អ្នកគាំទ្រប្រមាណ១០០នាក់ នៅថ្ងៃអង្គារនេះ បានបន្តតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព និងសកម្មជនផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយស្នើសុំអន្តរាគមន៍ពីស្ថានទូតជប៉ុន និងអាល្លឺម៉ង់ប្រចាំនៅភ្នំពេញ។
នៅព្រឹកនេះ អ្នកតវ៉ា រួមមានប្រជាពលរដ្ឋ យុវជន កម្មករ និងគ្រូបង្រៀន បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតជប៉ុន ដោយលើករូបថតរបស់លោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោក សួង សុភ័ណ្ឌ និងអ្នកនាង ឈឿន ដារ៉ាវី ដែលត្រូវបានចាប់ដាក់ពន្ធនាគារក្នុងការចោទប្រកាន់ថា«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ បន្ទាប់មក ពួកគេបានបន្តទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់។
អ្នកតវ៉ាបានស្រែកថា៖ «សូមដោះលែងលោក រ៉ុង ឈុន» «សូមដោះលែងអ្នកស្នេហាជាតិ» «សូមតុលាការទម្លាក់បទចោទលើលោក រ៉ុង ឈុន»ជាដើម។
សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា ការតវ៉ានេះមានការឃ្លាំមើល និងរារាំងពីសំណាក់កងកម្លាំងសន្តិសុខ សមត្ថកិច្ចនគរបាល និងអាជ្ញាធរស៊ីវិលប្រមាណ៥០នាក់ ប៉ុន្តែ មិនមានការប្រើប្រាស់ហិង្សាលើអ្នកតវ៉ានោះទេ។
អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានប្រាប់ VOA តាមអ៊ីម៉ែលនៅថ្ងៃអង្គារនេះថា ស្ថានទូតបានទទួលញត្តិរបស់អ្នកតវ៉ា។ អ្នកនាំពាក្យបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ គាំទ្រអង្គការសង្គមស៊ីវិលនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសជាច្រើន រួមមានកម្ពុជាផងដែរ។
អ្នកនាំពាក្យបន្ថែមថា៖ «សិទ្ធិមនុស្ស រួមមានសិទ្ធិនយោបាយ សង្គម និងសេដ្ឋកិច្ច គឺជាមូលដ្ឋាននៃនយោបាយការបរទេសរបស់អាល្លឺម៉ង់។ យើងគាំទ្រសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ដែលយើងធ្វើការជាមួយ។ សិទ្ធិមនុស្សតែងតែជារបៀបវារៈរបស់អាល្លឺម៉ង់ នៅពេលយើងភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជាដៃគូ»។
លេខាទី១របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី Kubo Tomoko បានប្រាប់ VOA តាមសារអ៊ីម៉ែលថា ស្ថានទូតបានទទួលញត្តិរបស់អ្នកតវ៉ាកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែលោកស្រី បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយគ្រាន់តែបញ្ជាក់ថា ស្ថានទូតកំពុងតាមដានស្ថានការណ៍នេះ ដោយយកចិត្តទុកដាក់។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា នេះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការតវ៉ាដាក់ញត្តិដោយសន្តិវិធីក្នុងការទាមទាររកដំណោះស្រាយសម្រាប់លោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្កេតឃើញថា ព្រឹកមិញនេះ យើងកត់សម្គាល់ថា ជារឿងមួយល្អប្រសើរហើយ ដែលយើងឃើញថា មិនមានការប្រើប្រាស់ការបំបែក ឬ អំពើហិង្សាណាមួយកើតឡើង គឺប្រើប្រាស់នូវវិធីមួយនៃការចរចាគ្នា។ អាហ្នឹង គឺជាគំរូមួយដ៏ល្អ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលរាត្រី កាលពីចុងខែកក្កដា និងត្រូវបានចោទពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបញ្ហាព្រំដែនកម្ពុជាវៀតណាម ដែលលោកបានចុះជួបប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយពួកគេអះអាងថា កម្ពុជាបាត់បង់ដី ដោយសារការបោះបង្គោលព្រំដែន៕