ដូនជីជាតិអូស្រ្តាលីម្នាក់ដែលធ្វើឲ្យប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ខឹងសម្បាមានគម្រោងចាកចេញពីប្រទេសហ្វីលីពីននៅថ្ងៃនេះបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាខាងផ្លូវច្បាប់អស់រយៈពេលយ៉ាងយូរប្រឆាំងនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបណ្តេញគាត់ចេញពីហ្វីលីពីន។
ដូនជី Patricia Fox បានត្រូវអមដំណើរទៅកាន់ចំណតយន្តហោះដោយពួកសកម្មជនសិទ្ធិមនុស្សប្រហែល២០០នាក់ដែលបានសរសើរការបំពេញការងាររបស់ដូនជីនៅក្នុងប្រទេសក្រីក្រនៅតំបន់អាស៊ីអាគ្នេយ៍នេះហើយបានថ្កោលទោសរដ្ឋាភិបាលដែលបានបង្ខំឲ្យដូនជីចាកចេញពីហ្វីលីពីន។
ពួកបាតុករខ្លះបានស្រែកថា «ប្រធានាធិបតី Duterte ត្រូវនាំដូនជី Pat ត្រឡប់មកវិញ»។
ដូនជី Patricia ដែលបានចំណាយពេលវេលាជិត៣ទសវត្សរ៍ធ្វើការជាមួយកម្មករកសិករ និងជនក្រីក្រនៅទីក្រុងរបស់ហ្វីលីពីនបាននិយាយថា គាត់បានចាកចេញដោយការទុក្ខព្រួយ ក៏ប៉ុន្តែ បានជំរុញឲ្យពួកអ្នកគាំទ្រដូនជីបន្តជួយជនក្រីក្រ។
ដូនជីបាននិយាយនៅក្នុងសន្និសីទកាសែតមុនពេលចាកចេញថា «ខ្ញុំសង្ឃឹមថា ប្រធានាធិបតី Duterte ស្តាប់សំឡេងរបស់មនុស្សតូចតាច មិនមែនសំឡេងរបស់ពួកយោធា និងពាណិជ្ជករទេ ក៏ប៉ុន្តែ ស្តាប់សំឡេងរបស់ពួកកម្មករនិងកសិករ»។
ដូនជី Patricia ទំនងធ្វើឲ្យប្រធានាធិបតី Duterteខឹងយ៉ាងខ្លាំងពីព្រោះតែការចូលរួមរបស់ដូនជីនៅក្នុងបេសកកម្មស្វែងរកការពិតកាលពីខែមេសាដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីការរំលោភធ្វើបាបកសិករ រួមមានការសម្លាប់និងការបណ្តេញចេញពីផ្ទះសម្បែងដោយពួកទាហានដែលប្រយុទ្ធពួកទ័ពព្រៃនៅក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន៕