ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ចាត់​វិធានការ​ខ្លាំងក្លា បើ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ


អ្នក​ទស្សនា​ដើរ​នៅ​ពី​មុខ​រូបភាព​ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​សារមន្ទីរ​បក្ស​កុម្មុយនិស្ត​ចិន ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)
អ្នក​ទស្សនា​ដើរ​នៅ​ពី​មុខ​រូបភាព​ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​សារមន្ទីរ​បក្ស​កុម្មុយនិស្ត​ចិន ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)

ចិន​នឹង​ចាត់«វិធានការ​ជាក់លាក់» បើ​កោះ​តៃវ៉ាន់​ឆ្ពោះ​ទៅ​កាន់​ឯករាជ្យ។​នេះ​តាម​ការ​ព្រមាន​របស់​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ម្នាក់​នៅ​ថ្ងៃ​ពុធ​នេះ។​មន្ត្រី​រូប​នោះ​និយាយ​ទៀត​ថា ការ​បង្ក ហេតុ​របស់​តៃវ៉ាន់​និង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​អាច​រីក​កាន់តែ​ធំ​ឡើង​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​ចាត់ទុក​ថា កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​គឺ​ជា​ទឹកដីរបស់​ខ្លួន ហើយ​នៅ​ក្នុង​ពេល​២ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​បាន​បង្កើន​ការគាប​សង្កត់​ខាង​យោធា​និង​ការទូត​ដើម្បី​ទាមទារ​ទឹកដី​នេះ តែ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​និង​ការ​ព្រួយ​កង្វល់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ចិន​មាន​បំណង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាពដើម្បី​ស្វះស្វែង​រក​ការ​បង្រួប​បង្រួម​ដោយ​សន្តិ វិធី​ជាមួយ​តៃវ៉ាន់​ក៏​ប៉ុន្តែ​នឹង​ចាត់វិធានការ ប្រសិន​បើ​តៃវ៉ាន់ឆ្លងបន្ទាត់​ក្រហម​ស្តីពី​ឯករាជ្យ​ភាព។ នេះ​បើ​តាម​លោក Ma Xiaoguang អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​ដែល​បាន​ប្រាប់​សន្និសីទ​កាសែត។

លោក Ma បាន​និយាយ​ថា «បើ​កង​កម្លាំង​ទាមទារ​បំបែក​រដ្ឋ​នៅ​កោះ​តៃវ៉ាន់​ស្វះស្វែង​រក​ការ​ចាត់​វិធានការ​ឯករាជ្យ​ភាព ប្រើ​កម្លាំង ​ឬ​ឆ្លងបន្ទាត់​ក្រហម​យើង​នឹង​ត្រូវ​ចាត់​វិធាន​ការ​ខ្លាំង ក្លា។

តៃវ៉ាន់​បាន​ក្លាយ​ជា​ចំណុច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការតានតឹង​នៃ​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​អន្តរជាតិ​ដ៏​សំខាន់​មួយ​របស់​កោះ​នោះ ហើយ​នឹង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ថ្វីបើ មិន​មាន​ចំណង​ទាក់ទង​ខាង​ការទូត​ជាផ្លូវការណ៍​ក៏ដោយ។

ចិន ជា​និច្ចកាល​ពណ៌នា​កោះ​តៃវ៉ាន់​ជា​បញ្ហា​ដ៏​រសើប​បំផុត​នៅ​ក្នុង​ចំណង​ទាក់ទង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក Ma បាន​និយាយ​ថា ការបង្កហេតុ​ដោយ​កង​កម្លាំង​លម្អៀង​ឯករាជ្យភាព​និង«អន្តរាគមន៍​ពី​ខាង​ក្រៅ» អាច​រីក​កាន់តែ​ធំ​ឡើង​និង​កាន់តែ​តឹងតែង​ឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​ចំបាំង​ជា​ច្រើន​លើក​ហោះ​ពី​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ដើម្បី​ដាក់​គំនាប​លើ​កោះ​តៃវ៉ាន់។ តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ចុះចាញ់​ការគំរាម​កំហែង​ទេ៕

XS
SM
MD
LG