ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃប្រឈមនឹងវត្តមានកម្លាំងប៉ូលិសថៃជាច្រើននៅក្នុងទីក្រុងបាងកកកាលពីចុងសប្តាហ៍ទោះបីខណៈប្រទេសនេះតស៊ូទប់ទល់កំណើនជំងឺកូវីដ១៩យ៉ាងខ្ពស់នោះ។
ក្រុមសកម្មជនជាច្រើនរយនាក់បាននាំគ្នាចេញតវ៉ានៅតាមដងផ្លូវក្នុងរាជធានីបាងកកដោយអំពាវនាវឱ្យមានកំណែទម្រង់នយោបាយ។ ការទាមទារឱ្យមានកំណែទម្រង់នេះកើតចេញពីចលនាតវ៉ាដ៏ធំមួយកាលពីឆ្នាំទៅគួបផ្សំនឹងការខឹងសម្បាលើភាពយឺតយ៉ាវនៃយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩។
បើទោះបីជាមានករណីហក់ឡើងខ្ពស់នៃជំងឺកូវីដ១៩ក៏ដូចជាការបិទខ្ទប់ផ្នែកខ្លះនៃទីក្រុងនិងបញ្ហាអាកាសធាតុមិនអំណោយផលយ៉ាងណាក្តីក៏មិនបានរារាំងការជួបប្រជុំរបស់ក្រុមអ្នកតវ៉ាកាលពីថ្ងៃអាទិត្យដែរ។
នៅពាក់កណ្តាលរសៀលថ្ងៃអាទិត្យក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដោយជិះម៉ូតូនិងរថយន្តនៅជិតវិមានជ័យជម្នះក្នុងសង្កាត់ Ratchathewi។ ដើម្បីអបអរបុណ្យចូលវស្សាអ្នកចូលរួមធម្មយាត្រាគ្រងសម្លៀកបំពាក់តាមបែបប្រពៃណីថៃហើយអ្នកខ្លះទៀតបានលើកម្រាមដៃ៣ដែលជានិម្មិតសញ្ញានៃកំណែទម្រង់។
ក្រុមអ្នកតវ៉ាបានព្យាយាមដើរសំដៅទៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកទាមទារឱ្យនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-O-cha និងគណៈរដ្ឋមន្ត្រីរបស់លោកចុះចេញពីតំណែងប៉ុន្តែពួកគេត្រូវបានរាំងខ្ទប់ដោយក្រុមប៉ូលិសប្រឆាំងកុបកម្មដែលបានឈរតម្រង់ជួររារាំងមិនឱ្យពួកគេធ្វើដំណើរទៅមុខបាន។ប៉ូលិសបានដាក់របាំងបិទផ្លូវដោយប្រើលួសបន្លានិងកុងតឺន័រធំៗ។
និស្សិតបាតុករម្នាក់នៅក្រុងបាងកកដែលថា ឈ្មោះរបស់គាត់ជាភាសាអង់គ្លេសគឺ Tyler និយាយថា គាត់តវ៉ាឱ្យមានកំណែទម្រង់រដ្ឋាភិបាលនិងឱ្យមានសមភាពកាន់តែច្រើនថែមទៀតដែលរួមមានសិទ្ធិស្ត្រីផងដែរ។គាត់និយាយថា«យើងមើលឃើញអយុត្តិធម៌ក្នុងប្រទេសថៃ។យើងត្រូវតែធ្វើការកែទម្រង់»។
បាតុករនិស្សិតម្នាក់ទៀតដែលថា គាត់ឈ្មោះ Maprand និយាយថាគាត់ខឹងសម្បាដែលសាធារណជនមិនមានជម្រើសក្នុងការចាក់វ៉ាសាំងកូវីដ១៩ដោយគាត់សួរថាហេតុអ្វីបានជាប្រទេសថៃមិនទិញវ៉ាក់សាំង Pfizer និង Moderna។ គាត់បានប្រាប់វីអូអេថា«ខ្ញុំគិតថាវ៉ាក់សាំង Sinovac របស់ចិនមិនមានប្រសិទ្ធភាពសម្រាប់ខ្ញុំទេហើយវាមិនល្អនោះទេ»។
ប្រទេសថៃកាលពីថ្ងៃអាទិត្យមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង១៥.០០០នាក់និងមានអ្នកស្លាប់ជាង១០០នាក់ដែលជាចំនួនដ៏ខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើម។ នេះបើតាមបណ្តាញព័ត៌មានរបស់ប្រទេសថៃ៕