ការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់នាំឲ្យមានការព្រួយបារម្ភពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងនោះចុងក្រោយនេះ មានការចាប់ខ្លួនលោក មួង សុភ័ក្ត្រ កាលពីសប្តាហ៍មុន។
នាវេលារសៀលថ្ងៃព្រហស្បតិ៍កន្លងទៅ លោក មួង សូនី មានការសង្ស័យ ដោយសារប្អូនប្រុសបង្កើតរបស់លោក គឺលោក មួង សុភ័ក្ត្រ បានបាត់ដំណឹងសូន្យឈឹងទូរស័ព្ទក៏ទាក់ទងមិនបាន សារឆ្លើយឆ្លង ក៏គ្មានការឆ្លើយតប។ បន្តិចក្រោយមក មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រាប់ថា លោក សុភ័ក្ត្រ ត្រូវបាននគរបាលចាប់ខ្លួន។
លោក មួង សុភ័ក្ត្រ ដែលជាសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ត្រូវបានគេឃើញពាក់អាវក្រហម ឈរនៅខាងមុខគេ កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ដើរក្បួនធ្វើបាតុកម្មពីទីលានប្រជាធិបតេយ្យមកស្ថានទូតសហរដ្ឋអាមេរិកដើម្បីដាក់ញត្តិស្នើឱ្យមានអន្តរាគមន៍ដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួន។
ការចាប់ខ្លួនលោក មួង សុភ័ក្ត្រ បានបន្ថែមចំនួនអ្នកដែលត្រូវបានចាប់ខ្លួនតាំងពីដំណាច់ខែកក្កដាមកដល់ចំនួន២៤នាក់។ នេះបើយោងតាម ការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិ។ ក្នុងនោះមាន១២នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់» និងតម្រូវឱ្យជាប់ឃុំ រង់ចាំការជំនុំជម្រះទោស។
ការចាប់ខ្លួនជាបន្តបន្ទាប់នេះ កើតមានឡើងនៅស្របពេលគ្នា នឹងការចាត់ចូលជាធរមាននៃវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបមកលើកម្ពុជា ដោយដកហូត២០%នៃការអនុគ្រោះពន្ធទំនិញនាំពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ក្រោមក្របខណ្ឌ«គ្រប់មុខទំនិញ លើកលែងតែអាវុធ ឬ EBA»។ ការចាត់វិធានការនេះក៏ដោយសារតែសហភាពអឺរ៉ុបបានវាយតម្លៃអំពីការ«រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងស្រុង១២៥កៅអីនៅរដ្ឋសភា ក្រោយអវត្តមានបក្សជំទាស់ធំបំផុត គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
អ្នកតាមដានមើលឃើញថា វិធានការមិនស្រកស្រុតក្នុងការបង្ក្រាបចាប់ចងបាតុករ និងអ្នកជំទាស់នេះ អាចជាការវាស់វែងអំពីឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប នៅប្រទេសកម្ពុជាទាំងមូល និងនៅលើដំណើរការអនាគតប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។
អ្វីៗចាប់ផ្ដើមពីការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពល្បីឈ្មោះមួយរូប នៅដំណាច់ខែកក្កដា ទាក់ទងការអត្ថាធិប្បាយរបស់លោកលើប្រធានរឿងបោះបង្គោលកំណត់ខណ្ឌសីមាព្រំដែនគោកកម្ពុជា-វៀតណាម។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ ត្រូវបានគេស្គាល់ថា ជាអ្នកតស៊ូមតិដែលចេញមុខចេញមាត់អំពាវនាវជាច្រើនលើកច្រើនសារស្នើឱ្យរដ្ឋាភិបាលចរចាជាមួយសហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជា។
ថ្មីៗនេះ ខណៈដែលឧស្សាហកម្មកាត់ដេរ ដែលទទួលប្រយោជន៍ច្រើនជាងគេពី EBA កំពុងស្ថិតក្នុងស្ថានភាពមិននឹងនរមកពីវិបត្តិរោគរាតត្បាតកូវីដ១៩ផង និងនៅចំពីមុខភាពមិនច្បាស់លាស់នៃ EBA របស់កម្ពុជាផង នោះ លោក រ៉ុង ឈុន ក្នុងនាមជាប្រធានសហព័ន្ធសហជីពកម្ពុជាតែងលេចមុខនៅពេលមានការតវ៉ាទាមទាររបស់កម្មករតាមរោងចក្រដែលបិទ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថាអាចនឹងធ្លាក់ចុះដល់ទៅអត្រា៥,៥% សម្រាប់ឆ្នាំ២០២០នេះ ហើយវិស័យកាត់ដេរក៏រងផលប៉ះពាល់ ដោយមានរោងចក្រសហគ្រាសបិទទ្វារប៉ះពាល់កម្មកររាប់សែននាក់។ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថាគេពិបាកក្នុងការញែកបែងចែកថាផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ប៉ុនណា និងពីការដក EBAប៉ុនណា។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ដែលជាសហការីជិតស្និទ្ធនឹងលោក រ៉ុង ឈុនបានឲ្យដឹងថា ការចាប់ខ្លួនរួបលោក បាននាំឱ្យកម្មករដែលរងគ្រោះពីការបិទទ្វាររោងចក្របាត់បង់លំនឹងខ្វះអ្នកនាំមុខតវ៉ាទាមទារអត្ថប្រយោជន៍។
«តាមពិតទៅ អ្វីដែលចាប់លោក រ៉ុង ឈុន យើងឃើញហើយ លោក រ៉ុង ឈុនជាមនុស្សដែលមានឥទ្ធិពលម្នាក់ ដែលជួយឈរកណ្ដាលភ្លៀង ក្ដៅ រងារ ញាក់ញ័រជាមួយកម្មករ ហូបបាយកញ្ចប់ជាមួយកម្មករ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ក៏បានបន្ថែមដែរថា ការចាប់លោក រ៉ុង ឈុន ដែលអ្នកស្រីបរិយាយថា ជាតួអង្គសាធារណៈដែលមាន«គីឡូធ្ងន់» បាននាំឱ្យខ្សោយកម្លាំងតវ៉ារបស់កម្មករ កម្មការិនីរោងចក្រកាត់ដែរ និងបង្កើនការភ័យខ្លាច។
«ចា៎ នេះជាការបន្ថយ ប៉ុន្តែក៏បន្ថែមកម្ដៅដល់កម្មករ ដល់ប្រជាពលរដ្ឋ ដល់គ្រូបង្រៀនដែរចា៎»។
ការបង្ក្រាបចាប់ចងនេះ បាននាំឱ្យមានប្រតិកម្មពីសំណាក់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុងហ្សឺណែវ ដែលបានបរិយាយថា ការអត់ធ្មត់ និងការអត់ឱនរបស់រដ្ឋាភិបាលភ្នំពេញ មានកាន់តែស្ដួចស្ដើងឡើងសម្រាប់«អ្នកដែលមានមតិផ្ទុយ»។
ចំពោះអ្នកដែលត្រូវបានចាប់ខ្លួនទាំងអម្បាលម៉ាន ស្ថាប័នដដែលបានអំពាវនាវឱ្យកម្ពុជាដោះលែងដោយគ្មានលក្ខខណ្ឌ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យការិយាល័យអ.ស.ប.មួយនេះ សិក្សាលើអង្គហេតុម្នាក់ៗឱ្យបានច្បាស់។
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស អ.ស.ប. ក៏បានសម្គាល់ផងដែរថា បណ្ដាអង្គការសមាគមដែលត្រូវបានចាត់ជាគោលដៅនៃការអនុវត្តច្បាប់សុទ្ធសឹងតែជាអង្គការសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងអ្នកតស៊ូមតិ។
សមាសភាពអ្នកដែលត្រូវបានចាប់ខ្លួន មានមកពីបីស្ថាប័នចម្បងៗ រួមមាន ក្រុមខ្មែរថាវរៈ ក្រុមមាតាធម្មជាតិ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីសប្ដាហ៍មុន ក្រសួងមហាផ្ទៃ បានយោងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបានចាត់ថា ក្រុមខ្មែរថាវរៈ និងក្រុមមាតាធម្មជាតិជាក្រុម«ខុសច្បាប់» ដែលត្រូវ«ចាត់ការ» តាមផ្លូវច្បាប់ និងអំពាវនាវឱ្យពលរដ្ឋកុំពាក់ព័ន្ធនឹងក្រុមយុវជនទាំងពីរខាងលើ។
ក្រៅពីការបង្ក្រាបចាប់ចង ក៏មានរបាយការណ៍អំពីការចុះពិនិត្យរបស់នគរបាល ទៅលើបណ្ដាអង្គការសមាគមដែលធ្វើការលើរឿងរសើបៗនានាផងដែរ។
លោក អ៊ុល វ៉ាន់ ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ស្ថាប័នរបស់លោកដែលធ្វើការលើការតស៊ូមតិរបស់យុវជនលើកិច្ចការសង្គម នយោបាយ និងបរិស្ថាន បានទទួលលិខិតមិនធ្លាប់មានពីមុនពីអធិការដ្ឋាននគរបាលខណ្ឌមានជ័យថា សមត្ថកិច្ចនគរបាល នឹងចុះទៅសាកសួរស្រង់ស្ថិតិ ជីវប្រវត្តិ បុគ្គលិក ថ្នាក់ដឹកនាំអង្គការនេះ។
«អ៊ីចឹង សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា លិខិតនេះ ហាក់បីដូចជាព្យាយាម ការតាមដាន ហើយក៏ដូចជាជ្រៀតជ្រែកមកលើកិច្ចការសមាគម ក៏ដូចជាសហព័ន្ធរបស់យើងដែលធ្វើការរឿងសិទ្ធិរឿងតស៊ូមតិ និងរឿងបរិស្ថានអីជាដើមនេះ»។
បើយោងតាមលោក អ៊ុល វ៉ាន់ លំហសម្រាប់ធ្វើកិច្ចការងារសង្គមស៊ីវិលដែលនៅចំកណ្ដាលនៃការបង្ក្រាបនេះប្រឈម«និន្នាការគួរឱ្យព្រួយបារម្ភ» ស្ថិតក្រោមការ«រឹតត្បិតកាន់តែខ្លាំងឡើង»។
ព្រមពេលជាមួយនឹងការចាប់ចង និងការតាមដានដែលកើតមានគ្រាដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មពាណិជ្ជកម្មដោយផ្នែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានកាសែត The Khmer Times ស្រង់សម្ដីដែលនិយាយអំពីករណីដកEBAដោយផ្នែកនេះ និងវាសនានៃសវនាការសំណុំរឿងក្ដីលោក កឹម សុខា មេបក្សជំទាស់ផងដែរ។
បើយោងតាមកាសែត Khmer Times លោក ហ៊ុន សែន បានប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញាថា សំណុំរឿងដែលអូសបន្លាយរបស់លោក កឹម សុខាអាចនឹងត្រូវផ្អាក ឬ ពន្យាររហូតដល់ឆ្នាំ២០២៤ ហើយថា លោក កឹម សុខា កំពុងខ្លាចក្រែងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារតែ EU បានកាត់ EBA អស់២០%។
លោកស្រី Cindy Cao អ្នកស្រាវជ្រាវកិច្ចការទំនាក់ទំនងកម្ពុជាអឺរ៉ុបនៅវិទ្យាស្ថានអឺរ៉ុប ដើម្បីការសិក្សាកិច្ចការអាស៊ីនៅទីក្រុងប្រុចសែលលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានសម្ដែង«ការរឹងតឹងយ៉ាងជាប់លាប់» ក្នុងការឆ្លើយតបជាមួយសហភាពអឺរ៉ុបលើសំណុំរឿងសិទ្ធិមនុស្ស។
លោកស្រីបានលើកឡើងថា៖ «គេអាចនិយាយបានថា រដ្ឋាភិបាលបន្តគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ដោយមិនញញើតញញើមនឹងការគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មនោះឡើយ»។
នៅក្នុងសារអ៊ីម៉ែលមួយដែលផ្ញើមក VOA សហភាពអឺរ៉ុបបានឱ្យដឹងថាចាប់តាំងពីដក EBA អស់២០%មក មិនទាន់ឃើញមាន «ទឡ្ហីករណ៍ណាមួយបង្ហាញពីការប្រសើរ» អំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានៅឡើយ។
លោកស្រី Nabila Massrali អ្នកនាំពាក្យលើកិច្ចការបរទេសរបស់ EU បានប្រាប់ VOAថា អឺរ៉ុបនៅតែបន្តស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកសេរីភាពលំហធ្វើនយោបាយ សម្ដែងមតិ និងសង្គមស៊ីវិល។
«សហភាពអឺរ៉ុបមានក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខការធ្លាក់ចុះជាបន្តបន្ទាប់នូវលំហប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេស[កម្ពុជា]»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានលើកឡើងថា ការសម្រេចចាត់វិធានការរបស់រដ្ឋាភិបាលមិនមានអ្វីទាក់ទងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ។
«កម្ពុជាឱ្យអាទិភាពទៅលើសន្ដិភាព និងមិនឱ្យមានចលាចលនៅក្នុងសង្គម ពីព្រោះកម្ពុជាជាប្រទេសក្រ មិនដូចសហភាពអឺរ៉ុបទេ ដូចជាការចាប់ខ្លួន ការបង្ក្រាប គឺធ្វើយ៉ាងដូចម្ដេច ឱ្យមានបរិយាកាសសម្រាប់ការរស់នៅក្នុងភាពក្សេមក្សាន្ត»។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ខ្លួនបានត្រៀមកញ្ចប់ទឹកប្រាក់១១៧៦លានដុល្លារសម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការកាត់ EBA ផង និងពីវិបត្តិកូវីដ១៩ផង។
លោក វង្សី វិស្សុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងកាលពីខែកក្កដាថា ការកាត់ EBA អស់២០% អាចនឹងប៉ះពាល់ការងារកម្មករជាងបីម៉ឺននាក់ ហើយថា រដ្ឋាភិបាល មិនមែនមិនបារម្ភទេ តែក៏មិនបារម្ភពេកនោះដែរ។
«ទោះជា២០ភាគរយ៣០ភាគរយ ៥០ភាគរយ១០០ភាគរយ ឬក៏សូន្យភាគរយយើងបានត្រៀមហើយៗ»។
ម៉្លោះហើយ ការកាត់ EBA អស់២០% នៅចំកណ្ដាលនៃវិបត្តិកូវីដ១៩នេះ ពិបាកក្នុងការមើលឃើញនូវលទ្ធផលនយោបាយ និងសេដ្ឋកិច្ចជាក់ស្ដែងនឹងភ្នែកទទេណាស់ខណៈដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តរឹងមាត់ជាមួយសហភាពអឺរ៉ុបនិងរឹងដៃជាមួយអ្នកជំទាស់។
អ៊ីចឹងហើយថា តើអ្វីជាជំហានបន្ទាប់របស់សហភាពអឺរ៉ុប? ឬអាចនឹងមានការពិចារណាអ្វីបន្តទៀត? អ្នកស្រី Nabila Massrali បានលើកឡើងថា៖
«ស្ថាប័នមុខងារទទួលបន្ទុកកិច្ចការក្រៅតំបន់របស់អឺរ៉ុប និងគណៈកម្មការអឺរ៉ុបរក្សាសិទ្ធិក្នុងការដាក់ស្នើ[វិធានការ]ផ្សេងទៀតនានា បើសិនជាចាំបាច់»។
លោកស្រី Cindy Cao អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអឺរ៉ុបដើម្បីការសិក្សាកិច្ចការអាស៊ី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាសុខចិត្តបង់តម្លៃសេដ្ឋកិច្ចបណ្ដាលពីការបាត់បង់ EBA ជាជាងធ្វើសម្បទាននយោបាយណាមួយ។
«ការសិក្សាជាច្រើនបានគូសបង្ហាញថា រដ្ឋដែលកាន់ចរិតអភិបាលកិច្ចតាមបែបអាជ្ញានិយម នឹងសុខចិត្តជ្រើសយកជម្រើសដែលត្រូវបង់តម្លៃសេដ្ឋកិច្ចជាជាងយកជម្រើសនយោបាយដែលបង្កគ្រោះភ័យដល់ការរស់រានរបស់របប»។
ក្នុងចំណោមការទាមទាររបស់ EU ក៏មានផងដែរការបើកទូលាយលំហ សម្រាប់បក្សជំទាស់ពិតប្រាកដ និងសង្គមស៊ីវិល។
EU ខ្លួនឯងក៏កំពុងពិនិត្យតាក់តែងច្បាប់សម្រាប់តំបន់ទាំងមូល ក្នុងការបើកលទ្ធភាពឱ្យប្លុកដែលមាន២៧ប្រទេសនេះ អាចដាក់ទណ្ឌកម្មតម្រង់គោលដៅដោយផ្ទាល់លើបុគ្គលដែលពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សស្រដៀងគ្នានឹងច្បាប់Global Magnitsky ដែលអាមេរិកកំពុងអនុវត្ត និងជាក់ស្ដែងបានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺលោក ហ៊ីង ប៊ុនហៀង និងលោក គន់ គីម ដែលសុទ្ធសឹងជាបណ្ដាឧត្ដមសេនីយ៍ជំនិតរបស់លោក ហ៊ុន សែន។
លោកស្រី Cindy Cao បានលើកឡើងថា បើមើលលើផ្លូវសីលធម៌ការដាក់ទណ្ឌកម្មតម្រង់គោលដៅដោយផ្ទាល់លើបុគ្គល (Targeted Sanction) ជាជម្រើសប្រសើរជាងការដាក់ទណ្ឌកម្មពាណិជ្ជកម្មហើយពលរដ្ឋទូទៅរងផលប៉ះពាល់តិចជាង ហើយទំនងជាមានប្រសិទ្ធភាពជាងផង។
លោក ផៃ ស៊ីផាន លើកឡើងថាទោះសហភាពអឺរ៉ុបធ្វើអ្វីក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនចុះញ៉មនោះដែរ។
«អាស្រ័យហេតុដូច្នេះ នេះជាជម្រើសរបស់កម្ពុជា ដែលយើងតែងតែនិយាយ យើងអត់លុតជង្គង់ជាមួយនឹងការជួយណាមួយដែលបំផ្លាញនូវឯករាជ្យ បំផ្លាញនូវអធិបតេយ្យភាពរបស់កម្ពុជាទេ។ នេះជាជំហររបស់កម្ពុជា»។
លោក ផៃ ស៊ីផាន បានលើកឡើងថា ការបង្ក្រាបនឹងនៅតែបន្តបើសិនជានៅតែមានការប៉ុនប៉ង«ផ្ដួលរំលំរដ្ឋាភិបាល» ដោយមាន«អង្គការចាត់តាំងច្បាស់លាស់» និងមាន«ភ្នាក់ងារបរទេស»នៅពីក្រោយខ្នង។
លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ដខ្មែរ បានលើកឡើងឆ្លើយតបថា៖
«ថ្វីដ្បិតមានបទចោទថាបង្កភាពវឹកវរក្នុងសង្គម ដូចមិនយល់ដែរ ។បង្កការវឹកវរបែបណាទៅបង? ជាប្រជាពលរដ្ឋសាមញ្ញ គ្មានអ្វីទាំងអស់មានតែទង់ជាតិ ទៅធ្វើការតវ៉ា ដាក់ញត្តិ មានអាវុធអ្វីមកពីណា?មនុស្សស្លូតត្រង់ អាជ្ញាធរវាយតែរហូត រួចឱ្យវឹកវរអីគាត់»។
គិតត្រឹមថ្ងៃច័ន្ទនេះ លោក មួង សូនី ឱ្យដឹងថា លោកនិងម្ដាយ នៅតែព្យាយាមស្វះស្វែងរកដំណឹងអំពីសុខទុក្ខប្អូនប្រុសរបស់លោកដែលកំពុងត្រូវបានដាក់នៅដោយឡែកក្នុងពន្ធនាគារព្រៃស៕