ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីកម្ពុជា៖ សមយុទ្ធ​កងទ័ព​ជើង​ទឹក​កម្ពុជា​និង​ចិន​មិន​គំរាម​កំហែង​ប្រទេស​ណា​ឡើយ


កងទ័ង​ជើង​ទឹក​កម្ពុជា​ជិះកាណូតឆ្ពោះទៅកាន់​នាវា​ចម្បាំង​របស់​ចិន​ក្នុង​អំឡុង​សមយុទ្ធយោធា«នាគមាស​ឆ្នាំ​២០២៤» នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
កងទ័ង​ជើង​ទឹក​កម្ពុជា​ជិះកាណូតឆ្ពោះទៅកាន់​នាវា​ចម្បាំង​របស់​ចិន​ក្នុង​អំឡុង​សមយុទ្ធយោធា«នាគមាស​ឆ្នាំ​២០២៤» នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ថា​ សមយុទ្ធ​យោធា​តាម​ផ្លូវ​សមុទ្រ​រវាង​កម្ពុជា​និង​ចិន មិន​គំរាម​កំហែង​ដល់​ប្រទេស​ណា​ឡើយ និង​បញ្ជាក់​ថា​ សមយុទ្ធ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​កង​ទ័ព​តែ​ប៉ុណ្ណោះ។

អគ្គ​មេ​បញ្ជាការ​រង នាយ​សេនា​ធិការ​ចម្រុះ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ដឹក​នាំ​ធ្វើ​លំហាត់និង​សមយុទ្ធ​កង​យោធ​ពល​ខេមរ​ភូមិន្ទ លោក ឥត សារ៉ាត់ បាន​ថ្លែង​ ក្នុង​ពិធី​បិទ​សមយុទ្ធ​ជើង​ទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយ​ធ្វើ​សម​យុទ្ធរួមគ្នា​នៅ​លើ​លំហ​សមុទ្រ​កម្ពុជា​រវាង​កង​ទ័ព​ជើង​ទឹក​កម្ពុជា និង​កងទ័ព​ជើង​ទឹករ​បស់​ចិន​ថា​៖ «សម​យុទ្ធ​ជើង​ទឹក​នាគ​មាស​ឆ្នាំ​ ២០២៤​ នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រីក​ការ​ទំនាក់​ទំនង​គ្នា ​ការ​ពង្រឹង​ សមត្ថ​ភាព​យោធា ​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម​យុទ្ធ​ជើង​ទឹក​នាគ​មាស​ឆ្នាំ ​២០២៤ ​នេះ ​មិន​មាន​ការ​គំរាម​កំហែង​ដល់​ប្រទេស​ណា​ឡើយ»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ចុះ​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា ឆ្នាំ ​២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​ សម​យុទ្ធ​នាគ​មាស​នេះ​នឹង​បន្ត​រីក​ចម្រើន ពង្រីក​ដល់​កម្រិត​កង​ទ័ព​ជើង​អាកាស ​និង​បណ្ដា​កង​ទ័ព​ជំនាញ​ផ្សេងៗ​ទៀត ​នៅ​ពេល​អនាគត។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​បន្ថែម​ថា ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹ​ក​នាគ​មាស​កម្ពុជា​-​ចិន ​២០២៤​ ត្រូវ​បាន​រៀប​ចំ​ឡើង ​ដើម្បី​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវទំនាក់​ទំនង​ភាព​ជា​ដៃ​គូ កិច្ច​សហប្រតិបត្តិការ​យុទ្ធ​សាស្ត្រគ្រប់​ជ្រុង​ជ្រោយ ​ពង្រឹង​ទំនុក​ចិត្ត​នយោ​បាយ ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ បម្រើ​ឲ្យ​ការ​កសាង​សហគមន៍​វាសនា​រួម​តែ​មួយ​កម្ពុជា​-​ចិន​ នៅ​ក្នុង​យុគ្គ​សម័យ​ថ្មី។

រូបឯកសារ៖ ពលរដ្ឋស្វាគមន៍មេបញ្ជាការរបស់​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនលោក Shao Shuguang ពេលសំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋស្វាគមន៍មេបញ្ជាការរបស់​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនលោក Shao Shuguang ពេលសំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល លោក កៅ ស៊ីវឈឹង នាយ​រង​សេនា​ធិការ​ តំបន់​ភាគ​ខាង​ត្បូង​នៃ​កង​ទ័ព​រំ​ដោះ​ប្រជា​ជន​ចិន​ បាន​លើក​ឡើង​ថា ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​នាគ​មាស​ឆ្នាំ​ ២០២៤​ នេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន-កម្ពុជាកាន់​តែ​រឹង​មាំ​ស៊ី​ជម្រៅ​ថែម​ទៀត​ ជា​ពិសេស​នោះ​វិស័យ​ការពារ​ជា​តិ​នៃ​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​នៃ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ​បង្កើន​ការ​យល់​ដឹង​ និង​វិធី​សាស្ត្រ​ផ្សេងៗ។

សមយុទ្ធ​យោធា​ជើង​ទឹក​នេះ កើត​ឡើង​ ស្រប​ពេល​កងទ័ព​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។ ​ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។

សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ក្នុង​ដែន​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ​និង​សម​យុទ្ធ​ដី​គោក​ នៅ​ឯមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​នា​ភ្នំ​ជុំ​សែន​រីក​រាយ​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ដែល​គម្រោង​នឹង​បញ្ចប់ ​នា​ថ្ងៃ​ទី ​៣០​ ខែ​ឧសភា​ខាង​មុខ​នេះ មាន​កម្លាំ​ង​ទ័ព​ចូល​រួម​សរុប​ជាង ​២.០០០​ នាក់​ ក្នុង​នោះ​កង​ទ័ព​កម្ពុជា​ចំនួន​ ១.៣១៥ ​នាក់ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​មាន​ចំនួន ​៧៦០ ​នាក់​ បំពាក់​ទៅ​ដោយ​គ្រឿង​យុទ្ធោប​ករណ៍​ មាន​រថក្រោះ ​រថ​ពាស​ដែក​ យន្ត​យុទ្ធ​គ្រប់​ប្រភេទ​ នាវា ឧទ្ធម្ភាគ​ចក្រ ដ្រូន បរិក្ខារ​ស៊ើប​ការ​ បរិក្ខារ​ពេទ្យ​សង្គ្រោះ ​បរិក្ខារ​បោស​សម្អាត​ជាតិ​ផ្ទុះ ​បរិក្ខារ​បន្សាប​ជាតិ​ពុល​ គីមី និង​បរិក្ខារ​បញ្ជូន​សារ​ជា​ច្រើន​មុខ​ទៀត។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

រូបឯកសារ៖ កងនាវិក​របស់​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនលើកដៃ​ ពេលនាវាសំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ កងនាវិក​របស់​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនលើកដៃ​ ពេលនាវាសំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

លោក ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ ​ថា៖ «សម​យុទ្ធនេះ​បាន​ផ្ដល់​សារៈ​សំខាន់​ដល់​ការ​លើក​កម្ពស់​សមត្ថភាព និង​ការ​យល់​ដឹង​បន្ថែម​ដល់​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​ការ​បង្ហាញ​សមត្ថភាព ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក បង្កើន​ការ​យល់​ដឹង​ពី​បញ្ហា​ចម្រុះនិង​នីតិវិធី​ប្រតិប​ត្តិកា​រចម្រុះ យុទ្ធោបក​រណ៍ បច្ចេក​ទេស និងជំនាញថ្មីៗ» ។

សាស្ត្រាចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ សមយុទ្ធ​យោធា​រវាង​កម្ពុជា​និង​ចិន​គឺជា​រឿង​ល្អ​ដែល​លោក​ថា​សមយុទ្ធ​នេះ​អាច​ជួយ​ដល់​ការ​ពង្រឹង​សមត្ថភាព​កង​ទ័ព​ លើក​មុខ​មាត់​របស់​កម្ពុជា និង​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់។ ទោះជា​យ៉ាង​ណា លោក​សោក​ស្តាយ​ដែល​កម្ពុជា​មិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​លោក​ខាង​លិច​ដូច​ជា​សហរដ្ឋ​អាមេរិក។

គួរ​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ចិន ​ហើយ​កម្ពុជា​បាន​សម្រេច​លុប​ចោល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា​ «ឆ្មាំ​អង្គរ» ​ជាមួយ​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក្រោម​ហេតុផល​ថា​កាល​នោះ​កម្ពុជា​មមាញឹក​ជាមួយ​ការ​បង្ក្រាប​គ្រឿង​ញៀន ​និង​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​ធ្វើ​សមយុទ្ធ​ជា​មួយ​គ្នា​សាជា​ថ្មី​ឡើយ​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG