ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កម្មករ​មាន​ការ​ជឿនលឿន​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​នៃ​ប្រទេស​បង់ក្លាដែស


ទិដ្ឋភាព​នៃ​ក្រុម​ជួយ​សង្រ្គោះ​ព្យាយាម​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​ដួល​រលំ​អគារ Rana Plaza នៅ​ក្រុង Savar កាលពី​ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០១៣។
ទិដ្ឋភាព​នៃ​ក្រុម​ជួយ​សង្រ្គោះ​ព្យាយាម​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​ដួល​រលំ​អគារ Rana Plaza នៅ​ក្រុង Savar កាលពី​ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០១៣។

ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​ដួល​រលំ​អាគារ​ Rana​ Plaza​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស​ បង់ក្លាដែស​ រោងចក្រ​កាត់ដេរ​ចំនួន​រាប់​ពាន់​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ស្តង់ដារ​សុវត្ថិភាព​អន្តរជាតិ។​ ការ​ផ្តល់​ឲ្យ​កម្មករ​មាន​សម្លេង​បញ្ចេញ​មតិ​ និង​ការ​ការពារ​សិទ្ធិ​របស់​ពួកគេ​ ត្រូវ​បាន​ចាត់​ទុក​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ធានា​ឲ្យ​មាន​លក្ខខណ្ឌ​សុវត្ថិភាព​ការងារ។​ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​អប់រំ​និង​រៀបចំ​កម្មករ​ដែល​ជា​កម្លាំង​ពលករ​ដ៏​សំខាន់​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​បង់ក្លាដែស។​

ថ្ងៃ​សុក្រ​ទី​ ១​ ខែ​ ឧសភា​ ជា​ថ្ងៃ​ដែល​មនុស្ស​ធ្វើ​ការ​បួងសួង​ និង​សម្រាក​នៅ​ប្រទេស​ បង់ក្លាដែស​ ហើយ​កម្មករ​រោងចក្រ​ជា​ច្រើន​ក្នុង​ចំនួន​ ៤​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​ទទួល​ថ្ងៃ​ឈប់​សម្រាក។​

ប៉ុន្តែ​នេះ​មាន​ន័យ​ថា​ ថ្ងៃ​សុក្រ​នោះ​គឺ​ជា​ថ្ងៃ​ដែល​រវល់​បំផុត​សម្រាប់​សហព័ន្ធ​សហជីព​កម្មករ​រោងចក្រ​ឯករាជ្យ​បង់ក្លាដែស​ (Bangladesh​ Independent​ Garment​ Workers​ Union​ Federation)​ នៅ​ក្នុង​ក្រុង​ដាក្កា។​

នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​ពួកគេ​ កម្មករ​រាប់​ពាន់​នាក់​បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ និង​ទទួល​ព័ត៌មាន​នៅ​ការិយាល័យ​របស់​សហជីព​នៅ​តំបន់​ Gazipur​ ដែល​ជា​តំបន់​មមាញឹក​មួយ​នៅ​ជាយ​ក្រុង​ដាក្កា​ ដែល​ពោរពេញ​ទៅ​ដោយ​រោងចក្រ។​

មនុស្ស​ប្រុស​និង​ស្រី​វ័យក្មេង​មួយ​ក្រុម​ដែល​មាន​ចំនួន​ ២៥នាក់​ អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ​ដើម្បី​ស្តាប់​អ្នក​រៀបចំ​ការងារ​និយាយ​អំពី​សិទ្ធិ​របស់​កម្មករ។​

អ្នកស្រី​ Rosina​ បាន​ធ្វើ​ជា​មេដឹកនាំ​សហជីព​នៅ​រោងចក្រ​កាត់​ដេរ​នៅ​ក្បែរ​ផ្ទះ​របស់​អ្នកស្រី​អស់​រយៈ​ពេល​ ៣​ឆ្នាំ។​

អ្នកស្រី​បាន​និយាយ​ថា​ សហជីព​កម្មករ​ គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​រោងចក្រ​របស់​អ្នកស្រី។​ បើ​គ្មាន​សហជីព​ទេ​ កម្មករ​មិន​អាច​តវ៉ា​ដើម្បី​សិទ្ធិ​របស់​ពួកគេ​បាន​ទេ។​

មេដឹកនាំ​សហជីព​នៅ​ក្នុង​កិច្ច​ប្រជុំ​បាន​ប្រាប់​ពី​បញ្ហា​ ដូចជា​ ការ​មិន​ទទួល​ប្រាក់​ខែ​ទាន់​ពេល​ ការ​មិន​ផ្តល់​ប្រាក់​ខែ​នៅ​ពេល​ឈប់​សម្រាក​ធម្មតា​ឬ​ការ​ឈប់​សម្រាក​មាតុភាព​ ការ​ខ្វះ​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​ និង​បង្គន់​គ្មាន​អនាម័យ។​ នៅ​រោងចក្រ​ខ្លះ​ ការ​ចរចា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បាន​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​មាន​ភាព​ល្អ​ប្រសើរ។​

លោក​ Asan​ Ali​ ដែល​ជា​មេដឹកនាំ​សហជីព​ និង​ជា​អ្នក​គ្រប់គ្រង​ម៉ាស៊ីន​ដេរ​នៅ​រោងចក្រ​ Aliza​ Fashion​ និយាយ​ថា​ បន្ទាប់​ពី​មាន​កិច្ច​ចរចា​រវាង​ថ្នាក់​ដឹកនាំ​និង​កម្មករ​ រោងចក្រ​បាន​ដំឡើង​កង្ហារ​ជាប់​នឹង​ពិតាន។​ រោងចក្រ​ក៏​ចាប់​ផ្តើម​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ដែល​ទទួល​បាន​ប្រាក់​ខែ​ចំនួន​ ២០​ថ្ងៃ​ដល់​កម្មករ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។​

ការ​ចូល​ជា​សមាជិក​ក្នុង​សហជីព​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ហើយ​និន្នាការ​នេះ​មាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ បន្ទាប់​ពី​មាន​ការ​ដួល​រលំ​អាគារ​ Rana​ Plaza​ ដែល​បាន​សម្លាប់​កម្មករ​កាត់​ដេរ​ជាង​ ១​ពាន់​ ១​រយ​នាក់​ ហើយ​នេះ​គឺ​ជា​មហន្តរាយ​រោងចក្រ​កាត់​ដេរ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​លើ​ពិភពលោក។​

អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ និយាយ​ថា​ ការ​ផ្តល់​ឲ្យ​កម្មករ​មាន​ការ​បញ្ចេញ​មតិ​កាន់​តែ​ច្រើន​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ​ឲ្យ​កាន់​តែ​ប្រសើរ​ ហើយ​សហជីព​កំពុង​តែ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។​

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ចំនួន​សហជីព​ដែល​មាន​ភាព​សកម្ម​បាន​កើន​ឡើង​ ពី​៧​ទៅ​២០០។​ ពួកគេ​តំណាង​ឲ្យ​កម្មករ​ប្រមាណ​ ១​សែន​ ៥​ម៉ឺន​នាក់។​

នេះ​គឺជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​សហជីព​ការងារ​នៅ​ទន់​ខ្សោយ ​និង​នៅ​តែ​ជួប​ប្រទះ​ការ​ប្រឆាំង។​ តិច​ជាង​ប្រាំ​ភាគរយ​នៃ​កម្មករ​ទាំង​អស់​នៅ​បង់ក្លាដែស​ត្រូវ​បាន​តំណាង​ដោយ​សហជីព។​

រោងចក្រ​បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​សហជីព​ និង​បាន​បណ្តេញ​ ឬ​គំរាម​កម្មករ​ដែល​រៀបចំ​បង្កើត​សហជីព។​

នៅ​ក្នុង​រឿង​ក្តី​ជាន់​ខ្ពស់​មួយ​ សកម្មជន​ការងារ​ឈ្មោះ​ Aminul​ Islam​ មក​ពី​មជ្ឈមណ្ឌល​ Bangladesh​ Center​ for​ Worker​ Solidarity​ ត្រូវ​បាន​គេ​ចាប់​ពង្រត់​ និង​ធ្វើ​ឃាត​នៅ​ក្នុង​ឆ្នាំ២០១២។​

ក្រៅ​ពី​នេះ​ ក៏​មាន​បញ្ហា​ប្រឈម​រាល់​ថ្ងៃ​ដទៃ​ទៀត​ផង​ដែរ។​ មេដឹកនាំ​ថ្មីៗ​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​ និង​ការ​គាំទ្រ​ ដើម្បី​បង្កើត​និង​គ្រប់​គ្រង​សហជីព​ឲ្យ​មាន​ប្រសិទ្ធភាព។​ នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​ មេដឹកនាំ​សហជីព​ជា​មធ្យម​មាន​អាយុ​២៦​ឆ្នាំ​ ដែល​មាន​ការ​អប់រំ​ត្រឹម​ថ្នាក់​ទី​៨​ ហើយ​ទំនង​ជា​អ្នក​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង។​

Alonzo​ Suson​ ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ Solidarity​ Center​ ដែល​ធ្វើ​សហការ​ជាមួយ​នឹង​អង្គភាព​ AFL-CIO​ ដែល​ធ្វើ​ការ​បណ្តុះ​បណ្តាល​មេដឹកនាំ​សហជីព​នៅ​បង់ក្លាដែស​ និយាយ​ថា​ «កម្រិត​នៃ​ការ​អប់រំ​នៅ​មាន​ទាប​នៅ​ឡើយ»។​

ក្រៅ​ពី​សហជីព​ ក្រុម​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​ជួយ​កម្មករ​ទាំង​នោះ​ឲ្យ​មាន​សម្លេង​ផង​ដែរ។​

នា​ល្ងាច​មួយ​ថ្មីៗ​នេះ​ ពេល​ក្រោយ​ចេញ​ពី​ធ្វើ​ការ​នៅ​ក្នុង​កណ្តាល​ក្រុង​ដាក្កា​ កម្មករ​មួយ​ចំនួន​បាន​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ​របស់​ការិយាល័យ​តូច​មួយ​នៃ​អង្គការ​មូលនិធិ​ Awaj​ Foundation​ ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ក្នុង​ស្រុក​មួយ។​ ពួកគេ​លេង​ល្បែង​ដែល​ងាយ​ស្រួល​ឆ្លើយ​មួយ​ ដើម្បី​សាកល្បង​ចំណេះដឹង​របស់​ពួក​គេ​អំពី​ពី​សិទ្ធិ​កម្មករ។​ កាត​លឿង​មួយ​ចោទ​ជា​សំណួរ​ជា​ភាសា​ Bangla​ ថា​ «ប្រសិន​បើ​កម្មករ​កាត់ដេរ​ចូល​និវត្តន៍​ តើ​ពួកគេ​គួរ​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?»។​

នេះ​ជា​ «ហាង​កាហ្វេ​សម្រាប់​ស្រ្តី»​ ឈ្មោះ​ Women's Cafe​ ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​មួយ​ក្នុង​ចំណោម​កន្លែង​ប្រមូល​ផ្តុំ​ក្រៅ​ផ្លូវ​ការ​ចំនួន​ ១៩​ ក្នុង​ក្រុង​ដាក្កា​ និង​នៅ​ទីក្រុង​កំពង់ផែ​ Chittagong។​ នៅ​ទី​នេះ​ កម្មករ​កាត់ដេរ​រៀន​អំពី​សិទ្ធិ​របស់​ពួកគេ​ និង​រៀន​ពី​របៀប​លើក​ឡើង​នូវ​ក្តី​កង្វល់​ជាមួយ​នឹង​បុគ្គលិក​ជំនួយ​ផ្នែក​ច្បាប់។​ កម្មករ​ប្រហែល​ជា​៣០០​នាក់​ចូលរួម​នៅ​ក្នុង​ហាង​កាហ្វេ​ក្នុង​ក្រុង​ដាក្កា​នេះ​ ជា​រៀងរាល់​សប្តាហ៍។​ ចាប់​តាំង​ពី​ហាង​កាហ្វេ​នេះ​ចាប់​ផ្តើម​បើក​នៅ​ក្នុង​ឆ្នាំ​ ២០០៧​ ស្ត្រី​ជាង​ ២​សែន​នាក់​ និង​បុរស​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ។​

Manjur​ Morshed​ ទីប្រឹក្សា​ឲ្យ​ទីភ្នាក់ងារ​ជំនួយ​អាឡឺម៉ង់​ ឈ្មោះ​ GiZ​ ដែល​បាន​ផ្តល់​មូលនិធិ​ដល់​ហាង​កាហ្វេ​ women's​ cafe​ បាន​និយាយ​ថា​ នៅ​ក្រោយ​ពេល​បើក​ហាង​កាហ្វេ​នេះ​ក្នុង​ឆ្នាំ​ដំបូងៗ​ ស្រ្តី​ត្រូវ​បាន​ពិន័យ​ ឬ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ដោយ​ប្រធាន​រោងចក្រ​ ប្រសិន​បើ​ពួកគេ​ចូលរួម​ក្នុង​ការ​ប្រជុំ​ក្រៅ​ផ្លូវការ​ទាំង​នេះ។​ ឥឡូវ​នេះ​កម្មករ​អាច​ចូលរួម​បាន​ដោយ​សេរី​ និង​ញឹកញាប់។​

Lucky​ Begum​ ម្តាយ​ឥត​ស្វាមី​ដែល​មាន​អាយុ​ ២៧​ឆ្នាំ​ និង​មាន​ពាក់​ស្បៃ​ពណ៌​លឿង​ ជា​អ្នក​ធ្វើ​ការ​នៅ​រោងចក្រ​តូច​មួយ​ដែល​ទទួល​ការងារ​បន្ត​ នៅ​ក្បែរ​នោះ។​ រោងចក្រ​នោះ​ខកខាន​ក្នុង​ការ​ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករទៀងទាត់​ ប៉ុន្តែ​ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ម្ចាស់​រោងចក្រ​ចាប់​ផ្តើម​ផ្តល់​ប្រាក់​ខែ​បាន​ទាន់​ពេល​វេលា។​

នាង​និយាយ​ថា​ កម្មករ​មក​ហាង​កាហ្វេ​ ពីព្រោះ​ពួកគេ​អាច​រៀន​អំពី​សិទ្ធិ​របស់​ពួកគេ។​ មុន​ពេល​ដែល​ពួកគេ​មក​ហាង​កាហ្វេ​នេះ​ ពួកគេ​មិន​ដឹង​អ្វី​ទាំង​អស់។​ ឥឡូវ​ ប្រសិន​បើ​មាន​បញ្ហា​នៅ​ក្នុង​រោងចក្រ​ ពួកគេ​មក​ហាង​កាហ្វេ​នេះ​ និង​និយាយ​ជា​មួយ​បុគ្គលិក​ ហើយ​បុគ្គលិក​នឹង​បង្ហាញ​ពី​របៀប​ដោះស្រាយ​បញ្ហា​ទាំង​នោះ។​

ប៉ុន្តែ​រោងចក្រ​របស់​នាង​ Lucky​ បាន​បិទ​ទ្វារ​នៅ​ក្នុង​ខែ​មីនា​ ប្រហែល​ដោយសារ​តែ​មាន​ការ​លក់​ចេញ​តិចតួច​ជាង​មុន​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​វាយនភណ្ឌ​អន្តរជាតិ​បាន​ចាត់​វិធានការ​បង្រ្កាប​រោងចក្រ​ដែល​ប្រើប្រាស់​ក្រុមហ៊ុន​ទទួល​ការងារ​បន្ត​ដែល​មិន​ស្រប​ច្បាប់។​ នាង​ Lucky ​ និង​កម្មករ​ប្រហែល​ ៣០០​នាក់​ទទួល​បាន​ប្រាក់​បំណាច់​បញ្ចប់​ការងារ​សម្រាប់​រយៈពេល​មួយ​ខែ​ ដែល​ពួកគេ​មិន​រំពឹង​ថា​អាច​ទទួល​បាន​ទេ​ នៅ​គ្រា​មិន​យូរ​ប៉ុន្មាន​មុន​នេះ។​

នេះ​ជា​ការ​ជឿន​លឿន​មួយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​គ្មាន​ការងារ​ធ្វើ​ និង​កំពុង​ស្វែង​រក​ការងារ​ថ្មី៕​

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG