ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស១៣នាក់ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់ជាបន្តបន្ទាប់ ដោយសារពុលស្រាបិត ឬស្រាថ្នាំ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា។ នៅក្នុងករណីនេះ មនុស្សពីរនាក់ដែលជាប្តីប្រពន្ធត្រូវបានចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់ពួកគេតាមក្រមព្រហ្មទណ្ឌ ដែលអាចឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
នេះជាករណីពុលស្រាជាលើកទី៣ ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ គឺចាប់តាំងពីដើមខែឧសភានេះ ដែលពីរករណីមុន គឺកើតឡើងក្នុងស្រុកល្វាឯមខេត្តកណ្តាល ដោយសម្លាប់មនុស្ស១៤នាក់ និងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ស្លាប់មនុស្ស១០នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សប្រមាណ១០០នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ដោយពួកគេមានរោគសញ្ញាស្រវាំងភ្នែកព្រិលភ្នែក ណែនដើមទ្រូង ចុកដើមទ្រូង ថប់ដង្ហើមត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល និងធីងធោងអស់កម្លាំង ទន់ដៃ ទន់ជើង និងសន្លប់។
ក្រសួងបញ្ជាក់ថាការវិភាគសំណាកស្រាដែលបិតនោះ រកឃើញថាស្រាមានសារធាតុមេតាណុលលើសកម្រិតខ្ពស់ពី៩,៥%ទៅ១៥% ដែលកម្រិតមិនពុលមិនត្រូវលើស០,១%នោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានក្រើនរំឭកប្រជាពលរដ្ឋឲ្យឈប់ពិសាស្រាសដែលបិតឬលាយគ្មានបច្ចេកទេសត្រឹមត្រូវនិងគ្មានការត្រួតពិនិត្យ។ ក្រសួងក៏បានហាមឃាត់ប្រជាពលរដ្ឋកុំឲ្យយកសារធាតុមេតាណុលមកលាយធ្វើស្រាស។
ក្រសួងសុខាភិបាលក៏ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិតឬលាយ ដែលពុំមានបច្ចេកទេសត្រឹមត្រូវ។
លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ថ្លែងថាសមត្ថកិច្ចបានចុះត្រួតពិនិត្យ រហូតដល់ឈានដល់ការឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ ហើយបញ្ជូនទៅតុលាការ ក្រោយរកឃើញថាពួកគេបានបិតស្រាមិនត្រឹមត្រូវតាមបច្ចេកទេស។
លោកបញ្ជាក់ថា៖ «នៅអាឡបិតស្រារបស់គាត់ហ្នឹងអាផេះឧស ធ្យូង អង្កាមហ្នឹង វាលែងជាផេះវាទៅជាដី។ គាត់បានដុតរាល់ថ្ងៃ គាត់បានដាំបាយចំហុយចេញជាស្រាស វាត្រូវមានផេះថ្មី ផេះអីអញ្ចឹង។ ការសួរនាំទៅ គាត់ដងទឹកចាក់អាមេតាណុលហ្នឹងកូរយកបណ្តោយ ហើយវាស់ស្ទង់។ វាអត់មានបច្ចេកទេសព្រោះគាត់មិនបានទៅរៀនទៅសូត្រ។ ចេះតែបិតតៗគ្នា»។
លោកស្នងការរូបនោះបញ្ជាក់ថាលោកនឹងបញ្ជាឲ្យបុស្តិ៍នគរបាលទាំងអស់នៅតាមឃុំចុះត្រួតពិនិត្យមើលរាល់ការបិតស្រាទាំងអស់ ដើម្បីធានាថាមានសុវត្ថិភាព។
លោក ហេង ដូនីន អ្នកនាំពាក្យរបស់តុលាការខេត្តពោធិ៍សាត់ បានថ្លែងថាប្តីប្រពន្ធពីរនាក់ដែលត្រូវបានឃាត់ខ្លួននោះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា២២៦និង២២៤ ដែលចែងអំពីការផ្តល់អាហារដែលមានសារជាតិពុលនិងបណ្តាលឲ្យស្លាប់មនុស្ស ដែលអាចជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ កាលបើអំពើនេះបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ លោកបន្ថែមថាសំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធីបន្តទៀត។
កាលពីសប្តាហ៍មុន តុលាការខេត្តកំពត ក៏បានសម្រេចឃុំខ្លួនបុរសពីរនាក់ពាក់ព័ន្ធនឹងករណីពុលស្រាក្នុងស្រុកកំពង់ត្រាចដែលបណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់ស្លាប់។ ពួកគេត្រូវចោទប្រកាន់ក្រោមបទចោទ«មានស្ថានទម្ងន់ទោសនៃអំពើមិនសុចរិតទាក់ទងនឹងទំនិញសេវា ឬការអះអាងដោយបំភាន់ដោយសារការពិការឬមរណភាព»តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលអាចជាប់ទោសពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
មន្ត្រីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក សំ ច័ន្ទគា បានជំរុញឲ្យមានការស៊ើបអង្កេតនិងធានាថាមិនមានចរាចរណ៍សារជាតិមេតាណុលក្នុងទីផ្សារ ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សម្រាប់លាយធ្វើជាស្រាស ឬស្រាថ្នាំបានដែលមានជាតិពុលខ្ពស់ហួសកម្រិតបង្កឲ្យប្រជាពលរដ្ឋស្លាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំជាសង្គមស៊ីវិលហ្នឹង ស្នើសុំឲ្យរដ្ឋាភិបាលហ្នឹងរៀបចំបទដ្ឋានច្បាប់សម្រាប់គ្រប់គ្រងសារធាតុមេតាណុល ឬសារធាតុពាក់ព័ន្ធនឹងគ្រឿងស្រវឹងហ្នឹង»៕