លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានលុបចោលសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាល ទាក់ទងនឹងការបញ្ជាឲ្យចាប់ខ្លួនឧកញ៉ាម្នាក់ គឺអ្នកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលកំពុងមានជម្លោះដីធ្លីជាមួយប្អូនស្រីបង្កើតរបស់លោក គឺអ្នកស្រី ហ៊ុន ប៊ុនធឿន។ ជម្លោះដីធ្លីនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ប្រើប្រាស់ឯកសារក្លែងបន្លំកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថា មានការផ្សាយច្រើននូវសេចក្តីជូនដំណឹង ឬ ស.ជ.ណ. របស់ទីស្តីការគណៈរដ្ឋមន្រ្តី ទាក់ទងជាមួយអ្នកស្រី សៀង ចាន់ហេង តាមសំណើរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្រេចរបស់លោក ហ៊ុន សែន ផ្ទាល់ កាលពីថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២២។
លោក ហ៊ុន សែន បន្ថែមថា នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ តាមសំណើរបស់អ្នកស្រី សៀង ចាន់ហេង ដែលជាភាគីជម្លោះ លោកបានប្រគល់ជូនលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តមជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ. លេខ ១៨ ម.យ. ថ្ងៃទី ៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ»។ លោកបន្ថែមថា៖ «ការសម្រេចយ៉ាងណាទៀតនឹងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ា ផ្តល់មតិ»។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ថា មានករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
លិខិតបញ្ជាក់ថាអនុញ្ញាតឲ្យរដ្ឋបាលខេត្តកណ្តាលប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោងផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ។
លិខិតបញ្ជាក់ថា៖ «ប្រគល់សមត្ថកិច្ចឲ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួក ប្រគល់ឲ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីអ្នកស្រី សៀង ចាន់ហេង អ្នកស្រី ហ៊ុន ប៊ុនធឿន និងអ្នកស្រី ហៀវ លន់ បានដែរ។
នៅពេលទាក់ទងទៅលេខទូរសព្ទរបស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ស្រ្តីម្នាក់បានលើកទូរសព្ទ ហើយបានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ។
ក្រោយពីការបង្ហោះសាររបស់លោក ហ៊ុន សែន អ្នកស្រី សៀង ចាន់ហេង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកស្រី ដោយបញ្ជាក់ថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណសម្តេចពូ និងសម្តេចមីង ដែលបានជួយរកយុត្តិធម៌ឲ្យក្មួយៗ រំភើបហូរទឹកភ្នែក»។ ប៉ុន្តែខ្លឹមសារនៃសារមួយនេះត្រូវលុបចោលវិញ ដោយទុកតែសញ្ញាលើកដៃសំពះតែប៉ុណ្ណោះ។
អ្នកស្រី ហៀវ លន់ ដែលជាភាគីជម្លោះដីធ្លីនេះដែរ ត្រូវបានគេហៅថា ជាលោកជំទាវឧកញ៉ា ហៀវ លន់ និងតែងតែដើរជាមួយអ្នកស្រី ហ៊ុន ប៊ុនធឿន ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា កិច្ចអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាជម្លោះដីធ្លីមួយនេះ ដោយសារលោកនាយករដ្ឋមន្ត្រីមើលឃើញថា វាមានភាពមិនប្រក្រតី។
លោកថ្លែងថា៖ «សម្តេចលោកជាអ្នកដឹកនាំជាន់ខ្ពស់បំផុតហើយ បើលោកហ៊ានចេញមុខហើយ អារឿងហ្នឹងមិនប្រក្រតីទេ។ អ៊ីចឹងបានលោកក្តាប់បានការងារពិតយ៉ាងណា! អាហ្នឹងខ្ញុំយល់អ៊ីចឹង»។
នៅពេលវីអូអេទាក់ទងសួរលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលថា តើឈ្មោះ ហ៊ុន ប៊ុនធឿន ជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណា លោក គង់ សោភ័ណ្ឌ មិនបានបដិសេធអ្វីនោះទេ។ លោកបញ្ជាក់បន្ថែមថា ក្រោយពីមានកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីរួចមក គឺក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងសម្របសម្រួលកិច្ចការនេះ។ ចំណែកអាជ្ញាធរខេត្តកណ្តាលនឹងអនុវត្តតាមការសម្រេចរបស់ក្រសួងរៀបចំដែនដី បើមានការសម្រេចបែបណានោះ។
លោកថ្លែងថា៖ «បាទ! បង ដូចលើកឡើងមក បងស្គាល់ហើយ។ គាត់ជាប្រជាជនម្នាក់ មានការទិញលក់ ដោះដូរអីធម្មតាអ៊ីចឹងទេ ប៉ុន្តែអ្វីៗ យើងនឹងធ្វើការសម្របសម្រួលទៅតាមការស្រាវជ្រាវ និងតាមការដោះស្រាយ[របស់ក្រសួងរៀបចំដែនដី]»។
លោក ឯក ស៊ុនរស្មី អ្នកនាំពាក្យតុលាការខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជម្លោះដីធ្លីនេះមិនទាន់មកដល់ដៃរបស់តុលាការនោះទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា លោកមានចម្ងល់ថា ហេតុអ្វីបាននាយករដ្ឋមន្ត្រីជាអ្នកចេញមុខធ្វើអន្តរាគមន៍ដោយផ្ទាល់ទៅវិញ។
លោកថ្លែងថា៖ «នៅក្នុងករណីនេះមួយ យើងក៏មិនយល់អំពីកិច្ចអន្តរាគមន៍នៅក្នុងរឿងហ្នឹងដែរ។ ហេតុអ្វីជាមានលិខិតមួយ[របស់ទីស្តីការគណៈរដ្ឋមន្ត្រី] ចេញឲ្យចាត់វិធានការតាមផ្លូវច្បាប់ ហើយលិខិតមួយពីប្រមុខរដ្ឋាភិបាលបែរជាឲ្យលុបទៅវិញ? នេះគឺជារឿងមួយ ដែលយើងបង្ហាញថា ការដោះស្រាយនូវវិវាទហ្នឹងហាក់ដូចជាអាជ្ញាធរជំនាញពាក់ព័ន្ធមិនមានលទ្ធភាព ឬក៏អំណាចក្នុងការដោះស្រាយទៅលើបញ្ហាទាំងអស់នោះទេ»។
គួរបញ្ជាក់ថា កន្លងទៅអ្នកឧកញ៉ា អ្នកស្រី សៀង ចាន់ហេង ក៏មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋមួយចំនួននៅលើដីដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តកណ្តាលផងដែរ៕