ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ក្នុង​កាស៊ីណូ​សេនជូរី​អំពាវនាវ​សុំ​ចេញ​មកក្រៅ ក្រោយ​មាន​ករណី​ស្លាប់​បុគ្គលិក​ម្នាក់


សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិក​​បម្រើ​ការ​នៅកាស៊ីណូ​ដឹសេនជូនរី​ និងនៅ​អគារ​ស្នាក់​នៅ​បុគ្គលិក​កាស៊ីណូ​ដឹសេនជូរី​ ហើយ​​ជា​លទ្ធផល ​គឺ​បាន​រកឃើញ«​អ្នក​វិជ្ជមាន​កូវីដ១៩​ជាច្រើន​នាក់»។
សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិក​​បម្រើ​ការ​នៅកាស៊ីណូ​ដឹសេនជូនរី​ និងនៅ​អគារ​ស្នាក់​នៅ​បុគ្គលិក​កាស៊ីណូ​ដឹសេនជូរី​ ហើយ​​ជា​លទ្ធផល ​គឺ​បាន​រកឃើញ«​អ្នក​វិជ្ជមាន​កូវីដ១៩​ជាច្រើន​នាក់»។

បុគ្គលិក​មួយ​ចំនួន​ដែល​បម្រើការ​នៅ​ក្នុង​កា​ស៊ីណូ«​ដឹសេនជូន​រី​» នៃ​ខេត្ត​ព្រះសីហនុ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពួក​គាត់​ចង់​ឲ្យ​ថៅកែគោរព​តាម​លក្ខ​ខណ្ឌ​ការងារដែល​បាន​សន្យា និងអនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​កន្លែង​ការ​ងារ បន្ទាប់​ពី​បុគ្គលិក​ម្នាក់​ត្រូវគេ​រាយ​ការណ៍​មកថា​ បាន​ស្លាប់​ និង​ជាច្រើន​នាក់​ទៀត បាន​ឆ្លង​ជំងឺកូវីដ​១៩​ ដោយម្ចាស់​កាស៊ីណូ​បង្ខាំង​ទុក​ឲ្យ​បន្ត​ធ្វើ​ការ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋបាល​ខេត្តព្រះសីហនុ​ បាន​ចេញ​សេចក្តី​បញ្ជាក់​មួយ​ថា​ បុគ្គលិក​ជាស្ត្រីមា្នក់​ឈ្មោះ​ ហៀន ស្រីនិច​ អាយុ​២៨​ឆ្នាំ​ ដែល​បម្រើ​ការ​ក្នុង​កាស៊ីណូខាង​លើ​ បាន​ស្លាប់ ហើយ​បើតាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​ ការ​ស្លាប់​របស់​បុគ្គលិក​ស្ត្រីរូប​នោះ​ គឺ​បណ្តាល​មក​ពី​ការពុលអាហារ​ និង​បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក​។

កញ្ញា ស្រ៊ី ស្រីលាង​ អាយុ​២៥ឆ្នាំ​ ជា​បុគ្គលិក​ក្នុង​កាស៊ីណូ​ដឹសេនជូ​រី​ ដែល​កំពុង​ប្រើប្រាស់​ថ្នាំប្រឆាំង​ជំងឺ​កូវីដ​១៩​ ក្រោយ​រដ្ឋបាល​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ចំណោម​បុគ្គលិក​ជាច្រើន​នាក់នោះ​ ប្រាប់​វីអូអេ​ថា ស្ថាន​ភាព​សុខភាព​របស់​គាត់​ បាន​ធូរ​ស្បើយ​ហើយ​។ ប៉ុន្តែ​ដោយ​មាន​ករណី​ស្លាប់​របស់​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ​ កញ្ញា​ចង់​ឲ្យ​ថៅកែ​គោរព​តាម​លក្ខខណ្ឌ​ផ្តល់​ការ​ឈប់​សម្រាក​ដែល​បាន​ព្រម​ព្រៀង​គ្នា និ​ងអនុញ្ញាត​ឲ្យ​គាត់​អាច​មាន​សេរីភាព ដើម្បី​បាន​ទៅផ្ទះ​សំបែង​ និង​បាន​ជួប​ជុំ​គ្រួសារ​ម្តង​ម្កាល។

កញ្ញា​និយាយថា​៖ «ឧទាហរណ៍ ​បើ​សិន​ជា​គេ​ឲ្យយើង​មា​ន​សិទ្ធ​ MC [សុំពិនិត្យ​សុខភាព​] ​ក្នុ​ងថ្ងៃ​ហ្នឹង​តែ​មួយ​ថ្ងៃ​ទេ​ ថ្ងៃ​ស្អែក​យើង​ទៅ​ធ្វើ​ការ​វិញ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ក្នុង​ថ្ងៃ​ខ្លះ គាត់​អត់​បានច្បាប់​ក្នុង​ការ​ឈប់​សម្រាក​ទេ​ [ហើយ]សន្លប់​ ហើយ​គាត់​សុំ​ឈប់​អត់​បាន​ដែរ​ ពីព្រោះអី​មួយ​រយ:​ក្រោយ​ហ្នឹង​ ​មាន ​Dealer [អ្នកចែកបៀ] ​ខ្លះ ​គាត់​សន្លប់​អញ្ចឹង​ ហើយ​គាត់​សុំ​សម្រាក​ សុំ​ MC ក៏​អត់​បាន​ ហើយ​ត្រូវ​មកធ្វើ​ការវិញអញ្ចឹង ។​ អញ្ចឹង​បាន​ធ្វើ​ឲ្យ​ពួកខ្ញុំ​មានកា​របាតុ​កម្ម​ហ្នឹង​»។

កញ្ញាបន្ថែមថា៖ «​នៅថ្ងៃ​ទី ២៣​ [ខែកញ្ញា]​ នៅ​ពេល​ដែល​ពួកខ្ញុំ​ធ្វើ​បាតុកម្ម​ហ្នឹង​ គឺ​ពួកខ្ញុំ​បាន​ស្នើ​សុំ​រឿង​ទៅ​ផ្ទះ​ និង​ការ​យក​ឥវ៉ាន់​ចូល​ហូប​អីអញ្ចឹង​។ ទាំងអស់​ហ្នឹង​យើង​បា​នស្នើ​សុំ​បា​នអស់​ហើយ​ ប៉ុន្តែយើង​អត់​ទាន់​បា​នអនុវត្ត​ទេ​»។

ចំណែក​អ្នកស្រី ​ពេញ ចាន់នី​ អាយុ​៣០ ឆ្នាំ ​បុគ្គលិក​ម្នាក់​ទៀត​របស់​កាស៊ីណូ​ដឹសេនជូ​រី បាន​លើក​ឡើង​ថា ​កាស៊ី​ណូ​មិន​គោរព​ការ​ស​ន្យា​រ​បស់​ខ្លួន​ចំពោះ​លក្ខខណ្ឌ​នៃការ​ផ្តល់​ពេល​សម្រាក​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ណា​ម្នាក់​ចេញ​ទៅ​ផ្ទះ​ ឬ​ទៅ​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​នោះ​ដែរ​ រហូត​ដល់​បុគ្គលិក​ម្នាក់​បានឆ្លងជំងឺ​កូវីដ១៩​។

អ្នកស្រី​បញ្ជាក់​ទៀត​ថា៖ «យើង​មាន​មិត្ត​ភ័ក្ត្រ​ម្នាក់​គាត់​កើ​ត​ជំ​ងឺ​កូវីដ​១៩ ដែល​គាត់​ឈប់​ទៅ​ហ្នឹង ដូច​ថា គាត់​ឈឺ​នៅ​ក្នុង​កា​ស៊ីណូ គាត់​ឈឺ​ហើយ​ ខាង​កាស៊ីណុ​ហ្នឹង​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ យើង​ធ្វើ​ការ​កើត​អត់​? បើ​យើង​ធ្វើ​ការ​អត់​កើត​ទេ គេ​អត់​យក​យើង​ទៅពេទ្យ​ទេ គេ​ឲ្យ​យើង​ដាក់ Resign ​[ពាក្យ​ឈប់​]តែ​ម្តង​ អញ្ចឹង​ម្នាក់​ហ្នឹង​ក៏គាត់​ដាក់ Resign ឈប់​។ ពេល​ដាក់ Resign ឈប់ គាត់​ចេញ​ពី​ក្រុម​ហ៊ុន​ហ្នឹង​ទៅ​គាត់​ទៅធ្វើ​តេស្ត​ទៅគាត់​មា​នវិជ្ជមា​ន ពេល​មាន​វិជ្ជមាន​សាច់​ញាតិ​របស់​គេ បាន​ផ្តល់​ដំណឹង​មក​អញ្ចឹង​ទៅ»។

អ្នកស្រី ​ពេញ ចាន់នី ​បាន​បន្ត​ថា​ ​ក្រោយ​មានការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺកូវីដ​១៩ក្នុង​កាស៊ីណូ ថៅកែបាន​លួង​លោម​បុគ្គ​លិកឲ្យ​បន្តធ្វើ​ការ​ ដោយ​លើក​ហេតុ​ផល​ថា​ ​បន្ថែម​ប្រាក់​មួយ​ចំនួនទៀត។ ប៉ុន្តែ​ស្រាប់​តែមកដល់​ត្រឹមថ្ងៃ​ទី​៣០ ខែកញ្ញា​ ថៅកែ​កាស៊ីណូ​ក៏​ប្រកាសឲ្យ​បុគ្គលិកផ្អាក​ការ​ងារ​បណ្តោះ​អាសន្ន។

​អ្នកស្រី​ប្រាប់​វីអូអេថា៖ «ចង់​និយាយ​ថា ​ពេល​ដែ​រ​ពួក​ខ្ញុំ​ធ្វើ​តេស្ត​ហើយ​ហ្នឹង​ យប់​ថ្ងៃ​ទី​២៤​ ព្រឹក​ថ្ងៃទី​២៥ ​ហ្នឹង​ គឺ​ក្រុម​ហ៊ុន​បន្ត​ឲ្យពួកខ្ញុំ​មួយ​ចំនួន​ធ្វើ​ការ​។ ប៉ុន្តែ​នៅ​ពេល​ល្ងាច​មិញ​ [ថ្ងៃ​ទី​៣០​ខែ​កញ្ញា] ហ្នឹង ​គឺ​ខាង​អភិបាល​រង​ខេត្ត​គាត់​បាន​និយាយ​ហើយ​ថា​បើ​សិន​ជា​កាស៊ីណូ​នេះ នៅ​ប្រើ​បុគ្គលិក​ឈឺ​ឲ្យធ្វើ​ការ​គាត់​នឹង​ស៊ើបរឿង​ហ្នឹង​ ហើយ​បើ​មាន​ពិត​មែនគាត់​នឹង​ដោះស្រាយ​ជាមួយ​ខាងកាស៊ីណូ តែឥឡូវ​ហ្នឹង យើង​បាន​ឈប់​ហើយៗ»។

បើតាម​ព័ត៌មាន​ដែល​វីអូអេបាន​ទទួល​តាម​ខ្សែ​ទូរសព្ទពីអ្នក​ការពារ​សិទ្ធិកម្មករ​ និង​បុគ្គលិក​មួយ​ចំនួន​ទៀត​នៅ​កាស៊ីណូ​ដឹសេនជូរី ​ដែល​ប្រតិ​បត្តិការ​ល្បែង​ស៊ីសង​តាម​បណ្តាញ​អ៊ីន​ធឺ​ណិត​នោះ​ មាន​បុគ្គលិកប្រមាណ​៤០០​នាក់​ ត្រូវ​បាន​ថៅកែ​កាស៊ីណូ​រំលោភ​សិទ្ធយ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​ថៅកែ​ បាន​បិទ​ខ្ទប់​បុគ្គលិក​មិន​ឲ្យ​ចេញ​ក្រៅ​កាស៊ីណូ​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០២០ រហូត​មក​ពេល​នេះ​ គឺ​ជិត​ពីរ​ឆ្នាំ​ហើយ​។

បុគ្គលិក​ទាំង​នោះ​ ថែម​ទាំង​បាន​ចោទ​ថៅកែ​ថា មិន​អនុញ្ញាត​ឲ្យ​បុគ្គ​លិកយក​អាហារ​ ឬថ្នាំ​ពេទ្យ​ពី​ខាងក្រៅ​ចូល​ទៅ​ក្នុង​កាស៊ីណូ​ជា​ដាច់​ខាត​ ដោយ​ឲ្យ​បុគ្គ​លិក​ហូប​អាហារ​ដែល​ផ្តល់​ដោយ​កាស៊ីណូ​ ហើយ​ថា ​បុគ្គលិក​ប្រមាណ​៤០០​នាក់​នោះ​ បានឆ្លង​ជំងឺកូវីដ​១៩​ និងធ្លាប់មាន​ករណី​បុគ្គលិក​ដួល​សន្លប់​ផងដែរ។

​ប៉ុន្តែ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិកបម្រើ​ការ​នៅកាស៊ីណូ​ដឹសេនជូនរី​ និងនៅ​អគារ​ស្នាក់​នៅ​បុគ្គលិក​កាស៊ីណូ​ដឹសេនជូរី​ ហើយជា​លទ្ធផល ​គឺ​បាន​រកឃើញ«​អ្នក​វិជ្ជមាន​កូវីដ១៩​ជាច្រើននាក់»។

បើតាម​សេចក្តី​ប្រកាស​ដដែលចុះថ្ងៃ​ទី​៣០ ខែកញ្ញា​ រដ្ឋបាល​ខេត្តព្រះសីហនុ​ បាន​សម្រេច​ដាក់​កាស៊ីណូ​ដឹសេន​ជូនរី​ និង​អគារ​ស្នាក់នៅ​បុគ្គលិកកាស៊ីណូ​ដឹសេនជូរី​ ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​ និង​ជា​កន្លែង​ធ្វើ​ចត្តា​ឡីស័ក​បន្ត​ចំពោះ​អ្នក​ដែលបាន​ព្យាបាល​ជា​សះស្បើយ​ និង​តេស្ត​ឃើញ​អវិជ្ជមានជំងឺ​កូវីដ​ចំនួនពីរលើក​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បុគ្គលិក​កាស៊ីណូ​មួយ​ចំនួន​ថា ​មាន​ការ​បង្ខាំង​បុគ្គលិក​នោះ​ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ចេញផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍តាម​ន័យ​ដើមថា៖​ «ចំពោះការ​លើក​ឡើង​ថា​ មាន​ការ​បង្ខាំង និង​បង្ខំ​បុគ្គលិក​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូ​ខាង​លើ ដោយ​គ្មាន​ការ​ព្រម​ព្រៀង​ រដ្ឋបាល​ខេត្ត​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​លម្អិត​បំផុត​ ករណី​រកឃើញ​មាន​ប្រព្រឹត្ត​បទល្មើស​ នោះ​ រដ្ឋបាល​ខេត្តនឹង​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើក​លែង​ឡើយ»។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រះសីហនុ​លោក​ ឃាង​ ភារម្យ​ និយាយ​ថា​ អាជ្ញាធរ​ខេត្ត​ នឹងធ្វើ​ការ​អង្កេត​លើ​ការ​ចោទប្រកាន់​ដែល​ថា មាន​ការ​បង្ខាំង​បុគ្គលិក​ក្នុង​កាស៊ីណូ​។

លោកថ្លែងថា៖ «ពាក់​ព័ន្ធ​ករណី​ដែល​ថា​ មាន​ការ​បង្ខាំង​ ឬ​ក៏​បង្ខំ​ឲ្យធ្វើការ​ដែល​គ្មាន​ការ​ព្រម​ព្រៀង​ពី​កាស៊ីណូ​ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ អញ្ចឹង​យើង​កំពុង​រង់ចាំ​នូវ​លទ្ធ​ផល​នៃ​កិច្ច​ការ​ងារ​ស្រាវ​ជ្រាវ​របស់​សមត្ថ​កិច្ច​»។

វីអូអេមិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពីប្រធាន​ផ្នែក​ធនធាន​មនុស្សរបស់​កាស៊ីណូ​ដឹសេនជូ​រី ដែលបុគ្គលិក​ស្គាល់​ឈ្មោះ​ថា​ សំណាង​ ប៉ុន្តែ​លោកមិនធ្វើ​ការ​ឆ្លើយ​តប។​

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ ហៅកាត់​ថា​ (CWTUF) លោក​ ទូច​ កុសល​ ប្រាប់​វីអូអេ​ថា​ នេះ​ជាការ​គៀប​សង្គត់ផ្លូ​វ​ចិត្ត​ និង​រំលោភ​បំពាន​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​តែ​មាន​ចំណាត់​ការ​លើ​ករណីមួយ​នេះ​ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​យក​គំរូ​តាម​។

លោកថ្លែង​ថា៖ «ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេស​មន្ទី​រការងារ​ខេត្ត​ ក៏​ដូច​ជាមន្ទីរ​សុខាភិបាល​ខេត្ត​ ត្រូវ​ចាត់​វិធាន​ការ​សម្រាប់​ក្រុម​ហ៊ុនហ្នឹង​ គឺ​ធ្វើ​យ៉ាង​ណា​ដាក់​ទោស​ ដាក់ពិន័យ​ទៅ​ដល់​ក្រុម​ហ៊ុននេះ​ កុំឲ្យ​ក្រុម​ហ៊ុន​ដទៃ​ទៀត​យក​គំរូតាម​ ប្រព្រឹត្ត​តាម​បែប​ហ្នឹង​ទៀត​ វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កម្មករ​»។

ក្នុង​សំណុំរឿង​បង្ខាំង និង​បង្ខំ​មនុស្ស​ឲ្យធ្វើ​ការ​នេះ រដ្ឋបាល​ខេត្តព្រះសីហនុ កាលពី​ចុងខែ​កញ្ញា​ បាន​ព្រមាន​ថា នឹងចាត់​វិធាន​ការ​រដ្ឋ​បាល​ និ​ងច្បាប់​ចំពោះ​ម្ចាស់អគារ​ សណ្ឋាគារ​ និ​ងកាស៊ីណូ ដែល​មាន​ការ​ពាក់ព័ន្ធ ​ទោះ​ក្នុង​រូប​ភាព​ដោយ​ប្រយោល​ ឬ​ដោយ​ផ្ទាល់​ក្តី​ ទៅ​លើ​ការ​បង្ខាំង ការ​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ​ ការ​ជួញ​ដូរ​តាម​រូប​ភាព​ទទួល​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ឲ្យធ្វើការ​ ដែល​មាន​ការ​ចាត់​តាំង​ជាដើម។

បើតាម​សេចក្តីជូន​ដំណឹង​ចុះថ្ងៃទី​២៧ ខែ​កញ្ញា​ ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ច្បាស់​ៗថា​ ក្នុង​ករណី​រក​ឃើញ​ម្ចាស់​អគារ​ សណ្ឋាគារ​ និ​ង​កាស៊ីណូ ប្រព្រឹត្ត​បទ​ល្មើស រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ នឹង​ចាត់​វិធាន​ការ​ផ្អាក​ទីតាំង​អាជីវ​កម្ម​ជាបណ្ណោះ​អាសន្ន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​បុគ្គល​ដែល​មាន​ការ​ពាក់​ព័ន្ធ​ស្រប​តាម​ច្បាប់​ជាធរមាន​ ព្រមទាំង​ស្នើ​សុំ​រដ្ឋាភិបាលឲ្យ​លុប​អាជ្ញាប័ណ្ណ​អាជីវកម្មជាស្ថាពរ​៕

XS
SM
MD
LG