ប្រទេសវៀតណាមនិងហ្វីលីពីនបានព្រមានពីអសន្តិសុខកើនឡើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលមួយរបស់តំបន់ កាលពីថ្ងៃសុក្រ ខណៈមានការបារម្ភថា ប្រទេសចិនកំពុងបង្កើនសកម្មភាពនៅសមុទ្រចិនភាគខាងត្បូងក្នុងពេលមានជំងឺរាតត្បាតជាសាកល។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងទៅកាន់មេដឹកនាំនៃសកមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងកិច្ចប្រជុំតាមអនឡាញមួយកាលពីថ្ងៃសុក្រថា៖ «សូម្បីតែក្នុងពេលតំបន់យើងកំពុងស្រវ៉ាស្រទេញទប់ស្កាត់ជំងឺកូវីដ១៩ ក៏មានឧប្បទ្ទវហេតុដ៏គ្រោះថ្នាក់កើតឡើងនៅសមុទ្រចិនខាងត្បូង»។
ទាំងហ្វីលីពីននិងវៀតណាមកាលពីខែមេសាបានធ្វើការតវ៉ានឹងប្រទេសចិនចំពោះការប្រកាសដោយឯកតោភាគីនូវសង្កាត់រដ្ឋបាលថ្មីនៅលើបណ្តាកោះក្នុងតំបន់សមុទ្រមានជម្លោះដែលវៀតណាមនិងហ្វីលីពីនទាមទារដែរនោះ។
ប្រទេសចិនកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ដែនសមុទ្រសេដ្ឋកិច្ចពិសេស (EEZ) របស់ប្រទេសដទៃក្នុងជម្លោះ ខណៈពួកគេកំពុងជាប់រវល់នឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ដែលនេះបានជំរុញឲ្យសហរដ្ឋអាមេរិកបានទទូចឲ្យប្រទេសចិនបញ្ឈប់នូវការសម្លុតប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់ខ្លួន។
កាលពីខែមេសា វៀតណាម ថាទូកនេសាទខ្លួនត្រូវនាវាល្បាតរបស់ចិនពន្លិច។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ថ្លែងថា ខណៈពិភពលោកកំពុងជាប់ដៃដកខ្លួនមិនរួចពីការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែមានសកម្មភាពមិនទទួលខុសត្រូវនិងរំលោភច្បាប់អន្តរជាតិកំពុងកើតឡើង ដោយលោកមិនមាននិយាយឲ្យចំដល់ប្រទេសចិននោះទេ៕