កោះតៃវ៉ាន់ បានសន្យាផ្ដល់ថវិកាចំនួនមួយពាន់លានដុល្លារទៅប្រទេសលីទុយអានី ក្នុងកិច្ចប្រឹងប្រឹងចុងក្រោយដើម្បីទប់ទល់នឹងសម្ពាធរបស់ចិនទៅលើប្រទេសដែលជាដែនកោះតូចមួយនៅតំបន់សមុទ្រ Baltic និងជាប្រទេសសមាជិកនៃសហភាពអឺរ៉ុបដំបូងដែលអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ ប្រើប្រាស់ឈ្មោះតៃវ៉ាន់សម្រាប់ស្ថានទូតជាក់ស្តែង។
ការប្ដេជ្ញាផ្ដល់ថវិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ដើម្បីគាំទ្រដល់គម្រោងរួមគ្នាក្នុងវិស័យចំនួន ៦ ហើយការប្ដេជ្ញានេះ កើតមានឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី៥ ខែមករា ដែលកោះតៃវ៉ាន់ នឹងវិនិយោគទឹកប្រាក់ចំនួន ២០០ លានដុល្លារ ទៅលើវិស័យឧស្សាហកម្មរបស់លីទុយអានី។
ការវិនិយោគដែលមានទឹកប្រាក់សរុប ១,២ ពាន់លានដុល្លារនេះ គឺធ្វើឡើងក្នុងគោលដៅប្រឆាំងនឹងសម្ពាធរបស់ចិនដែលបន្តកើនឡើងទៅលើរដ្ឋាភិបាលលីទុយអានី ចាប់តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ ដែលអាជ្ញាធរលីទុយអានី បានអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានីនៃប្រទេសលីទុយអានី ដោយដាក់ឈ្មោះថា «តៃវ៉ាន់» ជាជាងប្រើឈ្មោះ «ចិនតៃប៉ិ»។
កាយវិការនេះ បានធ្វើឲ្យចិនមិនសប្បាយចិត្ត ព្រោះចិនមើលឃើញកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ កាលពី ២ខែមុននេះ ប្រទេសចិនបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីរដ្ឋធានីវីលនីញូស ព្រមទាំងបានដាក់បញ្ជាឲ្យឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំនៅប្រទេសចិន ចាកចេញពីទីក្រុងប៉េកាំង។ ចិនព្រមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសលីទុយអានី ដោយធ្វើពហិការលើរាល់ទំនិញនាំចេញរបស់លីទុយអានី ក៏ដូចជាទំនិញនានារបស់សហភាពអឺរ៉ុបដែលផលិតឡើងពាក់ព័ន្ធនឹងលីទុយអានី ចូលប្រទេសរបស់ខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានហៅការវិនិយោគដែលមានទឹកប្រាក់ ១,២ ពាន់លានដុល្លារនេះថា ជា«ការប៉ុនប៉ងរបស់កោះតៃវ៉ាន់» ក្នុងការពង្រីកលំហសម្រាប់សកម្មភាពទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ តាមរយៈការប្រើប្រាស់ឥទ្ធិពលផ្នែកសេដ្ឋកិច្ច ឬការទូតដុល្លារ។
ប្រទេសចិន នៅតែមើលឃើញកោះតៃវ៉ាន់ថា ជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លូន បើទោះបីជាពលរដ្ឋតៃវ៉ាន់ជាច្រើនចាត់ទុកថា ខ្លួនជាប្រជាជាតិដែលមានការគ្រប់គ្រងដោយខ្លួនឯងក៏ដោយ។
លោក Bor Yunchang សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យវប្បធម៌ចិននៅទីក្រុងតៃប៉ិ មានសុទិដ្ឋិនិយមអំពីការវិនិយោគរបស់កោះតៃវ៉ាន់ ដោយលោកថ្លែងប្រាប់វីអូអេសេវាភាសាចិនថា៖ «ការវិនិយោគណាមួយដែលធ្វើឡើងដើម្បីផលចំណេញផ្នែកនយោបាយ គឺមានភាពគ្រោះថ្នាក់។ វាមិនអាចមានប្រសិទ្ធភាពក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចការវិនិយោគរវាងវិស័យឯកជននោះទេ»។
ការសងសឹករបស់ចិន
សម្រាប់ប្រទេសភាគច្រើននៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិក កោះតៃវ៉ាន់ បានប្រើឈ្មោះតៃប៉ិ ដែលជាឈ្មោះនៃរដ្ឋធានីរបស់ខ្លូនសម្រាប់ការបើកការិយាល័យដែលជាស្ថានទូតនៅប្រទេសគោលដៅស្ទើរតែទាំងអស់។ ការដាក់ឈ្មោះ «តៃវ៉ាន់» នៅប្រទេសលីទុយអានី កើតមានបន្ទាប់ពីរដ្ឋាភិបាលជាច្រើន កំពុងស្វែងរកការពង្រីកចំណងទាក់ទងជាមួយកោះតៃវ៉ាន់ ដែលជាប្រទេសមានឧស្សាហកម្មផ្នែកបច្ចេកវិទ្យាជឿនលឿន បើទោះបីជាគោលនយោបាយការបរទេស និងយោធារបស់ចិនដែលកាន់តែមានអំណាចនៅក្នុងតំបន់ បានបង្កការព្រួយបារម្ភដល់ប្រទេសនានានៅជុំវិញពិភពលោកក៏ដោយ។
វត្តមានរបស់កោះតៃវ៉ាន់នៅរដ្ឋធានីវីលនីញូស គឺជាការិយាល័យតំណាងថ្មីលើកទីមួយ នៅទ្វីបអឺរ៉ុប ចាប់តាំងពីការិយាល័យតំណាងក្រុងតៃប៉ិ ត្រូវបានបើកនៅរដ្ឋធានីប្រាទីស្លាវ៉ា សាធារណរដ្ឋស្លូវ៉ាគី កាលពីឆ្នាំ ២០០៣ មក។ នៅពេលដែលការិយាល័យនេះត្រូវបានបើក ក្រសួងការបរទេសចិន បានចោទប្រកាន់ប្រទេសលីទុយអានីថា បានធ្វើឲ្យខូចខាតដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ព្រមទាំងបានប្រាប់ទៅរដ្ឋាភិបាលលីទុយអានីឲ្យ «កែតម្រូវកំហុសនេះឲ្យបានឆាប់រហ័ស»។
លោក Timothy Heath អ្នកវិភាគជាន់ខ្ពស់ផ្នែកវិស័យការពារនៃអង្គការ Rand Corporation បានថ្លែងប្រាប់វីអូអេសេវាភាសារុស្ស៊ី ដោយសំដៅទៅលើការិយាល័យកោះតៃវ៉ាន់នៅទីក្រុង វីលនីញូស ដូច្នេះថា៖ «ការវិវត្តបែបនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ វាជាលើកទីមួយហើយដែលប្រទេសនៅទ្វីបអឺរ៉ុបមួយនេះ បានបង្ហាញការទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វាជាការវិវត្តដ៏ធំមួយ ហើយយើងក៏អាចយល់បានដែរថា ចិនច្បាស់ជាខឹងសម្បាទៅលើការផ្លាស់ប្តូរនេះ»។
ទំនាក់ទំនងរវាងប្រទេសចិន និងលីទុយអានី មានភាពរង្គោះរង្គើរួចទៅហើយ មុនពេលការិយាល័យថ្មីចុងក្រោយរបស់កោះតៃវ៉ាន់ ត្រូវបានបើកនៅលីទុយអានី។ កាលពីខែសីហា ឆ្នាំមុន រដ្ឋាភិបាលក្រុងប៉េកាំង បានឈប់អនុញ្ញាតប្រទេសលីទុយអានីនាំទំនិញចូលប្រទេសចិន ហើយបានបញ្ឈប់សេវាដឹកជញ្ជូនតាមរថភ្លើងដោយផ្ទាល់ទៅកាន់ទីក្រុងវីលនីញូស។ បន្ទាប់មក នៅក្នុងខែវិច្ឆិកា ចិនបានចាប់ផ្ដើមដាក់សម្ពាធដល់ក្រុមហ៊ុននានានៅទ្វីបអឺរ៉ុបឲ្យឈប់ប្រើប្រាស់ឧបករណ៍នានាដែលជារបស់ប្រទេសលីទុយអានី។
លោក Mantas Adomenas អនុរដ្ឋមន្ត្រីការបរទេសលីទុយអានី បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែធ្នូ កន្លងមកថា ចិនបានបញ្ជូនសារទៅកាន់ក្រុមហ៊ុនដែលមានភាគហ៊ុនពីប្រទេសផ្សេងៗថា ប្រសិនបើពួកគេប្រើប្រាស់សមាសភាគ ឬការផ្គត់ផ្គង់ណាមួយពីប្រទេសលីទុយអានី ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យលក់ទំនិញ ឬ បញ្ជូនទំនិញទាំងនោះទៅទីផ្សាររបស់ចិនឡើយ។
លោក Aušrinė Armonaitė រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងនវានុវត្តន៍លីទុយអានី បានថ្លែងក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ រួមជាមួយលោក Kung Ming-Hsin រដ្ឋមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិតៃវ៉ាន់ កាលពីថ្ងៃទី១១ ខែមករា ថា រដ្ឋាភិបាលលីទុយអានីត្រៀមខ្លួនរួចរាល់ហើយសម្រាប់ក្រុមហ៊ុននានាក្នុងលុបចោលកុងត្រាជាមួយអ្នកផ្គង់ផ្គង់ពីប្រទេសលីទុយអានី ដោយសារតែសម្ពាធពីប្រទេសចិន។
លោក Heath បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ពេលដែលប្រទេសលីទុយអានីកំពុងតែបង្កើតនូវការវិវត្តជាលើកដំបូង ហើយប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប អាចនឹងធ្វើតាមប្រទេសនេះ។ ខ្ញុំគិតថា នេះ ជាហេតុផលមួយដែលចិនបានប្រតិកម្មយ៉ាងខ្លាំងបែបនេះ»។
អនាគតមិនច្បាស់លាស់
លោក Chang Fu-chang សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់ និយាយថា ការណ៍ដែលចិនកំណត់យកក្រុមហ៊ុននានាដែលមានភាគហ៊ុនពីច្រើនប្រទេសនៅក្នុងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្រៅពីប្រទេសលីទុយអានី វាពិតជាមានប្រសិទ្ធភាព ពីព្រោះថា ក្រុមហ៊ុនសហគ្រាសទាំងនោះ ផ្ដល់តម្លៃទៅលើទីផ្សារចិនដែលធ្វើឲ្យពួកគេមានប្រាក់ចំណេញច្រើន។
លោកបន្តថា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសលីទុយអានី រួមមានប្រទេសចំនួនពីរនៅក្នុងតំបន់សមុទ្រ Baltic នោះគឺ ប្រទេសអេស្តូនី និងឡេតូនី ក៏ដូចជាប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប។
លោក Chang ថ្លែងថា៖ «ខណៈដែលកោះតៃវ៉ាន់ កំពុងបង្កើនកិច្ចប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសលីទុយអានី រចនាសម្ព័ន្ធសម្រាប់ការនាំចេញរបស់ប្រទេសនេះ ហាក់ដូចជាមិនអាចប្រែប្រួលអ្វីទេក្នុងរយៈពេលខ្លីខាងមុខ»។
ស្របពេលជាមួយគ្នានេះ ក៏មានមតិលើកឡើងផ្សេងៗគ្នាក្នុងចំណោមថ្នាក់ដឹកនាំលីទុយអានី ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយចិន។ កាលពីដើមខែមករានេះ លោក Gitanas Nauseda ប្រធានាធិបតីលីទុយអានី បានថ្លែងថា វាជាកំហុសមួយដែលលីទុយអានីអនុញ្ញាតឲ្យមានការប្រើឈ្មោះ «តៃវ៉ាន់» សម្រាប់ស្ថានតំណាងនៅក្នុងប្រទេសនេះ។
លោក Chang បានថ្លែងថា សម្ពាធពីខាងក្រៅ និងជម្លោះផ្ទៃក្នុង កំពុងរារាំងដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលីទុយអានីមិនឲ្យទទួលបានការគាំទ្រពីសាធារណជន ទៅលើគោលនយោបាយសម្រាប់ប្រទេសចិន និងកោះតៃវ៉ាន់។ នៅក្នុងជួររដ្ឋាភិបាល ក៏មានទស្សនៈយល់ឃើញផ្សេងៗគ្នារវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលបានបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងក្រុមដែលគាំទ្រចិន និងក្រុមដែលប្រឆាំងនឹងចិន។
លោកថ្លែងដូច្នេះថា៖ «ដូច្នេះ សំណួរដែលសំខាន់បំផុតនោះគឺថា តើរដ្ឋាភិបាលលីទុយអានី អាចឈរនៅខាងតៃវ៉ាន់បានយូរប៉ុណ្ណា។ ទឹកប្រាក់ចំនួន ១,២ ពាន់លានដុល្លារនោះ វាមិនច្រើនប៉ុន្មានទេ ដូច្នេះ បើយើងសំឡឹងមើលទៅមុខក្នុងរយៈពេលវែងនោះ យើងពិបាកនិយាយ ថាតើទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនេះនឹងរីកចម្រើនដល់កម្រិតណា»។
លោក Heath នៃអង្គការ Rand Corporation បានថ្លែងថា ប្រទេសជាច្រើនកំពុងប្រកាន់ជំហរមួយ នោះគឺ«ជំហររង់ចាំមើលសិន»ថា តើពួកគេគួរតែដើរតាមអ្វីដែលលីទុយអានី បានធ្វើ ឬយ៉ាងណា។
លោកថ្លែងថា៖ «ខ្ញុំគិតថា ក្នុងរយៈពេលខ្លីខាងមុខ សហភាពអឺរ៉ុបនឹងទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងចិន។ ប្រទេសធំៗ ដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី មិនបានធ្វើការសម្រេចចិត្តដោយតក់ក្រហល់ក្នុងការធ្វើឲ្យមានភាពរង្គោះរង្គើលើទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនទេ»។
លោកបន្តថា៖ «តែទោះជាយ៉ាងណាក្ដី ខ្ញុំគិតថា ប្រទេសនានានៅសហភាពអឺរ៉ុប និងនៅជុំវិញពិភពលោកកំពុងសំឡឹងមើលបញ្ហានេះយ៉ាងដិតដល់។ ពួកគេសំឡឹងមើលថា តើនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសលីទុយអានី។ តើប្រទេសនេះ នឹងដកខ្លួនត្រឡប់ក្រោយសម្រាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ឬទេ? ឬមួយក៏ប្រទេសនេះ នៅរក្សាទំនាក់ទំនងនេះដដែល? មិនថាការសម្រេចចិត្តរបស់លីទុយអានីយ៉ាងណានោះទេ ប្រទេសជាច្រើននៅជុំវិញពិភពលោក នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយពួកគេនឹងគិតគូរថា តើទំនាក់ទំនងរបស់ពួកគេជាមួយតៃវ៉ាន់មានអត្ថន័យយ៉ាងណាសម្រាប់ពួកគេ»៕
អ្នកយកព័ត៌មានរបស់ VOA នៃក្រុមផ្សាយជាភាសារុស្ស៊ីលោក Vadim Allen រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ ដែលផ្តួចផ្តើមដោយក្រុមផ្សាយរបស់ VOA ជាភាសាចិនកុកងឺ។
ប្រែសម្រួលដោយលោក នៀម ឆេង