ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​ចាប់​ខ្លួន​បន្ទាប់​ពី​មនុស្ស​២៣​នាក់​​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​​​ក្នុង​កម្ម​វិធី​សប្បុរស​ធម៌​មួយ​នៅ​បង់​ក្លាដែស


ស្ត្រី​ចំណាស់ម្នាក់​ទួញសោកនៅ​ក្បែរ​សាកសព​នៅ​ក្នុង​មន្ទីរពេទ្យ Mymensingh​ Medical College នៃទីក្រុង​ Mymensingh ប្រទេស​បង់ក្លាដែស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។

មនុស្ស​យ៉ាង​តិច​២៣នាក់​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ក្រីក្រ ​បាន​ស្លាប់​ក្នុង​សោកនាដកម្ម​រត់​ជាន់​គ្នា​មួយ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​បង់ក្លាដែស​ កាល​ពី​ថ្ងៃ​សុក្រ ទី១០ ខែកក្កដា បន្ទាប់​ពី​ពួក​គេ​បាន​ជួបជុំគ្នាក្នុង​កម្ម​វិធី​សប្បុរស​ធម៌​ថ្ងៃ​បុណ្យ​រ៉ាម៉ាដាន់​ (Ramadan)។

ឧប្បត្តិហេតុ​នេះ​បាន​កើត​ទ្បើង​នៅក្នុង​ក្រុង​ Mymensingh​ ភាគ​ខាង​ជើង​ប្រទេស​បង់ក្លាដែស​ ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ទៀបភ្លឺ ​នៅ​ពេល​ដែលមនុស្ស​ប្រមាណ​១.៥០០​នាក់​ បាន​ប្រជ្រៀត​គ្នា​ចូលទៅ​ក្នុង​បរិវេណ​រោង​ចក្រ​ផលិតថ្នាំ​សម្រាប់​បៀម​មួយ​ ដោយ​បាន​ឆ្លង​តាម​ក្លោង​ទ្វារ​តូច​ចង្អៀត​មួយ​ដើម្បី​ទៅ​ទទួល​យក​អំណោយ​ជា​សម្លៀក​បំពាក់។

មនុស្ស​ម្នា​ជា​ច្រើន​ហូរហែ​មក​ពី​សំណង់​អ​នា​ធិប​តេយ្យ​និងភូមិ​ជិតៗ​នោះ​ ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ បាន​រង់ចាំ​ពេញ​មួយ​យប់​នៅ​ពី​មុខ​រោង​ចក្រ​ផលិត​ថ្នាំ​នោះ។​ ​នៅ​ពេល​ដែល​កម្មករ​រោង​ចក្រ​បើក​ទ្វារ​របង​រោង​ចក្រ​ដើម្បី​ចែក​ចាយ​សម្លៀក​បំពាក់​ ហ្វូង​មនុស្សម្នា​ទាំង​នោះ​បាន​ស្ទុះ​រុល​ទៅ​មុខ​ព្រម​គ្នា។

លោក Emran Ali មន្រ្តី​ប៉ូលិស​ជាន់​ខ្ពស់​ក្នុង​ក្រុង​ Mymensingh​ បាន​ប្រាប់​ VOA​ ថា៖«មក​ទល់​នឹង​ពេល​នេះ​ ពួក​យើង​ប្រមូល​បាន​សាក​សព​ចំនួន​២៣នាក់ ក្នុង​នោះ​មាន​សាក​សព​ចំនួន​២១នាក់​ជា​ស្រី្ត​ ហើយ​២​នាក់​ទៀត​ជា​កុមារ​តូច​ៗ។ ​ពួក​គេ​មើល​ទៅ​ក្រីក្រ​ខ្លាំង​ណាស់។ មនុស្សមួយ​ចំនួន​បាន​រង​របួស​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ។​ សាក​សព​ខ្លះ​ត្រូវ​បាន​សាច់​ញាតិ​នាំយក​ចេញ​ភ្លាមៗ​ បន្ទាប់​ពី​សោដក​នាកម្ម​នោះ​បាន​កើត​ទ្បើង។​ ចំនួន​អ្នក​ស្លាប់​សរុប​ចុង​ក្រោយ​អាច​នឹង​មាន​ចំនួន​ច្រើន​ជាងនេះ»។

ខ្សែ​វីដេអូ​ចេញ​ពី​ទូរ​ទស្សន៍ថត​នៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ពី​ស្ថានភាព​វឹកវរ​មួយ ដោយ​រួម​មានស្បែក​ជើង​រាប់​រយ​គូ​ដាច់​រប៉ាត់​រប៉ាយ​ពេញមុខ​ក្លោង​ទ្វារ​របង​រោង​ចក្រ។ នៅ​ខណៈ​ដែល​ក្រុម​គ្រួសារមក​ទទួល​យក​សាក​សពជន​រង​គ្រោះ​ ពួក​គេមួយ​ចំនួនបាន​បន្ទោសទៅ​លើ​អ្នក​រៀប​ចំ​កម្ម​វិធី​សប្បុរសធម៌​នោះ​និង​មន្ត្រី​ប៉ូ​លិសក្នុង​មូលដ្ឋាន​ចំពោះ​សោកនាដកម្ម​នោះ។

លោក​ Ali​ ដែល​ជា​មន្តី្រ​ប៉ូលិស​បាន​និយាយ​ថា​ កងកម្លាំង​របស់​លោក​មិន​ត្រូវ​បាន​គេ​ជូន​ដំណឹង​ទេ នៅ​មុន​ពេល​កម្ម​វិធី​ចែក​អំណោយ​ខោអាវ​សប្បុរស​ធម៌​នោះ​បាន​ប្រព្រឹត្ត​ឡើង ឬសូម្បី​តែ​ការ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើ​នកុះករ​បែប​នេះ​ក៏​គ្មាន​គេ​ជូន​ដំណឹង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ប៉ូ​លិស​របស់​លោក​គ្មាន​វត្តមាន​នៅ​ទីនោះ។

លោក​បាន​បន្ថែម​ទៀត​ថា ​អ្នក​គ្រប់​គ្រងរោង​ចក្រ​នោះ​ក៏​ប្រហែល​ជា​មិន​បាន​គិត​ថា នឹង​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះករ​បែប​នេះ​មក​ទទួល​យក​អំណោយ​ទេ។

លោក​ Kamul Islam ​មន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ស្រុក​មួយ​ បាន​ឲ្យ​ដឹង​ថា​ ឧប្បត្តិហេតុ​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួសយ៉ាងច្រើន​នាក់​នេះ​នឹង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។

«យើង​បាន​ឃាត់​ខ្លួន​មនុស្ស​៨នាក់ ​ក្នុង​នោះ​រួម​មាន​ទាំង​ម្ចាស់​រោង​ចក្រ​ គឺ​លោក Shamim Talukdar ដែល​ជា​អ្ន​ក​រៀប​ចំ​កម្មវិធី​ចែក​អំណោយ​សប្បុរស​ធម៌​នោះ។ ​គណៈ​កម្មាការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​បាន​និង​កំពុង​ចាប់​ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ឧប្បត្តិហេតុ​នៅ​រោងចក្រ​នោះ​ហើយ​ ​ហើយ​នៅ​ដើម​សប្តាហ៍​នេះ​ របាយ​ការណ៍​ការស៊ើបអង្កេត​នោះ​នឹង​ត្រូវ​ចេញ​ហើយ»។

កម្មវិធី​សប្បុរសធម៌​បែប​សាសនា​អ៊ីស្លាម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Zakat នេះ ​ជា​សកម្មភាព​មួយ​ដែល​គេ​រៀប​ចំឡើង​ជា​ទូទៅ​ ឆ្ពោះ​ទៅ​កាន់​ថ្ងៃ​បញ្ចប់​នៃ​ខែ​បុណ្យ​រ៉ាម៉ាដាន់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនាអ៊ីស្លាម ហើយ​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​ទាំង​១៦០លាន​នាក់​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ​យូរៗម្តង​ កម្មវិធីសប្បុរសធម៌​ Zakat​ បែប​នេះ បាន​បង្ក​ឲ្យ​មាន​ការ​រត់​ជាន់​គ្នា​ដ៏​ប្រល័យ។

នៅ​ក្នុង​ឆ្នាំ២០០២​ មនុស្ស​ប្រមាណ​៤០​នាក់​ ដែល​ភាគ​ច្រើន​ជា​ស្រ្តី​និង​កុមារ​ ​បាន​ស្លាប់​នៅ​ក្នុង​សោកនាដកម្មរត់​ជាន់​គ្នា​មួយ ក្នុង​កម្មវិធី​ចែក​អំណោយ​សប្បុរសធម៌​នៅ​ខាង​ក្រៅ​ទ្វារចូល​រោង​ចក្រ​មួយក្នុង​ក្រុង​ Gaibandha ភាគ​ខាង​ជើង​ប្រទេស​បង់ក្លាដែស។

កាល​ពី​ឆ្នាំ​ទៅមិញ ​ស្ត្រី​២នាក់​បាន​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​មួយ​ផ្សេង​ទៀត នៅ​ក្នុង​កម្ម​វិធី​ចែក​អំណោយ​សប្បុរសធម៌​ Zakat​ ក្នុង​រោង​ចក្រ​មួយ​នៅ​សង្កាត់ Manikganj ភាគ​កណ្តាល​ប្រទេស​បង់ក្លាដែស៕

ប្រែសម្រួល​ដោយ​ រស់ ពុទ្ធិនាថ

XS
SM
MD
LG