ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ពីរ​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​ករណី​ពុល​ស្រា​ស​នៅ​ខេត្ត​កំពត


រូបឯកសារ៖ អតិថិជន​ម្នាក់​រង់ចាំ​អ្នក​លក់​ដួស​ស្រា​ស​ឲ្យ នៅ​តៀម​លក់​ស្រា​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ អតិថិជន​ម្នាក់​រង់ចាំ​អ្នក​លក់​ដួស​ស្រា​ស​ឲ្យ នៅ​តៀម​លក់​ស្រា​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

តុលាការ​ខេត្ត​កំពត​សម្រេច​ឃុំ​ខ្លួនបុរសពីរ​នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ពុល​ស្រា​ក្នុង​ស្រុក​កំពង់​ត្រាច​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​ទទួល​ការ​ព្យាបាល​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។

បើ​តាម​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ ចំនួន​ពីរ​របស់​តុលាការ​ខេត្ត​កំពត​ដែល​វីអូអេទទួល​បាន ចៅក្រម​ស៊ើប​សួរ​លោក អ៊ុំ ឆវត្តិក៍ បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ឈ្មោះ​មុំ ផល្លា អាយុ​៣៨​ឆ្នាំ អ្នក​លាយ​ស្រា​ថ្នាំ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ គុយ​ សុខ​ អាយុ​៤៨ឆ្នាំ មុខរបរ​បិត​ស្រា។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​«មាន​ស្ថាន​ទម្ងន់​ទោស​នៃ​អំពើមិន​សុចរិត​ទាក់​ទង​នឹង​ទំនិញ​ សេវា​ ឬ​ការ​អះអាង​ដោយ​បំភាន់ ​ដោយ​សារ​ការ​ពិការ​ឬ​មរណ​ភាព»​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់ ដែល​អាច​ជាប់ទោស​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។

ដីកា​របស់​ចៅក្រមចុះ​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ បញ្ជាក់​ថាបុរស​ទាំងពី​រ​បាន​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​នៅ​ភូមិ​របងក្រាស់​និង​ភូមិ​ធ្នង់​ ឃុំ​កំពង់​ត្រាច​ខាង​កើត​ ស្រុក​កំពង់​ត្រាច​ខេត្ត​កំពត។

លោក​ ម៉ាន់ បូរេត អ្នកនាំពាក្យ​តុលាការ​ខេត្ត​កំពត​បញ្ជាក់​ថា​មាន​មនុស្ស​ពីរ​នាក់​តែ​ប៉ុណ្ណោះត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​លម្អិត​ថា​មាន​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ឬ​យ៉ាង​ណា​ ក្រៅ​ពី​បុរស​ពីរ​នាក់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «អត់​ដឹង​ដែរ​ ខ្ញុំ​មិន​ដឹង​ថា​ពាក់​ព័ន្ធ​អ្នក​ណា​ផង​ ចាំ​មើល​ខ្ញុំ​សួរ​នាំ​សិន»។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​ ប្រាប់​វីអូអេ​ថា​ក្រោយ​ករណី​ពុលស្រា​នៅ​ស្រុក​កំពង់​ត្រាចនោះ អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​លក់​ស្រា​ស​និង​ស្រា​ថ្នាំ​ទាំងអស់​ ក៏​ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ពីចំនួន​ទី​តាំង​អាជីវកម្ម​លក់​ស្រា​ទាំង​នោះ​ទេ។

«អាហ្នឹង​អាជ្ញាធរ​ គឺ​គេ​ផ្អាក​សិន​ហើយ​...ខ្ញុំ​អត់​ច្បាស់​ដែរ​ពាក់​ព័ន្ធ​ហ្នឹង ព្រោះ​ខ្ញុំ​អត់​មាន​គ្រប់​គ្រង​ខាង​ហ្នឹង​ផង»។

ពាក់ព័ន្ធ​នឹង​ករណី​ពុល​ស្រា​ក្នុង​ស្រុក​កំពង់​ត្រាច​ខេត្ត​កំពត មនុស្ស​ប្រមាណ​៦០​នាក់​ក្នុង​នោះ​មាន​ស្ត្រី​៨​នាក់ ត្រូវ​បាន​នាំ​យក​មក​ព្យាបាល​ក្រោយ​ការ​ទទួល​ទាន​ស្រា​ស​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា។

​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ពិសោធន៍​សារធាតុ​មេតាណុល​ក្នុង​ស្រា​នោះ​ថា​ លើស​កម្រិត​ធំ​ជាង«០,២%​ដល់​១១,៩% ដែល​ធ្វើ​ឲ្យ​ពុល​ ដែល​កម្រិត​មិនពុល​នោះ មិន​ត្រូវ​លើស​ពី០,១%​ឡើយ»។

ក្រសួង​សុខាភិបាលបន្ថែម​ថា​បន្ទាប់​ពី​ការ​ស្រាវជ្រាវ ក្រុម​ឆ្លើយតប​បន្ទាន់​បាន​ដាក់​ការ​សង្ស័យ​លើ​ការ​ពិសា​ស្រា​ស​និង​ស្រា​ថ្នាំ​ដោយ​ហេតុ​ថា​ករណី​ទាំងអស់​ចាប់​ផ្តើម​ឡើង​ដោយ​មាន​រោគ​សញ្ញាដូច​ជា​ស្រវាំង​ភ្នែក​ ព្រិលភ្នែក​ ណែនដើម​ទ្រូង​ ចុក​ទ្រូង​ ថប់​ដង្ហើម​ ត្រជាក់​ចុង​ដៃ​ជើង​ ងងុយដេក​ វិល​មុខ​ ក្អួត​រាក​ ឈឺក្បាល​ធីងធោង​អស់​កម្លាំង​ ទន់ដៃ​ទន់​ជើង​ និង​សន្លប់។

ក្នុង​ការ​ស្រាវជ្រាវ​នោះ​ ក្រសួង​បាន​យក​សំណាក​ស្រា​ថ្នាំ​ និងស្រាស​ ពី​ទី​តាំង​សិប្បកម្ម​ផលិត​ចែក​ចាយ​ស្រា​២​កន្លែង​ និង​ពី​ទី​តាំង​លក់​រាយ​តូចៗ​ចំនួន​៧​កន្លែង​ទៅ​វិភាគ។ ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ចុះ​អប់រំ​ និង​ណែនាំ​ដល់​អ្នក​លក់​ទាំង​បោះ​ដុំ​ និង​រាយ​ឲ្យ​ផ្អាក​អាជីវកម្ម​ស្រា ស​ ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ ពី​សមត្ថកិច្ច​ជំនាញ​ និង​បាន​អប់​រំ និង​ណែនាំ​ដល់​ប្រជាជន​នៅ​តាម​ភូមិ​ឃុំ​ដែល​កើត​ហេតុ​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពិសាស្រា ដែល​ផលិត​ ឬបិ​ត​ស្រា មិន​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​បច្ចេកទេស។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត​ លោក យន់ ផល្លី ​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែង​រក​អ្នក​ដែល​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​សម្រាប់​បិត​ស្រា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១០​នាក់។ លោក​យល់​ថា​ការ​ឃុំ​ខ្លួន​បុគ្គល​តែ​ពីរ​នាក់​នោះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ក្នុង​ការ​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​បិត​ស្រា​ដែល​មិន​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ។

«ពាក់ព័ន្ធ​នឹង​ម្ចាស់​លក់​វត្ថុ​ធាតុ​ដើម​ សួរ​ថា​តើ​គាត់​យក​វត្ថុ​ធាតុ​ដើម​មក​ពីណា​ អីចឹង​បើ​យើង​ស្រាវ​ជ្រាវ​ទៅ​ សមត្ថកិច្ច​គួរ​តែ​ស្រាវ​ជ្រាវ​រក​អ្នក[ដែល]​គាត់​ទិញ​ពី​វត្ថុ​ធាតុ​ដើម​នោះ​មក​ទៀត។ ហើយ​វត្ថុ​ធាតុ​ដើម​ បើតាម​ដែល​យើង​ដឹង​ភាគ​ច្រើន គឺ​ច្រើន​មក​ពី​ខាង​វៀតណាម»។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ករណី​ពុលស្រា​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ស្រា​ស​នោះ​ដែល​មាន​ជាតិ​មេតាណុល​ខ្ពស់៕

XS
SM
MD
LG