រដ្ឋមន្ត្រីការពារជាតិចិនបានសន្ទនាផ្ទាល់ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ដែលនេះអាចជាសញ្ញានៃការធូរស្រាលខ្លះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធសំណើសុំជួបប្រជុំជាច្រើនលើកពីសហរដ្ឋអាមេរិក។
ការសន្ទនាគ្នាដ៏ខ្លីនេះរវាងលោក Austin និងរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រ នៅពិធីបើកនៃកិច្ចប្រជុំសន្តិសុខ Shangri La Dialogue នៅប្រទេសសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ត្រី Pat Ryder ថ្លែងថា លោក Austin និងលោក Li «បានសន្ទនាគ្នាមួយភ្លែត»។
លោក Ryder បន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មេដឹកនាំទាំងពីរបានចាប់ដៃគ្នា ប៉ុន្តែមិនបានសន្ទនាគ្នាស៊ីជម្រៅទេ»។
ភាពតានតឹងរវាងយោធាសហរដ្ឋអាមេរិកនិងយោធាចិនបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីសហរដ្ឋអាមេរិកបានរកឃើញនិងបាញ់ទម្លាក់នូវអ្វីដែលខ្លួនថា ជាបាឡុងឈ្លបយកការណ៍របស់ចិន ដែលបានហោះ នៅក្បែរឆ្នេរសមុទ្ររដ្ឋ South Carolina ក្រោយពីបាឡុងនោះបានហោះឆ្លងកាត់ពីលើដែនដីសហរដ្ឋអាមេរិកស្ទើរតែទាំងមូល។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថាពួកគេបានស្នើសុំសន្ទនាតាមទូរស័ព្ទភ្លាមៗក្រោយការបាញ់ទម្លាក់បាឡុងនោះ ប៉ុន្តែថា ការស្នើសុំនោះ និងការស្នើសុំស្រដៀងគ្នានេះជាបន្តបន្ទាប់មក ត្រូវបានភាគីចិនបដិសេធ។
នៅពេលថ្មីៗកន្លងទៅនេះ មន្ត្រីយោធាអាមេរិកបានព្រមានអំពី«ការកើនឡើងដ៏គួរឱ្យបារម្ភ»នូវសកម្មភាពគឃ្លើនរបស់ចិននៅលើអាកាសនិងក្នុងសមុទ្រ ដែលរួមមានសកម្មភាពមួយដែលមន្ត្រីអាមេរិកពណ៌នាថាជាការហោះមកស្ទាក់«ដ៏គ្រោះថ្នាក់» របស់យន្តហោះប្រតិកម្មចិន មកក្បែរយន្តហោះយោធា RC-135 របស់សហរដ្ឋអាមេរិក ពីលើដែនសមុទ្រចិនខាងត្បូង។
ក្រុមមន្ត្រីអាមេរិកសង្កត់ធ្ងន់ថា ឧប្បត្តិហេតុទាំងនេះបង្ហាញកាន់តែខ្លាំងអំពីភាពចាំបាច់ឱ្យមានការ
សន្ទនាគ្នាច្រើនជាងមុន។ លោក Ryder ថ្លែងថា៖ «ក្រសួង[ការពារជាតិអាមេរិក] ជឿជាក់លើការរក្សាសារគមនាគមន៍រវាងយោធានិងយោធា ជាមួយ[សាធារណរដ្ឋប្រជាមាណិតចិន] ហើយក្រសួងនឹងបន្តស្វះស្វែងរកការពិភាក្សាគ្នារវាងយោធានិងយោធា នៅគ្រប់កម្រិត ដើម្បីគ្រប់គ្រងទំនាក់ទំនងនេះដោយការទទួលខុសត្រូវ»។
គេមិនច្បាស់ថា តើនឹងមានការសន្ទនាគ្នាបន្ថែមទៀតរវាងលោក Austin និង លោក Li ត្រូវបានគ្រោងរៀបចំឡើងនៅក្នុងពេលវេលាសេសសល់នៃកិច្ចប្រជុំ Shangri La Dialogue ដែរឬទេ។
លោក Austin គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមកិច្ចប្រជុំនេះ នៅថ្ងៃសៅរ៍ ហើយលោក Li គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃអាទិត្យ។ កិច្ចពិភាក្សាប្រចាំឆ្នាំ Shangri La Dialogue នេះ ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំកំពូលខាងសន្តិសុខចម្បងនៅទ្វីបអាស៊ី ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងអ្នកនយោបាយ ហើយក៏មានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ អ្នកការទូត អ្នកផលិតអាវុធ និងអ្នកវិភាគខាងសន្តិសុខអន្តរជាតិពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិកខាងជើង។ កិច្ចប្រជុំកំពូលនេះកំពុងប្រព្រឹត្តក្នុងបរិបទនៃភាពតានតឹងនៅអន្តរជាតិនានា រួមមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការគាំទ្ររបស់ចិនចំពោះរុស្ស៊ី និងសកម្មភាពកាន់តែគឃ្លើនឡើងរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់៕
ប្រែសម្រួលដោយ សឹង សុផាត