ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ស្នើឱ្យ​កម្ពុជា​បើក​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល


ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ជួបពិភាក្សាគ្នា​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ជួបពិភាក្សាគ្នា​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​អតីត​នាយក​រដ្ឋមន្រ្តី​ លោក ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​លោក ​Dominic Williams ​បាន​ស្នើ​ឱ្យ​កម្ពុជា​បើក​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល។​

បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ​ឯកអគ្គ​រាជទូត​អង់គ្លេស​បាន​ពិភាក្សា​ប្រធាន​បទ​ជា​ច្រើន​ជាមួយ​លោក ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​រួម​មាន​ទាំង​បញ្ហា​គោល​នយោបាយ​ការ​បរទេស​សំខាន់ៗ ​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​និង​ឱកាស ​ដើម្បី​បង្កើន​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ។​

ស្ថានទូត​អង់គ្លេស​បញ្ជាក់​ថា៖​ «ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា ​ឯកឧត្ដម​ឯកអគ្គ​រាជទូត​ក៏​បាន​បង្ហាញ​ពី​ជំនឿ​របស់​ចក្រភព​អង់គ្លេស​ផង​ដែរ​ដែល​ថា​ ការ​ធានា​ឱ្យ​មាន​លំហ​សម្រាប់​សង្គម​ស៊ីវិល​និង​មតិ​ចម្រុះ​នៅ​ក្នុង​កិច្ច​សន្ទនា​នយោបាយ​គឺ​ជា​រឿង​ចាំបាច់។ ​ ឯកឧត្ដម​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ចក្រភព​អង់គ្លេស​លើ​ការ​ជួញ​ដូរ​មនុស្ស ​ពលកម្ម​ ដោយ​បង្ខំ​និង​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។​

លោក ​ហ៊ុន សែន ​មិន​បង្ហាញ​សារ​ថា​ តើ​លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកអគ្គ​រាជទូត​អង់គ្លេស​ ពាក់ព័ន្ធ​នឹង​ការ​ចង់​ឃើញ​ការ​បើក​លំហ​នយោបាយ ​និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងណា​នោះ​ទេ។​

ប៉ុន្តែ​លោក​បាន​បង្ហោះ​ខ្លឹមសារ​មួយ​ចំនួន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ ​លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ឯកអគ្គ​រាជទូត​អង់គ្លេស​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី ​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​លើ​វិស័យ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ឱ្យ​មាន​ការ​កើន​ឡើង។​

លោក​ ហ៊ុន សែន ​និង​ឯកអគ្គ​រាជទូត​អង់គ្លេស​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​សភាព​ការណ៍​នៅ​មីយ៉ាន់ម៉ា ​ដំណោះ​ស្រាយ ​និង​វិបត្តិ​នៅ​រុស្ស៊ី ​និង​អ៊ុយក្រែន ​សភាព​ការណ៍​នៅ​មជ្ឈឹម​បូព៌ា ​និង​ពិភាក្សា​ពី​សភាព​ការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​ នេះ​បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន។​

លោក ​ហ៊ុន សែន ​ក៏​បាន​ស្នើ​ឱ្យ​អង់គ្លេស​ជួយ​កម្ពុជា​ក្នុង​បញ្ហា​អធិការ​កិច្ច​ ដោយ​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស ​ក៏​ដូចជា​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់​គ្រង​អំពើ​អសកម្ម​ផ្សេងៗ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ម៉ម ប៊ុននាង ​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​បាន​នៅ​ឡើយ​ទេ។​

លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​លោក​ឱ្យ​សួរ​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​វិញ។​

ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ ​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ ​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ​លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា ​គណបក្ស​កម្លាំង​ជាតិ​សាទរ​ចំពោះ​សំណើ​របស់​ឯកអគ្គ​រាជទូត​អង់គ្លេស​សុំឱ្យ​បើក​លំហ​សេរីភាព​នយោបាយ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​បញ្ហា​ទាំង​នេះ ​ពីព្រោះ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ក្នុង​ឆ្នាំ​ ២០១៧ ​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​តែង​តែ​ជួប​ជាមួយ​មេ​ដឹកនាំ​កម្ពុជា ​ហើយ​ពិភាក្សា​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​និង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ប្រទេស។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​បាន​ជា​អង្គទូត​ ក៏​ដូចជា​អន្តរ​ជាតិ​តែង​តែ​ជួប​នូវ​ថ្នាក់​មេ​ដឹកនាំ​កម្ពុជា ​តែង​តែ​លើក​ឡើង​អំពី​ឱ្យ​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ​នូវ​ការ​បើក​លំហ​សេរីភាព​ ក៏​ដូចជា​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

លោក ​រ៉ុង ឈុន ​ក៏​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​មេ​ដឹកនាំ​គណបក្ស​នយោបាយ ​មេ​ដឹកនាំ​សហជីព​ និង​សកម្ម​ជន​សង្គម​រួមមាន​ លោក ​ស៊ុន ចន្ធី ​លោក ​ថាច់ សេដ្ឋា ​កញ្ញា ​សេង ធារី ​កញ្ញា ​ឈឹម ស៊ីថរ​ និង​លោក​ កើត សារ៉ាយ ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

លោក​ គង់ មុនីកា ​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ យល់​ឃើញ​ថា​ ការ​លើក​ឡើង​របស់​ឯកអគ្គ​រាជទូត​អង់គ្លេស​ទៅ​កាន់​លោក​ ហ៊ុន សែន ​គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​ «ខ្ញុំ​គិត​ថា ​វា​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ដែល​ប្រកាន់​របប​ប្រជា​ធិបតេយ្យ ​សេរី​ ពហុបក្ស​ ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ក៏​ដូចជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ យើង​ត្រូវ​ការ​នូវ​លំហ​ប្រជា​ធិបតេយ្យ ​លំហ​នយោបាយ​ឱ្យ​បាន​ទូលំទូលាយ​ជាង​បច្ចុប្បន្ន»។​

ជុំវិញ​ការ​បន្ត​ចាប់​ខ្លួន ​និង​ការ​គំរាម​កំហែង​សកម្ម​ជន​របស់​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក ​គង់ មុនីកា ​ថ្លែង​ថា​ វា​បាន​ជះ​ឥទ្ធិពល​មួយ​ចំនួន​ទៅ​ដល់​ដំណើរ​ការ​បោះឆ្នោត​ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ ដែល​ធ្វើ​ឱ្យ​អង្គ​បោះឆ្នោត​ទាំង​នោះ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​មណ្ឌល​បោះ​ឆ្នោត​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​សុំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​សូម​មេត្តា​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ដែល​មាន​ដល់​សកម្ម​ជន​នយោបាយ​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​គឺ​គណបក្ស​ភ្លើងទៀន​ គណបក្ស​ឆន្ទៈខ្មែរ​ និង​គណបក្ស​ដទៃ​ទៀត​ដែល​ទទួល​បាន​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​យើង​យល់​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ»។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​នី សុខា ​ប្រាប់​វីអូអេ​ថា ​ការ​លើក​ឡើង​របស់​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​នយោបាយ ​និង​សិទ្ធិ​មនុស្ស​គឺ​ជា​រឿង​ដែល​ល្អ​ប្រសើរ​មួយ ​ពីព្រោះ​កន្លង​ទៅ​បណ្តា​អង្គទូត​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ក៏​បាន​ស្នើ​ដូច​គ្នា​មក​រដ្ឋាភិបាល​កម្ពុជា។ ​លោក​ថា​ អង់គ្លេស​ចង់​ឱ្យ​កម្ពុជា​មាន​ការ​គោរព​ចំពោះ​ស្មារតី​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ​ក៏​ដូចជា​កាតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ផ្សេងៗ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។​

លោក​ថ្លែង​ថា៖ ​«ពីព្រោះ​ថា​ សម្រាប់​យើង​មើល​ឃើញ​ថា​ មក​ដល់​ពេល​នេះ​សម្រាប់​កម្ពុជា​ល្មម​ដល់​ពេល​នៅ​ក្នុង​ការ​ដែល​ត្រូវ​ធ្វើការ​ពិចារណា​ហើយ។ ​បើ​មិន​អ៊ីចឹង​ទេ​ វា​អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់ ​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយ​នឹង​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេងៗ​ ពិសេស​ដូចជា​សហគមន៍​អឺរ៉ុប​ ឬ​សហ​រដ្ឋ​អាមេរិក​អី​ផ្សេងៗ»។​

បើ​តាម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ ​របាយ​ការណ៍​ជាតិ​និង​អន្តរជាតិ​ក៏​ដូចជា​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​លើក​ឡើង​ថា​ សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត ​និង​គំរាម​កំហែង ​ដោយ​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​សង្គម ​ សកម្ម​ជន​នយោបាយ​ និង​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ជាដើម។​

លោក ​នី សុខា ​ក៏​ជំរុញ​រដ្ឋាភិបាល​ឱ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ​ដោយ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់ ​ដើម្បី​ធានា​ថា ​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​អាច​មាន​ភាព​ប្រសើរ​ឡើង៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG