សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជននៃក្រុមខ្មែរថាវរៈ២នាក់ និងច្រានចោលការប្តឹងជំទាស់របស់សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ៣នាក់ ដែលមិនសុខចិត្តនឹងការឃុំខ្លួនក្នុងពន្ធនាគារ។ នេះ បើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និងសាច់ញាតិសកម្មជនទាំងនេះ។
សកម្មជន២នាក់នៃក្រុមខ្មែរថាវរៈ គឺលោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី ដែលត្រូវបានចាប់ឃុំខ្លួន តាំងពីខែសីហា ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរក្នុងសង្គម ចំពោះសកម្មភាពរបស់ពួកគេ ក្នុងទាមទារឲ្យដោះលែងមេដឹកនាំសហជីពមួយរូប គឺលោក រ៉ុង ឈុន។ លោក រ៉ុង ឈុន ត្រូវចាប់ដាក់ក្នុងពន្ធនាគារ ក្រោយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ។
រីឯសកម្មជនបរិស្ថាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មីនៃចលនាមាតាធម្មជាតិ ត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញាចំពោះសកម្មភាពលើបណ្តាញសង្គម ដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាក្នុងសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនពីរនាក់នៃក្រុមខ្មែរថាវរៈតុលាការសាលាឧទ្ធរណ៍សំអាងលើហេតុផលនៃការរក្សាសណ្តាប់សន្តិសុខសង្គម ហើយថា សកម្មជនលោក ហ៊ុន វណ្ណៈ និងអ្នកនាង ឈឿន ដារ៉ាវី អាចបង្កបទលើ្មសថ្មីទៀត ទើបពួកគេមិនត្រូវបានអនុញ្ញាតឲ្យមានសេរីភាពវិញទេ។
ទាក់ទិននឹងបណ្តឹងប្រឆាំងការឃុំខ្លួនសកម្មជនបរិស្ថានទាំង៣នៃចលនាមាតាធម្មជាតិអ្នកការពារសិទ្ធិមនុស្សរូបនេះ មានប្រសាសន៍ថាតុលាការលើកឡើងថាមេធាវីការពារក្តីឲ្យសកម្មជនទាំង៣មិនបានអនុវត្តនីតិវិធីជំទាស់ការសម្រេចខ្លួនបានត្រឹមត្រូវ ពោលគឺមេធាវីបានបឹ្តងទាស់ ដែលហួសពេលកំណត់៥ថ្ងៃសម្រាប់ការប្តឹងទាស់នីតិវិធីចាប់ខ្លួន។ហេតុដូច្នេះតុលាការមិនសម្រេចទទួលយកបណ្តឹងរបស់សកម្មជនបរិស្ថានទាំង៣នាក់នេះទេ។
លោក អំ សំអាត បន្តថា ពួកគេនឹងមិនអាចត្រូវបានដោះលែងភ្លាមៗនោះទេ ដោយសារតែវិបត្តិនយោបាយកម្ពុជាសព្វថ្ងៃនេះ។
«ការចាប់ខ្លួនហ្នឹងនៅក្នុងស្ថានភាពនយោបាយ ដែលគេគិតថា វាអាចពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ហ្នឹងគឺកម្រ... យើងកម្រឃើញមានការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្នណាស់»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ នៅរសៀលថ្ងៃអង្គារនេះ ដោយទូរស័ព្ទលោករោទិ៍តែគ្មានអ្នកទទួល។
អ្នកស្រី ថាច់ ធីតា វ័យ៦៧ឆ្នាំ ម្តាយបង្កើតរបស់អ្នកនាង ឈឿន ដារ៉ាវី មានប្រសាសន៍ថា មន្ត្រីពន្ធនាគារមិនបាននាំកូនរបស់អ្នកស្រីមកចូលរួមសវនាការនាព្រឹកថ្ងៃអង្គារនេះទេ ហើយមានតែលោក ហ៊ុន វណ្ណៈ ដែលជាសហការីកូនអ្នកស្រី និងលោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ ដែលបានចូលរួមសវនាការរបស់តុលាការ។
អ្នកស្រីឲ្យដឹងថា ពេលនេះកូនស្រីលោកស្រី កំពុងប្រឈមបញ្ហាសុខភាព ក្រោយបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ PJ ស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលអ្នកស្រីថា អ្នកជាប់ឃុំផ្សេងទៀតបានជក់បារី និងបង្ហុយផ្សែងនៅកន្លែងឃុំឃាំង។
អ្នកស្រីស្នើឲ្យដោះលែងកូនស្រីរបស់អ្នកស្រី ដោយនិយាយថា សកម្មភាពតស៊ូមតិដែលកូនស្រីគាត់បានធ្វើកន្លងមកគឺត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
«គាត់គិតថាអាការណ៍ដែលគាត់បញ្ចេញមតិហ្នឹង វាមិនមែនខុសនឹងច្បាប់របស់ប្រទេសជាតិអ៊ីចឹង»។
ចំណែកលោក ភួន ពុទ្ធារិទ្ធ វ័យ២៨ឆ្នាំ ជាបងប្រុសបង្កើតកញ្ញា ភួន កែវរស្មី វ័យ១៩ឆ្នាំ សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ យល់ថា ប្អូនស្រីរបស់លោកមិនបានប្រព្រឹត្តបទល្មើស តាមរយៈសកម្មភាពចូលរួមការពារបរិស្ថានក្នុងប្រទេសនោះទេ។ លោកក៏អំពាវនាវឲ្យដោះលែងប្អូនស្រីលោកជាបន្ទាន់ ដើម្បីឲ្យប្អូនស្រីអាចទទួលបានឱកាសត្រឡប់មកបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ។
បើតាមរបាយការណ៍របស់អង្គការលីកាដូ អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសិល្បករ ចំនួន១៩នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចាប់តាំងពីខែកក្កដា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អង្គការលីកាដូកត់សម្គាល់ថាការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់នេះ បានចាប់ផ្ដើម បន្ទាប់ពីការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីព ក្រោយពីលោកចេញសេចក្ដីថ្លែងការណ៍ និងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាននានបន្ទាប់ពីលោកចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ អ្នកត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីទាមទារឲ្តដោះលែងលោក រ៉ុង ឈុន អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញកំហុស៕