ុក​មួយ​ដែល​បាន​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Mana Chan​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ បាន​ធ្វើការ​សង្គ្រោះ​អ្នក​ជំងឺ​ គ្រា​ដែល​មាន​ការ​ដាច់​ចរន្តអគ្គិសនី​។

គណនី​ឈ្មោះ​ Mana Chan​ ដែលមានរូប ​profile​ ជាមួយ​ឯក​សណ្ឋាន​បុគ្គលិក​សុខាភិបាល​បាន​សរសេរ​កាលពីថ្ងៃ​ព្រហស្បតិ៍​ក្នុង​ន័យ​ដើម​ថា៖​

«ពួក​យើង​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់​ និង​សប្បាយចិត្ត​ក្នុងការ​ជួយ​អ្នក​ជំងឺ​ ប៉ុន្តែ​ពួកខ្ញុំ​បាទ​មានការ​អាណិត​អ្នក​ជំងឺ​ធ្ងន់​ដែល​គាត់​ត្រូវការ​ភ្លើង​ក្នុងការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពេទ្យ​មួយ​ចំនួន​ក្នុងការ​សង្គ្រោះ​អ្នក​ជំងឺ»។​

គណនី​ដដែល​បាន​បន្ត​ថា៖​

«ពូកខ្ញុំ​បាទ​សូម​សំណូមពរ​ឲ្យ​លោក​ EDC​ មេត្តា​ផ្តាច់​ភ្លើង​នៅ​ផ្ទះ​ខ្ញុំ​បាទ​ចុះ​ ហើយ​បង្វែ​ភ្លើង​នេះ​ មក​ឲ្យ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ផ្នែក​ ICU​ វិញ​ ដើម្បី​ពួកខ្ញុំបាទ​បាន​ជួយ​អ្នកជំងឺ​ធ្ងន់​ ខ្ញុំ​បាទ​សូម​អង្វរ»។​

យ៉ាង​ណាក៏​ដោយ ម្ចាស់​គណនីនេះ​ ក្រោយ​មក​បាន​លុប​ចោល​ការ​អធិប្បាយរបស់​ខ្លួន​ ហើយ​បែរ​ជា​ផ្តល់​ការ​អធិប្បា​សុំ​អភ័យទោស​ ​ចំពោះភាគី​ខាង​ អគ្គិសនី​កម្ពុជា​ (ឬ EDC)។​

ម្ចាស់​គណនី​ដដែល​បាន​សរសេរ​ថា៖​

«ក្រោយ​ពីដឹង​ការណ៍​ពិត​ចំពោះ​ការ​ដាច់ភ្លើង​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​គឺ​មក​ពីការ​ដាច់​ខ្សែ​កាប​ក្រោម​ដី​-ក្រោយ​ពី​ដឹង​ភ្លាម​បង​បង​ EDC​បាន​ដុត​ដៃដុត​ជើង​ជួស​ជុល​រហូត​ដល់​បាន​សម្រេច​ដំណើរ​ការ​ឡើង​វិញ​នៅ​វេលាម៉ោង​១១​ថ្ងៃ​ត្រង់​យ៉ាង​រលូន​ណាស់។​ ពួក​ខ្ញុំ​បាទ​នៅ ICU ​សូម​លើកដៃ​សុំ​ទោស​បង​បង​ EDC​ ដែល​មិន​បាន​ដឹង​ការណ៍​ពិត​-តាម​ពិត​EDC​ មិន​ដែល​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ម្តង​ណា​ឡើយ​ចំពោះ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ -សូម​អរគុណ​បងបង ​EDC ​ណាស់»។

ពលរដ្ឋ​ពីរ​រូប កំពុង​ដើរ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសុមៈ ទី​ដែល​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់ កាលពី​រសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)
ពលរដ្ឋ​ពីរ​រូប កំពុង​ដើរ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ព្រះកុសុមៈ ទី​ដែល​ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់ កាលពី​រសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA Khmer)

ការ​ផ្តាច់​ចរន្ត​និង​ការ​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី ក្នុង​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្តផ្សេងៗ​ ​គឺ​ជា​ប្រធាន​បទដែល​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​ កំពុង​ចែក​រំលែក និង​រអ៊ូ​រទាំ ​ខណៈ​កំដៅ​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង​ជិត​៤០អង្សារ​ក្នុង​សប្តាហ៍​នេះ​។​

ទោះបី​ជា​ម្ចាស់​គណនី​ឈ្មោះ Mana Chan​ បាន​លុបចោល​ការអធិប្បាយ​អំពី​ការ​អាណិត​អាសូរ​ដល់​អ្នក​ជំងឺ​ ដែល​ត្រូវជួយ​សង្គ្រោះ​បន្ទាន់​ជាមួយ​បរិក្ខារពេទ្យ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ក្តី​ ការអធិប្បាយ​របស់​ម្ចាស់​គណនី​ Mana Chan ​ត្រូវ​បាន​គេចែក​ត​គ្នា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ដោយ​មាន​ភ្ជាប់​ជាមួយ​រូបថត​ក្រុម​បុគ្គលិក​សុខា​ភិបាល​ ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ផងដែរ។​

គេហទំព័រ​អង្គរ​ប៉ុស្តិ៍​ បាន​សរសេរ​ក្នុង​ន័យ​ហួស​ចិត្ត​ថា​ «ដល់​ក​ហ្មង!​ ក្រុម​គ្រូពេទ្យ​ ICU​ នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ សុំ EDC កុំ​ផ្តាច់​ភ្លើង​ ព្រោះ​គាត់​ត្រូវ​សង្គ្រោះ​អ្នក​ជំងឺ​ទាំង​ងងឹត»។​

VOA ​ព្យាយាម​សុំការ​បញ្ជាក់​បន្ថែម​ពីម្ចាស់​គណនី​ Mana Chan ​ដោយ​បាន​ផ្ញើសំណួរ​តាម​ប្រព័ន្ធ​ឆ្លើយ​ឆ្លង​ Facebook ​តែ​មិន​មាន​ការ​ឆ្លើយ​តប។​

VOA ​បាន​ព្យាយាម​ជួប​ម្ចាស់គណនី​ Mana Chan​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​កែ​លម្អ​ តែ​មិន​ទាន់​បានជួប​នៅ​ឡើយ​នោះទេ។​

ក៏​ប៉ុន្តែ​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ប្រាប់​ VOA ​ថា​ អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​ក្នុង​មន្ទីរពេទ្យ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ថត​យក​រូបភាពក្នុង​មន្ទីរពេទ្យ​នោះ​ដែរ​ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​អ្នកជំងឺ។​

ពាក់​ព័ន្ធ​ទៅនឹង​ការ​អធិប្បាយ​របស់​គណនី​ឈ្មោះ​ Mana Chan​ មន្ត្រី​សុខាភិបាល​រូប​នោះ​ បាន​បញ្ជាក់​ថា​ ពិត​ជា​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​មែន​ តែ​លោក​សុំមិន​ធ្វើ​ការ​អធិប្បាយ​បន្ថែម​ ដោយ​លោក​បាន​ថ្លែង​ក្នុងន័យ​ដើមថា៖​

«ខ្ញុំ​អត់​ហ៊ាន​ឆ្លើយ​ម៉េច​ដែរ​ ព្រោះ​គំនិត​គាត់​ផ្សេង​»។

លោក​បាន​បន្ថែម​ថា​ មន្ទីរពេទ្យ​មាន​ម៉ាស៊ីន​ភ្លើងដែរ​ តែ​កម្រិត​ផ្តល់​ថាមពល​គឺ​តិចតួច។​ លោក​និយាយ​ក្នុង​ន័យដើម​ថា៖​

«ខាងខ្ញុំ​អត់​ដឹង​រឿង​ទេ​ អាហ្នឹង​ខាង​អគ្គិសនី​គេ​ដំណើរ​ការ​ មិន​រួច​អី មិន​រួច​ ដល់​អ៊ីចឹង​ពួកខ្ញុំ​ម៉េច​ដឹង។ ហើយ​ភ្លើង​ វា​មាន​ម៉ាស៊ីន​ដែរ​ ប៉ុន្តែ​ម៉ាស៊ីន​វាតូច​ពេក វា​អូស​អត់​រួច»។​

មន្ត្រីសុខាភិបាល​ដដែល​អះអាង​ទៀត​ថា​ ការ​ដាច់​ចរន្តអគ្គិសនី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នោះ​ មិនបាន​បង្កផលប៉ះពាល់​ដល់​កិច្ចការ​សង្គ្រោះបន្ទាន់​នោះទេ​ ហើយថា​ ការ​អធិប្បាយ​របស់​ម្ចាស់​គណនី Mana Chan គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​មួយ​ប៉ុណ្ណោះ។​

នៅ​ឯមន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ នា​រសៀល​ថ្ងៃ​សុក្រនេះ ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ បាន​បន្តកើត​ឡើង និង​មិន​មាន​ការ​ប្រើ​ម៉ាស៊ីន​ភ្លើង ដើម្បី​បំភ្លឺ​ក្នុង​មន្ទីរពេទ្យ​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ជួសជុល​ ដោយ​ភាគី​រដ្ឋាភិបាល​ចិន​នោះទេ។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ កែវ រតនៈ​ អគ្គនាយកអគ្គិសនី​កម្ពុជា​ តែមិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃសុក្រ​នេះ។​ VOA​ ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ​ម៉ម ​ប៊ុនហេង​ និង​អ្នកនាំពាក្យ​ក្រសួង​ដដែល​នេះ​ គឺ​អ្នកស្រី​ ឱ វណ្ណឌីន។​

បណ្ឌិត​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ថា​ មន្ទីរពេទ្យ​រដ្ឋ​ទាំង​ឡាយ​ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ បំពាក់​ម៉ាស៊ីន​ភ្លើង​ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​ លោក​ថាការ​ស្លាប់​អ្នក​ជំងឺ​អាច​កើតមាន​ឡើង​ ប្រសិន​បើ​បញ្ហា​កង្វះ​អគ្គិសនី​នេះ​ មិនត្រូវបាន​ស្ថាប័ន​ទទួល​ខុសត្រូវ​ឆ្លើយតប និង​ដោះស្រាយទាន់​ពេល​វេលានោះ។​

«មែនទែន​ទៅ​ គឺ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​ ឲ្យ​ត្រៀម​ម៉ាស៊ីន​ភ្លើងបាទ​ ហើយ​នៅស្ថាប័ន​រដ្ឋ​ ពិសេស​ស្ថាប័ន​ ដែល​មិន​អាចដាច់​ភ្លើង​បាន​ គឺ​មន្ទីរពេទ្យ​ហ្នឹង​ មិន​អាច​ត្រូវ​ដាច់​ភ្លើងបាន។​ ហើយ​បើ​សិន​ជា​មន្ទីរពេទ្យ មិន​បាន​ផ្គត់​ផ្គង់​ភ្លើង​ហ្នឹងបាន​ត្រឹម​ត្រូវនោះ​ទេ​ អាហ្នឹង​ជា​កំហុស​ដ៏ធំមួយ​ ទាំង​វាលែង​ជាកំហុស​ របស់​ EDC វា​អាច​ជា​កំហុស​របស់​អ្នក​ទទួល​ខុសត្រូវ​ មន្ទីរពេទ្យ​ផងដែរ​បាទ​ ដោយ​ត្រូវ​តែត្រៀម​លក្ខណៈ​ទុក​ជា​ស្រេច​បាទ​ បើ​មិនដឹង​ថា​ភ្លើង​មិនមាន​ទេ​ ត្រូវ​តែត្រៀម​ម៉ាស៊ីន​ភ្លើង​ មិន​អាច​ឲ្យ​មនុស្ស​ហ្នឹង​ស្លាប់​នៅលើ​គ្រែ​ វះកាត់​បាន​ទេបាទ។ ហើយ​បើ​សិន​ជា​យើង​ប្រហែស​ បាន​ន័យ​ថា​ យើង​ហ្នឹង​ចូលរួម​សម្លាប់​មនុស្ស​ដោយ​ប្រយោល»។

តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​ ៦​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដែល​លើក​លែង​តែ​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​បុណ្យ​ជាតិ​ប៉ុណ្ណោះ​ ដើម្បី​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​ដែល​កំពុង​មាន​កង្វះខាត​នៅ​ក្នុង​ដើម​ឆ្នាំ​ ២០១៩ ​នេះ​ ដែល​រដ្ឋាភិបាល​បាន​ដាក់​ការ​បន្ទោស​ទៅ​លើ​កំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​យ៉ាង​គំហុក​ក្នុង​វិស័យ​សំណង់​អគារ​នានា​ ដែល​ទាញ​យក​ថាម​ពល​អគ្គិសនីដ៏​ច្រើន​និង​គ្រោះ​រាំង​ស្ងួត។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​កន្លង​មក​ ​ការ​ផ្ដាច់​ចរន្ត​ថាមពល​អគ្គិសនី​នឹង​បន្ត​រហូត​ដល់​ចុង​ខែ​ឧសភា​ លើក​លែង​តែមាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែ​ឧសភា​ប៉ុណ្ណោះ​ទើប​ការ​ផ្គត់ផ្គង់​ត្រឡប់​មក​ប្រក្រតី​វិញ។​

ក្នុង​បញ្ហា​កាត់ផ្តាច់​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ដោយ​អន្លើ​ក្នុង​ប្រទេស​នេះ​ លោក​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​គំរាម​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​ផ្ទះ​របស់​អ្នក​រិះគន់​រដ្ឋាភិបាល​ ដែល​បាន​លើក​ហេតុ​ផល​ផ្សេងៗ​ចំពោះ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ថាម​ពល​អគ្គិសនី​ប្រចាំ​ថ្ងៃ​ចាប់តាំង​ពី​ដើម​ខែ​មីនា​មក។ ​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​បាន​រិះគន់​លើ​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ដោយ​សារ​តែ​ភាព​រាំងស្ងួត​និង​ខ្វះ​ទឹក​ក្នុង​ទំនប់វារីអគ្គិសនី៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG