ប្រទេសវៀតណាម ហ្វីលីពីន ក៏កំពុងដាំដំណាំនៅលើកោះនេះផងដែរដើម្បីជួយផ្គត់ផ្គង់មនុស្សនៅលើកោះនោះ។
ដំណាំស្ពៃក្តោបនៅលើកោះត្រូពិកដ៏តូចមួយនឹងជួយចិនពង្រឹងការទាមទាររបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រអាស៊ីដែលមានជម្លោះដោយអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនឡើងរស់នៅទីនោះ ហើយបង្ហាញថា កោះតូចនេះអាចឱ្យគេទ្រទ្រង់ជីវិតដោយខ្លួនឯង។
សារព័ត៌មាន Online Global Times ដែលមានទីតាំងក្នុងទីក្រុងប៉េកាំងបានរាយការណ៍ថា យោធានាវាចិន កាលពីខែមុនបានប្រមូលផលដំណាំនោះបាន៧៥០គីឡូក្រាមនៅលើកោះ Woody ក្នុងប្រជុំកោះប៉ារ៉ាសេលនៃសមុទ្រចិនខាងត្បូង។
ប្រទេសវៀតណាម និងកោះតៃវ៉ាន់បានទាមទារប្រជុំកោះតូចៗដូចគ្នា និងសមុទ្រនៅជុំវិញនោះក្នុងផ្ទៃទឹកខាងត្បូងឆ្ងាយដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ ប្រទេសប្រ៊ុយណេ និងហ្វីលីពីនបានប្រកួតប្រជែងទាមទារជាមួយចិននៅប្រជុំកោះប៉ារ៉ាសេល។ រដ្ឋាភិបាលប្រកួតប្រជែងគ្នាឱ្យតម្លៃសមុទ្រនោះដោយសារសម្បូរត្រី និងថាមពល។ ចិន បាននាំមុខគេខាងយោធាលើភាគីផ្សេងៗទៀតចាប់តាំងពីឆ្នាំ២០១០មក។
ពួកអ្នកស្រាវជ្រាវជាន់ខ្ពស់ជឿថា ដំណាំនោះនឹងជួយចិនដើម្បីបង្ហាញពីសកម្មភាពខាងសេដ្ឋកិច្ចនៅលើកោះមានជម្លោះនោះបូកផ្សំនៅក្នុងការស្រាវជ្រាវរបស់ខ្លួនសម្រាប់មូលដ្ឋានផ្លូវច្បាប់ឱ្យបានទទួលស្គាល់ពីអន្តរជាតិដើម្បីត្រួតត្រាប្រជុំកោះ Paracels នោះ។
លោក Oh Ei Sun ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសិង្ហបុរី និយាយថា «ក្រៅពីការប្រើកម្លាំងយោធា លោកអ្នកចាំបាច់ធ្វើអ្វីដែលមានសារៈសំខាន់ដើម្បីទ្រទ្រង់ការទាមទារអធិបតេយ្យភាពរបស់អស់លោកអ្នក។ លោកអ្នកត្រូវតែធ្វើអ្វីដែលអាចធ្វើឱ្យជឿនលឿនដល់សេដ្ឋកិច្ចនៅលើកោះនោះ»។
កាសែត Global Times បានដកស្រង់សម្តីពួកអ្នកជំនាញមកចុះផ្សាយថា បច្ចេកវិទ្យានៅពីក្រោយដំណាំរបស់ចិននៅលើកោះ Woody នោះអាចគាំទ្រសហគមន៍នៅទីនោះ។ មនុស្សប្រហែល១ពាន់នាក់រស់នៅលើកោះនោះរួចហើយ។ ពួកគេភាគច្រើនពឹងផ្អែកលើម្ហូបអាហារដែលដឹកមកពីចិនដីគោក។
ចិនបានចាញ់ក្តីនៅតុលាការពិភពលោកក្នុងឆ្នាំ២០១៦ទៅប្រទេសហ្វីលីពីនអំពីមូលដ្ឋានផ្លូវច្បាប់សម្រាប់ការទាមទារអធិបតេយ្យភាពដែនសមុទ្រ។ ពួកមន្រ្តីក្នុងទីក្រុងប៉េកាំងបានសំអាងកំណត់ត្រាប្រវត្តិសាស្រ្តជជែកឱ្យហេតុផលថា ផ្ទៃទឹកប្រហែល៩០ភាគរយជារបស់ខ្លួន។
ការដំឡើងអាគារនិងឧបករណ៍រ៉ាដានៅលើកោះតូចៗខ្លះ កើតមានឡើងបន្ទាប់ពីការខំប្រឹងប្រែងទាមទារដីនោះជាច្រើនឆ្នាំបានធ្វើឱ្យមានការភ្ញាក់ផ្អើលរដ្ឋាភិបាលក្រុងម៉ានីលក្នុងចំណោមប្រទេសដែលទាមទារសមុទ្រនោះ។
កាសែត Global Times ដែលចាត់ចែងដោយរដ្ឋាភិបាលចិនបានរាយការណ៍ថា ការធ្វើកសិដ្ឋាននៅលើកោះ Woody នោះទុយពីសេចក្តីថ្លែងការណ៍របស់តុលាការនៅឆ្នាំ២០១៦ដែលថា ប្រជុំកោះក្នុងសមុទ្រមិនអាចទ្រទ្រង់ «សហគមន៍របស់ខ្លួនទេ»។
លោក Alan Chong ជាសាស្រ្តាចារ្យជំនួយនៅឯសាលាការសិក្សាអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរីនិយាយថា «លោកអ្នកអាចចាត់ទុកការណ៍នេះជាផ្នែកមួយនៃយុទ្ធសាស្រ្តសន្តនិយមដើម្បីបង្ហាញពីលទ្ធភាពដែលមនុស្សអាចរស់នៅបាន»។
ពួកអ្នកវិភាគនិយាយថា កោះតៃវ៉ាន់ វៀតណាម និងប្រទេសហ្វីលីពីនបានធ្វើការដាំដុះដំណាំនៅកោះដែលស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួននៅក្នុងសមុទ្រដែលមានជម្លោះ ក៏ប៉ុន្តែដោយមិនមានគុណប្រយោជន៍ខាងផ្លូវច្បាប់ពិតប្រាកដណាមួយ។
លោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់បានជជែកឱ្យហេតុផលនៅឆ្នាំ២០១៦ថា ការទទួលទានពោត ដំឡូងជ្វា និងមាន់នៅលើកោះតៃពីងក្នុងប្រជុំកោះ Spratly បង្ហាញថា កោះដែលត្រួតត្រាដោយឆ្មាំការពារសមុទ្ររបស់តៃវ៉ាន់នោះអាចទ្រទ្រង់ពលរដ្ឋបាន។ លោក Ma និយាយទៀតថា ដូច្នេះកោះនេះមានសិទ្ធិបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ៣៧០គីឡូម៉ែត្រ ក្នុងសមុទ្រនៅជុំវិញនោះ។
លោក Carl Thayer ជាសាស្រ្តាចារ្យចូលនិវត្តន៍នៅឯសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលីបាននិយាយថា ពលរដ្ឋហ្វីលីពីន៣រយនាក់ដែលកំពុងរស់នៅលើកោះ Thitu ក្នុងប្រជុំកោះដូចគ្នានោះដាំដំណាំរបស់ពួកគេបាន។ ពលរដ្ឋវៀតណាមខិតខំដាំដំណាំនៅលើកោះតូចៗនៅក្រោមការត្រួតត្រារបស់ខ្លួនដែរ។
លោកបាននិយាយទៀតថា ចិនបានដាំដុះដំណាំនៅលើទឹកដីដែលខ្លួនកាន់កាប់តាំងពីមុនពេលការប្រកាសការប្រមូលផលស្ពៃក្តោបរបស់ខ្លួនកាលពីពេលថ្មីៗនេះទៀត។
លោកនិយាយទៀតថា នៅទីបញ្ចប់ ការធ្វើកសិដ្ឋាននោះនឹងជួបប្រទះការខ្វះទីកន្លែងនៅលើកោះដែលមានទំហំតូចនោះហើយប្រកួតប្រជែងប្រើដីនោះដូចជាធ្វើទីលំនៅសម្រាប់មនុស្ស។ លោក Thayer ចោទជាសំណួរថា «ថាតើចំណុចសំខាន់ត្រង់ណាដែលអស់លោកអ្នកអាចធ្វើឱ្យល្មមគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្សគ្រប់គ្នានៅលើកោះនោះ និងកាត់បន្ថយយ៉ាងខ្លាំងការនាំចូលនោះ។ ខ្ញុំមិនជឿថាយើង កំពុងធ្វើការផ្លាស់ប្តូរធំធេងទេ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន