ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ដាក់​​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ជា​ឈ្មោះ​ប្រធានាធិបតី​ចិន«ស៊ី ជីនពីង» ខណៈ​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian ឈរ​ក្នុងពិធី​សម្ពោធជានិមិត្តរូបក្នុងការប្រសិទ្ធនាមផ្លូវ «មហាវិថី ស៊ី ជីនពីង» រាជធានីភ្នំពេះ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Chinese Embassy in Cambodia)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian ឈរ​ក្នុងពិធី​សម្ពោធជានិមិត្តរូបក្នុងការប្រសិទ្ធនាមផ្លូវ «មហាវិថី ស៊ី ជីនពីង» រាជធានីភ្នំពេះ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Chinese Embassy in Cambodia)

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រសិទ្ធ​នាម ឬ​ដាក់​ឈ្មោះ​កំណាត់​ផ្លូវ​មួយ​ខ្សែ ជា «មហាវិថីស៊ី ជីន​ពីង» ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន។ នេះ​បើ​តាម​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន។

តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​សាធារ​ណការ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត និង​លោក​ Wang Wentian អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដែល​ជិត​ចប់​អាណត្តិ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​និមិត្ត​រូបក្នុង​ការ​ប្រសិទ្ធ​នាម​ផ្លូវ​ប្រវែង​ជាង ​៥០ ​គីឡូ​ម៉ែត្រ ជា ​«មហាវិថី ស៊ី ជីន​ពីង» កាល​ពី​ថ្ងៃ​ទី ​២៨​ ខែ​ឧសភា។

បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ពិធី​ប្រសិទ្ធ​នាម​នោះ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជំរុញពី​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ចូល​ដល់ «សម័យកាល​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ»។

សារ​បញ្ជាក់​ថា៖ «ដើម្បី​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ឯកឧត្តម​ប្រធានា​ធិបតី​ចិន ដែល​លោក​តែង​រួម​ចំណែក​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រសិទ្ធនាម ​«មហាវិថី ស៊ី ជីនពីង»។

កំណាត់​ផ្លូវ​ប្រវែង​ជាង ​៥០ គីឡូ​ម៉ែត្រ ដែល​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ១ ​ក្នុង​ខេត្ត​កណ្តាល មក​ផ្លូវ​ជាតិ​លេខ ​៤ ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចំណាយ​ថវិកា​សាង​សង់​ប្រមាណ ​២៧០​ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញ​ប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ក្រសួង​សាធារណ​ការ។

នេះ​ជា​មហាវិថី​មួយ​ទៀត​ដែល​កម្ពុជា​បាន​ប្រសិទ្ធនាម បន្ទាប់​ពី​មហាវិថី​ម៉ៅសេទុង ដែល​មាន​ស្រាប់​ក្នុង​រាជធានី​ភ្នំពេញ ដែល​អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ​បាន​ប្រោស​ព្រះ​រាជ​ទាន​ប្រសិទ្ធ​នាម កាល​ពី​ ៦០ ឆ្នាំ​មុន។

សារ​ដែល​បង្ហោះ​នៅ​លើ​ស្ថាន​ទូត​ចិន​បញ្ជាក់​ថា៖ «សម្ដេចធិបតី​បាន​ប្រសិទ្ធ​នាម​កំណាត់​ផ្លូវ​មួយ​ទៀត​ជា​«មហាវិថី ស៊ី ជីនពីង» បាន​ក្លាយ​ជា​មហា​ព្រឹត្តិ​ការណ៍​ដ៏សំខាន់​ថ្មី​មួយ​ទៀត ​ដែល​បាន​បង្ហាញ​ថា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​សាស្ត្រ​យូរអ​ង្វែង និង​ភាព​រឹងមាំ និង​ត្រូវ​បន្ត​ពី​អតីត​កាល និង​ជំរុញ​ឆ្ពោះ​ទៅ​កាន់​អនាគត​ថ្មី»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG