ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​មុន​ការ​បោះ​ឆ្នោត ​លោក ​ហ៊ុន សែន​ ព្រមាន​ប្តឹង​អ្នក​រិះគន់​គណបក្ស​កាន់​អំណាច


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​គណ​បក្ស​នយោបាយ​ណា​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថា​ បាន​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។​

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ គណបក្ស​ប្រឆាំង​អាច​ឃោសនា​ ឬក៏​បញ្ជ្រាប​ពី​គោល​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​បាន​ ប៉ុន្តែ​លោក​ហាម​មិន​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​វោហា​ស័ព្ទ​នយោបាយវាយ​ប្រហារ​គណ​បក្ស​ដ​ទៃ។​

លោក ​ហ៊ុន សែន​ បញ្ជាក់​ថា៖ ​«ខ្ញុំ​សូម​ដាស់​តឿន​អ្នក​ បើ​សិន​ជា​អ្នក​បន្ត​ ​យើង​ខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់​តាម​រយៈ​ផ្លូវ​ច្បាប់។ ខ្ញុំ​គ្រាន់​តែ​ព្រមាន ​និង​ដាស់​តឿន​អ្នក​ឱ្យ​អ្នក​បាន​យល់។ ​អ្នក​ប្រជុំ​នៅ​សៀមរាប​ តើ​អ្នក​បាន​ធ្វើ​អ្វី? ​អ្នក​ប្រជុំ​ប៉ុន្មាន​ថ្ងៃ​នៅ​ខេត្ត​កំពង់ចាម​យើង​នេះ ​នៅ​ជើង​ព្រៃ។ ​អ្នក​ត្រូវ​យល់​ឱ្យ​ច្បាស់ ​មិន​មែន​អ្វីៗ​ត្រូវ​តែ​ធ្វើ​តាម​ចិត្ត​អ្នក​ទេ»។​

ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ពង្រីក ​និង​លើក​គុណភាព ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ​ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៩ ​ខែ​មករា ​ឆ្នាំ​២០២៣​ នៅក្នុង​ខេត្ត​កំពង់ចាម។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​មេ​ធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ខេត្ត​ និង​រាជធានី​ត្រៀម​ជើង​ព្រួល​ជា​ស្រេច​ដើម្បី​តាម​ដាន​ និង​ពិនិត្យ​ទៅ​លើ​ពាក្យ​សម្តី​របស់​គណ​បក្ស​ណា​ដែល​វាយ​ប្រហារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ខណៈ​លោក​ថា​ ការ​និយាយ​អាក្រក់​ពី​គណ​បក្ស​ដទៃ​មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ហើយ​អ្នក​គិត​ថា ​អី​ឡើង​អាង​តុលា​ការ ​ ខ្ញុំ​ចង់​សួរ​អ្នក​ទៅ​វិញ​ថា ​ជម្រើស​មាន​តែ​ពីរ​ទេ។ មួយ​គឺ​ប្រើ​ផ្លូវ​ច្បាប់​ មួយ​ទៀត​គឺ​ប្រើ​ដំបង​ហ្មង។​ តើ​អ្នក​យក​មួយ​ណា​ ពីរហ្នឹង? ​អាហ្នឹង​អ្នក​និយាយ​ឱ្យ​ច្បាស់។​ ខ្ញុំ​សូម​ព្រមាន​ចំពោះ​អ្នក។ ​ពួក​ខ្ញុំ​នេះ​មិ​ន​ទុក​ឱ្យ​ពួក​អ្នក​ចោទ​ថា​ជា​ចោរ​មួយ​ជីវិត​ទេ។ ​ខ្ញុំ​សូម​ជម្រាប​ជូន​ត្រូវ​តែ​បញ្ចប់​វប្ប​ធម៌​ឡាំប៉ា​ក្រោយ​ការ​បោះ​ឆ្នោត»។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​លោក ​សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​ការ​ប្រកួត​ប្រជែង​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ​ជា​រឿង​សំខាន់​ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ ខណៈ​ថា​ ការ​ប្រើ​ពាក្យ​ពេចន៍​ជេរ​ប្រទេច​គ្នា​មិន​មែន​ជា​វិធី​ដែល​គណបក្ស​នីមួយៗ​ត្រូវ​ធ្វើ​ឡើយ។​

ទោះ​ជា​យ៉ាងណា​ បើ​តាម​អនុ​ប្រធាន​គណបក្ស​រូប​នេះ​ គណបក្ស​នីមួយៗ​ក៏​មាន​សិទ្ធិ​នៅ​ក្នុង​ការ​រិះ​គន់ភាព​ឆកល្វែង​របស់​គណ​បក្ស​នយោបាយ​ដទៃ ​ជាពិសេស​គណបក្ស​កាន់​អំណាច។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​យើង​ត្រូវ​ដឹង​ដែរ​ថា​ ក្នុង​ស្ថាន​ភាព​នៃ​ការ​ប្រកួត​ប្រជែង​នៃ​ប្រទេស​ជា​ច្រើន ​គឺ​គេ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​រិះគន់​គណ​បក្ស​មួយដើម្បី​ឱ្យ​ពល​រដ្ឋ​ឃើញ​អំពី​កំហុស​ឆ្គង​នៃ​គណ​បក្ស​មួយ ​ហើយ​មក​ប្រៀប​ធៀប​នឹង​គណ​បក្ស​គេ»។​

លោក ​សុន ឆ័យ​ អះអាង​ថា ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ​ ព្រម​ទាំង​សេរីភាព​របស់​បុគ្គល​ផង​ដែរ។​

លោក​ សុន ឆ័យ​ ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​មាន​ការ​សហការ​គ្នា​ យោគ​យល់​និង​អធ្យាស្រ័យ​នា​រវាង​គ្នា ​និង​គ្នា​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន ​និង​ប្រទេស​ជាតិ។​

លោក​បញ្ជាក់​ថា៖​ «ដើម្បី​យើង​បង្ក​បរិកាស​ល្អ​ជាមួយ​គ្នា​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រព្រឹត្ត​ទៅ​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ​ការ​មិន​សប្បាយ​ចិត្ត​ណា​មួយ​គួរ​តែ​គណបក្ស​ប្រជាជន ​និង​គណបក្ស​ភ្លើងទៀន​នេះ​សហការ​គ្នា ​មាន​ការ​ជួប​គ្នា​ពិគ្រោះ​ ហើយ​ប្តូរ​យោបល់​គ្នា»។​

លោក​នាយក​រដ្ឋមន្ត្រី ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ក៏​បាន​ព្រមាន​លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ​ដែល​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​គណប​ក្ស​ភ្លើងទៀន​ កុំ​ឱ្យ​រិះ​គន់​រូប​លោក ​ក៏ដូច​ជា​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​ផង​ដែរ។​

លោក​ គង់ គាំ ​ទីប្រឹក្សា​របស់​គណបក្ស​ភ្លើងទៀន ​ប្រាប់​វីអូអេ​ថា ​លោក​មិន​យល់​ថា​ ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ឡើយ​ ខណៈ​លោក​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធម្មតា​ដោយ​សារ​វា​ជា​ការ​ដាស់​តឿន​មួយ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​ឃើញ​គាត់​ប្រតិកម្ម​តែ​របៀប​នេះ​ជា​ហូរហែ​ហើយ​ចំពោះ​តែ​នរណា​ ​ហើយ​ហាក់​ដូច​ជា​គាត់​មាន​បន្ទាត់ ​គន្លង​ និង​របៀប​មិន​ចង់​ឱ្យ​រិះគន់ ​វាយ​ប្រហារ​គ្នា។ ​គាត់​យល់​ថា​ប្រជា​ធិប​តេយ្យគឺ​ថា ​ទំនិញ​នរណា​ អ្នក​នោះ​អួត​មុខ​ទំនិញ​របស់​ខ្លួន​ទៅ​ ហើយ​គាត់​អួត​ទំនិញ​របស់​គាត់​ទៅ​ កុំ​បង្អាប់​បង្អោន​គ្នា»។​

ប្រធាន​វេទិកា ​The Thinker Cambodia ​លោក​ វណ្ណ ប៊ុនណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ​ការ​រិះ​គន់​គ្នា​រវាង​គណបក្ស​នយោបាយ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ ដោយ​ហេតុថា​ វា​ជា​ការ​បង្ហាញ​សាធារណជន​ក៏ដូច​ជា​គណបក្ស​កាន់​អំណាច​ឱ្យ​ឃើញ​ពី​ចំណុច​ឆក​ល្វែង​របស់​ខ្លួន​ ហើយ​ធ្វើ​ការ​កែ​តម្រូវ ​និង​ដើម្បី​ទាញ​យក​ប្រជា​ប្រិយភាព​ពី​ប្រជា​ពល​រដ្ឋ។​

ទោះ​ជាយ៉ាងណា​ ​លោក​សង្កេត​ឃើញ​ថា ​នៅ​ក្នុង​នយោបាយ​កម្ពុជា​ ការ​រិះ​គន់​របស់​គណបក្ស​នយោបាយ​ចំពោះ​គ្នា​ភាគ​ច្រើន​ជា​ការ​រិះ​គន់​ទៅ​លើ​បុគ្គល​ និង​គ្រួសារ​ជា​ជាង​រិះ​គន់​ទៅ​លើ​គោល​នយោបាយ​ ឬ​ក៏​ភាព​អសកម្ម​ផ្សេងៗ​ក្នុង​ន័យ​ដើម្បី​ស្ថាបនា​ ដែល​លោក​ថា​ ការរិះគន់​បែប​នេះ​នាំ​ឱ្យមានការ​ចង​គំនុំ​ និង​ហិង្សា​ចំពោះគ្នា​និង​គ្នា។​

លោក​ថ្លែង​ថា៖ ​«ដោយ​សារ​ការ​រិះ​គន់​បែប​ក្រុម​គ្រួសារ ​ក៏​ដូច​ជា​បុគ្គល​វា​ធ្វើ​ឱ្យ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង​ ហើយ​វា​ចង​គំនុំ​គ្នា​ផង​ដែរ។​ អ៊ីចឹង​ទេ​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​គួរ​តែ​រិះគន់​នៅ​ក្នុង​ន័យ​ស្ថាបនា​ ហើយ​រិះគន់​ទៅ​លើ​គោល​នយោបាយ។ ​ណា​មួយ​វិញ​ទៀត​គណ​បក្ស​កាន់អំណាច​ក៏មិ​នគួរ​ចាប់​ចង ​ឬក៏​ធ្វើទុក្ខ​បុក​ម្នេញ​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែរ​ ដោយសារ​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ រឿង​រិះគន់​ជា​រឿង​ធម្មតា»។​

នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក ​ហ៊ុន សែន ​ក៏​បាន​ទម្លាយ​ដែរ​ថា ​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​បាន​សុំ​ណាត់​ជួប​លោក​ ហ៊ុន ម៉ាណែត​ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ ខណៈ​ថា ​លោក​ ហ៊ុន ម៉ាណែត ​ដែល​ជា​អនាគត​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​លោក ​ថាច់ សេដ្ឋា ​នៅ​ក្នុង​ជំនួប​នោះ​ថា ​កុំ​ឱ្យ​សមាជិក​របស់​គណបក្ស​ភ្លើង​ទៀន​ប្រព្រឹត្ត​ខុស​ច្បាប់៕

XS
SM
MD
LG