វាពិបាកក្នុងការព្យាករអ្វីនឹងកើតឡើងចំពោះប្រតិបត្តិការរបស់ក្រុមទាហានស៊ីឈ្នួល Wagner នៅអាហ្វ្រិក បន្ទាប់ពីការស្លាប់មេដឹកនាំលោក Yevgeny Prigozhin ដោយសារតែឥទ្ធិពលរបស់លោកនៅទ្វីបនេះក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅ។ នេះបើយោងតាមលោក Steven Gruzd ប្រធានផ្នែកគម្រោងអាហ្វ្រិករុស្ស៊ីប្រចាំវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូងនៅក្រុង Johannesburg។
លោក Gruzd ថ្លែងថា៖ «នឹងមានរយៈកាលមិនប្រាកដប្រជាមួយ នឹងមានការប្រជែងយកដំណែង និងការប្រមើលមើលថាតើអ្នកណាចង់ចូលគ្រប់គ្រងបន្ត។ ហើយក៏មានការពិភាក្សាអំពីរុស្ស៊ីដាក់ក្រុម Wagner ចូលក្នុងជួរយោធា ដោយយកក្រុមនេះចេញពីកណ្តាប់ដៃឯកជនផងដែរ»។
ប៉ុន្តែលោក Charles Bouessel ប្រចាំអង្គការដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group) បានប្រាប់វីអូអេថា សកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលនេះនៅអាហ្វ្រិកនឹងត្រូវបង្អាក់ ដោយសារតែទំនាក់ទំនងផ្សេងៗបង្កើតឡើងក្នុងពេលពីរបីឆ្នាំមកនេះដោយមេដឹកនាំក្រុមនេះ និងសហការីមួយចំនួន ដូចជា លោក Valery Chekalov និងលោក Dmitry Utkin ដែលបានស្លាប់ជាមួយគ្នានៅក្នុងហេតុការណ៍ធ្លាក់យន្តហោះថ្មីៗនេះ។
លោកថ្លែងថា៖ «លោក Prigozhin និងលោក Utkin ដឹងរឿងច្រើន ហើយពួកគេមានគ្រប់បណ្តាញទំនាក់ទំនងជាមួយនឹងរបបដឹកនាំនានានៅអាហ្វ្រិក ជាទីដែលក្រុម Wagner ធ្វើប្រតិបត្តិការ។ ដូច្នេះវាត្រូវការពេលវេលាសម្រាប់រុស្ស៊ីដើម្បីអាចចូលគ្រប់គ្រងបន្ត និងស្តារទំនាក់ទំនងឡើងវិញជាមួយបណ្តាប្រទេសទាំងនោះ»។
លោក Gruzd លើកឡើងថា ឥទ្ធិពលរបស់ក្រុមទាហានស៊ីឈ្នួល Wagner មានទូទាំងទ្វីបអាហ្វ្រិក។
«វត្តមានរបស់ក្រុម Wagner នៅអាហ្វ្រិកគឺមានទូលំទូលាយ។ មានការរាយការណ៍ថា ពួកគេមានទាហានរហូតដល់ជាង ៥.០០០នាក់នៅតាមប្រទេសផ្សេងៗ ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាលី ហើយមានទាហានតិចជាងនេះនៅលីប៊ីនិងស៊ូដង់។ សួម្បីតែគិតមកដល់ចុងសប្តាហ៍កន្លងទៅនេះ មើលទៅដូចជា នីហ្សេ និងប៊ូគីណាហ្វាសូ ដែលជាប្រទេសមានការធ្វើរដ្ឋប្រហារនៅអាហ្វ្រិកខាងលិចក្នុងតំបន់ Sahel គឺជា គោលដៅសម្រាប់ក្រុម Wagner»។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានចោទប្រកាន់ក្រុមទាហានស៊ីឈ្នួល Wagner ពីបទសម្លាប់រង្គាល រំលោភសេពសន្ទវៈ និងបំពានលើរាងកាយនៅម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយបានចាត់ទុកក្រុមនេះជា «បណ្តាញក្រុមឧក្រិដ្ឋជន»។
លោក Bouessel និយាយថា នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ពេលវេលានៅលឿនពេកក្នុងការវាយតម្លៃផលប៉ះពាល់នៃការស្លាប់របស់លោក Prigozhin ប៉ុន្តែវាសំខាន់ក្នុងការចងចាំពីតួនាទីរបស់ក្រុម Wagner ក្រោមមេដឹកនាំរូបនេះ។
«សាធារណរដ្ឋអាហ្វ្រិកកណ្តាលបានចុះកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ីនៅចុងឆ្នាំ ២០១៧។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលការមកដល់នៃក្រុមទាហានស៊ីឈ្នួល Wagner និងជំនួយពីសំណាក់ក្រុមទាហានស៊ីឈ្នួលនេះចំពោះប្រធានាធិបតី។ ចាប់តាំងពីពេលនោះមក ក្រុម Wagner បានបណ្តេញបារាំងដែលបានដាក់អាណានិគមចេញ និងធ្វើឱ្យបារាំងលែងមានសិទ្ធិធ្វើសេចក្តីសម្រេចនៅក្នុងប្រទេសនេះ។ ពួកគេក៏បានរារាំងមិនឱ្យក្រុមឧទ្ទាមវាយប្រហារទីក្រុងសាជាថ្មី ហើយបានធ្វើឱ្យក្រុមប្រដាប់អាវុធចុះខ្សោយ»។
លោក Bouessel កត់សម្គាល់ថានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រុម Wagner គ្រប់គ្រងអាជីវកម្មរ៉ែមាស និងពេជ្រ។ ពួកគេក៏មានវត្តមាននៅក្នុងវិស័យជំនួញឈើហ៊ុប និងភេសជ្ជៈផងដែរ។
លោកបណ្ឌិត Edgar Githua សាស្រ្តាចារ្យសាកលវិទ្យាល័យអន្តរជាតិសហរដ្ឋអាមេរិក (USIU) នៅក្រុងណៃរ៉ូប៊ី និងសាកលវិទ្យាល័យ Strathmore ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ សន្តិភាព និងជម្លោះ និយាយថា ការស្លាប់របស់លោក Prigozhin នឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ និងឥទ្ធិពលរបស់ក្រុម Wagner ដោយសារតែក្រុមនេះបានបាត់បង់បុគ្គលប្រកបដោយបុគ្គលិកលក្ខណៈអង់អាចមួយរូប។
«លោក Prigozhin គឺជាអ្នកនាំរំហូរហិរញ្ញវត្ថុឱ្យក្រុម Wagner។ លោកគឺជាបុគ្គលម្នាក់ដែលមានបណ្តាញទំនាក់ទំនងនៅក្រៅប្រទេស។ លោកគឺជាបុគ្គលដែលអាចរកកិច្ចសន្យាការងារនៅក្រៅប្រទេសបាន។ អ្វីៗអាស្រ័យលើរូបលោកតែម្នាក់។ លោក Prigozhin មានអំណាចច្រើននៅក្នុងជួរក្រុមទាហានស៊ីឈ្នួលនេះ ហើយការស្លាប់របស់លោកនឹងធ្វើឱ្យក្រុមនេះគ្មានគោលដៅមួយរយៈ»។
ការស្លាប់របស់លោក Prigozhin កើតឡើងប៉ុន្មានខែ បន្ទាប់ពីលោកបានធ្វើការបំបោរមិនទទួលបានជោគជ័យមួយប្រឆាំងនឹងមេបញ្ជាការយោធាកំពូលរបស់រុស្ស៊ី។ ក្រោយពីបរាជ័យនោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញសញ្ញាថា ប្រតិបត្តិការរបស់ក្រុម Wagner នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាលី នឹងមិនរងផលប៉ះពាល់នោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា