រដ្ឋាភិបាលកម្ពុជាបានកោតសរសើរកិច្ចការងារទំនាក់ទំនងកម្ពុជា និងចិនកន្លងមក ក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ដែលនឹងត្រូវបញ្ចប់អាណត្តិរបស់លោកនាពេលខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្ដីនិងខ្លឹមសារនៃជំនួបរបស់លោក វ៉ាង វិនធាន ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងជំនួបថ្លែងអំណរគុណ និងជម្រាបលា កាលពីថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានសរសើរចំពោះបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន ដែលលោកថាបានពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
នៅចំពោះមុខលោក ហ៊ុន ម៉ាណែត ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
បន្ទាប់ពីបញ្ចប់ជំនួបនេះ លោក ហ៊ុន ម៉ាណែត និងឯកឧត្តមឯកអគ្គរដ្ឋទូតចិនក៏បានធ្វើជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ផ្លូវជាតិលេខ ១ ទៅផ្លូវជាតិលេខ ៤ ថាជា «មហាវិថីស៊ី ជីនពីង» ដែលជាឈ្មោះរបស់ប្រធានាធិបតីចិន។
ចំណែកកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្នុងជំនួបជម្រាបលាជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានសរសើរនិងអរគុណចំពោះកិច្ចការងាររបស់លោក វ៉ាង វិនធាន ដែលបានចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជានិងចិន ក្នុងរយៈពេលលោកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត ៦ ឆ្នាំ គឺចាប់តាំងពីចុងឆ្នាំ ២០១៨ មក។
លោក ហ៊ុន សែន លើកឡើងថា៖ «ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ»។
ជាមួយគ្នានេះ ស្ថានទូតចិនបានឱ្យដឹងថាទំនាក់ទំនងកម្ពុជានិងចិនសម្រេចបាននូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ។ ស្ថានទូតចិនបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបង្ហោះលើហ្វេសប៊ុករបស់ស្ថានទូតកាលពីថ្ងៃអង្គារថា៖ «ចំណងមិត្តភាពរវាងកម្ពុជា-ចិននឹងត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ និងឋិតថេរជាអមតៈ»។
ភាគីកម្ពុជានិងចិនបានបញ្ជាក់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈ «ល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន»។
ក្នុងអាណត្តិរបស់លោក វ៉ាង វិនធាន រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានសម្រេចនូវសមិទ្ធផល ដូចជាពហុកីឡាដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ទំនាក់ទំនងកម្ពុជានិងចិនមានភាពល្អប្រសើរ និងឈរនៅលើគោលនយោបាយគាំទ្រគ្នាទៅវិញទៅមក។ លោកបន្ថែមថា កម្ពុជាគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសលោកសេរីផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ប្រទេសកម្ពុជាក៏អាចយកដែលហៅថាភាពល្អនៃទំនាក់ទំនងកម្ពុជាចិននេះឆ្លុះទៅនឹងទំនាក់ទំនងកម្ពុជាអាមេរិកផងដែរឱ្យមានតុល្យភាពគ្នាឡើងវិញ»។
បើតាមលោក ឯម សុវណ្ណារ៉ា សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានស្នើឱ្យភាគីកម្ពុជាគោរពតាមកាតព្វកិច្ច ដែលខ្លួនបានចុះហត្ថលេខាដូចមានចែងនៅក្នុងសន្ធិសញ្ញានានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សប្រជាធិបតេយ្យ ដោយសារកន្លងមកកម្ពុជាមិនទាន់បានឆ្លើយតបពេញលេញទៅលើបញ្ហានេះ។ ដូច្នេះលោកថា ទំនាក់ទំនងកម្ពុជាជាមួយលោកខាងលិចហាក់មានភាពតាងតឹងនៅឡើយ៕
វេទិកាបញ្ចេញមតិ