ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ចាត់​ទុក​សុវត្ថិភាព​ធំ​ជាង​លុយ ដោយ​ហាម​ឃាត់​មិន​ឲ្យ​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​កូវ៉ែត


នាង Jessica (ស្តាំ) ប្អូនស្រី​របស់​ស្រ្តី​ជនជាតិ​ហ្វីលីពីនធ្វើការក្រៅ​ប្រទេស​ ដែល​សាកសព​របស់​នាង​ត្រូវ​បាន​រកឃើញ​នៅ​ខាងក្នុងទូរទឹកកក​ក្នុង​ប្រទេស​កូវ៉ែត​។
នាង Jessica (ស្តាំ) ប្អូនស្រី​របស់​ស្រ្តី​ជនជាតិ​ហ្វីលីពីនធ្វើការក្រៅ​ប្រទេស​ ដែល​សាកសព​របស់​នាង​ត្រូវ​បាន​រកឃើញ​នៅ​ខាងក្នុងទូរទឹកកក​ក្នុង​ប្រទេស​កូវ៉ែត​។

ការ​ហាម​ឃាត់​ទៅ​លើ​ការ​ចុះ​កិច្ច​សន្យា​ពលករ​ចំណាក​ស្រុក​ថ្មី​នៅ​ក្នុង​ប្រទេស កូវ៉ែត​ក្រោយ​រក​ឃើញ​សាកសព​ស្ត្រី​បំរើ​តាម​ផ្ទះ​ជនជាតិ​ហ្វីលីពីន​ម្នាក់​នោះ​ នឹង​ត្រូវ​បំបាត់​ប្រភព​ចំណូល​សំខាន់​មួយ​សម្រាប់​ពលករ រហូត​ដល់​ប្រទេស​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នាមួយ។

ការ​ហាម​ឃាត់​ការ​បញ្ជូន​ពលករ​ចំណាកស្រុក​ហ្វីលីពីន​ទៅ​កាន់​ប្រទេស​កូវ៉ែត​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ទីក្រុង​ម៉ានីល កាលពី​ខែ​មុន​នោះ នឹង​ត្រូវ​បន្ត រហូត​ទាល់​តែ​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​មជ្ឈិម​បូព៌ា​មួយ​នេះ​អាច​ឈាន​ដល់​អនុសារណៈ​ព្រមព្រៀង​គ្នា​មួយ​ទៅ​លើ​លក្ខខណ្ឌ​ការងារ​ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ Rodrigo Duterte ដែល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃច័ន្ទ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ជ្រើស​រើស​ពលករ​ប្រហែល​មិន​ជ្រើសរើស​ពលករ​ជនជាតិ​ហ្វីលីពីន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​ទៀត​នោះ​ទេ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ការិយាល័យ​នេះ​មួយ​ថ្ងៃ​ មុន​នឹង​ពន្យា​ការ​ហាម​ឃាត់​បណ្តោះ​អាសន្ន​ ចាប់​តាំង​ពី​ខែ​មករា​មក។ សាកសព​របស់​ស្ត្រី​បំរើ​តាម​ផ្ទះ​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាគារ​ស្នាក់​នៅ​ក្នុង​ប្រទេស​កូវ៉ែត​ដែល​មិន​មាន​មនុស្ស​ស្នាក់​នៅ​តាំង​ពី​ឆ្នាំ២០១៦​មក។ បុរស​ជនជាតិ​លីបង់​និង​ភរិយា​ជនជាតិ​ស៊ីរី​ដែល​ធ្លាប់​រស់​នៅ​ទី​នោះ​ត្រូវ​បាន​ចាប់​ខ្លួន។

ការ​ហាម​ឃាត់​ទៅ​លើ​កិច្ចសន្យា​ថ្មី​នៅ​ក្នុង​ប្រទេស​កូវ៉ែត​នឹង​បិទ​ប្រភព​ចំណូល​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ដែល​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​នៅ​បរទេស​និង​បង្កើន​ប្រាក់​ខែ​របស់​ពួកគេ នេះ​បើ​តាម​អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សកលវិទ្យាល័យ​ហ្វីលីពីន​ Diliman។ ពលរដ្ឋ​ហ្វីលីពីន ២៥២.០០០នាក់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​ ដែល​ជា​ញឹកញាប់​ធ្វើ​ជា​អ្នក​បំរើ​តាម​ផ្ទះ។

​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ពលករ​ជាមួយ​នឹង​ប្រទេស​កូវ៉ែត​អាច​ធ្វើ​ឲ្យ​ពលករ​ហ្វីលីពីន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន នៅ​ទូទាំង​មជ្ឈិម​បូព៌ា នេះ​បើ​តាម​អ្នកស្រី Atienza ដែល​បាន​ថ្លែង​ឲ្យ​ដឹង។

អ្នកស្រី​ Atienza បាន​ថ្លែង​ថា៖

«វា​អាច​ជា​គំរូ​សម្រាប់​ប្រទេស​ដទៃ​ទៀត​នៅ​មជ្ឈិម​បូព៌ា​ធ្វើ​តាម ដោយ​សារ​តែ​តំបន់​នោះ​ជា​តំបន់​ដែល​ពលរដ្ឋ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​សារ​តែ​និយោជិក​របស់​ពួកគេ។ មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​អំពី​អំពើ​ហិង្សា​សាហាវ​ព្រៃ​ផ្សៃ‍»។

ការ​ស្វែង​រក​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន

ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ២លាន​៣សែន​ ធ្វើ​ការ​នៅ​ក្នុង​បណ្តា​ប្រទេស​នានា​ មាន​តាំង​ពី​ប្រទេស​កាណាដា នៅ​ទូទាំង​តំបន់​អាស៊ី និង​នៅ​តំបន់​មជ្ឈិម​បូព៌ា ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​ខ្ពស់​ជាង​អ្វី​ដែល​ពួក​គេ​រក​បាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ប្រាក់​ចំណូល​
ផ្ញើ​ទៅ​ស្រុក​កំណើត​ទទួល​បាន ២,៧៤ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០១៧ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ហ្វីលីពីន។

​ប្រាក់​ខែ​សម្រាប់​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​ចាប់​ផ្តើម​ពី​ ៤០០ ដុល្លារ​ក្នុង​មួយ​ខែ។ អ្នក​ធ្វើ​ការ​វិជ្ជា​ជីវៈ​ដូច​ជា​វិស្វករ​អាច​បាន​ប្រាក់​ខែ​ច្រើន​ជាង​នេះ​យ៉ាង​ងាយ។

​ប្រាក់​ខែ​មធ្យម​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​នៅ​ក្បែរ​ខាង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​កំពូល​ទាំង​១០ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​លើ​គេហទំព័រ​ព័ត៌មាន​ហ្វីលីពីន​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឈ្មោះ​ Rappler ទៅ​លើ​ប្រាក់​ខែ​របស់​ជន​ជាតិ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស។ ប្រទេស​អារ៉ាប៊ីសាអូឌីត​គឺ​ជា​ប្រទេស​ដែល​ទទួល​យក​ជនជាតិ​ហ្វីលីពីន​ទៅ​ធ្វើ​ការ​ច្រើន​ជាង​គេ​បំផុត ដែល​មាន​ជនជាតិ​ហ្វីលីពីន​ជាង​១លាន​នាក់​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ ទីតាំង​សាង​សង់​ និង​គម្រោង​ប្រេង​សាំង​នានា។

មាន​សេចក្តី​រាយការណ៍ព័ត៌មាន​ជា​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ​អំពី​ពលករ​ហ្វីលីពីន​ដែល​រង​ការ​បំពាន​ផ្លូវ​ភេទ​និង​រូប​រាង​កាយ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

បន្ទាប់​ពី​សាកសព​ស្ត្រី​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​កាលពី​ខែ​មករា​កន្លង​ទៅ​ លោក Duterte បាន​ថ្លែង​ថា ពលករ​ហ្វីលីពីន​នៅ​ក្នុង​ប្រទេស​នោះ​ត្រូវ​បាន​បំពាន​និង​កេង​ចំណេញ។

ដំណោះ​ស្រាយ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូវ៉ែត​កាលពី​ខែ​កុម្ភៈ​បាន​រិះគន់​អាត្ថាធិប្បាយ​របស់​លោក Duterte អំពី​ស្ថានភាព​របស់​ពលករ។ កាលពី​ថ្ងៃ​ទី២៥ ខែ​មេសា កូវ៉ែត​បាន​បណ្តេញ​អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​កូវ៉ែត​ បន្ទាប់​ពី​បុគ្គលិក​ស្ថានទូត​ហ្វីលីពីន​បាន​ជំរុញ​ឲ្យ​ពលករ​ហ្វីលីពីន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​និយោជិក​របស់​ពួក​គេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូវ៉ែត។

ប៉ុន្តែ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា​លោក Duterte ក៏​បាន​សម្តែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​កាន់​ប្រទេស​កូវ៉ែត​ដែល​បាន​ផ្តល់​ការងារ​ដល់​ជនជាតិ​ហ្វីលីពីន​ ដែល​ជា​ទង្វើ​ដែល​អ្នក​នាំ​ពាក្យ​របស់​លោក​ហៅ​ថា​ជា ឥរិយាបថ​ទន់​ភ្លន់​ មិន​ចង់​តតាំង។

នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា​ខាង​មុខ​រដ្ឋ​មន្ត្រី​ក្រសួង​ពលកម្ម​របស់​ហ្វីលីពីន​លោក Silvestre Bello និង​គណៈ​រដ្ឋមន្ត្រី​ដទៃ​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូវ៉ែត ជា​ផ្នែក​មួយ​នៃ​ដំណើរ​នៃ​ការ​ចរចា​គ្នា​មួយ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ។

លោក Jonathan Ravelas ប្រធាន​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ឯ​ធនាគារ Banco de Oro Unibank នៅ​តំបន់​រដ្ឋធានី​ម៉ានីល​បាន​ថ្លែង​ថា៖

«តំបន់​មជ្ឈិមបូព៌ា​តែង​តែ​ជា​តំបន់​ដែល​ផ្តល់​កំរៃ​ដ៏​ច្រើន​មួយ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស ដូច្នេះ​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ល្អ​ នៅ​តំបន់​នោះ​របស់​ពិភពលោក‍»។

ហ្វីលីពីន​ធ្លាប់​បាន​ស្នើ​កូវ៉ែត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​រារាំង​កូវ៉ែត​ កុំ​ឲ្យ​ដក​ហូត​លិខិត​ឆ្លង​ដែន ឬ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ​របស់​ពលរដ្ឋ​ហ្វីលីពីន។

ភាគី​ទាំង​ពីរ​បាន​សម្រេច​កិច្ច​ព្រមព្រៀង​នោះ​កាលពី​ខែ​មីនា ដើម្បី​ការពារ​និយោជក​និង​និយោជិក នេះ​បើយោង​តាម​ប្រភព​ព័ត៌មាន​នៅ​មជ្ឈិម​បូព៌ា​ដែល​បាន​ថ្លែង​ឲ្យ​ដឹង។

ចិន​ជា​ជម្រើស​មួយ​

ហ្វីលីពីន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នឹង​អាច​មាន​ទីផ្សារ​បរទេស​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។ ចិន​នឹង​ទទួល​យក​ពលករ​ហ្វីលីពីន ៣សែន​នាក់​ ហើយ​យ៉ាង​ហោចណាស់​គ្រូបង្រៀន ១ពាន់​នាក់។ ការ​ផ្តល់​ឲ្យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ធូរ​ស្រាល​ក្នុង​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​តាំង​ពី​ឆ្នាំ២០១៦ បើ​ទោះ​បី​ជា​មាន​ជម្លោះ​ដណ្តើម​អធិបតេយ្យ​ភាព​ក្នុង​ដែន​សមុទ្រ​ក៏​ដោយ​ក្តី។

អ្នក​ដែល​ចេះ​និយាយ​ភាសា​ចិន ឬ​មាន​ជំនាញ​បង្រៀន​ភាសាអង់​គ្លេស​ប្រហែល​នឹង​សាក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ​ដែល​តាម​ដាន​អំពី​ប្រទេស​ហ្វីលីពីន។

លោក Eduardo Araral សាស្ត្រាចារ្យ​នៅ​សាលា​សិក្សា​គោល​នយោបាយ​នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ថ្លែង​ថា៖

«អ្នក​ដែល​មក​ពី​ប្រទេស​ហ្វីលីពីន​នឹង​ដឹង​ថា​នៅ​ចិន​មាន​បញ្ហា​ប្រឈម​កាន់​តែ​ខ្លាំង​ជាង​មុន ពីព្រោះ​ពួកគេ​ដំបូង​ត្រូវ​រៀន​ភាសា ប៉ុន្តែ​ក្មេងៗ​គួរ​តែ​អាច​រៀន​បាន​ស្រួល‍»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖

«ពួកគេ​នឹង​ត្រូវ​សាក​ល្បង​ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួកគេ​ងាយ​ស្រួល​សម្រប​ទៅ​នឹង​ប្រទេស​ចិន​ដីគោក​ដែរ​ឬ​យ៉ាង​ណា ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​អ្វី​ជាមួយ​នឹង​រឿង​នោះ​ទេ។ មើល​តាម​ចំនួន​ពលរដ្ឋ​ហ្វីលីពីន​ធ្វើ​ការ​នៅ​តៃវ៉ាន់​និង​ហុងកុង​ ពួកគេ​គួរ​តែ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស‍»៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG