ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​អ្នក​កាសែត​ Maria Ressa ធ្វើឲ្យ​ខូចខាត​ឯករាជ្យ​ភាព​អ្នក​កាសែត​ប្រទេស​ហ្វីលីពីន


លោកស្រី Maria Ressa (រូបកណ្តាល) ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​ទទួល​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Maria Ressa (រូបកណ្តាល) ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​ទទួល​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប.​អំពាវនាវ​ឲ្យ​តុលាការ​ប្រទេស​ហ្វីលីពីន​ទម្លាក់ បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​អ្នក​កាសែត ​ម៉ារៀ រេះស្សា​ (Maria Ressa)។ ការិយាល័យ​នេះ​និយាយ​ថា​ ការ​បន្ត​សំណុំ​រឿងនេះ​នឹង​គំរាមកំហែង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស។ ​

អ្នកស្រីម៉ារៀ រេះស្សា​ (Maria Ressa) ​ដែល​ជា​ស្ថាបនិកា​ និង​ជា​នាយិកា​គ្រប់គ្រង​នៃ​អង្គការ​ព័ត៌មាន​ឯករាជ្យ ​Rappler​ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​រឿង​បង្ខូច​កេរ្តិ៍ឈ្មោះ ​កាលពី​ដើម​សប្តាហ៍​មុន។​ នាងត្រូវ​បាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ បន្ទាប់​ពី​មាន​ការបង់​ប្រាក់​ធានា។

នេះ​មិនមែន​ជាការ​ចាប់ខ្លួន​លើក​ដំបូងទេ។​ អ្នកស្រី​ រេះស្សា ​ដែល​តែង​រិះគន់​គោល នយោបាយ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ រ៉ូទ្រីហ្គោ ឌុយតឺតតេ ​(Rodrigo Duterte) ​ត្រូវ​រងការ​ចោទ​ប្រកាន់​ម្តងហើយ​ម្តងទៀត​ពីបទ​រំលោភ​ច្បាប់​នានា​ ដូចជា​ការ​គេចវេស​មិន​បង់ពន្ធ​ជាដើម។

អ្នក​នាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប. ​លោក ​Rupert Colville ​និយាយ​ថា អ្នកស្រី​រេះស្សា ​ត្រូវ​ទទួល​រងការ​ចោទ​ប្រកាន់ ​ក្នុង​កិច្ចប្រឹង​ប្រែង​មួយ​ដើម្បី​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​Rappler​ ដែលជា​ព័ត៌មាន​ឯករាជ្យ។​ លោក​ Colville ​បាន​ថ្លែង​ប្រាប់​ VOA ថា​អ្នកស្រី ​រេះស្សា ​ត្រូវ​ជាប់​ចោទ​ពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​និង ​បរិហារកេរ្តិ៍ ​តាម​ច្បាប់​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១២​របស់​ប្រទេស​ហ្វីលីពីន។

លោក​ Colville ​បាន​និយាយ​ថា៖

«ច្បាប់​នេះ​បានចែង​ពីការ​បង្ខូច​កេរ្តិ៍ឈ្មោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ជា​បទឧក្រិដ្ឋ ​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​១២ឆ្នាំ។​ ដូច្នេះ​ច្បាប់​នេះ ​ផ្តន្ទាទោស​តឹងរឹង​ណាស់។​ បើតាម​ទស្សនៈ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​ច្បាប់​បរិហារកេរ្តិ៍ ​មិន​ត្រូវ​នាំ​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ទេ ​ហើយក្នុង​សំណុំ​រឿង​នេះ​ គេ​ប្រើប្រាស់​ច្បាប់​បរិហារកេរ្តិ៍​នេះ​ដើម្បី​កាត់ទោស​និង​បំបិទ​សំឡេង ​ហើយ​និង​គំរាម​កំហែង​អ្នក​កាសែត​តែ​ម្តង‍»។

លោក ​Rupert Colville ​និយាយថា​ សំណុំ​រឿង​អ្នកស្រី​ រេះស្សា​ទំនង​ជា​ជះឥទ្ធិពល អាក្រក់​ទៅដល់​អ្នកកាសែត​ដ៏ទៃ​ទៀត ​ដោយ​ជំរុញ​ឲ្យ​អ្នក​កាសែត​ជាច្រើន​ត្រូវ​ចាប់ ពិរុទ្ធ​ខ្លួនឯង​រឿង​រាយ​ការណ៍​ព័ត៌មាន​ដោយ​ភ័យខ្លាច​ត្រូវ​រង​ទោស​ទណ្ឌ។ ​លោក​ថា​ជាលទ្ធផល​នៃការ​ភ័យ​ខ្លាច​ របស់​អ្នក​កាសែត​នេះ ​សេចក្តី​រាយការណ៍ ​ព័ត៌មាន​ល្អៗ​ មិនត្រូវ​ទទួល​បាន ​ដោយ​សាធារណជន​ទេ ។

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អ.ស.ប.​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​សើរើ ដោយ​ហ្មត់ចត់​ និង ​ឯករាជ្យ​ចំពោះ​បទចោទ​នានា​ប្រឆាំង​នឹង​អ្នកស្រី ​រេះស្សា ​និង បណ្តាញ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ហ្វីលីពីន។ ​ការិយាល័យ​នេះ​ក៏បាន​ជំរុញ​ដល់​តុលាការ ​ឲ្យ​ការពារ​ឯករាជ្យ​ភាព​របស់​ខ្លួន​ដោយ​ទាត់ចោល​សំណុំ​រឿង​ណា​ដែល​ពិតជា​ទាក់ទង​នឹង​ហេតុផល​នយោបាយ​យ៉ាងច្បាស់​ក្រឡែត​ ទាំង​នោះ។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ​បាន​និយាយ​ថា​បទចោទ​ប្រកាន់​ទាំង​ឡាយ មិនស្រប​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ទេ។​ ការិយាល័យ​នេះ ​បាន​បន្ថែម​ថា បទចោទ​ទាំងនោះ​នឹង​ជាន់ឈ្លី​សិទ្ធិ​របស់​ក្រុម​អ្នក​កាសែត​ក្នុងការ​អនុវត្តន៍​ភារកិច្ច ប្រកប ​ដោយ​វិជ្ជាជីវៈ​របស់​ពួកគេ ​ដោយគ្មាន​ការ​ភ័យ​ខ្លាច​អំពី​រឿង​សងសឹក៕

XS
SM
MD
LG