កាលពីពីរឆ្នាំមុន នៅក្នុងប្រទេសបង់ក្លាដេស មានការដួលរលំនៃរោងចក្រ Rana Plaza ដែលបានសម្លាប់កម្មករកាត់ដេរជាង១ពាន់១រយនាក់នៅក្នុងគ្រោះមហន្តរាយឧស្សាហកម្មកាត់ដេរដ៏ប្រល័យជាងគេបំផុតមួយនៅលើពិភពលោក។ កិច្ចប្រឹងប្រែងនានាកំពុងត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យរោងចក្រកាត់ដេរដែលមានចំនួនរាប់ពាន់ មានសុវត្ថិភាពជាងមុននៅក្នុងប្រទេសដែលផលិតសំលៀកបំពាក់ធំជាងគេបង្អស់ទីពីរនៅលើពិភពលោកមួយនេះ។ តែកម្រិតជោគជ័យមានខុសៗគ្នា។
កម្មករកាត់ដេរជាច្រើនកំពុងបង្ហើយការងាររបស់ពួកគេដោយការប៉ាក់ពាក្យស្លោកលើអាវ ដូចជាពាក្យថា «Never Tired» «Holly Whyte» និង «True Love Forever- New York City»ជាដើម។ រោងចក្រមួយនេះស្ថិតនៅតំបន់ Savar ជាយរដ្ឋធានី Dhaka ដែលនៅឆ្ងាយពីអតិថិជន ដែលនឹងជាវអាវទាំងនេះ។
រោងចក្រ Alif Embroidery Village ដែលជារោងចក្រមួយមានកម្មករកាត់ដេរប្រមាណ១ពាន់៨រយនាក់ ផលិតសំលៀកបំពាក់ឲ្យក្រុមហ៊ុនម៉ាក្សអន្តរជាតិនានា ដូចជាយីហោ H&M, Gap, Zara និង Nike។ ក្រុមវិស្វករ និងអ្នកម៉ៅកាក៏កំពុងតែធ្វើការនៅក្នុងរោងចក្រនោះដែរ ដោយពួកគេកំពុងដំឡើងទ្វារសម្រាប់គេចខ្លួនគ្រាមានអគ្គីភ័យ បំពង់បាញ់ទឹក កណ្តឹងប្រាប់សញ្ញាអគ្គិភ័យដើរដោយបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍ដទៃទៀត។ កម្មករសំណង់ក៏កំពុងឡើងចូលទៅក្នុងប្រលោះនៅជុំវិញសសរមួយនៅជាន់ផ្ទាល់ដី។
លោក Mark Chubb គឺជាប្រធានផ្នែកសុវត្ថិភាពនៃក្រុមមួយឈ្មោះថា សម្ព័ន្ធដើម្បីសុវត្ថិភាពកម្មករបង់ក្លាដេស ឬហៅជាភាសាអង់គ្លេសថា Alliance for Bangladesh Worker Safety។ ក្រុមនេះតំណាងឲ្យក្រុមហ៊ុនទិញចូលសំលៀកបំពាក់ធំជាងគេបង្អស់ចំនួន២៦ នៅសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានក្រុមហ៊ុនយក្សផ្នែកលក់រាយដូចជា Walmart, Target និង Gap។
លោក Chubb បានមានប្រសាសន៍ថា៖ «ពួកគេកំពុងតែពង្រីកចម្រឹងដែកនៅជុំវិញសសរ ហើយបន្ទាប់មកពួកគេនឹងចាក់ស៊ីម៉ង់ត៍ចូលបន្ថែមដើម្បីបង្កើនកម្លាំងទប់នឹងទម្ងន់សង្កត់»។
កាលពីពីរឆ្នាំមុន គឺនៅថ្ងៃទី២៤ ខែមេសា រោងចក្រ Rana Plaza បានដួលរលំ ហើយបានសម្លាប់កម្មករកាត់ដេរជាង ១ពាន់១រយនាក់ និងធ្វើឲ្យមនុស្ស ២ពាន់៥រយនាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នោះបាននាំឲ្យមានការផ្តោតការចាប់អារម្មណ៍ទៅលើល័ក្ខខ័ណ្ឌការងារដែលមិនមានសុវត្ថិភាពនៅក្នុងវិស័យកាត់ដេររបស់បង់ក្លាដេស ដែលជាវិស័យធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីចិន។
កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលានានាត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពអគ្គិសនី រចនាសម្ព័ន្ធ និងសុវត្ថិភាពអីគ្គីភ័យ ដើម្បីធ្វើឲ្យរោងចក្រកាត់ដេរសម្រាប់នាំចេញទាំង៣ពាន់៥រយរោងច្រក របស់បង់ក្លាដេស ស្របទៅតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាព។
ឧស្សាហកម្មកាត់ដេរមាន ៨០ភាគរយនៃការនាំចេញរបស់ប្រទេសនេះ និងផ្តល់ការងារឲ្យកម្មករជាងបួនលាននាក់ ដែល៨០ភាគរយនៃកម្មករទាំងនោះ ជាស្រ្តីភេទ។
ក្រុមហ៊ុនយីហោសំលៀកបំពាក់ជាង២០០ បានបេ្តជ្ញាថា នឹងធ្វើឲ្យរោងចក្រដែលជាប្រភពផលិតផលរបស់ពួកគេមានសុវត្ថិភាពជាងមុន ដោយឈរលើកិច្ចព្រមពៀងអន្តរជាតិចំនួនពីរ ឈ្មោះថា កិច្ចព្រមព្រៀងបង់ក្លាដេសផ្នែកសុវត្ថិភាពអគ្គិភ័យនិងសំណង់អាគារ (Bangladesh Accord on Fire and Building Safety) និង កិច្ចព្រមព្រៀងមួយទៀតមានឈ្មោះថា សម្ព័ន្ធដើម្បីសុវត្តិភាពកម្មករបង់ក្លាដេស ឬឈ្មោះជាភាសាអង់គ្លេសថា Alliance for Bangladesh Worker Safety។ ប្រសិនបើរោងចក្រទាំងនោះមិនសម្របខ្លួនតាមកិច្ចព្រមព្រៀងទាំងនេះទេ សមាជិកកិច្ចព្រមព្រៀងនិងសម្ព័ន្ធទាំងនេះ មិនអាចទិញទំនិញពីរោងចក្រទាំងនោះឡើយ។
មានរោងចក្រប្រហែល ១ពាន់៤រយកន្លែង ដែលមិនស្ថិតក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងនិងសម្ព័ន្ធទាំងនេះ តែស្ថិតនៅក្រោមកិច្ចផ្តួចផ្តើមរបស់ភាគីទីបី ដែលជាផែនការជាតិត្រីភាគី គាំទ្រដោយរដ្ឋាភិបាលនិងអង្គការពលកម្មអន្តរជាតិ (ILO)។
ប្រធានត្រួតពិនិត្យផ្នែកសុវត្ថិភាពនៃកិច្ចព្រមព្រៀងនោះ គឺលោក Brad Loewen។ លោកបានប៉ាន់ប្រមាណថា រោងចក្រនៅលំដាប់កំពូលទីបីរបស់កិច្ចព្រមព្រៀង កំពុងតែមានដំណើរការទៅមុខយ៉ាងល្អប្រសើរដោយមានការកែសម្រួលផ្សេងៗ។ ក៏ប៉ុន្តែ លោកបាននិយាយថា រោងចក្រនៅថ្នាក់កណ្តាលកំពុងតែមានដំណើរការទៅមុខយឺតយ៉ាវ ហើយរោងចក្រនៅថ្នាក់ទាប «កំពុងតែធ្វើការតវ៉ា» ឬមិនយល់ការណ៍ទាំងនោះ។
ការធ្វើឲ្យរោងចក្រ Alif Embroidery Village មានភាពប្រសើរឡើង នឹងត្រូវចំណាយប្រាស់អស់ ១,៥លានដុល្លារ បើទោះបីជារោងចក្រនេះមានឧបករណ៍សុវត្ថិភាពអគ្គីភ័យ ដែលរោងចក្រមួយចំនួនទៀតមិនមានក៏ដោយ។
ក៏ប៉ុន្តែ លោក Mohammad Aktar Rana ដែលប្រធាននិងជានាយកគ្រប់គ្រងរោងចក្រនេះ នៅតែមានសុទិដ្ឋិនិយមអំពីការចំណាយនេះ។
លោកបាននិយាយថា៖ «នេះជាបន្ទុកផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ប៉ុន្តែខ្ញុំចាត់ទុកវាជាការវិនិយោគមួយ ដែលអាចនាំឲ្យមានអ្វីប្រសើរមួយសម្រាប់អាជីវកម្មរបស់ខ្ញុំ និងអ្នកធ្វើការឲ្យខ្ញុំ»។
ទ្វារអគ្គីភ័យមួយមានតម្លៃប្រហែល ១ពាន់២រយដុល្លារ ចំណែកបំពង់បាញ់ទឹកមួយអាចមានតម្លៃរហូតដល់ទៅ ៦ម៉ឺនដុល្លារ។
អនុប្រធានផ្នែកហិរញ្ញវត្ថុនៃសមាគមនាំចេញរបស់ក្រុមហ៊ុនផលិតសំលៀកបំពាក់បង់ក្លាដេស លោក Reaz Bin Mahmood បាននិយាយថា រោងចក្រកាត់ដេរខ្នាតតូចជាងនេះកំពុងតែប្រឈមជាមួយនឹងបញ្ហាហិរញ្ញវត្ថុ ហើយត្រូវការកម្ចីដែលមានការប្រាក់ទាប។
រដ្ឋាភិបាលបានជ្រើសរើសអ្នកត្រួតពិនិត្យការងារជាង២០០នាក់បន្ថែមទៀត ហើយច្បាប់ផ្សេងៗពាក់ព័ន្ធនឹងការងារកំពុងត្រូវបានសម្រេចឡើង។ កម្មករកាត់ដេរជាច្រើនក៏កំពុងតែចូលរួមជាមួយនឹងសហជីពថ្មីៗ។ មានសហជីពសកម្មប្រមាណ២០០ ដែលបានកើនឡើងពីចំនួនត្រឹមតែប្រាំពីរប៉ុណ្ណោះនៅក្នុងឆ្នាំ២០១០។ ហើយក៏មានការជជែកពិភាក្សាយ៉ាងខ្លាំងក្តៅគគុកអំពីការបង្កើតគណៈកម្មការសុវត្ថិភាពថ្មីដើម្បីការពារកម្មករនៅតាមបណ្តារោងចក្រផ្សេងៗ។
លោក Loewen នៃកិច្ចព្រមព្រៀងនោះ បាននិយាយថា៖ «មិនមានវប្បធម៌ដែលកម្មករអាចបញ្ចេញមតិនៅក្នុងរោងចក្រទេ។ វាក៏នឹងមិនងាយស្រួលនៅក្នុងការបង្កើតវប្បធម៌នេះដែរ»។
ក៏ប៉ុន្តែ អង្គការពលកម្មអន្តរជាតិ និងអង្គភាពដទៃទៀត បាននិយាយថា ការផ្សាភ្ជាប់ជាមួយកម្មករ គឺជាគន្លឹះមួយនៅក្នុងការធ្វើឲ្យមានចីរភាពសុវត្ថិភាពនៅក្នុងរោងចក្រកាត់ដេរនៅបង់ក្លាដេស៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា