បន្ទាប់ពីមានការផ្ទុះធ្លាយឧស្ម័នអាម៉ូញ៉ាក់ចេញពីរោងចក្រផលិតទឹកកកខ្នាតតូចមួយស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងរាជធានីភ្នំពេញ ពលរដ្ឋមួយចំនួនដែលរស់នៅទីនោះលើកឡើងពីផលប៉ះពាល់ខាងផ្លូវដង្ហើម និងអាការៈផ្សេងទៀត។
ឧប្បត្តិហេតុផ្ទុះឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រទឹកកកមានយីហោ «ឈាង មួ» នោះ បានកើតឡើងកាលពីថ្ងៃទី ១ ខែកញ្ញាកន្លងទៅ។ អាជ្ញាធរខណ្ឌឫស្សីកែវ និងក្រសួងស្ថាប័នជំនាញបានចុះទៅពិនិត្យសភាពការណ៍ភ្លាមៗ ហើយបានសម្រេចផ្អាកដំណើរការរោងចក្រទឹកកកនោះជាបណ្តោះអាសន្ន។
បើទោះបីជាស្ថានភាពនៃការបំភាយឧស្ម័នអាម៉ូញាក់ពីរោងចក្រផលិតទឹកកកបានថយចុះក៏ដោយ ក៏ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយប្រជាពលរដ្ឋខ្លះមិនទាន់ជាសះស្បើយពីជំងឺថប់ដង្ហើម និងមានអាការៈឈឺក្បាល។
អ្នកស្រី ម៉េន យ៉ុម អាយុ ៦៣ ឆ្នាំ ជាប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ប្រាប់វីអូអេថា ក្នុងពេលដែលមានហេតុការណ៍ផ្ទុះឧស្ម័នអាម៉ូញាក់នោះ អ្នកស្រីបានរត់ចេញក្រៅផ្ទះ ហើយមានការពិបាកខ្លាំងនៅពេលដកដង្ហើម។ អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រីបានទទួលការព្យាបាលក្តី ក៏សុខភាពអ្នកស្រីនៅតែមិនទាន់ជាដាច់ស្រឡះនៅឡើយ។
អ្នកស្រីថ្លែងថា៖ «ហើយយើងនៅអាយុច្រើន ហើយណាមានជំងឺ។ ក្នុងឥឡូវហ្នឹងវាមិនទាន់ស្រឡះក្នុងខ្លួនទេ។ វានៅឈឺក្នុងក្បាល។ វាដកដង្ហើមមកវាតឹងទ្រូង។ វាចេះតែរសេះរសោះក្នុងខ្លួន»។
ស្រ្តីវ័យ ៦៣ ឆ្នាំរូបនេះរៀបរាប់ទៀតថា ឧស្ម័នអាម៉ូញាក់ដែលបានផ្ទុះភាយចេញនោះមានកិ្លនដូចទៅនឹងថ្នាំលាបពណ៌សក់ ដែលបង្កឱ្យមានផ្សែងអ័ព្ទយ៉ាងច្រើន។ អ្នកស្រីបន្ថែមថា ខាងរោងចក្រផលិតទឹកកកបានចេញថ្លៃព្យាបាលរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរផងដែរ។
អ្នកស្រីថ្លែងថា៖ «គេឱ្យយើងទៅដាក់សេរ៉ូមដាក់អីទៅ។ គេ [ខាងរោងចក្រ]ចេញលុយឱ្យ ព្រោះគាត់ក៏មិនចង់អ៊ីចឹងដែរ និយាយតាមនេះទៅ»។
ចំណែកលោកសារ៉ូសាស អាយុ ២៨ ឆ្នាំ ក៏ទទួលរងផលប៉ះពាល់ខ្លាំងដែរ ដោយសារសុខភាពរបស់លោកខ្សោយ ហើយលោកពិបាកដកដង្ហើម និងបាត់បង់ស្មារតីសន្លប់រហូតមានការជួយសង្គ្រោះទើបលោកបានដឹងខ្លួនមកវិញ។
លោកថ្លែងថា៖ «យូរឡើងថ្នាំហ្នឹងកាន់តែខ្លាំងទៅៗ ដល់ពេលទៅដកដង្ហើមអត់រួច ហើយខ្ញុំក៏រត់ត្រដរខ្យល់។ ពេលហ្នឹងស្មារតីបាត់អស់ហើយ»។
ប្រជាពលរដ្ឋមួយរូបទៀត អ្នកស្រី ឈេង ឆវី អាយុ ៦០ ឆ្នាំ ប្រាប់វីអូអេថា មកទល់ពេលនេះសុខភាពអ្នកស្រីបានល្អប្រសើរជាងមុនបន្តិចហើយ ក្រោយឧប្បតិ្តហេតុនៃការផ្ទុះភាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកកដែលបានកើតឡើងកាលពីសប្តាហ៍មុន។
អ្នកស្រីថ្លែងថា៖ «ប៉ុន្តែវាត្រូវដែរ ….ត្រូវបន្តិចបន្តួចដែរទេមិនត្រូវអីខ្លាំងណាស់ណាទេ។ ត្រូវខ្លាំងតែអ្នកដេកពេទ្យឯណោះទេ ហើយពួកខ្ញុំអាចរងបានអត់អីទេ»។
អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន ប្រាប់វីអូអេតាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃសុក្រនេះថា មកដល់ពេលនេះ រោងចក្រយីហោ ឈាង មួ មិនទាន់បើកដំណើរការនៅឡើយទេ ព្រោះអាជ្ញាធរបានតម្រូវឱ្យម្ចាស់រោងចក្រកែសម្រួលបច្ចេកទេសផលិតកម្មរបស់ខ្លួន។
លោកថ្លែងថា៖ «ដោយឡែករហូតមកដល់ពេលនេះ គឺអាជីវកម្មមិនទាន់បានបើកដំណើរការទេ។ យើងរង់ចាំនូវរបាយការណ៍ដើម្បីឱ្យសហគ្រាសហ្នឹងកែតម្រូវ បច្ចេកទេសឱ្យបានត្រឹមត្រូវ។ មុននឹងបើកក៏យើងមានការជួបពិភាក្សាឱ្យបានហ្មត់ចត់អំពីបច្ចេកទេសក្នុងការធានា ហើយការយល់ព្រមពីប្រជាជន»។
យ៉ាងណាមិញ ក្នុងអំឡុងពេលអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក វីអូអេបានចុះទៅដល់ទីតាំងរោងចក្រផលិតទឹកកកនោះនៅព្រឹកថ្ងៃសុក្រនេះ កម្មកររោងចក្រនៅបន្តមានសកម្មភាពដឹកទឹកកកចេញចូលជាធម្មតា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គនាយកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ង៉ែត វិបុល បាននៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយហេតុការណ៍ផ្ទុះឧស្ម័នអាម៉ូញាក់ពីរោងច្រកផលិតទឹកកកនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី ២ ខែកញ្ញា ដោយលើកឡើងថា ដំណើរការរោងចក្រនោះត្រូវបានផ្អាក ដើម្បីឱ្យក្រុមមន្ត្រីត្រួតពិនិត្យកែលម្អផ្នែកបច្ចេកទេស មុនអនុញ្ញាតឱ្យដំណើរការឡើងវិញ។
ក្រសួងបញ្ជាក់ទៀតថា មូលហេតុនៃការភាយចេញនូវឧស្ម័នអាម៉ូញាក់នេះ «មកពីការធ្លាយប្រព័ន្ធស្អំឧស្ម័នអាម៉ូញាក់ឱ្យត្រជាក់ ចេញពីមុខតំណផ្សារបំពង់ចែកចាយឧស្ម័ន ដោយសារការថែទាំផ្នែកបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មពុំទាន់បានដិតដល់»។
គួររំឭកថា កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ មនុស្សក្មេងចាស់ប្រុសស្រីចំនួន ៣២ នាក់(ស្រី ២៣ នាក់) បានដួលសន្លប់ជាបន្ដបន្ទាប់ ហើយត្រូវដឹកជញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយឧស្ម័នអាម៉ូញ៉ាក់ចេញពីក្នុងរោងចក្រផលិតទឹកកកមួយកន្លែង នៅខណ្ឌឫស្សីកែវ ហើយប្រជាពលរដ្ឋនៅទីនោះក៏ធ្វើការតវ៉ាផងដែរ។
ម្ចាស់រោងចក្របានប្រាប់ប្រជាពលរដ្ឋ និងអ្នកកាសែតអំឡុងពេលនៃការតវ៉ាក្នុងសប្តាហ៍នេះថា អ្នកស្រីមិនអាចរើរោងចក្រនោះទៅទីតាំងផ្សេងភ្លាមៗបានទេ ហើយអាជីវកម្មផលិតទឹកកកនេះនឹងស្ថិតនៅទីតាំងដដែល ដើម្បីស្វែងរកប្រាក់ចំណូលសងបំណុលធនាគារ៕