ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវាចម្បាំងអាមេរិកវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ


រូបឯកសារ៖ នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍លើតំបន់សមុទ្រអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ នាវាចម្បាំងអាមេរិកធ្វើនាវាចរណ៍លើតំបន់សមុទ្រអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំង៤គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងចាប់តាំងពីចុងខែមេសាមក នៅពេលដែល​មាន​សំណួរពាក់ព័ន្ធនឹងផ្លូវនាវាចរណ៍របស់ខ្លួន។

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាមួយចំនួនទៅកាន់​តំបន់​សមុទ្រអាស៊ី​មួយ​ដែលមានជម្លោះដើម្បីបង្ហាញថា ជំងឺកូវីដ១៩ នឹងមិនបញ្ឈប់សហរដ្ឋអាមេរិក​មិនឲ្យប្រឆាំងនឹងការវាតទីដែនសមុទ្ររបស់ចិនទេ។ នេះ​បើ​តាម​ពួកអ្នកសង្កេតការណ៍។

ពួកអ្នកវិភាគនិយាយថា ចិន ដែល​ជា​គូសត្រូវសង្គ្រាមត្រជាក់របស់សហរដ្ឋអាមេរិកដែលបានទាមទារសមុទ្រចិនខាងត្បូងប្រហែល៩០ភាគរយ មិនដែលបញ្ឈប់សកម្ម ភាពយោធានៅក្នុងសមុទ្រតំបន់ត្រូពិកដែលសម្បូរទៅដោយធនធាន​នេះ​ទេ ថ្វីបើ​មាន​ការផ្ទុះឡើងនូវជំងឺក្នុងប្រទេសរបស់ខ្លួនក៏ដោយ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឥឡូវនេះ ចង់ឲ្យប្រទេសតូចៗដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីដែលភ័យខ្លាចប្រទេសចិនដឹងថា ពួកគេមិនត្រូវបានគេបំភ្លេចនៅពេលដែលការរាតត្បាតជំងឺ​កូវីដ១៩ បំផ្លាញសហរដ្ឋអាមេរិកក៏ដោយ។

លោក Collin Koh ជាអ្នកស្រាវជ្រាវសន្តិសុខនាវាចរណ៍នៅឯសាកលវិទ្យាល័យបច្ចេក វិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា «​វា​ជា​ប្រយោជន៍​ដល់​អាមេរិកដែល​បញ្ជូន​នាវា​និង​ធ្វើ​សកម្មភាព​យោធា​ជាប់ៗ​គ្នា ​ហើយ​នឹងធ្វើឲ្យមើលឃើញ​សកម្ម ភាព​លេច​ធ្លោនិង​មមារញឹក​ឡើង​ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពនៅទីនោះ»។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជូននាវាចម្បាំងចូលក្នុងសមុទ្រចិនខាងត្បូងជារៀងរាល់ឆ្នាំ ហើយសកម្មភាពនេះបានកើនឡើង បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំបានចូលកាន់ដំណែងនៅឆ្នាំ២០១៧។

លោក Carl Thayer ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលីយោងដល់ទស្សនៈរបស់ចិនពីការបើកបរនាវារបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនះថា «ការឃោសនារបស់ចិនគឺថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចគ្រប់គ្រង​ការ​រាតត្បាត​នៃជំងឺកូវីដហើយអាមេរិក កំពុងធ្វើអ្វីៗទាំងអស់ដើម្បីបង្ហាញថា ខ្លួនមិនមែនទន់ខ្សោយនិងកំពុងធ្លាក់ចុះហើយអាមេរិក គ្រាន់តែកំពុងព្យាយាមសម្លុតតែប៉ុណ្ណោះ»។

លោក Koh បាននិយាយទៀតថា ការសម្រេចថ្ងៃទី១៧ ខែមេសា មិនតាំងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកនៅលើដែនដីកោះ Guam របស់សហរដ្ឋអាមេរិក បានបង្កើននូវសំណួរអំពីថាតើយោធាសហរដ្ឋអាមេរិក បានប្រុងប្រៀបខ្លួនដើម្បីទប់ទល់ចិនហើយឬនៅ ឬមួយខ្លាចកងទ័ពរំដោះប្រជាជនចិន។

នាវាចម្បាំង Montgomery របស់សហរដ្ឋអាមេរិក បានឆ្លងកាត់នៅជិតប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងកាលពីខែមករា ជាការបើកបរដែលបានផ្សព្វផ្សាយលើកទី១នៅក្នុងដែនទឹកនោះនៅឆ្នាំនេះ។ មិនមានកិច្ចប្រតិបត្តិការបានត្រូវប្រកាសកាលពីខែកុម្ភៈនិងខែមីនាជាគម្លាតដ៏ធំមិនប្រក្រតីមួយ។ កាលពីចុងខែមេសា នាវានោះបានធ្វើកិច្ចប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងចំនួន២លើកទៀត​ក្នុង​អំឡុង​ពេលយូរ​ជិត​ពីរ​ខែ​ដែរ។ នាវា២គ្រឿងទៀតបានចូលក្នុងសមុទ្រនោះកាលពីថ្ងៃទី៧ ខែឧសភា។

មន្រ្តីអាមេរិកាំងបានហៅកិច្ចប្រតិបត្តិការនាវាចរណ៍​ទាំង​នេះ​ថា​ជា​ការ​ឆ្លងកាត់ដោយសេរី ហើយចាត់ទុកសមុទ្រចិនខាងត្បូងថា ជាផ្លូវទឹកបើកចំហ​អន្តរជាតិ ថ្វីបើចិនទាមទារផ្នែកភាគច្រើននៃសមុទ្រនោះក៏ដោយ។

កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនោះថា

«តាមរយៈវត្តមាននៃការបន្តកិច្ចប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូង កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក គាំទ្រតម្លាភាព នីតិរដ្ឋ ការធ្វើនាវាចរណ៍ និងការហោះកាត់ដោយសេរី ជាគោលការណ៍ដែលទ្រទ្រង់សន្តិសុខនិងវិបុលភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសទាំងអស់នៅក្នុងតំបន់អាចទទួលប្រយោជន៍»។

លោកអនុសេនីយទោ James Adams អ្នកនាំពាក្យកងនាវាសហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជាក់ពីការកិច្ចប្រតិបត្តិការនាវាចរណ៍ដោយសេរីចំនួន៤លើករហូតមកទល់ពេលនេះនៅឆ្នាំនេះ ហើយបានហៅវត្តមាននាវារបស់សហរដ្ឋអាមេរិក បន្តឥតឈប់ឈរ។

លោក Adams បាននិយាយទៀតថា «កិច្ចប្រតិបត្តិការទាំងអស់របស់យើង បង្ហាញ​ថា សហរដ្ឋអាមេរិកនឹងហោះហើរ បើកបរ និងប្រតិបត្តិការនៅ​ទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ដោយមិនគិតពីទីកន្លែងនៃការទាមទារដែលសមុទ្រ​ហួសហេតុ និងមិនគិតពីព្រិត្តិការណ៍នៅពេលបច្ចុប្បន្ននេះ»។

ប្រទេសប៊ុ្រយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាមបានទាមទារទាំងអស់ឬផ្នែកនានានៃសមុទ្រដែលទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដែលសម្បូរដោយត្រីនិងថាមពលនៅក្រោមបាតសមុទ្រ។ ចិនបាននាំមុខខាងយោធាលើប្រទេសផ្សេងៗទៀតចាប់តាំងពីឆ្នាំ២០១០មកដោយការស្ថាបនាប្រជុំកោះក្នុងសមុទ្រ ដែលបណ្តាលឲ្យមានការជំទាស់ប្រឆាំងតវ៉ាពីសហរដ្ឋអាមេរិក។

លោក Koh និយាយថានៅក្នុងចិត្ត ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ នឹងសប្បាយ​រីករាយនៅពេលនាវាចម្បាំងសហរដ្ឋអាមេរិកវិលត្រឡប់មកវិញនោះ។ជាង១ឆ្នាំមកនេះ ប្រទេសម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន មានការលំបាកប្រឆាំងនឹងនាវារបស់ចិននៅក្នុងផ្ទៃទឹកដែលពួកគេបានទាមទារ។

លោក Huang Chung-ting ជាអ្នកស្រាវជ្រាវជំនួយនៅវិទ្យាស្ថានការពារជាតិនិងស្រាវ ជ្រាវសន្តិសុខក្នុងទីក្រុងតៃប៉ិ​នៅ​កោះ​តៃវ៉ាន់​និយាយថា មន្រ្តីសហរដ្ឋអាមេរិក បាន​វិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញ មួយផ្នែកដើម្បីបន្ធូរបន្ថយការភ័យខ្លាចរបស់ប្រទេសនៅតំបន់អាស៊ីអំពីការវាតទីរបស់ចិន។

លោក Huang បាននិយាយទៀតថា «សេចក្តីសង្ឃឹមមួយគឺ ផ្តល់សញ្ញាដល់ពលរដ្ឋធម្មតានៅក្នុងប្រទេសនានាឬកោះតៃវ៉ាន់ជាទីកន្លែងដែលចិន បានធ្វើសង្គ្រាមចិត្តសាស្រ្ត។ ការឆ្លងកាត់របស់នាវានោះ[​បង្ហាញ​ពី​ការ​បន្តគាំទ្រនិង ​បញ្ចប់​វិញ​នូវ​អវត្តមាន​កន្លង​មករបស់​សហរដ្ឋអាមេរិក ​នៅទីនោះ»៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន

XS
SM
MD
LG