នៅពេលសភាអាមេរិកអនុម័តច្បាប់ថវិកាបណ្តោះអាសន្ន សម្រាប់រក្សាដំណើរការរដ្ឋាភិបាលកាលពីចុងខែកញ្ញាកន្លងទៅ ថវិកានេះមិនបានបញ្ចូលជំនួយសេដ្ឋកិច្ចដល់ប្រទេសតូចចំនួនពីរ ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលមន្ត្រីក្រសួងការពារជាតិអាមេរិកនិយាយថា មានសារៈសំខាន់ខ្លាំងដល់យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលអាមេរិក និងជាគោលដៅនៃយុទ្ធនាការបង្កើនឥទ្ធិពលដ៏គឃ្លើនរបស់ប្រទេសចិន។
ប្រទេសប៉ាឡាវ (Palau) ប្រទេសមីក្រូណេស៊ី (Micronesia) និងប្រទេសកោះម៉ាសាល់ Marshall Islands គ្រប់គ្រងផ្ទៃទឹកដ៏ធំក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្រោមកិច្ចព្រមព្រៀងពិសេសមួយ ដែលត្រូវបានគេហៅថាជាកិច្ចព្រមព្រៀងនៃសមាគមសេរី ឬ Compacts of Free Association (COFA) ប្រទេសទាំងបីនេះ បានផ្តល់សិទ្ធិដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការបដិសេធការប្រើប្រាស់ដែនទឹករបស់ខ្លួនដល់ប្រទេសដទៃ ដែលរួមមានប្រទេសចិនផងដែរ ដើម្បីជាថ្នូរទទួលបានមកវិញនូវជំនួយសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេលដែលថវិកាប្រើប្រាស់សម្រាប់កិច្ចព្រមព្រៀងនេះផុតសុពលភាពកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ប្រទេស Palau និងប្រទេសកោះ Marshall Islands មិនបានទទួលជំនួយសេដ្ឋកិច្ចថ្មីៗទៀតឡើយ នៅក្រោមច្បាប់ថវិកាបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ដែលទុកឱ្យរដ្ឋាភិបាលដំណើរការក្នុងរយៈពេល ៤៥ថ្ងៃទៀតនោះ។
អតីតឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកលោក Dave Stilwell បានអះអាងនៅក្នុងបទសម្ភាសមួយថា៖ «យើងត្រូវកំណត់ការកម្រិតនៅចំណុចណាមួយ។ ប្រសិនបើខ្លឹមសារនៃកិច្ចព្រមព្រៀងនោះនឹងត្រូវបន្តទៀត វាត្រូវតែចាប់ផ្តើមជាមួយនឹងការដាក់កម្រិតមួយចំនួន ថាតើត្រូវប្រើថវិកានោះដោយរបៀបណា ជាពិសេសទៅលើបច្ចេកវិជ្ជា នៃការបញ្ជូនផ្ទេរទិន្នន័យជាដើមនោះ»។
អ្នកស្រី Cleo Paskal អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិការពារប្រជាធិបតេយ្យ (Foundation for Defense of Democracies) មិនយល់ស្របលើការលើកឡើងនេះឡើយ។ អ្នកស្រីបានថ្លែងបា្រប់វីអូអេថា៖ «វាជាការប៉ះពាល់មួយ ដែលច្បាប់ចំណាយថវិកាបណ្តោះអាសន្នរបស់អាមេរិកនេះដាក់ប្រទេសកោះ Marshalls ឱ្យស្ថិតក្នុងស្ថានភាពមួយដ៏លំបាកមិនអាចធ្វើអ្វីបាន»។
អ្នកស្រីនិយាយថា ការដែលមិនបានផ្តល់ថវិកានេះ មានភាពធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសប៉ាឡាវ (Palau) ដែលកំពុងរង់ចាំដើម្បីទទួលបានថវិកាចំនួន ៩០លានដុល្លារអាមេរិក ប្រសិនបើ ឬនៅពេលដែលសភាអាមេរិកអនុម័តយល់ព្រមក្នុងការការបន្តកិច្ចព្រមព្រៀងសម្រាប់ឆ្នាំ ២០២៤នោះ។ នេះបើតាមឯកសារបង្ហាញមួយចំនួន។
ប្រទេស Palau មានកង្វះថវិកាយ៉ាងហោចណាស់ក៏ចំនួន ៣៧លានដុល្លារអាមេរិកដែរ ក្នុងថវិកាសរុបរបស់ខ្លួន ដែលមានចំនួនតិចជាង ១៥០លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើព័ន្ធ ២០២១។ នេះបើយោងទៅលើឯកសារមួយចំនួនរបស់រដ្ឋាភិបាល Palau។ អ្នកស្រី Paskal ថ្លែងថា៖ «ឥឡូវនេះដោយសារច្បាប់ថវិកាបណ្តោះអាសន្ន[អាមេរិក មិនមានថវិកាសម្រាប់ Palau បំណុលរបស់ Palau មានបន្ត ហើយប្រទេសនេះនឹងត្រូវមានបំណុលបន្ថែមទៀត»។
ផ្ទុយទៅវិញ ប្រទេសមីក្រូណេស៊ី (Micronesia) បានទទួលបា្រក់១៦លានដុល្លារអាមេរិក នៅក្នុងច្បាប់ចំណាយថវិកាបណ្តោះអាសន្នរបស់អាមេរិក។ នេះបើយោងទៅលើមន្ត្រីសហរដ្ឋអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយជំនួសរដ្ឋបាលអាមេរិកនោះឡើយ។
អ្នកស្រី Paskal និយាយថា ការសម្រេចមិនស្មើគ្នាលើប្រទេសទាំងពីរនេះ ជាកំហុសផ្នែកសន្តិសុខជាតិមួយរបស់សហរដ្ឋអាមេរិក។ អ្នកស្រីបន្តទៀតថា៖ «យើងត្រូវការរបៀងសេរីភាព ដែលលាតសន្ធឹងពីកោះហាវ៉ៃរហូតដល់ប្រទេសហ្វីលីពីន។ នេះជាវិធីដែលអ្នកអាចទៅដល់សម្ព័ន្ធមិត្តមានសន្ធិសញ្ញា[ជាមួយអាមេរិក] ក៏ដូចជាអាចទៅដល់កោះតៃវ៉ាន់ផងដែរ»។
នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋបាលរបស់លោក Biden បានស្នើសុំឱ្យមានចំណាយប្រមាណ៧,១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដើម្បីផ្តល់ជំនួយផ្នែកអប់រំ ការថែទាំសុខភាព និងបរិស្ថាន ដល់ប្រទេសប្រជុំកោះទាំងនេះ។
ប៉ុន្តែខណៈពេលដែលការចរចាជាមួយប្រទេស Micronesia និងប្រទេស Palau បានចប់សព្វគ្រប់ហើយនោះ ការពិភាក្សាគ្នានៅបន្តនៅឡើយជាមួយប្រទេស Marshall Islands។ សមាជិកសភាអាមេរិករំពឹងថា នឹងបោះឆ្នោតលើការផ្តល់ថវិការយៈពេលវែងមួយ នៅពេលដែលកិច្ចព្រមព្រៀងទាំងអស់ត្រូវបានចុះហត្ថលេខារួចហើយ។
លោក Jim Loi ប្រធានប្រតិបត្តិនៃក្រុមហ៊ុន The Asia Group និយាយថា៖ «សម្រាប់ការធ្វើវិនិយោគតិចតួចមួយ វាអាចផ្តល់ផលយ៉ាងខ្ពស់។ ទំហំថវិកានេះបើផ្អែកទៅលើបទដ្ឋានថវិការដ្ឋាភិបាលអាមេរិកនោះ គ្មានអ្វីច្រើននោះឡើយ»។
លោក Grant Newsham អតីតអ្នកការទូតនិងមន្ត្រីស៊ើបការណ៍សម្ងាត់នៃកងម៉ារីនសហរដ្ឋអាមេរិក បានថ្លែងក្នុងបទសម្ភាសន៍មួយថា៖ «វាស្មើត្រឹមនឹងការបន្លំប្រាក់កម្មវិធីសុខភាព Medicare អាមេរិកតែកន្លះថ្ងៃប៉ុណ្ណោះ។ លោក Newsham គណនាឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពិតជាអាចសន្សំបានលុយខ្លះក្នុងរយៈពេលវែង ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសតំបន់ប៉ាស៊ីហ្វិកទាំងនេះ។
លោកនិយាយទៀតថា វាអាចធ្វើឱ្យអាមេរិកចំណាយលុយយ៉ាងតិចណាស់ក៏១០០ពាន់លានដុល្លារអាមេរិកដែរ ក្នុងការទិញនាវា យន្តហោះ នាវាមុជទឹក គ្រាប់មីស៊ីលនិងការបញ្ជូនទ័ព ដែលត្រូវការចាំបាច់ ទៅការពារតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទំហំ៥,៦លានគីឡូម៉ែត្រក្រឡា ដែលគ្រប់គ្រងដោយប្រទេសប្រជុំកោះតូចៗទាំងនេះ។
លោកLoi បានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងខ្នះខ្នែងយ៉ាងសកម្ម ក្នុងការកេងចំណេញទៅលើភាពមន្ទិលសង្ស័យនានា អំពីការតាំងចិត្តរបស់អាមេរិកនៅក្នុងតំបន់នេះ។ លោកបន្តទៀតថា៖ «ខ្ញុំគិតថាយើងនឹងអាចរំពឹងថា ប្រទេសចិននឹងជំរុញលើរឿងនេះ ដូច្នេះហើយពេលនេះ ជាពេលដែលយើងមិនត្រូវមិនខ្វល់ខ្វាយអំពីលើរឿងនេះទេ»។
លោក Newsham មានការបារម្ភជាពិសេសទៅលើប្រទេស Palau ដែលមិនគ្រាន់តែស្ថិតក្នុងការជំពាក់បំណុលប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏កំពុងស្ថិតក្នុងសម្ពាធសេដ្ឋកិច្ចជាប់ជាប្រចាំពីរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ ដែលបានបិទការធ្វើទេសចរណ៍របស់ជនជាតិចិនទៅកាន់ប្រទេស Palau ដែលជាការសងសឹកមួយដល់ប្រទេសនេះ ដែលបានយល់ព្រមទទួលស្គាល់កោះតៃវ៉ាន់នោះ។
លោកបន្តដូច្នេះទៀតថា៖ «ប្រទេសនេះពឹងផ្អែកលើសហរដ្ឋអាមេរិក ចង់ក្លាយជាសម្ព័ន្ធមិត្តនិងមិត្តភ័ក្តដ៏ល្អមួយរបស់សហរដ្ឋអាមេរិក ប៉ុន្តែយើងមិនបានផ្តល់អ្វី ដែលប្រទេសនេះត្រូវការនោះទេ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ