ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​កោះ​តៃវ៉ាន់​ទៅ​ទស្សនកិច្ច​សាធារណរដ្ឋ​​ស្លូវ៉ាគី ឆែក និង​ប្រទេស​លីទុយ​អានី


រូបឯកសារ៖ ទង់ជាតិ​តៃវ៉ាន់​ត្រូវ​បាន​ដោត​នៅ​លើ​កោះ Pengchia ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។
រូបឯកសារ៖ ទង់ជាតិ​តៃវ៉ាន់​ត្រូវ​បាន​ដោត​នៅ​លើ​កោះ Pengchia ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។

គណៈប្រតិភូ​កោះ​តៃវ៉ាន់​ដែល​រួម​មាន​មន្ត្រី​រដ្ឋាភិបាលនិង​អ្នក​ជំនួញ​តៃវ៉ាន់ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ស្លូវ៉ាគី​ ​ឆែក ​និង​ប្រទេស​លីទុយអានី​ ដែល​ជា​ការ​បំពាន​ទៅ​នឹង​ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​មិន​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​ការ​ទូត​ណា​មួយ​ជា​មួយ​ដែន​កោះ​តៃវ៉ាន់​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​នេះ​ និង​ត្រូវ​បាន​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP។

គណៈប្រតិភូ​កោះ​តៃវ៉ាន់​ដែល​មាន​សមាជិក​៦៥​នាក់ នឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​ទាំង​បី​ខាងលើនេះចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា​ខាង​មុខ​នេះដើម្បី​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​របស់​កោះ​តៃវ៉ាន់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Chen Li-kuo ប្រធាន​នាយកដ្ឋានកិច្ច​ការ​អឺរ៉ុបនៃ​ក្រសួង​ការបរទេស​តៃវ៉ាន់។

លោក​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ថា៖ «យើង​បាន​បន្ត​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​យើង​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ជា​មួយប្រទេស​ក្នុងតំបន់​អឺរ៉ុប​ខាង​កើត​និង​កណ្តាល​ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​សាមគី្គភាព​គ្នា​និង​មិត្តភាព​មួយ​ នៅ​ក្នុង​ចំណោមដៃគូ​ប្រជា​ធិបតេយ្យអន្តរជាតិ»។

ប្រទេស​ទាំង​បី​នេះ បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ដល់​កោះ​តៃវ៉ាន់​ហើយ​បាន​បង្ហាញ​សញ្ញា​ពីការ​ចង់​ឲ្យមាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធមួយជា​មួយ​ដែន​កោះមួយ​នេះ បើទោះ​បី​ជា​ការណ៍​នេះ​ បាន​ធ្វើឲ្យ​ចិន​ខឹង​សម្បាយ៉ាង​ណា​ក្តី។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដក​ឯក​អគ្គរដ្ឋ​ទូត​របស់​ខ្លួនចេញ​ពី​ប្រទេស​លីទុយ​អានី​ហើយ​បាន​ទាម​ទារ​ឲ្យ​ប្រទេស​នេះ​ដក​ឯក​អគ្គរដ្ឋ​ទូត​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ផង​ដែរ។ ប្រទេសលីទុយ​អានី​ ក៏​បាន​ដក​ឯក​អគ្គរដ្ឋ​ទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន​នៅ​ពេល​បន្ទាប់​មក​។​

ប្រទេស​ចំនួន​១៥ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក​ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាលកោះ​តៃវ៉ាន់​ជំនួស​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បានអះ​អាង​ថា ដែន​កោះ​មួយនេះ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ហើយ​បាន​សន្យា​ថានឹងចូលគ្រប់​គ្រង​ដែន​កោះ​មួយ​នេះ​ ដោយការ​ប្រើ​កម្លាំង​យោធា​ ក្នុង​ករណី​ដែល​ចាំបាច់៕

XS
SM
MD
LG