ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​គាំទ្រ​ប្រទេស​លីទុយអានី​ក្នុង​ជម្លោះជាមួយ​ចិន​អំពី​កោះតៃវ៉ាន់


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​លោក Joseph Wu ថ្លែង​អំពី​ការ​ផ្លាស់ប្តូរ​ការិយាល័យ​ប្រតិភូ​ជាមួយ​នឹង​ប្រទេស​លីទុយអានី​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដែល​រូបថត​នេះ​ថត​ពី​វីដេអូ។ (AP)
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់​លោក Joseph Wu ថ្លែង​អំពី​ការ​ផ្លាស់ប្តូរ​ការិយាល័យ​ប្រតិភូ​ជាមួយ​នឹង​ប្រទេស​លីទុយអានី​ក្នុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដែល​រូបថត​នេះ​ថត​ពី​វីដេអូ។ (AP)

សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​ប្រទេស​លីទុយអានី​ប្រឆាំង​អ្វី​ដែល​មន្ត្រី​អាមេរិក​ហៅ​ថា​ ​«អាកប្បកិរិយា​បង្ខិតបង្ខំ»​របស់​ចិន​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វីលនីញូស​ ថ្មីៗ​នេះ ​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ចាប់តាំង​ពីឆ្នាំ​២០០៣​ ដែល​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង។​

កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​និង​រដ្ឋមន្ត្រី​ការ​បរទេស​លីទុយអានី​លោក ​Gabrielius Landsbergis ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រសួង​ការ​បរទេស​ស.រ.អា.។ ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​ ២១​ខែ​សីហា ​ដែល​លោក ​Blinken​ បាន​បង្ហាញ​សាមគ្គី​ភាព​ដែក​ថែប​របស់​អាមេរិក​ជាមួយ​ប្រទេស​លីទុយអានី​នៅ​ចំពោះ​មុខ​«អាកប្បកិរិយា​បង្ខិត​បង្ខំ»​របស់​ចិន។​

លោក​ Blinken ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ «លីទុយអានី​ និង​សហ​រដ្ឋ​អាមេរិក​គឺ​ជាដៃគូ​ដ៏​រឹងមាំ​នៅក្នុង​អង្គការ​អូតង់។​ យើង​រួមគ្នា​ដើម្បី​ការ​ការពារ​ និង​សន្តិសុខ​រួម។ យើង​ប្រឆាំង​ការ​បង្ខិត​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​ រួមទាំង​ការ​បង្ខិតបង្ខំដោយ​ចិន​ផង​ដែរ»។​

ថ្ងៃពុធ​គឺ​ជា​ទិវា​ប្រជា​ធិបតេយ្យ​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ។ ​លោក​ Landsbergis ​បាន​និយាយ​ថា ​វា​ជា​«និមិត្ត​សញ្ញាពិត​ប្រាកដ»​ថាសម្ព័ន្ធ​មិត្ត​អូតង់​«បញ្ជាក់​ជាថ្មី​នូវការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរីភាព ​និង​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក»។​

សមាជិក​សភា​ស.រ.អា.​ក៏បាន​បង្ហាញ​ការ​គាំទ្រ​ជំហរ​ប្រទេស​លីទុយអានី​ចំពោះ​កោះ​តៃវ៉ាន់​ផង​ដែរ។​

ប្រធាន​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​នៃ​ព្រឹទ្ធ​សភា​លោក​ Bob Menendez​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម ​Twitter​ សរសើរ​«កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ក្លាហាន​របស់​ប្រទេស​លីទុយអានី​ដើម្បី​តៃវ៉ាន់​ ក៏ដូច​ជា​សកម្មជន​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​បេឡារុស ​រុស្ស៊ី​ និង​គុយបា»។​ លោក Menendez ​បាន​ជួប​ជាមួយ​លោក​ Landsbergis ​កាលពី​ថ្ងៃ​អង្គារ។​

ប្រទេស​ចិន​មាន​គោល​នយោបាយ​ជា​យូរមក​ហើយ​ក្នុង​ការ​ជំរុញ​មិន​ឱ្យ​ប្រទេស​នានា​បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​តៃវ៉ាន់​ ហើយ​នៅ​សប្តាហ៍​នេះ​ អ្នក​នាំពាក្យ​ម្នាក់​នៅ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ការ​លើក​ឡើង​របស់​មន្រ្តី​អាមេរិក​អំពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក ​Zhao Lijian ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​«ស្លាក​នៃ​ការ​បង្ខិតបង្ខំ​មិន​អាច​បំពាក់​ឱ្យ​ប្រទេស​ចិន​បាន​ឡើយ។ អាមេរិក​គួរតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បង្កើត​ក្រុម​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​បង្ខូច​ប្រទេស​ចិន​ ហើយ​ឈប់​បង្កការ​ប្រឈមមុខ​ និង​ជម្លោះ។​ ល្បិច​បែប​នេះមិន​បាន​ផល​ចំណេញ​ពី​ប្រទេស​ចិន​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG