នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានថ្លែងបញ្ជាក់សាធារណជនទូទៅថា ការខ្វះខាតអគ្គិសនី សម្រាប់ផ្គត់ផ្គង់ក្នុងផ្នែកខ្លះនៃប្រទេស បណ្ដាលមកពីភាពរីងស្ងួតនៅក្នុងទំនប់វារីអគ្គិសនី ហើយបានស្នើឲ្យប្រជាពលរដ្ឋខ្មែរប្រើទឹកដោយសន្សំសំចៃ ខណៈដែលប្រទេសកំពុងជួបបញ្ហាខ្វះភ្លើងប្រើនេះ។
ថ្លែងនៅឯពិធីចែកសញ្ញាប័ត្រមួយរៀបចំនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងនៅចំពោះមុខក្រុមនិស្សិតថា ការរីងហួតហែងទឹកនៅទំនប់វារីអគ្គិសនី បានរាំងខ្ទប់មិនឲ្យម៉ាស៊ីនផលិតថាមពលដំណើរការបាន ដែលលោកថា ការណ៍នេះជាបញ្ហាចម្បងមួយដែលត្រូវដោះស្រាយ ខណៈដែលអាកាសធាតុមានការប្រែប្រួល។
«រឿងធំជាងនេះ គឺរឿងបញ្ហា វារីអគ្គិសនីទាំងអស់របស់យើង ដោយសារទឹកវាហួតហែង ធ្វើឲ្យវារីអគ្គិសនីរបស់យើងទាញតួប៊ីន (turbine) អត់រួច ដែលត្រូវបិទមួយចំនួន ធ្វើឲ្យយើងកំពុងខ្វះអគ្គិសនី រហូតទៅដល់៤០០ម៉េហ្គាវ៉ាត់ ដូច្នេះហើយបានជាការផ្គត់ផ្គង់អគ្គិសនីរបស់យើង មានការរអាក់រអួល កន្លែងខ្លះត្រូវបានស្នើសុំឲ្យមានការកាត់ផ្ដាច់ ផ្អាក»។
មេដឹកនាំកម្ពុជាយូរឆ្នាំរូបនេះ អះអាងថា ក្នុងពេលប្រឈមនឹងការខ្វះខាតភ្លើងសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ រដ្ឋាភិបាលបានព្យាយាមសុំការចែកចាយភ្លើងពីភាគីថៃ ឡាវ និងវៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជានោះ តែលោក ហ៊ុន សែន អះអាងថាប្រទេសពីរក្នុងចំណោមប្រទេសទាំងបីនេះ ក៏ជួបនឹងបញ្ហាដូចនឹងកម្ពុជាដែរ។
«យើងស្នើសុំទៅវៀតណាម ដើម្បីឲ្យជួយផ្គត់ផ្គង់បន្ថែម លើសពីអ្វីដែលធ្លាប់បានបញ្ជូនមក កំពុងបញ្ជូនមក ២០០ម៉េហ្គាវ៉ាត់ ប៉ុន្តែវៀតណាមក៏ជួបប្រទះនូវបញ្ហាដូចយើងដែរ នែ៎! ជួបបញ្ហាដូចយើងដែរ»។
លោកបានថ្លែងបន្តថា៖
«យើងស្នើសុំទៅថៃ ថៃក៏មានបញ្ហា យើងស្នើសុំទៅឡាវ ប៉ុន្តែបណ្ដាញបញ្ជូន ឡាវមានអគ្គិសនី ក៏ប៉ុន្តែបណ្ដាញបញ្ជូន ត្រូវការពេលវេលាសាងសង់»។
ដោយសារកង្វះនៃការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពត កោះកុង ស្ទឹងត្រែង ហើយនិងខេត្តព្រះសីហនុ។
ទោះបីមានការសាងសង់ទីកន្លែងផលិតថាមពលអគ្គិសនីនេះក៏ដោយ ក៏កម្ពុជាអាចមានសមត្ថភាពផ្គត់ផ្គង់ភ្លើងដោយខ្លួនឯង តែជាង៥០ភាគរយប៉ុណ្ណោះ ដូច្នេះប្រទេសនេះ ត្រូវការការនាំចូលអគ្គិសនីពីប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ។
មានការរិះគន់ជាច្រើននៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ទឹក និងភ្លើងនៅតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងផ្នែកខ្លះនៃខេត្តនានានៅក្នុងប្រទេស។
នៅគ្រាមានការខ្វះភ្លើងដើម្បីចែកចាយក្នុងប្រទេសនេះ លោកហ៊ុន សែន ក៏អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ។ លោកក៏បានស្នើឲ្យអាជីវករ និងពលរដ្ឋទិញម៉ាស៊ីនភ្លើង ដើម្បីបម្រើដល់សេចក្ដីត្រូវការថាមពល។
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានផ្ដល់ការអធិប្បាយក្នុងន័យដើមថា៖
«នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំដោះស្រាយបញ្ហាដោយបន្ថែមម៉ាស៊ីនភ្លើងជាច្រើនគ្រឿងដើម្បីចែកចាយភ្លើង។ ទោះបីអគ្គិសនីពេលនេះមានតម្លៃថ្លៃបន្តិចក៏ដោយ តែប្រសើរជាងយើងខ្វះអគ្គិសនីប្រើប្រាស់។ វិធានការជាបន្ទាន់នៅពេលនេះ គឺដើម្បីជំរុញឲ្យសង្វាក់ផលិតកម្មទាំងអស់ ពិសេសផលិតកម្មម៉ាស៊ីនកិនស្រូវអាចបន្តដំណើរការកែច្នៃផលិតផលស្រូវអង្ករទៅបាន ជៀសវាងទទួលរងនូវផលប៉ះពាល់នានា»។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានលើកឡើងបន្ថែមថា៖
«សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជីវករទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យក្នុងករណីដែលនៅទីកន្លែងខ្លះមានដាច់ភ្លើង និងការខ្វះភ្លើងប្រើ។ សូមបងប្អូនជួយបញ្ចេញម៉ាស៊ីនភ្លើង និងទិញម៉ាស៊ីនភ្លើងដាក់ប្រើប្រាស់បន្តសិន ដើម្បីឲ្យការងារដំណើរការទៅមុខទាន់ពេលវេលា»។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងរង់ចាំការឆ្លើយតបពីសាធារណរដ្ឋតួកគី ដើម្បីបញ្ជូននាវាដែលផ្ទុកម៉ាស៊ីនភ្លើងដ៏ធំសម្រាប់ផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ក្នុងរយៈពេលពេលប៉ុន្មានខែនេះ។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការផលិតថាមពលអគ្គិសនីបានថយចុះពាក់កណ្ដាលពីកម្រិតជាង១០០០ម៉េហ្គាវ៉ាត់ ពោលគឺ៥០ភាគរយនៃចំនួនអគ្គិសនីដែលបានមកពីទំនប់វារីអគ្គិសនី ខណៈដែលរោងចក្រថាមពលដើរដោយធ្យូងថ្ម ជីវម៉ាស និងពន្លឺព្រះអាទិត្យនៅមានលទ្ធភាពផលិតថាមពលអគ្គិសនីបាន១០០ភាគរយ។
«សុំបញ្ជាក់ថា វារីអគ្គិសនីយើងទាំងអស់ ដែលមានអានុភាពជាង១ពាន់ ម៉េហ្គាវ៉ាត់មកដល់ថ្ងៃនេះ យើងអាចដំណើរការបាននៅក្នុងទំហំប៉ុន្មានតែ៤០០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ ដោយរដូវប្រាំង សមត្ថភាពនៃការផលិតរបស់វាបានធ្លាក់ចុះ ដោយឡែកធ្យូងថ្ម យើងមាន៥០០ម៉េហ្គាវ៉ាត់ គឺយើងដើរពេញ៥០០ម៉េហ្គាវ៉ាត់ ទាំង Bio Mass [ជីវម៉ាស] ទាំងឡាយ»។
មន្ត្រីទទួលបន្ទុកខាងថាមពលរូបនេះ អះអាងថា ការពន្យារពេលនៃភាពហួតហែង និងការខ្វះភ្លៀងកក់ខែ ជាដើមចមនាំឲ្យមានការខ្វះទឹកនៅតាមទំនប់វារីអគ្គិសនី ដែលមួយចំនួននៅដំណើរការតែផលិតបានថាមពលតិចតួច ដូចជាទំនប់វារីអគ្គិសនីសេសាន។
យ៉ាងណាលោកថា បញ្ហាខ្វះភ្លើងប្រើប្រាស់នេះ គឺកើតមាននៅប្រទេសមួយចំនួនផងដែរដូចជាវៀតណាម ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវទទួលស្គាល់ពីស្ថានភាពនេះ។
ដោយឡែកនៅថ្ងៃចន្ទដដែលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា ឬហៅថា EDC បានចេញសេចក្ដីប្រកាសមួយពន្យល់ពីមូលហេតុនៃការកើនឡើងតម្រូវការថាមពល ក្នុងពេលដែលមានការខ្វះខាតទឹកក្នុងរដូវប្រាំងនេះ។
សេចក្ដីប្រកាសបានសរសេរក្នុងន័យដើមថា៖
«កំណើនខ្ពស់នៃការវិនិយោគទុនពីក្នុង និងក្រៅប្រទេសដោយសារស្ថិរភាពនយោបាយប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៩ បានកើនឡើងយ៉ាងគំហុកលើសពីការរំពឹងទុក។ ការខ្វះទឹកនេះ ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីថយចុះមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង»។
EDC បានបញ្ជាក់ថា ខ្លួនបានទាក់ទងប្រទេសជិតខាងឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា ដែលជាលទ្ធផល ថៃបានជួយបង្កើនការផ្ដល់ភ្លើងបន្ថែម៨០ម៉េហ្គាវ៉ាត់ ឡាវបន្ថែម១០ម៉េហ្គាវ៉ាត់ ហើយវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីភាគខាងត្បូងប្រទេសវៀតណាមកំពុងជួបកង្វះភ្លើងដូចកម្ពុជា។
យ៉ាងណាក៏ដោយ EDC ថា កម្ពុជានៅខ្វះថាមពលប្រមាណ១៣ភាគរយ ដែលតម្រូវឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់ខ្លះទម្រាំដល់រដូវវស្សា។
សេចក្ដីប្រកាសរបស់ EDC ដដែលបានសរសេរក្នុងន័យដើមថា៖
«ការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់ ជាមួយគ្នានោះ ក៏បានគិតគូរឲ្យអស់លទ្ធភាពផ្ដុំគ្នាជាមួយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ក្នុងការផ្គត់ផ្គង់ពេលថ្ងៃសម្រាប់ដំណើរការផ្នែកឧស្សាហកម្ម ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរាជរដ្ឋាភិបាល។ ក្នុងរយៈពេលដែលមានការលំបាក៧២ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនឹងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក២៣ថ្ងៃ អគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា»។
ការបញ្ជាក់បន្ថែមរបស់លោក វិចទ័រ ហ្សូនា ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាត្រូវការថាមពលអគ្គិសនីសរុបប្រមាណជាង១៨០០ ម៉េហ្គាវ៉ាត់ ហេតុដូច្នេះ ការកាត់ផ្ដាច់ពីតំបន់មួយចំនួនបានកើតឡើង នៅពេលមានការខ្វះថាមពលអគ្គិសនីសម្រាប់ការផ្គត់ផ្គង់។
លោកស្នើឲ្យម្ចាស់សហគ្រាស អាជីវករ និងពលរដ្ឋសាមញ្ញទូទៅ យោគយល់ និងត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍លំបាកនាពេលនេះ៕