ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​សម្រេច​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យធ្វើ​ឲ្យមាន​ការ​សម្រេច​មិនច្បាស់លាស់​លើ​​ថាមពល​ធ្យូង​របស់​វៀតណាម​


ព្រះ​អាទិត្យ​កំពុង​លិច​ក្នុង​ទីក្រុង​ហូជីមិញ។

នៅ​ក្បែរ​ឆ្នេរ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម ដែល​ពោរពេញ​ដោយ​អ្នក​ជិះ​ក្តារ​លើ​ទឹក​សមុទ្រ​និង​អ្នក​មុជ​ត្រាំ​ក្នុង​ភក់ មាន​រោង​ចក្រ​វារី​អគ្គិសនី​មួយ​ឈ្មោះ​ថា Da Mi។ ប៉ុន្តែ វា​មិន​បាន​ផលិត​ថាមពល​ពី​ទំនប់​និង​កម្លាំង​ទឹក​ធ្លាក់ទៀត​នោះ​ទេ។ ក្រុម​ការងារ​បាន​បន្ថែម​បន្ទះ​សូឡា​នៅ​អាង​ស្តុក​ទឹក​កាលពី​ឆ្នាំ​មុន ដែល​បាន​បង្កើត​ជាអ្វី​ដែល​ធនាគា​អភិវឌ្ឍន៍​អាស៊ី​ហៅ​ថា គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​អណ្តែត​ទឹក​ធំ​ដំបូង​គេ​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នយ៍។

តាមរយៈ​គម្រោង​នេះ និង​គម្រោង​ផ្សេងទៀត​ដែល​ស្រដៀង​គ្នា​នេះ ប្រទេស​វៀតណាម ដែល​ពេញ​ដោយ​ពន្លឺ​ថ្ងៃ មាន​សមត្ថភាព​ទាញ​យកកម្លាំង​ថាមពល​ព្រះអាទិត្យ​បាន​ច្រើន​ជាង​គេ​ក្នុង​តំបន់​នេះ។ ប៉ុន្តែ មហិច្ឆតា​របស់​វៀតណាម ដែល​ឆ្ពោះ​ទៅ​រក​ថាមពល​ពន្លឺ​ព្រះអាទិត្យ ហើយ​ឈប់​ប្រើ​ធ្យូង ត្រូវ​បាន​រារាំង​ដោយ​សារ​បញ្ហា​មួយ​អស់ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ បន្ទាប់ពី​ក្រុមហ៊ុន​ជាច្រើន​បានតំឡើង​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ ពួកគេ​លក់​ថាមពល​នោះ​ឲ្យ​ស្ថាប័ន​រដ្ឋ ដោយ​មិន​មាន​ដំណោះ​ស្រាយ ដើម្បី​បញ្ចេញ​វា​ទៅ​កាន់​អតិថិជន​ដោយ​ផ្ទាល់ ដូច​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ទេ។ ប៉ុន្តែ ស្ថានការណ៍​នេះ​នឹង​ផ្លាស់ប្តូរ។

ទីក្រុង​ហាណូយ បាន​អនុម័ត​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដោយ​ផ្ទាល់​ដោយលុប​ចោល​ភាពផ្តាច់មុខ​របស់​រដ្ឋ គឺ​ក្រុម​ហ៊ុនអគ្គិសនី​វៀតណាម ដែល​ជា​ឈ្មួញ​កណ្តាល​នោះ។ អ្នក​គាំទ្រ​សង្ឃឹម​ថា ច្បាប់នោះ​នឹង​ពង្រីក​ទីផ្សារ​សម្រាប់​ថាមពល​កកើត​ឡើង​វិញ ជាពិសេស​ដោយសារ​វៀតណាម​ចាត់ទុក​ខ្លួន​ឯង​ថា ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៥ ដែល​រង​ផល​ប៉ះពាល់ខ្លាំង​បំផុត​ដោយសារ​បម្រែ​បម្រួល​អាកាសធាតុ។

តែ​ទោះ​បីជាយ៉ាង​នេះ​ក្តី វៀតណាម នៅ​មាន​ការ​មិន​សម្រេច​ច្បាស់លាស់​អំពី​ការប្រើ​ធ្យូង​ដែល​មាន​តម្លៃ​ថោក ប៉ុន្តែជា​បញ្ហា​ធំ ដែល​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់​ហើយធ្វើ​ឲ្យ​គុណភាព​ខ្យល់​មិន​ល្អ។

ក្រុម​ហ៊ុន DFDL​ដែល​ជា​ក្រុមហ៊ុនច្បាប់​មួយ បាន​និយាយ​នៅ​ក្នុងកំណត់ត្រាទៅ​កាន់​អតិថិជន​ដោយ​ពន្យល់​ពី​សារៈសំខាន់​នៃ​ច្បាប់​ថ្មី ឬ សេចក្តី​សម្រេច​របស់​នាយករដ្ឋ​មន្រ្តី​លេខ​ទី​១៣ ថា «ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ឬ (EVN) និង​ក្រុមហ៊ុន​ដែល​ជា​សមាជិក​នោះ មិន​មែន​ជា​អ្នកទិញ​ថាមពល​អគ្គិសនី​តែ​មួយ​គត់ ពី​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យក្នុង​ប្រទេស​វៀតណាម​ទៀត​នោះ​ទេ ដោយសារ​តែ​និយម​ន័យ «អ្នក​ទិញ​ថាមពល​អគ្គិសនី» មាន​រួម​បញ្ចូល​ទាំង​ស្ថាប័ន​ឯកជន​និង​បុគ្គល​នានា»។

កសិដ្ឋាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ធំ​បំផុត

វៀតណាម​និយាយ​ថា ខ្លួន​មាន​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទោះ​បី​ជា​ប្រទេស​ជិត​ខាង​កំពុង​ដេញ​តាម​យ៉ាងណាក៏ដោយ។ ប្រទេស​ឥណ្ឌូណេស៊ី បាន​រួម​បញ្ចូល​ការ​លើកទឹក​ចិត្ត​នៅពេល​មាន​ការ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​ផែនការ​ងើប​ពី​ជំងឺ​កូវីដ​១៩​របស់​ខ្លួន គ្រាដែល​ប្រទេស​មីយ៉ាន់ម៉ា​វិញ បាន​ស្នើ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ដើម្បី​បង្កើត​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ។​ពី​មុន​មក​ម៉ាឡេស៊ី និង​ថៃ មាន​សមត្ថភាពទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ច្រើន​បំផុត​ក្នុង​តំបន់​តែ​មក​ដល់​ឆ្នាំ​២០១៩ ត្រូវ​បាន​វៀតណាម​វ៉ា​ដាច់​មុខ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា Wood Mackenzie។

ប្រទេស​ចិន​ដែល​នៅ​ជិត​ខាង​ដែរ​នោះ បាន​បង្កើន​ផលិតកម្ម​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ធ្វើ​ឲ្យវា​មានតម្លៃ​សមរម្យ​សម្រាប់​ពិភពលោក។ ទោះ​ជាយ៉ាងនេះ​ក្តី​សង្រ្គាម​ពាណិជ្ជកម្មរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ជាមួយ​នឹង​ចិន​ដែល​ដាក់​ពន្ធ​លើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ទាំង​នោះ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​នានា ទិញវា​ពី​វៀតណាម​វិញ។ បច្ចុប្បន្ន​ធនាគារ​ពិភពលោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា «​វៀតណាមក៏​បាន​ក្លាយជា​អ្នក​នាំ​មុខ​ក្នុង​ពិភពលោក​ក្នុង​ការ​ផលិត​ម៉ូឌុល​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដែរ»។​

ទោះជា​យ៉ាង​នេះ​ក្តី បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ជាច្រើន​មិនត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ខណៈ​ដែល​ប្រទេស​នេះ កំពុង​ថ្លឹង​ថ្លែង​ថា​តើ​ខ្លួន​គួរ​កាត់​ផ្តាច់ពី​ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ដែល​មាន​តម្លៃ​ថោក​នោះ ឬ យ៉ាង​ណា ហើយ​តើ​ការ​កាត់​ផ្តាច់​នោះ​នឹង​អស់​តម្លៃ​ប៉ុន្មាន។ រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មា​ន​តុល្យភាព។ ម្យ៉ាង វៀតណាម​មាន​បំណង​រក្សា​តម្លៃ​អគ្គិស​នី​ឲ្យ​ស្ថេរ និង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ឧទាហរណ៍ ក្នុង​អំឡុង​ពេល​បិទ​ដំណើរការ​សេដ្ឋកិច្ច​ដោយសារ​ជំងឺកូវីដ​១៩ អាជ្ញាធរ​បានទម្លាក់​តម្លៃ​អគ្គិសនី ដើម្បី​សម្រួល​បន្ទុក​អ្នក​ប្រើប្រាស់​ដែល​ធ្វើការ​តិចជាង​មុន។ ម្យ៉ាង​វិញទៀត វៀតណាម​បារម្ភ​ពីការប្រែ​ប្រួល​អាកាសធាតុ ដែល​គំរាមកំហែង​ដល់​ឆ្នេរ​សមុទ្រ កសិដ្ឋាន ជីវិត និង​ជីវភាព​របស់​ប្រជាជន​ខ្លួន។​

អនុ​ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក Phung Quoc Hien (ហ្វុង គួក ហៀន) បាន​និយាយ​កាលពី​ខែ​មុន​ក្នុង​សម្តី​ដើម​ថា៖

«ការប្រែ​ប្រួល​អាកាសធាតុ កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ដល់​ពួកយើង។ យើង​បាន​ឆ្លង​កាត់​វិបត្តិ​ដ៏​អាក្រក់​បំផុត ដោយ​ការហូរ​ចូល​ទឹកប្រៃ និង​គ្រោះរាំង​ស្ងួត»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG