ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ការ​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ចិនថ្មី​ប្រចាំ​កម្ពុជា​អាច​មក​ពី​ភូមិសាស្ត្រ​នយោបាយ


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយ​នឹង​ការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​មក​កាន់​កម្ពុជា អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា​ ការតែងតាំង​លោក Wang Wenbin ត្រូវបាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើនិន្នាការ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។

អតីត​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក ​Wang Wenbin ​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​ចិន​ថ្មី ​ប្រចាំ​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ China Daily​ របស់​ប្រទេស​ចិន។​

ការ​ចាត់​តាំង​នេះ​ត្រូវ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​ ៤ ខែ​មិថុនា​នេះ ​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ជំនួយ​បរទេស ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​លោក​ Luo Zhaohui។​

លោក​ Wang Wenbin ​មាន​អាយុ ​៥៣ ​ឆ្នាំ ​ពេល​កំពុង​បម្រើការ​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន ​និង​មាន​បទ​ពិសោធន៍​ផ្នែក​ការទូត​ជាង​ ៣០​ ឆ្នាំ។​ លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នកដែល​ពូកែ​វោហា​សាស្ត្រ​ក្នុង​ការ​ឆ្លើយតប​ជាមួយ​នឹង​បញ្ហា​ទំនាក់​ទំនង​ការទូត​របស់​ចិន ​ជាពិសេស​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក ​សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា​ ការ​ផ្លាស់ប្តូរ ​និង​ចាត់​តាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​គឺ​ជា​ការ​អនុវត្ត​ផ្នែក​ការទូត​ទូទៅ​របស់​ប្រទេស​នីមួយៗ ​ប៉ុន្តែ​លោក​កត់​សម្គាល់​ថា​ នៅ​ក្នុង​អាណតិ្ត​នេះ​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ខ្លួន​មក​កម្ពុជា​គឺ​បាន​បង្ហាញ​ថា ​ចិន​ពិត​ជា​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំពី​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ដែល​ជិត​ស្និទ​នឹង​ខ្លួន​នេះ។​

លោក​ថ្លែង​ថា៖ ​«ដូចជា​កម្ពុជា​គឺ​តែងតែ​ចង់​បាន​មន្ត្រី​ការទូត​ដែល​មាន​តួនាទី ​និង​ឋានៈ​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរហ្នឹង។ ​ជាទូទៅ​នៅ​ពេល​ដែល​មាន​ការ​តែងតាំង ​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ​តែងតែ​ចង់​ឃើញ​ប្រទេស​ដែល​មាន​កិច្ច​សហការ​ផ្នែក​ការទូត​របស់​ខ្លួន​តែងតាំង​មន្ត្រី​ដែល​មាន​តួនាទី​ខ្ពស់​ ដោយសារ​តែ​ការ​តែង​តាំង​មន្រ្តី​ដែល​មាន​តួនាទី​ខ្ពស់​មក​កាន់​ប្រទេស​មួយ​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ហ្នឹង​ វា​បង្ហាញ​អំពី​ពី​ការ​ផ្តល់​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ខ្លួន ​និង​ប្រទេស​ម្ចាស់​ផ្ទះ»។​

លោក ​សេង វណ្ណលី ​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​ចិន​បាន​ពង្រឹង​សមត្ថភាព​នយោបាយ​ការទូត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ដែល​ធ្វើ​ឱ្យ​ជំនាញ​ក្នុង​ការ​ធ្វើការ​របស់​មន្រ្តី​ការទូត​ចិន​ក៏​មាន​សមត្ថ​ភាព​ខ្លាំង​ផង​ដែរ។ ​លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​មន្ត្រី​ការទូត​របស់​ចិន​សុទ្ធ​តែ​វ័យ​ក្មេង ​និង​សកម្ម ​ដោយ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បាន​ទូលំ​ទូលាយ​ជាង​មុន។​

សាស្ត្រាចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ ​លោក​ ឯម សុវណ្ណារ៉ា ​យល់​ឃើញ​ថា ​ការ​ចាត់​តាំង​លោក​ Wang Wenbin ​ជា​ឯកអគ្គ​រដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា​នេះ ​ដោយ​សារ​តែ​លោក​ស្គាល់​ និង​យល់​ច្បាស់​ពី​កិច្ចការ​ទំនាក់​ទំនង​កម្ពុជា-ចិន។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ នៅ​ពេល​ដែល​លោក​ចូល​មក​កាន់​តំណែង​ជា​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​នឹង​ដើរ​តួនាទី​សកម្ម​ដូច​ដែល​លោក​ធ្លាប់​ធ្វើជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ហើយ​ក៏​អាច​ជំរុញ​កិច្ចការ​ភាព​ជិតស្និទ​នៅ​ក្នុង​នយោបាយ​កម្ពុជា-ចិន ​គាំទ្រ​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ​អាច​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ ហើយ​មាន​ភាព​ស្និទស្នាល​ខ្លាំង​ឡើង​ជាង​មុន»។

បើ​តាម​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ ​ទំនាក់​ទំនង​កម្ពុជា-ចិន​នៅ​តែ​បន្ត​មាន​ភាព​ស្អិត​ល្មួត​ និង​រក្សា​បាន​នូវ​មិត្តភាព​ត្បូង​ពេជ្រ​ដដែល ​ហើយ​នឹង​បន្ត​អនុវត្ត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ បាន​ចុះ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដូចជា​ការ​អនុវត្ត​ពាណិជ្ជ​កម្ម​សេរី ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ សហ​រដ្ឋ​អាមេរិក​ក៏​នឹង​ចាត់តាំង​មន្រ្តី​ការ​បរទេស​ជាន់​ខ្ពស់​គឺ​លោក​ Robert Forden ​ឱ្យ​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​ លោក​ Robert Forden គឺ​ជា​សមាជិក​ផ្នែក​កិច្ចការ​បរទេស​ជាន់​ខ្ពស់​ ដែល​មាន​ឋានៈ​ជា​ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី ​ហើយ​បច្ចុប្បន្ន​នេះ ​លោក​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ការិយាល័យ​ កិច្ចការ​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ប្រទេស​ចិន​ ដោយ​បាន​សរសើរ​គម្រោង​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​ក្រវាត់​ ពាណិជ្ជ​កម្ម​ចិន ​(Belt and Road Initiative ​ឬBRI) បើ​ទោះ​មាន​ភាព​ចម្រូង​ចម្រាស​ដែល​លើក​ឡើង​ថា ​គម្រោង​មួយ​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ខ្ចី​បំណុល​ពី​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​សង​វិញ។​

លោក ​សេង វណ្ណលី ​លើក​ឡើង​ថា​ ការ​តែងតាំង​មន្ត្រី​ការ​បទេស​ជាន់​ខ្ពស់​ពី​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ ​គឺ​អាច​ត្រៀម​សម្រាប់​សមភូមិ​នយោបាយ​ការ​បរទេស​របស់​ចិន ​និង​អាមេរិក ​ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ដោយឡែក​ការ​តែងតាំង​ឯកអគ្គ​រដ្ឋទូត​អាមេរិក​លោក​ Robert Forden ​នេះ​ដែល​មាន​បទ​ពិសោធន៍​ទៅ​លើ​កិច្ចការ​ការទូត​ជាពិសេស​រវាង​អាមេរិក​ជាមួយ​នឹង​ចិន​ក៏​វា​បង្ហាញ​អំពី​សារៈ​សំខាន់​របស់​កម្ពុជា​ផង​ដែរ ​ដោយសារ​តែ​កម្ពុជា​អាច​ជា​សមភូមិ​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ការទូត​ ខណៈ​ដែល​ចិន​ពង្រីក​វិស័យ​ការទូត​ ហើយ​ក៏​គេ​មើល​ឃើញ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ជិត​ដិត​ខ្លាំង​ជាមួយ​នឹង​ចិន»។​

អ្នកតាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​រូប​នេះ​សង្កត់​ធ្ងន់​ថា ​ការ​តែងតាំង​លោក ​Robert Forden ​ជា​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​អាច​ជា​ផែនការ​របស់​អាមេរិក​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិ​សង្គម ​នយោបាយ ​និង​សន្តិសុខ​ជាដើម។​

លោក​ ឯម សុវណ្ណារ៉ា ​យល់​ឃើញ​ថា ​វា​អាច​ជា​ការ​ដាស់​តឿន​មក​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក្នុង​ការ​បញ្ជាក់​ជំហរ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​បែប​ណា​ដើម្បី​ទាញ​អត្ថ​ប្រយោជន៍​ពី​ប្រទេស​មហា​អំណាច​ទាំង​ពីរ។​

លោក​បញ្ជាក់​ថា៖ ​«កម្ពុជា​បាន​ប្រយោជន៍​ទាំង​ពីរ​ គ្រាន់​តែ​ថា​ ផល​ប្រយោជន៍​ដែល​កម្ពុជា​ផ្អែក​ទៅ​លើ​ជញ្ជឹង​ពាណិជ្ជ​កម្ម​ កម្ពុជា​បាន​ពី​សហ​រដ្ឋ​អាមេរិក​ច្រើន​ជាង​ ហើយ​បើ​គិត​ពី​នយោបាយ​ការ​បរទេស​ក៏​ឃើញ​លោក​ខាង​លិច​គំាទ្រ​មាន​ចំនួន​សំឡេង​ការ​គាំទ្រ​ច្រើន​ជាង​ចិន​ដែល​មាន​មួយ​ចំនួន»។​

យ៉ាងណាមិញ​ កាល​ពី​ចុង​ខែ​ឧសភា ​ឆ្នាំ ​២០២៤ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ប្រសិទ្ធ​នាម​ ឬ​ដាក់​ឈ្មោះ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ជា​ «មហាវិថី​ស៊ី ជីន​ពីង» ​ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន​ នៅ​កំណាត់​ផ្លូវ​ប្រវែង​ជាង ​៥០ ​គីឡូ​ម៉ែត្រ ​ដែល​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ១ ​ក្នុង​ខេត្ត​កណ្តាល ​មក​ផ្លូវ​ជាតិ​លេខ ​៤ ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។ ​ ការសាង​សង់​ផ្លូវ​នេះ​ចំណាយ​ថវិកា​ប្រមាណ ​២៧០ ​លាន​ដុល្លារ​អាមេរិក ​ក្រោម​ហិរញ្ញ​ប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា។​

នេះ​ជា​មហាវិថី​មួយ​ទៀត​ដែល​ប្រសិទ្ធ​នាម​ប្រធានាធិបតី​ចិន​ ​ បន្ទាប់​ពី​មហាវិថី​ម៉ៅសេទុង ​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​អតីត​ព្រះ​មហា​ក្សត្រ ​ព្រះ​បាទ​នរោត្តម​សីហនុ​បាន​ប្រោស​ព្រះ​រាជ​ទាន​ប្រសិទ្ធ​នាម ​កាល​ពី ​៦០ ​ឆ្នាំ​មុន។

កម្ពុជា​ក៏​នឹង​បើក​ការដ្ឋាន​លើ​គម្រោង ​«ព្រែកជីក​ហ្វូណន​តេជោ»​ នៅ​ដើម​ខែ​សីហា​នេះ ​ដែល​ស្ថិត​ក្រោម​ជំនួយ​នៃ​គម្រោង​ BRI ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​ត្រូវការ​ទឹក​ប្រាក់​១.៧០០ ​លាន​ដុល្លារ​អាមេរិក។ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា ​អ្នក​វិនិយោគ​ក្នុង​គម្រោង​នេះ​ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​ខ្មែរ។​

កម្ពុជា​ក៏​ទើប​តែ​បិទ​បញ្ចប់​សមយុទ្ធ​ជើង​ទឹក​ «នាគ​មាស​ ឆ្នាំ​ ២០២៤» ​ដែល​ជា​លំហាត់​កងទ័ព​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ និង​ចិន​ដែល​បាន​ជួយ​កម្ពុជា​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។ ​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​បញ្ហា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នេះ​ មន្ត្រី​រដ្ឋាភិបាល​ និង​មេ​ដឹកនាំ​កម្ពុជា​ធ្លាប់​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​តាំង​ទី​ទ័ព​បរទេស​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG