នៅក្នុងប្រទេសបង់ក្លាដែស តុលាការកំពូលបានរក្សាទុកទោសប្រហារជីវិតនៃអ្នកនយោបាយ Islam និយមជាន់ខ្ពស់ម្នាក់ដែលបានត្រូវរកឃើញថា មានទោសអំពីអំពើឃោរឃៅនៅក្នុងសង្គ្រាមទាមទារឯករាជ្យរបស់ប្រទេសនេះកាលពីឆ្នាំ១៩៧១ នេះជាសាលក្រមទីបីដែលតុលាការបានកាត់ក្តីថា មានទោសក្នុងសប្តាហ៍មុនទាក់ទិនជាមួយឧក្រិដ្ឋកម្មសង្គ្រាមដែលមនុស្សខ្លះឃើញថា ជាការរកយុត្តិធ៌មហួសពេលទៅហើយនិងដែលជនខ្លះទៀតយល់ឃើញថា ជាការសងសឹកខាងនយោបាយមួយ។
ពួកទាហានជើងចាស់មួយក្រុមបានទះដៃស្រែកអបអរសាទរនៅខាងក្រៅទ្វារនៃតុលាការកំពូលនៅពេលដែលតុលាការនេះបានរក្សាទុកទោសប្រហារជីវិតដែលតុលាការពិសេសមួយខាងឧក្រិដ្ឋកម្មសង្គ្រាមបានសម្រេចប្រឆាំងនឹងឈ្មោះ Mohammad Kamaruzzaman កាលពីមួយឆ្នាំកន្លះកន្លងទៅនេះ។ ឧបការីអគ្គលេខាធិការនៃគណបក្ស Jamaat-e-Islami អាយុ៦២ឆ្នាំរូបនេះបានត្រូវរកឃើញថាមានទោសអំពីបទសម្លាប់ជនស៊ីវិលរាប់សិបនាក់ នៅពេលគាត់ចាត់ចែងកិច្ចប្រតិបត្តិការរបស់ពួកជីវពលមួយក្រុមលម្អៀងទៅខាងប្រទេស Pakistan នៅក្នុងសង្គ្រាមស៊ីវិលមានការបង្ហូរឈាមកាលពីឆ្នាំ១៩៧១នៅពេលដែលប្រទេស បង់ក្លាដែសបំបែកខ្លួនចេញពីប្រទេសប៉ាគីស្ថាន។
សាលក្រមនេះមានទ្បើងមួយថ្ងៃក្រោយពីមេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតនៃគណបក្ស Jamaat-e-Islami ឈ្មោះ Mir Quasem Ali បានត្រូវរកឃើញថា មានទោសពីបទសម្លាប់មនុស្ស ចាប់ពង្រត់និងធ្វើទារុណកម្ម។ គេមានជំនឿថា
សេដ្ឋីខាងជំនួញនេះជាអ្នកផ្តល់ប្រាក់ច្រើនដល់គណបក្សនោះ។
សាលក្រមទីបីកាលពីសប្តាហ៍មុននេះទាក់ទិនជាមួយចុងចោទសំខាន់ម្នាក់នៅក្នុងតុលាការឧក្រិដ្ឋកម្មសង្គ្រាមគឺប្រធាននៃគណបក្ស Jamaat មានឈ្មោះថា
Motiur Rahman Nizami។ តុលាការបានកាត់ទោសប្រហារជីវិតគាត់កាលពីថ្ងៃពុធមុននៅក្រោយរកឃើញថា គាត់មានទោសពីបទប្រល័យពូជសាសន៍ ធ្វើទារុណកម្ម និងការរំលោភសេពសន្ធវៈ។
ពួកជីវពលអ៊ីស្លាមនិយមលម្អៀងទៅខាងប៉ាគីស្ថានបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងការតស៊ូទាមទារឯករាជ្យរបស់ប្រទេស Bangladesh។ ពួករដ្ឋអាជ្ញានិយាយថា សាលក្រមទាំងនេះនឹងបញ្ចប់ទម្លាប់នៃនិទណ្ឌភាព។
រហូតមកដល់ពេលនេះ សាលក្រមសម្រាប់មនុស្ស១២នាក់ទៀតបានត្រូវសម្រេចដោយតុលាការនេះដែលបានត្រូវបង្កើតក្នុងឆ្នាំ២០១០ដោយលោកស្រី
នាយករដ្ឋមន្ត្រី Sheikh Hasina។ ជនជាប់ចោទទាំងនេះទាក់ទិនជាមួយពួកអ្នកនយោបាយប្រឆាំង ដែលភាគច្រើនមកពីគណបក្ស Jamaat។
ការណ៍នេះនាំឱ្យពួកអ្នករិះគន់ចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រី Hasina ថាប្រើប្រាស់ការកាត់ក្តីទាំងនេះដើម្បីកម្ចាត់ក្រុមប្រឆាំង។
លោក Ataur Rahman នៃសាកលវិទ្យាល័យ Dhaka និយាយថា នៅពេលមានការគាំទ្រសាធារណៈជាទូទៅដល់ការយកជនមានទោសទៅឱ្យតុលាការកាត់ក្តីអំពីមុខនាទីរបស់ជនទាំងនេះក្នុងសង្គ្រាមកាលពីឆ្នាំ១៩៧១ក៏ដោយ ក៏មានការសង្ស័យខ្លះអំពីសន្ទុះយ៉ាងខ្លាំងនៃការកាត់ទោសប្រហារជីវិតទាំងនេះ។
«ខ្ញុំចង់និយាយថា មនុស្សជាទូទៅពេញចិត្តនឹងការកាត់ក្តីនេះ ក៏ប៉ុន្តែពួកគេមិនពេញចិត្តនឹងសាលក្រមទេ ពីព្រោះសេចក្តីសម្រេចភាគច្រើនរបស់តុលាការជាទោសប្រហារជីវិត។ នៅក្នុងរឿងក្តីទាំងអស់នេះ ទោសប្រហារជីវិតហាក់ដូចជាមិនបានធ្វើឱ្យមានយុត្តិធ៌មទេ។ ដូច្នេះ ការណ៍នេះដូចជាមានការរៀបចំទ្បើង»។
សាលក្រមតឹងរ៉ឹងទាំងនេះនាំឱ្យមានប្រតិកម្មខ្លាំងក្លាកាលពីឆ្នាំទៅមិញ ដែលបណ្តាលឱ្យមានមនុស្សជាង២០០នាក់ស្លាប់ក្នុងការធ្វើបាតុកម្មនៅតាមផ្លូវ។ ក៏ប៉ុន្តែអំពើហិង្សាហាក់ដូចជាបានចុះថមថយច្រើនហើយ។ កូដកម្មនៅទូទាំងប្រទេសបានត្រូវអំពាវនាវឱ្យធ្វើកាលពីថ្ងៃអាទិត្យ ក៏ប៉ុន្តែគេរាយការណ៍ថា គ្មានអំពើហិង្សាទេ។
ការកាត់ទោសទាំងនេះជាដំណើរថយក្រោយមួយសម្រាប់គណបក្ស Jamaat ដែលជាគណបក្សអ៊ីស្លាមនិយមធំបំផុតរបស់ប្រទេសបង់ក្លាដែស។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកអ្នកធ្វើវិភាគព្រមានថា ទោះណាជាពួកមេដឹកនាំជាន់ខ្ពស់របស់គណបក្សនេះជាប់ឃុំឃាំងក្នុងគុក ឬបានត្រូវប្រកាសថា មានទោសពីបទឧក្រិដ្ឋក៏ដោយ ក៏គណបក្សនេះនៅតែមានការគាំទ្រខ្លាំងនៅក្នុងចំណោមប្រជារាស្ត្រសាមញ្ញនៅក្នុងប្រទេសដែរ។
អ្នកស្រី Amena Mohsin នៃសាកលវិទ្យាល័យ Dhaka និយាយថា សាលក្រមទាំងនេះមិនមែនជាការវាយប្រហារដំណំមួយដល់គណបក្សនេះទេ។
«នេះជាអ្វីដែលបានកើតមានទ្បើងកាលពីឆ្នាំ១៩៧១។ ពួកមេដឹកនាំវ័យក្មេងទាំងនេះ ឬជំនាន់វ័យក្មេងមួយដែលបានត្រូវបង្កើតទ្បើង។ ជំនាន់នេះនៃគណបក្សនេះក៏ចង់កម្ចាត់ការមានទោសនេះដែរ ហើយធ្វើឱ្យមានគណបក្សថ្មីមួយទៀតដែលមានលក្ខណៈប្រជាធិបតេយ្យ។ នេះជាអ្វីដែលគណបក្ស Jamaat ត្រូវដោះស្រាយនៅក្នុងរង្វង់របស់ផងខ្លួនផ្ទាល់»។
នៅពេលដែលតុលាការបានចេញសាលក្រមបីបន្តបន្ទាប់គ្នាយ៉ាងលឿនកាលពីសប្តាហ៍មុន អ្នកវិភាគច្រើននាក់មានជំនឿថា រដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ប្រហែលនឹងអនុវត្តសេចក្តីសម្រេចទាំងនេះរបស់តុលាការដោយយឺតៗដើម្បីចៀសវៀងកុំឱ្យមានចលាចលជាថ្មីនិងការចោទប្រកាន់ថែមទៀតអំពីការសងសឹកខាងនយោបាយ។ លោកស្រីបានហៅការកាត់ក្តីនេះថា ជាកិច្ចខិតខំប្រឹងប្រែងមួយដែលហួសកំណត់យូរមកហើយដើម្បីធ្វើឱ្យមានយុត្តិធ៌មសម្រាប់ឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងជាងបួនទសវត្សរ៍មកហើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ