បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ត្រូវបានឃុំខ្លួនអស់ជាច្រើនសប្តាហ៍ដោយអាចមិនអាចស្នើសុំនៅក្រៅឃុំបាន ដោយសារតែការចោទប្រកាន់ពីបទបរិហារកេរ្តិ៍រាជវង្ស។ ដោយសារក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះកូនៗរបស់ពួកគេ និងការខឹងសម្បាចំពោះរដ្ឋថៃ អ្នកម្តាយរបស់បាតុករទាំងនោះសុខចិត្តនៅកំដរកូនៗពួកគេនៅខាងក្រៅពន្ធនាគារ ទីកន្លែងដែលកូនៗជាទីស្រឡាញ់របស់ពួកគេត្រូវបានឃុំខ្លួន។
ការសម្រេចនៅកំដរកូនៗទាំងនេះធ្វើឡើងខណៈស្ថានភាពនយោបាយមិននឹងនររបស់ថៃកំពុងរង្គោះរង្គើម្តងទៀតដោយសារចលនាតវ៉ាដឹកនាំដោយយុវជន ដែលទាមទារឱ្យមានកំណែទម្រង់លើរចនាសម្ព័ន្ធអំណាចទាំងមូល រួមទាំងអំណាចរាជវង្សដែលមិនអាចប៉ះពាល់បាន ដែលស្ថិតក្រោមការគ្រងរាជ្យរបស់ស្តេច Maha Vajiralongkorn ផងដែរ។
ការតវ៉ាដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមកាលពីឆ្នាំមុនមិនបានជោគជ័យនោះទេ បន្ទាប់ពីមេដឹកនាំសំខាន់ៗនៃចលនានេះត្រូវបានចាប់ខ្លួន និងមនុស្សជាច្រើននាក់ទៀតត្រូវបានជាប់ចោទពីបទល្មើសជាច្រើនករណីក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ឬត្រូវបានគេស្គាល់ថា ច្បាប់មាត្រា ១១២។ នេះជាវិធានការដ៏ម៉ឺងម៉ាត់ចំពោះការបរិហារកេរ្តិ៍ ដែលការពារព្រះបរមរាជវាំងពីការរិះគន់។
ត្រង់មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ការផ្តន្ទាទោសនីមួយៗត្រូវជាប់ពន្ធនាគារចន្លោះពី ៣ ឆ្នាំ ទៅ១៥ ឆ្នាំ។
មេដឹកនាំសំខាន់ៗ១០ នាក់ត្រូវបានឃុំខ្លួន ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ុន្តែមនុស្សចំនួន ៧០ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់តាំងពីចុងឆ្នាំមុន ហើយយុវជនក្មេងជាងគេមានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះនៅពេលលោកត្រូវបានចោទប្រកាន់។
អង្គការសិទ្ធិមនុស្សថា ច្បាប់នេះត្រូវបានគេប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងអ្នកតវ៉ា ដែលបង្ហាញពីកំហុសរវាងមនុស្សវ័យក្មេង និងវ័យចំណាស់ និងរវាងក្រុមអភិរក្សនិយម និងវឌ្ឍនភាពនិយមនៅក្នុងសង្គមថៃ។
អ្នកស្រី Sureerat Chiwarak គឺជាម្តាយរបស់មេដឹកនាំការតវ៉ាដែលធ្វើការរិះគន់ខ្លាំងបំផុតមួយរូបគឺលោក Parit Chiwarak ឬត្រូវបានគេហៅឈ្មោះក្រៅថា Penguin ដែលប្រឈមមុខនឹងការចោទប្រកាន់ជាង១២ករណី នៅក្រោមច្បាប់នេះ។ អ្នកស្រី Sureerat Chiwarak ថា «ពួកគេបានប្រើប្រាស់ច្បាប់នេះប្រឆាំងនឹងកូនប្រុសរបស់ខ្ញុំ»។
លោក Penguin អាយុ ២៣ ឆ្នាំ ត្រូវបានឃុំខ្លួនចាប់តាំងពីកុម្ភៈ ប៉ុន្តែត្រូវបានផ្ទេរទៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីមានការធ្វើកូដកម្មបង្អត់អាហារមួយអស់ ៨ សប្តាហ៍។
អ្នកស្រីបានប្រាប់ VOA ថា «ទោះបីជាគាត់មិនទាន់ត្រូវបានតុលាការកាត់ឲ្យមានទោសក្តី ប៉ុន្តែពួកគេបានសម្លាប់អនាគតរបស់គាត់រួចទៅហើយ។ ក្នុងនាមជាម្តាយ យើងមិនអាចបញ្ឈប់នោះទេ។ យើងមិនអង្គុយនៅស្ងៀម និងចាំមើលកូនរបស់យើងជាប់ពន្ធនាគារនោះទេ»។
នៅថ្ងៃទី៣០ ខែមេសា អ្នកស្រីបានកោរសក់ដើម្បីជាការតវ៉ានៅខាងក្រៅតុលាការ ដោយទាមទារឱ្យកូនប្រុសអ្នកស្រីបាននៅក្រៅឃុំពីប្រព័ន្ធច្បាប់ដែលអ្នកស្រីថា បានឃុំខ្លួនកូនអ្នកស្រីដោយមិនឆ្លងកាត់សវនាការ និងមិនមានហេតុផលត្រឹមត្រូវ។
នៅថ្ងៃបន្ទាប់ អ្នកស្រីបានចូលរួមជាមួយនឹងអ្នកម្តាយ ៤ រូបផ្សេងទៀតនៅខាងក្រៅពន្ធនាគារក្នុងក្រុងបាងកក ដោយឈរនៅពីមុខផ្ទាំងក្រដាសរូបកូនៗរបស់ពួកគេរយៈពេល ១១២ នាទី ដោយមានស្លាកធំៗចងទៅនឹងរបងពន្ធនាគារដែលសរសេរថា «ឱ្យកូនៗយើងវិញមក»។
ពួកគេបានឱបគ្នា ទះដៃ និងពាក់អាវយឺតដែលមានរូបកូនៗរបស់ពួកគេ ដែលនេះជាការរួបរួមគ្នាគួរឱ្យអាណិតមួយ ខណៈការតវ៉ាទ្រង់ទ្រាយធំបានកាត់បន្ថយនៅសល់តែប៉ុន្មានរយនាក់ ដោយសារតែខ្លាចច្បាប់នេះ និងការឆ្លងរាលដាលសារជាថ្មីនៃមេរោគកូរ៉ូណានាពេលថ្មីៗនេះ។
ក្រុមនេះត្រូវបានគេហៅថា ក្រុម Ratsamoms ឬ «ម្តាយប្រជាជន» ដែលជាកើតចេញពីចលនា Ratsadon People’s Movement ដែលបានធ្វើការតវ៉ានៅតុលាការ និងពន្ធនាគារចាប់តាំងពីខែមីនាមក។
អ្នកស្រី Suriya Sithijirawattanakul ជាម្តាយរបស់យុវតី Panussaya (ឈ្មោះក្រៅ Rung) វ័យ ២៣ ឆ្នាំ ដែលបានដុតបញ្ឆេះចលនាកំណែទម្រង់កាលពីខែសីហា ឆ្នាំមុន នៅពេលនាងឡើងលើកឆាកជាមួយនឹងការទាមទារ ១០ ចំណុចរួមទាំងកំណែទម្រង់អំណាចរាជវង្សដែលត្រូវស្ថិតក្រោមរដ្ឋធម្មនុញ្ញផងដែរ។ អ្នកស្រី Suriya Sithijirawattanakul ថា «ខ្ញុំមិនចង់ឱ្យកូនខ្ញុំនៅឯកោម្នាក់ឯងនោះទេ»។
អ្នកស្រីថា «នាងត្រូវបានជាប់ឃុំអស់រយៈពេលជាយូរមកហើយមកដល់ពេលនេះ ហើយនាងក៏ចូលរួមកូដកម្មបង្អត់អាហារដែរ។ នាងសមនឹងទទួលបានការអនុញ្ញាតឱ្យនៅក្រៅឃុំ»។
ការតស៊ូប្រឆាំងនឹងអំណាចយ៉ាងលំបាក
ប្រទេសថៃជារាជាណាចក្របែកបាក់មួយ។
ចំពោះអ្នករាជានិយម ដែលដឹកនាំដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Prayuth Chan-o-cha ដែលជាអតីតមេបញ្ជាការយោធា ចលនាយុវជននេះបានដើរហួសបន្ទាត់ហាមឃាត់ ដោយការរិះគន់ខ្សែរាជវង្ស។
ពួកគេគោរពព្រះបរមរាជវាំង និងចាត់ទុកស្ថាប័ននេះផុតពីការប្រជែងអំណាចនយោបាយ ទោះបីជាស្ថាប័ននេះដឹកនាំប្រទេសដោយសហការជាមួយនឹងយោធាក្តី ដែលបានបង្អាក់ចលនាប្រជាធិបតេយ្យជាមួយនឹងការធ្វើរដ្ឋប្រហារចំនួន ១៣ ដង ចាប់តាំងពីឆ្នាំ១៩៣២មក។
ច្បាប់ប្រមាថព្រះមហាក្សត្រមិនទាន់ត្រូវបានប្រើប្រាស់នោះទេ ចាប់តាំងពីពេលស្តេច Vajiralongkorn ដែលជាស្តេចថៃមានទ្រព្យសម្បត្តិច្រើនមហាសាល បានឡើងគ្រងរាជ្យនៅក្នុងឆ្នាំ២០១៩។
នៅក្នុងខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Prayut បានព្រមានក្រុមអ្នកតវ៉ាថា លោកនឹង «ប្រើប្រាស់ច្បាប់ទាំងអស់» ដើម្បីកម្ចាត់ចលនាដែលទាមទារឱ្យព្រះបរមរាជវាំងគោរពតាមតួនាទីរដ្ឋធម្មនុញ្ញរបស់ខ្លួន និងផ្តាច់ការគាំទ្ររបស់ព្រះបរមរាជវាំងពីយោធា។
ដោយមេដឹកនាំការតវ៉ាកំពុងប្រឈមមុខនឹងការឃុំខ្លួនរាប់ខែ ឬដល់រាប់ឆ្នាំ អ្នកតាមដានស្ថានការណ៍មួយចំនួនថា ម្តាយរបស់ពួកគេអាចនឹងជាគន្លឹះចុងក្រោយមួយក្នុងការបញ្ឆេះមនោសញ្ចេតនាសាធារណជន។
លោក Amornrat Chokepamitkul អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដែលចូលរួមការតវ៉ានៅពន្ធនាគារដែរនោះថា «នៅចុងបញ្ចប់ មានតែអ្នកម្តាយទាំងនេះហើយដែលត្រូវចេញមុខ ដោយឥតលក្ខខណ្ឌ និងដែលនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូនៗរបស់ពួកគេ»។
អ្នកតំណាងរាស្ត្ររូបនេះថា «ខ្ញុំគិតថា ពួកគេនឹងក្លាយជាប្រភពអំណាចមួយសម្រាប់ចលនានេះ»៕