ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បញ្ជាការ​យោធា​អាមេរិក​ចោទ​ចិន​ថា​ឆ្លៀត​ជំរុញ​ការ​ទាមទារ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩​​


រូបឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​នៅ​ជិត​នាវាល្បាត​នៃ​កង​ទ័ព​ជើង​ទឹក​វៀតណាម នៅ​ក្នុង​ដែន​សមុទ្រ​ខាង​ត្បូង ប្រមាណ ២១០​គ.ម ពី​សមុទ្រ​វៀតណាម។

មេបញ្ជាការ​កងកម្លាំង​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​កំពុង​ប្រើ​វិបត្តិ​ជំងឺ​កូវីដ១៩ ដើម្បី​លាក់​បាំង​នូវ​យុទ្ធនាការ​ជំរុញ​ការ​ទាមទារ​អធិបតេយ្យភាព​នៅ​ក្នុង​ដែនទឹក​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង តាម​រយៈ​ការ​បង្កើន​សកម្មភាព​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ ដែល​មាន​បំណង​សម្លុត​គំរាម​ប្រទេស​ជិត​ខាង​ដែល​ទាមទារ​ដែន​ទឹក​នេះ​ដែរ។

នាយ​ឧត្តមសេនីយ៍​ទោ លោក ​ Kevin Schneider ថ្លែងក្នុង​បទ​សម្ភាន៍​មួយ​ជាមួយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ថា​ ក្នុង​អំឡុង​នៃ​វិបត្តិ​កូវីដ១៩ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បាន​បង្កើន​សកម្មភាព​កងទ័ព​ជើង​ទឹក កាប៉ាល់​ល្បាត​របស់​កង​ឆ្មាំ​សមុទ្រ និង​កម្លាំង​ជីវពល​ជា​ទូក​នេសាទ​ក្នុង​ដែល​ទឹក​ដែល​ទាម​ទារ​ដោយ​ចិន ទាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ចិន​ខាង​កើត​ដែលខ្លួន​មាន​ជម្លោះ​ជា​មួយ​ជប៉ុន។

ប្រទេស​ចិន​អះអាង​ថា​សកម្មភាព​ទាំង​នេះ​មាន​លក្ខណៈ​សន្តិវិធី ប៉ុន្តែ​ស្ថានទូត​ចិន​នៅ​ទី​ក្រុង​តូក្យូ​មិន​ទាន់​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ប្រតិកម្ម​នៅ​ត្រឹម​ថ្ងៃ​សុក្រ។

ប្រទេស​ជប៉ុន​ជា​ទីតាំងឈរ​ជើង​នៃ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​គេ​នៅ​ទ្វីប​អាស៊ី ដែល​មាន​តួនាទីមិន​ត្រឹម​ការពារ​ប្រទេស​ជប៉ុន ប៉ុន្តែ​ក៏​ដើម្បី​ទប់​នឹង​ការ​វាតទី​របស់​ចិន​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ដូច​ជា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ដែលទី​នោះ​ចិន​មាន​ជម្លោះ​ទាមទារ​អធិបតេយ្យភាព​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ហ្វីលីពីន វៀតណាម និង​ម៉ាឡេស៊ី៕

ការ​រិះគន់​ចុង​ក្រោយ​នេះ​កើត​ឡើង​ខណៈ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា​ ចិន​មិន​បាន​ព្រមាន​ពិភពលោក​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ១៩​ឲ្យ​បាន​លឿន​ជាង​នេះ​និង​លាក់​ព័ត៌មាន​ពី​ដំបូង។ ប៉ុន្តែ​ចិន​បាន​ចោទ​វិញ​ថា​រដ្ឋបាល​លោក​ដូណាល់​ត្រាំ​គ្រាន់​យក​រឿង​នេះ​ជា​លេស​បង្វែរ​ពី​ភាព​យឺតយ៉ាវ​របស់​ខ្លួន​នៅ​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​នេះ៕

XS
SM
MD
LG