ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនយោបាយ​ជំទាស់​ថា ទស្សនកិច្ច​លោក Lloyd Austin គឺ​ដើម្បី​ពិនិត្យ​ពី​ភាព​មិន​លម្អៀង​កម្ពុជា


រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិភាក្សា​គ្នា​ក្នុង​ជំនួប​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (Ministry of Information/Handout via REUTERS)
រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិភាក្សា​គ្នា​ក្នុង​ជំនួប​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ (Ministry of Information/Handout via REUTERS)

បន្ទាប់​ពី​ប្រមុខ​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក ​ឡយ ​អូស្ទីន​ (Lloyd Austin) បាន​មក​ជួប​ពិភាក្សា​ទេ្វភាគី​មួយ​ចំនួន​ជា​មួយ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​សម្ពន្ធ​មិត្ត​ស្អិត​រមួត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក្រុម​គណបក្ស​ជំទាស់​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ថ្លឹង​ថ្លែង​ថា​ កម្ពុជា​ពិត​ជា​បាន​ដើរ​តាម​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ មិន​លម្អៀង​ទៅ​រក​មហា​អំណាច​ណា​មួយ​ក្នុង​ភូមិសាស្រ្ត​នយោបាយ ​ឬយ៉ាងណា។​

ទស្សនកិច្ច​របស់​លោក ឡយ ​អូស្ទីន​ មក​កាន់កម្ពុជា កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បិទ​បញ្ចប់​សមយុទ្ធជើងទឹក​ «​នាគ​មាស​ ឆ្នាំ២០២៤» ដែល​ជា​លំហាត់​កងទ័ព​ប្រចាំ​ឆ្នាំរបស់​ប្រទេស​កម្ពុជា​ និង​ចិន​ដែល​បាន​ជួយ​កម្ពុជា​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ពជើង​ទឹក​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​។

លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី​ដែល​ទើប​តែ​បង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា វត្តមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​មក​កម្ពុជា​នេះ ព្រោះ​អាមេរិក​ចង់​ឃើញ​កម្ពុជា​ដើរ​តាម​របប​លទ្ធិប្រជាធិបតេយ្យ​ មិន​លំអៀង​ទៅ​មហា​អំណាច​ណា​មួយ​ក្នុង​ភូមិសាស្រ្ត​នយោបាយ។

លោក​ថ្លែងថា​៖ «អ្វី​ដែល​សហរដ្ឋ​អាមេរិក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ខ្ញុំ​មើល​ឃើញ​ទាក់ទង​ទៅ​ហ្នឹង​ភូមិសាស្ត្រ​នយោបាយ​ នៃ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​មហា​អំណាច​យក្ស​កុំម្មនីស​ចិន​ ទៅ​នឹង​មហា​អំណាច​លោក​សេរី​របស់​សហរដ្ឋ​អាមេរិក​។ ចំពោះ​ភូមិសាស្រ្ត​នយោបាយ​ថា តើ​កម្ពុជា​ពិត​ជា​ទទួល​ថា​ជា​ រដ្ឋ​ឯករាជ្យ​អព្យាក្រឹត្យ​គោរព​បូរណភាព​ទឹកដី​ហើយ​ឬ​នៅ ... អ្វី​ដែល​អាមេរិ​កចង់​បាន​គឺ ចង់​ឃើញ​កម្ពុជា​ឈរនៅ​ក្នុង​ជំហ​អព្យាក្រឹត្យ​មួយ​ដែល​មិន​លំអៀង​»។

លោក​បន្ថែមថា ​កម្ពុជា​ជា​ប្រទេស​ដែល​កើត​ចេញ​ពី​ការ​អនុលោម​នៃ​សន្តិសញ្ញា​ទីក្រុង​ប៉ារីស ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក Lloyd Austin ​មក​កម្ពុជា​ គឺ​ដោយ​សារតែ​អាមេរិក​ជា​ប្រទេស​ចុះ​ហត្ថលេខី​លើ​កិច្ច​ព្រម​ព្រៀង​សន្តិសញ្ញា​ទីក្រុង​ប៉ារីស​ ​ព្រួយ​បារម្ភ​ ខ្លាច​កម្ពុជា​មាន​ភាព​លំអៀង​ទៅ​លើ​មហា​អំណាច​ចិន​ ដែល​វា​អាច​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញកម្ពុជា ​ដែលបាន​ធានា​និង​ការ​ពារ​មិន​ឱ្យ​រដ្ឋ​បរទេស​ណា​រំលោភ​បំពាន​អធិបតេយ្យភាព​ខ្លួន​។

លោក​យល់ថា៖ «ជា​រួម​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា​ត្រូវ​ឈរ​ក្នុង​ជំហ​អព្យាក្រឹត្យ​ដែល​មិន​លំអៀង​ទៅ​រក​មហា​អំណាច​ណា​មួយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ផ្ទុយ​ពី​ការ​ដែល​យើង​បាន​ធ្វើ​សន្តិសញ្ញា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ តុលា ឆ្នាំ ​១៩៩១។ អាហ្នឹង​ជា​ចំណុច​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា​នឹង​ងាយ​ធ្លាក់​ក្នុង​ជម្រាល​រអិល​នៃ​វិបត្តិ​ភូមិ​សាស្រ្ត​នយោបាយ​ ប្រសិន​ជា​កម្ពុជា​មិន​បង្កើន​ទំនាក់ទំនង​គ្មាន​មិត្ត​ គ្មាន​សត្រូវនៃ​នយោបាយ​ការ​ទូត​ នោះ​កម្ពុជា​នឹង​បាន​ផល​ល្អ​សម្រាប់​ការ​ពង្រីក​ កសាង​ខឿន​សេដ្ឋកិច្ច​»។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​ ក៏​លើក​ឡើង​ដំណើរ​ទស្សនកិច្ច​របស់​អាមេរិក​កម្ពុជា ជា​រឿង​មួយ​ល្អ​ដែល​អាមេរិក​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​កម្ពុជា ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ប្រទេស​កម្ពុជា​មាន​ភាព​អព្យាក្រឹត្យ​ គោរព​លទ្ធិប្រជាធិបតេយ្យ​ រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ដោយ​មិន​លម្អៀង ហើយ​ក៏​ជា​ការ​ប្រឹង​ប្រែង​ការទូត​មួយ​ ដែល​អាមេរិក​ចង់​ឱ្យ​កម្ពុជា​នៅ​កណ្តាល ​និង​ធ្វើ​ឱ្យមាន​តុល្យាភាព​រវាង​ចិន​ និង​អាមេរិក។​

លោក​ថា៖ «សំខាន់​សហរដ្ឋ​អាមេរិក​នៅ​តែ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យាភាព​រវាងប្រទេស​ចិន និង អាមេរិក ចំពោះ​កម្ពុជា ព្រោះ​កន្លង​មក​យើង​ដឹង​ហើយ​ថា​រង​ការ​ចោទ​ប្រកាន់​ពី​ខាង​លោក​លិចពី​រឿង​សមុទ្រ​រាម​ មូលដ្ឋាន​ទ័ព​ចិន​អី​ជា​ដើម។ អ៊ីចឹង​ទាំង​សារព័ត៌មាន​សហរដ្ឋ​អាមេរិក​ទាំង​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ហ្នឹង​មាន​ការ​សង្ស័យ​ចំពោះ​និន្នាការ​ដែល​ងាក​ទៅ​រក​ចិន​រឿង​ទ័ព​រឿង​អីហ្នឹង»។

លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​សារទ​ចំពោះ​វត្តមាន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា ដោយ​លោក​ថា​ ជា​ការ​បង្កើន​ទំនាក់​ទំនង​ការទូត​ជា​មួយ​កម្ពុជា​ អាច​នឹង​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​តំបន់​រាម​ដែល​អន្តរជាតិ​តែងតែ​មាន​ការ​សង្ស័យ​ច្រើន​រវាង​កម្ពុជា និង​ចិន។ លោក​ថា កម្ពុជា​នៅ​តែអាច​មាន​កិច្ចសហ​ប្រតិបត្តិការ​ជា​មួយ​អាមេរិក ប្រសិន​បើ​កម្ពុជាប្រកាន់​ជំហ​គោរព​តាម​ លទ្ធិប្រជា​ធិបតេយ្យ​ បូក​រួម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

លោក​ប្រាប់​វីអូអេថា​៖ «ប៉ុន្តែ​យើង​[កម្ពុជា]មិន​បាន​បង្ហាញ​ជំហ​ឱ្យ​ជាក់​លាក់​ច្បាស់​លាស់​ទាក់​ទង​ទៅ​នឹង​រឿង​តំបន់​រាម​ក្តី លទ្ធិប្រជា​ធិបតេយ្យ អាហ្នឹង​គេ​នឹង​នៅ​ពិចារណា​ឱ្យ​យើង​ធ្វើ​ការ​កែ​លម្អ​ ដោយ​បង្ហាញ​ជំហ​ជាក់លាក់​មុន​នឹង​គេ​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ឬ​គេ​ជួយ​កម្ពុជា​យើង​បន្ត​ទៀត​បាទ»។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin មក​កម្ពុជា​នេះ ហាក់​មាន​ការ​ថ្លឹង​ថ្លែង​ពី​ជំហ​កម្ពុជា​កន្លង​មក​ ហាក់​បី​មិន​ហុច​ផល​ហើយ​រិត​តែ​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ទំនាក់​ទំនង​ជិត​ដិត​ជា​មួយ​ចិន​ខ្លាំង​ជាង​មុន។ ប៉ុន្តែ​លោក​ថា ដំណើរ​ទស្សនកិច្ច​នេះ​ អាមេរិក​ក៏​នៅ​តែ​ផ្តល់​ផល​ប្រយោជន៍​មួយ​ចំនួន​មក​កម្ពុជា​ផង​ដែរ។

លោក​ថ្លែងថា៖ «​ខ្ញុំ​គិត​ថា ដំណើរ​ទស្សនកិច្ច​កម្ពុជា-អាមេរិក​នេះ​ ប្រហែល​ជា​អាច​នឹង​ផ្តល់​ជូន​នូវ​លទ្ធភាព​មួយ​ចំនួន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដូច​ជា​ ការ​ជំរុញ​ឱ្យ​មាន​ ការ​បង្កើត​ឱកាស​ផ្នែក​អប់រំ​ក៏​ដូច​ជា​ ផ្តល់អាហាររូបករណ៍​ ក៏​ដូច​ការ​បណ្តុះ​បណ្តាល​ផ្នែក​យោធា​ ក៏​ជា​ក្នុង​វិស័យ​ស៊ីវិល​ជា​ដើម។ ប្រហែល​ជា​អាមេរិក​គាត់​នឹង​ផ្តល់​ជំនួយ​ដល់​វិស័យ​ចាំបាច់​ដូច​ជា​ ការ​បម្រែបម្រួល​អាកាស​ធាតុ​ឱកាស​ការងារ​នៅ​ក្នុង​វិស័យ​បៃតង​ក៏​ដូច​ជា​ ការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ»។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អាមេរិក ដរាប​ណា​អាមេរិក​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​របប​នយោបាយ​របស់​ខ្លួន​។

លោក​ថា៖« ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អាមេរិក​ក្នុង​ក្រម​សន្តិសុខ​ និង​ក្រម​ខណ្ឌ​នានា។ ប៉ុន្តែ​បើ​សិន​ជា​ រដ្ឋាភិបាលបច្ចុប្បន្ន​មើល​ឃើញ​ថា អាមេរិក​នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក៏​ដូច​ជា បើក​លម្ហ​នយោបាយ​ឱ្យ​កាន់​តែ​ខ្លាំង​ដែល​ប៉ះពាល់​ដល់​ហានិភ័យ​ ដល់​របប​នយោបាយ​របស់​ខ្លួន​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ប្រហែល​ជា​ អាច​មិន​សហការ​ទេ»។

លោក​ឱ្យ​ដឹង​ទៀតថា បើ​ទោះបី​ជា​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អាមេរិក​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​ចិន​ដដែល​ដោយ​មិន​អាច​កាត់​ផ្តាច់​បាន​ ព្រោះ​ជំនួយ​និង​កិច្ច​សហប្រតិបត្តិការ​ជិត​ដិត​កម្ពុជា-ចិន​ ជា​កត្តា​មួយ​ធ្វើ​ឱ្យ​របប​នយោបាយ​បច្ចុប្បន្ន​អាច​រស់រាន​មាន​ជីវិត​បាន​ និង​តទល់​ជា​មួយ​ហានិភ័យ​នានា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ តាម​លទ្ធផល​ជំនួប​ពិភាក្សា​ការងារ​ រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក ទៀ សីហា និង​ លោក Lloyd Austin​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បង្ហាញ​ថា លោក​Lloyd Austinបង្ហាញ​ពី​ជំហរ​បន្ត​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​- អាមេរិក​ ដែល​បាន​ថមថយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ឈរ​លើ​ស្មារតី​បង្កើន​ជំនឿ​ទុកចិត្ត​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​ចំណែក​លើក​កម្ពស់​សន្តិភាព​ សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍ​។

ចំណែក​ឯ​លោក​ ទៀ សីហា លើក​ឡើង​ថា រាជរដ្ឋាភិបាល​នីតិកាល​ ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារជាតិ​ ជា​ការងារ​អាទិភាព​។ ក្នុង​ន័យ​នេះ​ លោក​បាន​សំណូមពរ​ លោក Lloyd Austin បន្ត​ពង្រឹង​លើក​កម្ពស់​ក្រុម​កិច្ចសន្ទនា​គោល​នយោបាយ​ការ​ពារជាតិ​ ក្រុម​ពិភាក្សា​ទ្វេភាគី ការពារជាតិ និង​ក្រុម​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ ធ្វើ​ការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ឡើង​វិញ​ជា​មួយ​ភាគី​អាមេរិក​ ក្នុង​ការ​រៀបចំ​គោល​នយោបាយ​ ផែនការ​សកម្មភាព​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​យោធា​កម្ពុជា​-អាមេរិក​ ដោយ​ផ្តោត​លើ​ កិច្ច​សន្ទនា​គោល​នយោបាយ​ និង​ពិគ្រោះ​យោបល់​, ការ​កសាង​សមត្ថភាព​យោធិន​, ប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​កិច្ច​ សហ​ប្រតិបត្តិការ​ជំនាញ​កងទ័ព​ជើង​គោក​ ជើងទឹក ជើង​អាកាស​ប្រទេស​ទាំង​ពីរ​កម្ពុជា-អាមេរិក​។

លោក ទៀ សីហា និងលោក Lloyd Austin បាន​បង្ហាញ​ជំហរ​រួមគ្នា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-អាមេរិក​ឡើង​វិញ​ តាម​រយៈ​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​, ប្រតិបត្តិការ​រក្សា​សន្តិភាព«លើក​កម្ពស់​ការ​ចូល​រួម​កង​កម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​(យេនឌ័រ) ជួយ​ហ្វឹក​ហ្វឺន​កង​រក្សា​សន្តិភាព​, ការ​ បោស​សំអាត​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​», ការ​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​ជំនាញ​ទ័ព​ជើង​គោក​ ជើង​ទឹក ជើងអាកាស នៅ​សាលា West Point សហរដ្ឋ​អាមេរិក​ និង​ការ​បណ្តុះ​បណ្តាល​វគ្គ​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ​។

លោករដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​ក៏​បាន​សរសើរ​អំពី​ជំនាញ​បោស​សម្អាត​មីន​របស់​កង​ទ័ព​កម្ពុជា​ និង​មាន​ជំនឿ​ជាក់​ថា​ សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​នឹង​បន្ត​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​បោស​សម្អាត​មីន​នេះ​បន្ថែម​ទៀត​ ហើយ​ក៏​បាន​គូស​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្ដូរ​នូវ​កិច្ច​ពិគ្រោះ​យោបល់​និង​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ររវាង​កម្ពុជា​ និង​សហ​រដ្ឋអាមេរិក​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ទៀត​ រវាង​ប្រទេស​ទាំង​ពីរ​។

លោក​នាយករដ្ឋ​មន្រ្តី​ លោក ហ៊ុន ម៉ាណែត ដែលបាន​ទទួលជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ផង​នោះ​ ជឿជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់លោក​រដ្ឋមន្រ្តី​ការ​ពារ​ជាតិអាមេរិក​នឹង​ផ្ដល់​នូវ​កាលានុវត្ត​ភាព​ថ្មី​ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​រួម​មាន​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ការជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម​ ព្រម​ទាំង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដើម្បី​ចូល​រួម​ក្នុង​ការ​កសាង​សន្តិភាព​ ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ ក៏​ដូច​ជា​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ និង ពិភាក្សា​គ្នា​អំពី​យន្តការ​នានា​សំដៅ​រៀបចំ​កិច្ច​សហ​ប្រតិបត្តិការ​ឡើង​វិញ​លើ​វិស័យ​មួយ​ចំនួន​ ដូច​ជា​ការ​ផ្លាស់​ប្ដូរ​និស្សិត​ផ្នែក​កងទ័ពរ​វាង​ប្រទេស​ទាំង​ពីរ​ និង​ ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កង​ទ័ព​កម្ពុជា​-សហ​រដ្ឋអាមេរិក។

គួររំឭក​ថា កាល​ពីឆ្នាំ ២០២២​ គឺ​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន សហរដ្ឋ​អាមេរិក​ និងអាស៊ាន​ បាន​សម្រេច​ដំឡើង​ទំនាក់ទំនង​ដល់​ កម្រិត​ដៃគូ​យុត្តិសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ប្រទេស​ទាំង១០​នៅ​អាស៊ាន​រួម​ទាំង​កម្ពុជាបន្ត​ ឬ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ ក្នុង​នោះ​មាន​ទាំង​វិស័យ​យោធា​និង​សន្តិសុខ​ ដែល​ជា​ក្តី​បារម្ភ​មួយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហិ្វក​ជា​តំបន់​អាមេរិក​ចាត់ទុកថា​ជា​អាទិភាព៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG